​ភ្នំពេញៈ កម្ពុជា​រំពឹងថា នឹង​អាច​រក​ចំណូល​ជា​ថវិកា​បន្ថែមទៀត​ពី​ការលក់​ឥណទាន​កាបូន នៅក្នុង​ទីផ្សារ​អន្តរជាតិ ខណៈ​គម្រោង​រ៉េដ​បូក​របស់​កម្ពុជា​ដែល​ដឹកនាំ​ដោយ​ក្រសួងបរិស្ថាន នៅ​តំបន់​ទេសភាព​ខ្ពង់រាប​ភាគ​ខាង​​ជើងភ្នំ​ត្នោត និង​ព្រៃ​ឡង់ នឹងចូលរួម​ក្នុង​បញ្ជី​នៃ​និរន្តរភាព​ហិរញ្ញវត្ថុ​នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​ទៀត​នេះ​។

​លោក ​នេត្រ ភក្ត្រា ​អ្នកនាំពាក្យ​ក្រសួងបរិស្ថានប្រាប់ ​ភ្នំពេញ​ ​ប៉ុស្តិ៍ ​នៅ​ថ្ងៃទី ​៦ មីនាថា នេះ​គឺជា​លទ្ធផល​វិជ្ជមាន​ថ្មី​មួយទៀត ដែល​កើតចេញពី​កិច្ចខិតខំ​ប្រឹង​​ប្រែង​របស់​រាជរដ្ឋាភិបាល និង​ដៃគូ​អភិរក្ស ដែល​បានធ្វើឱ្យ​ស្ថានភាព​នៃ​ការគ្រប់គ្រង និង​អភិរក្ស​ធនធានធម្មជាតិ​នៅកម្ពុជា មាន​ភាពល្អ​ប្រសើរឡើង និង​ទទួលជោគជ័យ​ក្នុង​ការលក់​ឥណទាន​កាបូន ក្នុង​ទីផ្សារ​ស្ម័គ្រចិត្ត​អន្តរជាតិ ដើម្បី​យក​ចំណូល​មក​ពង្រឹង​ការងារ​អភិរក្ស និង​អភិវឌ្ឍ​សហគមន៍​តំបន់ការពារធម្មជាតិ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​សេដ្ឋកិច្ច​មូលដ្ឋាន​។

​លោក​បញ្ជាក់ថា​៖ «​ក្រសួង​បរិ​​ស្ថាន​បានអនុញ្ញាត និង​ប្រគល់​តួនាទី​ឱ្យ​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​កម្ពុជា WCS ដែល​ទទួលបាន​ការគាំទ្រ​ពី​ទីភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ​របស់​សហរ​ដ្ឋ​អា​មេ​រិ​ក (USAID) រៀបចំ​សារពើ​ភណ្ឌ​ព្រៃឈើ សិក្សា​លទ្ធភាព ដោយមាន​ការជួយ​ពី Everland ដើម្បី​លក់​ឥណទាន​កាបូន នៅ​ភូមិភាគ​ខាងជើង​កម្ពុជា ដែល​គ្របដណ្តប់​ទៅលើ​តំបន់​ការពារ​ធនធាន​ធម្ម​​ជាតិ​មួយចំនួន ក្នុង​ខេត្តព្រះវិហារ រួមមាន​ដែនជម្រកសត្វព្រៃ​ឆែប គូលែន​​ព្រហ្ម​ទេព ព្រៃ​ព្រះ​រកា តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ភ្នំ​ត្បែង និង​ដែនជម្រកសត្វព្រៃ​ភ្នំ​ត្នោត​-ភ្នំ​ពក​»​។

លោក​បន្ថែមថា អង្គការ WCS គឺជា​អ្នកអនុវត្ត​គម្រោង និង​សម្របសម្រួល​លក់​ឥណទាន​កាបូន នៅលើ​ទីផ្សារ​ស្ម័គ្រចិត្ត​នេះ បានបញ្ចប់​ដំណាក់កាល​ធ្វើ​សារពើ​ភណ្ឌ និង​ប្រឹក្សា​យោបល់​ជាមួយ​សហគមន៍ ពិនិត្យ​លើ​ការកំណត់​តំបន់​ក្នុងការ​សិក្សា​វាយតម្លៃ​លើ​កម្រិត​បាយ​អូ​ម៉ាស់ នៅក្នុង​តំបន់​ទាំងអស់នោះ ហើយ​បន្ទាប់​ពីនេះ នឹងមាន​ការជួប​ជាមួយ​សហគមន៍ និង​ការ​ចុះមក​វាយតម្លៃ​ពី​អ្នកវាយតម្លៃ​ឯករាជ្យ​លើ​ស្ថានភាព មុននឹង​ដាក់លក់​ជា​សាធារណៈហើយ​ព័ត៌មាន​ដែល​ពាក់ព័ន្ធ នឹងដាក់​ជា​សាធារណៈ ដើម្បីឱ្យ​សាធារណជន​បានដឹង​។

