​ភ្នំពេញៈ រដ្ឋមន្ដ្រីក្រសួង​យុត្ដិធម៌ លោក កើត រិ​ទ្ធ បាន​ដឹកនាំ​​កិច្ចប្រជុំ​របស់​អនុគណៈកម្មការ​ចំពោះ​កិច្ច​អនុវត្ត​ផែនការ​សកម្មភាព ការងារ​របស់​ក្រុមការងារ​ត្រួត​​ពិនិត្យ​រួម​នៃ​ក្រុម​ប្រទេស​អាស៊ី​ប៉ាស៊ីហ្វិក​អំពី​កិច្ច​សហ​ប្រតិ​​ប​ត្តិ​ការ​អន្តរជាតិ​ (​អ​.​អ​.​ផ​.) ​ដើម្បី​ឆ្លើយតប​នឹង​បញ្ហា​ដែល​នៅ​ដក់​សល់​សំដៅ​ធានា​ឱ្យ​កម្ពុជា​ទទួលបាន​ការវាយតម្លៃ​ល្អប្រសើរ​លើ​របាយការណ៍​វឌ្ឍនភាព​ជុំ​ទី​៩ ​ដែល​មហា​​សន្និបាត​របស់​ក្រុមការងារ​ហិរញ្ញវត្ថុ (FATF) នឹង​សម្រេច​នាពេលខាងមុខ​ពោល គឺ​ធ្វើ​យ៉ាង​​ណា​ដក​ប្រទេស​កម្ពុជា​ ចេញពី​បញ្ជី​ប្រផេះ​។​

​នៅក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃទី​ ៣ មីនា នៅ​ទីស្ដីការក្រសួង​យុត្ដិធម៌ លោក កើត រិ​ទ្ធ ក្នុងនាម​ជា​ប្រធាន​អនុគណៈកម្មការ​ចំពោះ​កិច្ច​ អ​.​អ​.​ផ​. បាន​ពិនិត្យ និង​ពិភាក្សា​លើ​វឌ្ឍនភាព​ការ​​ងារ​របស់​ក្រុមការងារ​ទី​១ ​ទទួលបន្ទុក ​IO-6 ទាក់ទង​នឹង​ព័​ត៌​​មាន​ស៊ើបការណ៍​ហិរញ្ញវត្ថុ​។​

-​ក្រុមការងារ​ទី​២ ​ទទួលបន្ទុក​ IO-11 ទាក់ទង​នឹង​ទណ្ឌកម្ម​ហិរញ្ញវត្ថុ​លើ​ហិរញ្ញប្បទាន​ដល់​ការរីក​សាយភាយ​អាវុធ​មហា​​ប្រល័យ​។

-​ក្រុមការងារ​ទី​៣ ទទួលបន្ទុក​ IO-7 និង ​IO-8 ទាក់ទង​នឹង​ការស៊ើបអង្កេត​ការ​ចោទ​​ប្រកាន់​ និង​ការផ្តន្ទាទោស​បទ​​ល្មើស​សម្អាត​ប្រាក់ និង​ការ​​រឹបអូស​។ ​លោក​ក៏បាន​ពិនិត្យ​និង​ពិភាក្សា​លើ​ការដោះស្រាយ​បញ្ហា​ប្រឈម​នានា​ព្រមទាំង​ការ​សម្រួច​ទិសដៅ​ការងារ​បន្ត​របស់ ​អ​.​អ​.​ផ​. ដើម្បី​ត្រៀម​សម្រាប់​ការរៀបចំ​របាយការណ៍​វឌ្ឍនភាព​ជុំ​ទី​៩​ សម្រាប់​ដាក់ជូន​ក្រុមការងារ​ត្រួតពិនិត្យ​រួម​នៃ​ក្រុម​ប្រទេស​អាស៊ី​ប៉ាស៊ីហ្វិក​អំពី​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ (ICRG-JG)​។ កិច្ចប្រជុំ​នេះ​មានការ​ចូលរួម​ពី​អនុប្រធាន​និង​សមាជិក​នៃ ​អ​.​អ​.​ផ​. មកពី​ក្រសួង​​ស្ថាប័ន​ពាក់ព័ន្ធ​នឹង​ការងារ​ប្រឆាំង​ការសម្អាត​ប្រាក់​ និង​ហិរញ្ញប្បទាន​ភេរវកម្ម ​និង​ហិរញ្ញប្បទាន​ដល់​ការ​រីកសាយ​​ភាយ​អាវុធ​មហា​ប្រល័យ​។

ចំណែក​លោក ស៊ុ ស​ន្និ​សិទ្ធ ប្រធាន​ក្រុមការងារ​ទី​១​។ លោក ជីវ សុង​ហាក់ សហប្រធាន​ក្រុមការងារ​ទី​២ និង​លោក ស្រ៊ិ​ន សុវណ្ណ ប្រធាន​ក្រុមការងារ​បច្ចេកទេស​ប្រឆាំង​ការសម្អាត​ប្រាក់​នៃ អ​.​អ​.​ផ​. បាន​អ្នក​រាយ​ការណ៍​អំពី​វឌ្ឍនភាព​ការងារ និង​បញ្ហា​ប្រឈម​របស់​ក្រុម​​ការងារ​នីមួយៗ​។

