​កែប​/​កោះកុងៈ រដ្ឋបាល​ថ្នាក់​ខេត្ត​មួយចំនួន​បាននិងកំពុង​បន្ត​រៀបចំ​ “​ទិវា​ជាតិ​ទីក្រុង​ស្អាត​លើក​ទី​១០”​ ដើម្បី​គាំទ្រ​ការបើក​ទេសចរណ៍​កម្ពុជា​អម​ជាមួយ​ការប្រកាស​យុទ្ធនាការ កម្ពុជា​​ស្អាត ឆ្ពោះទៅ​ស្វាគមន៍​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ ២០២៣​។

​រាជរដ្ឋាភិបាល​កម្ពុជា​កាលពី​ថ្ងៃទី ​២៨ ខែ កុម្ភៈ ឆ្នាំ ​២០២២ បានដាក់​​ចេញ​នូវ​ការងារ​អាទិភាព​មួយចំនួន ​ដើម្បី​ឆ្លើយតប​នឹង​ទិវា​ជាតិ​ទីក្រុង​ស្អាត​លើក​ទី​១០ ​សម្រាប់​ឆ្នាំ ​២០២២​។​

​បន្ទាប់ពី​មាន​ណែនាំ​នេះ​ថ្នាក់​ខេត្ត​មួយចំនួន​បានរៀបចំ​ទិវា​នេះ​ជា​សាធារណៈ​ជា​បន្តបន្ទាប់​ទៅតាម​ទីតាំង​រៀងខ្លួន​ដោយមាន​ការណែនាំ អំពាវនាវ និង​លើក​បដា ទីក្រុង​ស្អាត ផ្សារ​ស្អាត និង​សាលា​ស្អាត ជាដើម​។​

​តួយ៉ាង​ខេត្ត​កែប​ដែល​ជាប់​សមុទ្រ​ជា​ទិសដៅ​ទេសចរណ៍​បាន​ប្រារព្ធ​ពិធី​អបអរសាទរ​ទិវា​ជាតិ​ទីក្រុង​ស្អាត​លើក​ទី​១០ ​ក្រោម​ប្រធានបទ ​“​ទីក្រុង​ស្អាត​គាំទ្រ​ការបើក​ទេសចរណ៍​កម្ពុជា​” ​និង​ពិធី​ផ្សព្វផ្សាយ​ជំរុញ​ការអនុវត្ត​នីតិវិធី​ស្តង់ដា​អប្បបរមា ​(SOP)​ តាម​គន្លង​ថ្មី​​សម្រាប់​អាជីវកម្ម​វិស័យ​ទេសចរណ៍ កាលពី​ថ្ងៃទី ​៣ មីនា ឆ្នាំ ​២០២២។​

​ក្នុងឱកាស​នោះ អភិបាលខេត្ត​កែប លោក សោម ពិសិដ្ឋ បាន​អំពាវនាវ​ដល់​គ្រប់ភាគី​ពាក់ព័ន្ធ ត្រូវ​ចូលរួមប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​នូវ​ចលនា​ប្រឡងប្រណាំង​ “​ទីក្រុង​ស្អាត​រមណីយដ្ឋាន​ស្អាត សេវា​ល្អ ​បដិសណ្ឋារកិច្ច​ល្អ​” ដើម្បីឱ្យ​កម្ពុជា​ក្លាយជា​គោលដៅ​ទេសចរណ៍​ប្រកប​ដោយ​គុណភាព និរន្តរភាព និង​សុវត្ថិ​​ភាព សម្រាប់​ការបើកទទួល​ស្វាគមន៍​ភ្ញៀវទេសចរ​អន្តជាតិ​ឡើងវិញ​។​

​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កែប លោក សោម ចិន្តា បានឱ្យដឹងថា ពាក់ព័ន្ធ​នឹង​វិស័យ​ទេសចរណ៍​ក្នុង​ឆ្នាំ​ ២០២១ ខេត្ត​កែប ទទួលបាន​ភ្ញៀវ​ទេសចរ​សរុប ៥៨៦ ៣៤៧ ​នាក់ មានការ​ថយចុះ​៥៨ ​ភាគរយ ក្នុងនោះ​ភ្ញៀវ​​ទេសចរ​ជាតិ​ចំនួន ៥៨០ ៣៤៤​ នាក់ ថយចុះ​ចំនួន​ ៥៧,៥០​ ភាគរយ និង​ភ្ញៀវទេសចរ​បរទេស​ចំនួន​ ៦០០ ​នាក់ ថយចុះ​ចំនួន ​៨០,៣១ ​ភាគរយ​។​

