​កោះកុងៈ បុរស​ម្នាក់​ដែល​វាយ​ប្រពន្ធ​ស្លាប់ ដោយ​ចោទថា ប្រពន្ធ​មាន​សា​ហាយ​ស្មន់​នៅ​ភូមិ​-​សង្កាត់​ស្ទឹង​វែង ក្រុងខេ​មរ​ភូមិន្ទ ត្រូវបាន​នគរបាល​ព្រហ្ម​ទណ្ឌ​ខេត្តកោះកុង បញ្ជូនទៅ​តុលាការ នៅ​ថ្ងៃទី ​៧ ខែមីនា បន្ទាប់ពី​ជននេះ ប្រព្រឹត្ត​បាន​ចំនួន ​២ ​ថ្ងៃ​។​

​លោក ​ឃឹម សា​ណេ ស្នងការ​ង​ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌនៃ​ស្នងការដ្ឋាន​នគរ​​បាល​ខេត្ត កោះកុង​ឱ្យដឹង​នៅ​ថ្ងៃទី ​៧ ​មីនា​ថា ជនសង្ស័យ​ឈ្មោះ ឈឺ​ន សុង​កាន អាយុ ៤៥ ​ឆ្នាំ រីឯ​ស្ត្រី​រងគ្រោះ​ឈ្មោះ ស៊ង សុ​ភ័ស អាយុ ៣២ ​ឆ្នាំ​។ ពួកគេ​រស់នៅ​ភូមិ​ស្ទឹង​វែង សង្កាត់​ស្ទឹង​វែង ក្រុង​ខេមរភូមិន្ទ​។

លោក​ថ្លែង​​ថា​៖ «​ករណីនេះ យើង​បាន​សាក​​សួរ​ជនសង្ស័យ ហើយ​គាត់​បាន​សារភាព​ពី​មូលហេតុ​នៃ​ការសម្លាប់​ គឺ​មកពី​គាត់​ប្រចណ្ឌ​។ ខ្ញុំ​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ​នៅថ្ងៃនេះ​ (​ថ្ងៃទី ​៧ ​មីនា​)​។ ជន​​សង្ស័យ​មិន​ប្រើប្រាស់​គ្រឿង​​ញៀន​ទេ​»​។​

​បើតាម​លោក សា​ណេ ដែល​និយាយ​យោង​លើ​របាយការណ៍​របស់​ន​គ​របាល​ក្រុង​ខេមរភូមិន្ទ មូលហេតុ​នៃ​អំពើ​ឃាត​កម្មនេះ កើតឡើង​ពី​ជនបង្ក​ផឹកស្រា​ស្រវឹង ហើយ​ឈានដល់​ការ​ប្រចណ្ឌ​ដោយ​ជនបង្ក​ចោទ​ប្រពន្ធ​ថា ​មាន​ប្រុស​ថ្មី​។​

​លោក សាត សំអឿន នាយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ស្ទឹង​វែង ឱ្យដឹង​នៅ​ថ្ងៃទី ​៧ មីនាថា បើតាម​ចម្លើយ​របស់​ជនសង្ស័យ​ប្រាប់​សមត្ថកិច្ច​ថា កាលពី​ព្រលប់​ថ្ងៃទី ​៥ មីនា ជនសង្ស័យ និង​ស្ត្រី​រងគ្រោះ​បាននាំគ្នា​ទៅ​កំដរ​សព​ក្មេងស្រី​ម្នាក់​ដែល​លង់ទឹក​ស្លាប់​។ លុះ​ពេលយប់​ជ្រៅ​ទាំង​ ២ ​នាក់ ​ប្តី​ប្រពន្ធ​បាន​ដើរ​ត្រឡប់មកផ្ទះ​វិញ តែ​គេ​ឃើញ​ពួកគេ​ដើរ​បណ្តើរ​ឈ្លោះ​គ្នា​តាមផ្លូវ​បណ្តើរ​។​

​ការឈ្លោះប្រកែក​គ្នា​នេះ​ ដោយ​​សារ​ជនសង្ស័យ​ស្រវឹងស្រា​ខ្លាំង ហើយ​ម្យ៉ាង​គេ​ប្រាប់​គាត់​ថា ប្រពន្ធ​របស់គាត់​មាន​សហាយ​​ស្មន់​ជាមួយ​ប្រុស​ផ្សេង​ទើបបានជា​គាត់​ឈ្លោះ​ជាមួយ​ប្រពន្ធ​របស់គាត់​។ ពេល​ឈ្លោះ​គ្នា​នោះ​គាត់​បាន​សំឡុត​សួរ​ប្រពន្ធ​គាត់ ​ប៉ុន្តែ​ប្រពន្ធ​គាត់​មិន​ព្រមឆ្លើយ​ទើប​គាត់​ចេះតែ​វ៉ៃ​តាមផ្លូវ​រហូតដល់​ផ្ទះ​។

លោក​ថា​៖ «​នៅផ្ទះ​គាត់​យក​ក្បាល​ខ្សែក្រវាត់​ដែក​វាយ​ក្បាល ដងខ្លួន ហើយ​ចាប់​ក្បាល​ប្រពន្ធ​គាត់​បោក​នឹង​កម្រាល​ឥដ្ឋ​កា​រូ​៉​។ ខ្ញុំ​បាន​ពិនិត្យ​សាកសព​ជាមួយ​ជំនាញ​កោសល្យវិច័យ​ឃើញ​ក្បាល​គាត់​ឡើង​ហើម​ទន់​អស់​។ គាត់់់់់​យក​ជើង​ជាន់​ទ្រូង​ឈ្លី​ទៀត​»​។

​លោក ទួន សារ៉ន អធិការរង​ផ្នែក​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​នគរបាល ក្រុង ខេមរភូមិន្ទ ប្រាប់​នៅ​ថ្ងៃទី ​៧ មីនាថា ហេតុការណ៍​នេះ​បាន​កើតឡើង​តាំងពី​ព្រលប់​ថ្ងៃទី​ ៥ មីនា ប៉ុន្តែ​នគរបាល​ប៉ុស្តិ៍​ស្ទឹង​វែង របស់លោក​ទទួល​សេចក្តីរាយការណ៍​ពី​សាច់ញាតិ​របស់​ស្ត្រី​រងគ្រោះ​នៅវេលា​ម៉ោងជាង​ ១ ​រំលងអធ្រា​ត្រ​ឈានចូល​ថ្ងៃទី​ ៦ មីនា​។ ជនសង្ស័យ​ក៏ត្រូវ​កម្លាំង​សមត្ថកិច្ច​ចាប់ខ្លួន​នៅពេល​នោះដែរ​។

​ពាក់ព័ន្ធ​ការចោទប្រកាន់​ពី​តំណាង​អយ្យការ​យ៉ាងណា​នោះ នៅ​ថ្ងៃទី​ ៧ មីនា ភ្នំពេញ ​ប៉ុស្តិ៍ ​បាន​ទូរស័ព្ទ​ទាក់ទង​លោក វ៉ៃ ភិរម្យ អ្នកនាំពាក្យ​អយ្យការ​អម​​សាលាដំបូង​ខេត្តកោះកុង ដើម្បី​សុំ​ការបញ្ជាក់​បន្ថែម តែ​ទូរស័ព្ទ​របស់លោក មិនអាច​ទាក់ទង​បានទេ​៕