​លោក កើត រិ​ទ្ធ បានផ្តល់​អនុ​​សាសន៍​ជា​ដំណោះស្រាយ​ចំពោះ​បញ្ហា​ប្រឈម​របស់​ក្រុមការងារ​នីមួយៗ និង​សម្រួច​ទិសដៅ​ការងារ​បន្ត ដើម្បី​ឆ្លើយ​​តប​នឹង​បញ្ហា​ដែល​នៅ​ដក់​សល់​នៅក្នុង​សកម្មភាព​ការងារ​របស់ ICRG-JG សំដៅ​ធានា​ឱ្យ​កម្ពុជា​ទទួលបាន​ការវាយតម្លៃ​ល្អប្រសើរ​លើ​របាយការណ៍​វឌ្ឍនភាព​ជុំ​ទី​៩ ​ដែល​មហា​​សន្និបាត​របស់​ក្រុមការងារ​ហិរញ្ញវត្ថុ (FATF) នឹង​សម្រេច​នៅពេល​ខាងមុខនេះ​ពោល គឺ​ដើម្បី​ខិតខំ​ប្រឹងប្រែង​ធ្វើ​យ៉ាង​​ណា​ដក​ប្រទេស​កម្ពុជា ​ចេញពី​បញ្ជី​ប្រផេះ​។ លោក​បញ្ជាក់ថា​៖ «​អនុគណៈកម្មការ​ចំពោះ​កិច្ច​នេះ នឹង​បំពេញបេសកកម្ម​របស់​ខ្លួន​រហូតដល់​ប្រទេស​កម្ពុជា ​ត្រូវបាន​ដកចេញ​ពី​បញ្ជី​ប្រផេះ​»​។ បើតាម​ក្រសួង​យុត្ដិធម៌ ក្រុមការងារ​ជំនួយ​នៃ​ អ​.​អ​.​ផ​. បច្ចុប្បន្ន​កំពុងធ្វើការ​ផ្សព្វផ្សាយ​ច្បាប់​ស្ដីពី​ការប្រឆាំង​ហិរញ្ញប្បទាន​ដល់​ការរីក​សាយ​​ភាយ​អាវុធ​មហា​ប្រល័យ​និង​ច្បាប់​ស្ដីពី​ការប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​ទៅដល់​ក្រសួង​ស្ថាប័ន ត្រួត​​ពិនិត្យ​ដើម្បីឱ្យ​កម្ពុជា​អាចបំពេញ​លក្ខខណ្ឌ​រប​ស់​ក្រុម​ប្រទេស​អាស៊ី​ប៉ាស៊ីហ្វិក​ស្តីពី​ការសម្អាត​ប្រាក់ (APG) និង​ធ្វើយ៉ាងណា​ដក​ប្រទេស​កម្ពុជា​ ចេញពី​បញ្ជី​ប្រផេះ​។​

​លោក ជីវ សុង​ហាក់ រដ្ឋ​លេខាធិការ​ក្រសួងយុត្តិធម៌ ​និង​ជា​សហប្រធាន​ក្រុមការងារ​ជំនួយ​នៃ អ​.​អ​.​ផ​. ​ទទួលបន្ទុក​អនុវត្ត​សកម្មភាព​នៅក្នុង​លទ្ធ​​ផល​ជាក់ស្ដែង​ទី​១១​ កាលពី​ថ្ងៃទី ​២៤-២៦ ខែកុម្ភៈ​ បាន​ដឹកនាំ​សិក្ខាសាលា​ផ្សព្វផ្សាយ​ច្បាប់​ស្ដីពី​ការ​​ប្រឆាំង​ហិរញ្ញប្បទាន​ដល់​ការរីក​សាយភាយ​អាវុធ​មហា​​ប្រល័យ​ដល់​ក្រសួង​ស្ថាប័ន​ត្រួតពិនិត្យ​ និង​ការអនុវត្ត​សកម្មភាព​នៅក្នុង​លទ្ធផល​ជាក់ស្ដែង​ទី​១១ ហើយ​កាលពី​ថ្ងៃទី ​៣ ខែមីនា​នេះ លោក​ក៏បាន​ដឹក​​នាំ​កិច្ចប្រជុំ​ពិភាក្សា​ក្រុម​គ្រូ​បង្គោល ​ដើម្បី​ត្រៀម​រៀបចំ​វេទិកា​តុមូល​ផ្សព្វ​ផ្សាយ​ច្បាប់​ស្ដីពី​ការប្រឆាំង​ហិរញ្ញ​ប្ប​​ទាន​ដល់​ការរីក​សាយភាយ​អាវុធ​មហា​​ប្រល័យ​ដល់​សាធារណជន​តាមរយៈ​ប្រព័ន្ធ​វីដេអូ​ហ្សូ​៊​ម​ផងដែរ​។​