​ដោយឡែក​ចំពោះ​ការអនុវត្ត​វិធាន​​ការ​ក្នុងអំឡុងពេល​កូ​វីដ ​១៩ ​វិញ រហូតទល់​បច្ចុប្បន្ននេះ ខេត្តកែប​មាន​អាជីវ​​កម្ម ​និង​សេវាកម្ម​ទេសចរណ៍​ចំនួន​ ៧៥​ ទីតាំង ហើយក៏​ទទួលបាន​ឡា​បិ​ល​

“​វិធាន​សុវត្ថិភាព​ទេសចរណ៍​”​ ផងដែរ​។​

​រីឯ​នៅ​ខេត្តកោះកុង កាលពី​ថ្ងៃទី ​៤ ​ខែមីនា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​​នេះ លោក សុខ ចាន់​គ្រឹះ​ស្នា បាន​ដឹក​​នាំ​មន្ត្រី​ចង​បដា​ក្នុងឱកាស​ទិវា​ទីក្រុង​​ស្អាត​នេះ ដែលមាន​ខ្លឹមសារ ទីក្រុង​ស្អាត ផ្សារ​ស្អាត និង​សាលា​ស្អាត ស្នាម​​ញញឹម​រួសរាយ​រាក់ទាក់​ជាស​ក្តា​នុ​​ពល​ទេសចរណ៍​ដ៏​ទាក់ទាញ​ពលរដ្ឋ​គំរូ​ចូលរួម​គិតគូរ​ពី​បរិស្ថាន​ជាដើម​។​

​ទន្ទឹមនេះដែរ លោក តាំង សុ​ចិត្ត​គ្រឹះ​ស្នា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ អំពាវនាវ​ដល់​អាជ្ញាធរ​គ្រប់​​លំដាប់ថ្នាក់ មន្ទីរជំនាញ​ពាក់ព័ន្ធ ម្ចាស់​អាជីវកម្ម និង​ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ មេត្តា​ចូលរួម​ឱ្យបាន​សកម្ម​ និង​ជាប់​ជាប្រចាំ​ក្នុងការ​គ្រប់គ្រង ​និង​លើកកម្ពស់​សុវត្ថិភាព​ស​ណ្ដា​ប់​ធ្នាប់​បរិស្ថាន ​និង​អនាម័យ​សាធារណៈ​នៅក្នុង​ទីក្រុង និង​តាម​រមណីយដ្ឋាន​​តំបន់ឆ្នេរ។​

​ចំពោះ​ខេត្តកំពង់ធំ​វិញ លោក​អភិ​​បាល​ខេត្ត ងួន រតនៈ បាន​រៀប​ទិវា​ជាតិ​ទីក្រុង​ស្អាត និង​បាន​លើកទឹកចិត្ត​ដល់​ពលរដ្ឋ​ឱ្យ​ចូលរួម​អនុវត្ត​ប្រកប​​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​។​

លោក​បាន​ថ្លែងថា​៖ «​ទីក្រុង​ស្អាត​ផ្តើមចេញពី​យើងទាំងអស់គ្នា​ដែល​តម្រូវឱ្យ​ចូលរួម​អនុវត្ត​កាតព្វកិច្ច​ជា​ពិ​​សេស​ពលរដ្ឋ​រស់នៅ​ក្រុង​ស្ទឹងសែន​ ត្រូវ​យកចិត្តទុកដាក់​វេច​ខ្ចប់​កាកសំណល់​រឹង​ និង​រាវ​ឱ្យមាន​របៀបរៀបរយ ការ​​រៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ​តាម​ដងផ្លូវ​សំដៅ​ដល់​ស្អាត​ដោយ​ទេស​​ភាពស្រស់​ត្រកាល ស្អាត​ដោយ​ប្រណីត និង​ស្អាត​ដោយ​បរិស្ថាន​ល្អប្រសើរ​»​។​

​ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេស​​ចរណ៍​កម្ពុជា​លោក ហូ វណ្ឌី បាន​ថ្លែងថា បន្ទាប់ពី​បាន​ដាក់ឱ្យអនុវត្ត​ទិវា​ជាតិ​​ទីក្រុង​ស្អាត​អស់​រយៈពេល​ ១០​ ឆ្នាំ​មកនេះ​ ឃើញ​មាន​គ្រប់​ថ្នាក់​ខេត្ត​-ក្រុង​បាន​យកចិត្តទុកដាក់​ពង្រឹង​នូវ​ភាព​អនាម័យ និង​បរិស្ថាន​មាន​ភាពល្អ​​ប្រសើរ​ជាង​មុន​។​

​លោក​បានបង្ហាញ​ជំនឿ​ថា ក្នុង​ករ​ណី​រាជរដ្ឋាភិបាល​ចងក្រង​ទិវា​ជាតិ​​ទីក្រុង​ស្អាត​ទៅជា​ច្បាប់​មួយ​សម្រាប់​អនុវត្ត​ឬ​ហៅថា បដិវត្ត​អនាម័យ នោះ​នឹង​កាន់តែ​ល្អប្រសើរ​។​

​លោក​ថា​៖ «​យើង​ជឿជាក់​ ១០០ ​ភាគរយ​ថា បរិស្ថាន​អនាម័យ​នឹង​ស្អាត​មិន​ត្រឹមតែ​ស្អាត​គ្រប់​តំបន់​ទេ ប៉ុន្តែ​ប្រជាពលរដ្ឋ​ដែល​ធ្លាប់​បោះ​សំរាម​ពាសវាល​ពាសកាល​ក៏​ចាប់ផ្តើម​កែលម្អ ដែល​បង្កើត​ខ្នាត​គំរូ​ប្រចាំជីវិត មានន័យថា ការរស់នៅ​មាន​អនាម័យ និង​រស់នៅ​ស្អាត ព្រោះ​យើង​កំពុងធ្វើការ​ទាក់ទាញ​ភ្ញៀវទេសចរ ហើយ​បើ​យើង​មិនចេះ​ស្អាត មិនចេះ​អនាម័យ​ផង ​គឺ​ចប់​ហើយ​»​។​

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែលជា​ប្រធានកិត្តិយស​នៃ​គណៈ​​ក​ម្មា​ធិ​ការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត​​បានដាក់​ចេញ​ការងារ​អាទិភាព​មួយ​​ចំនួន​ ដើម្បី​ឆ្លើយតប​នឹង​ទិវា​ជាតិ​ទីក្រុង​ស្អាត​សម្រាប់​ឆ្នាំ ​២០២២ រួមមាន គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​ផ្នែក​ឯកជន​ត្រូវ​បន្ត​ចូលរួម​អនុវត្ត​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​​លើ​វិធាន​ឬ​បទដ្ឋាន​គតិយុត្ត​ដែល​បាន​ដាក់ចេញ​សម្រាប់​សេវាកម្ម​ទេសចរណ៍​ស្របតាម​គន្លង​ប្រក្រតីភាព​ថ្មី បន្ត​ចូលរួម​ជំរុញ​និង​ស្តារ​វិស័យ​ទេសចរណ៍​ឡើងវិញ​។​ គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវដាក់​ចេញ​យុទ្ធនា​ការអប់រំ​សង្គម និង​ផ្សព្វផ្សាយ​យុទ្ធនាការ​កម្ពុជា​ស្អាត​ឱ្យ​​បាន​កាន់តែ​សកម្ម និង​ផុលផុស​សំដៅ​សម្រេចបាន​ការអភិវឌ្ឍ​ប្រកបដោយ​​ភាព​ស្អាត ​និង​បៃតង​នៅក្នុង​ទីក្រុង​កម្ពុជា​ទាំងមូល​ ដើម្បី​ត្រៀម​ទទួល​សា្វគ​មន៍​ភ្ញៀវទេសចរ​ពិសេស​ទម្លាប់​នៃ​ការរស់នៅ​ជាមួយ​ភាព​ស្អាត​និង​អនាម័យ​៕