​លោក​ថ្លែងថា នៅក្នុង​ការទទួល​ខុស​​ត្រូវ​របស់លោក​ដែល​ស្ថិតនៅ​ក្រុម​​ការងារ​អនុវត្ដ​ទទួលបន្ទុក​អនុវត្ត​សកម្ម​​ភាព​នៅក្នុង​លទ្ធផល​ជាក់ស្ដែង​ទី​១១ គឺត្រូវធ្វើ​ការផ្សព្វផ្សាយ​ទៅ​បុគ្គល​ក្រៅពី​បុគ្គល​រាយការណ៍​ដែល​មានចែង​នៅក្នុង​ច្បាប់​ទាំង ​២ ​គឺ​ច្បាប់​ស្ដីពី​ការប្រឆាំង​ហិរញ្ញប្បទាន​ដល់​ការរីក​សាយភាយ​អាវុធ​មហា​ប្រល័យ​ និង​ច្បាប់​ស្ដីពី​ការ​​ប្រឆាំង​ការសម្អាត​ប្រាក់ ​និង​ហិរញ្ញ​ប្ប​​ទាន​ភេរវកម្ម​។​

​លោក​បន្តថា​៖ «​យើង​ផ្សព្វផ្សាយ​ដល់​ក្រសួង​ស្ថាប័ន​ត្រួតពិនិត្យ​មានដូចជា​គណៈកម្មការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជ​​កម្ម​កម្ពុជា​ជាដើម​ដែលជា​អាជ្ញាធរគ្រប់គ្រង​ទៅលើ​ប្រតិបត្តិ​ករ​ល្បែង​ពាណិជ្ជកម្ម​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា​។ ការបណ្ដុះបណ្ដាល​ដំបូង​ គឺ​យើង​បណ្ដុះបណ្ដាល​ដល់​មន្ដ្រី​នៃ​ស្ថាប័ន​ត្រួតពិនិត្យ ​ដើម្បី​បណ្ដុះបណ្ដាល និង​ផ្សព្វផ្សាយ​បន្ត​អំពី​ការ​អនុវត្ដ​ច្បាប់​ទៅដល់​បុគ្គល​រាយការណ៍​ទាំងអស់​ដែល​ស្ថិតនៅក្រោម​សមត្ថកិច្ច​របស់ខ្លួន​»​។​

​លោក ​ជិន ម៉ា​លីន ​អ្នកនាំពាក្យ​ក្រសួង​យុត្ដិធម៌​ថា កិច្ចប្រជុំ​ផ្សព្វផ្សាយ​របស់​ក្រុមការងារ​ក្រសួងយុត្តិធម៌​ទៅដល់​ភាគី​ពាក់ព័ន្ធ​នេះ​នៅក្នុង​កិច្ចប្រជុំ​នេះ​ គឺជា​យន្តការ​ការងារ​ក្នុងការ​ប្រយុទ្ធ ប្រឆាំង​ទៅនឹង​ហិរញ្ញប្បទាន​ដល់​ការរីក​សាយភាយ​អាវុធ​មហា​ប្រល័យ​ និង​ការប្រឆាំង​ការសម្អាត​ប្រាក់ ​និង​ហិរញ្ញប្បទាន​ភេរវកម្ម​នៅ​កម្ពុជា​។ ការផ្សព្វផ្សាយ​នេះ​បាន​ផ្ដោតលើ​យន្តការ​ច្បាប់​ទៅដល់​ក្រសួង​ស្ថាប័ន​អង្គភាព និង​គោលដៅ​ពាក់ព័ន្ធ​។ ​ពង្រឹងសមត្ថភាព​ និង​ធនធានមនុស្ស​ពាក់ព័ន្ធ​ដល់​ស្ថាប័ន​ ឬ​អង្គភាព​ដែលមាន​ភារកិច្ច​ប្រយុទ្ធប្រឆាំង​ទៅនឹង​ហិរញ្ញប្បទាន​ដល់​ការរីក​សាយភាយ​អាវុធ​មហា​ប្រល័យ​ និង​ការប្រឆាំង​ការ​​សម្អាត​ប្រាក់​ និង​ហិរញ្ញប្បទាន​ភេរវកម្ម និង​ការ​អនុវត្ដ​ច្បាប់​ផ្ដោតទៅលើ​សកម្ម​​ភាព​របស់​មន្ដ្រីនគរបាល​យុត្តិធម៌​អាជ្ញា​ធរមាន​សមត្ថកិច្ច​រួមទាំង​តុលាការ​ក្នុងការ​អនុវត្ដ​នីតិវិធីតុលាការ និង​ការ​ដោះ​​ស្រាយ​សំណុំ​រឿងក្ដី​ដែល​ពាក់ព័ន្ធ​៕