​តំបន់​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់ ដែល​បច្ចុប្បន្នមានការ​អនុ​​វត្ត​គម្រោង​ឥណទាន​កាបូន​នៅ​ភូមិសាស្ត្រ​ខេត្តស្ទឹងត្រែង​ ដោយ​អង្គការ CI និង​ក្រុមហ៊ុន​ជប៉ុន Mitsui ក៏​រំពឹងថា នឹង​អាច​ពង្រីក​ការលក់​ឥណទាន​កាបូន​ក្នុងភូមិ​​សាស្ត្រ​ខេត្ត ៣ ផ្សេងទៀត រួមមាន​ខេត្តព្រះវិហារ កំពង់ធំ និង​ក្រចេះ​។ នេះ​បើតាម​លោក ​នេត្រ ភក្ត្រា​។​

​លោកបាន​បន្តថា​៖ «​ក្រសួងបរិស្ថាន​សូម​ថ្លែងអំណរគុណ ចំពោះ​អង្គការ​ដៃគូ​អភិរក្ស និង​ដៃគូ​អភិវឌ្ឍន៍​ទាំងអស់​ក្នុងនោះ​មាន USAID ដែល​ផ្តល់ជំនួយ​បច្ចេកទេស​ដល់​អង្គការ​ដៃគូ ​ដើម្បី​មានលទ្ធភាព​ចូលរួម​ក្នុង​កិច្ចការពារ​ និង​អភិរក្ស​ធនធានធម្មជាតិ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​»​។

​តាម​លោក នេត្រ ភក្ត្រា ទីផ្សារ​លក់​ឥណទាន​កាបូន​នេះ ពិតជា​មាន​សារៈសំខាន់​សម្រាប់​កម្ពុជា ហើយ​ការបោះ​ជំហាន​នៅក្នុង​ទីផ្សារ​ឥណទាន​កាបូន​បានបញ្ជាក់​យ៉ាងច្បាស់​ពី​ភាពប្រសើរឡើង​នៃ​ការការពារ​ធនធានធម្មជាតិ​របស់​កម្ពុជា​។ សម្រាប់​កិច្ចការ​រៀបចំ​គម្រោង​លក់​ឥណទាន​កា​​បូ​ន​នេះ ក្រុមការងារ​បច្ចេកទេស​បានរៀបចំ​ដោយ​ដកស្រង់​នូវ​បទពិសោធ​មួយចំនួន​ដែល​បាននិងកំពុង​តែ​អនុវត្តបាន​ដោយ​ជោគជ័យ ចំពោះ​ការងារ​រៀបចំ​គម្រោង​រ៉េដ​បូក​នៅ​ភាគ​ខាងកើត​ប្រទេស​កម្ពុជា គឺ​ក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា នៅក្នុង​ខេត្តមណ្ឌលគិរី​។ លោក ​ភក្ត្រា ​ឱ្យដឹងថា ចាប់តាំងពី​ឆ្នាំ​ ២០១៦ ​មកដល់​បច្ចុប្បន្ន កម្ពុជា​បានទទួល​ថវិកា​ចំនួន ១១,៦​ លាន​ដុល្លារ​ ពី​ការ​លក់​ឥណទាន​កាបូន​ឱ្យទៅ​ក្រុម​​ហ៊ុន​អន្តរជាតិ​ធំៗ​មានដូចជា Disney Kering Intuit, Shell និង​ក្រុមហ៊ុន Gucci​។

​សូមជម្រាបថា មកទល់​ប​ច្ចុ​ប្បន្ន​នេះ រាជរដ្ឋាភិបាល បាន​បង្កើន​ផ្ទៃដី​តំបន់ការពារធម្មជាតិ រហូតដល់​ប្រមាណ ៤១ ​ភាគរយ នៃ​ផ្ទៃដី​ប្រទេស​កម្ពុជា គឺ​ស្មើនឹង​ប្រមាណ ៧,៣ ​លាន​ហិកតា ដែល​ក្នុងនោះ​មាន​ឧទ្យាន​ជាតិ​ដែនជម្រកសត្វព្រៃ​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង តំបន់​រ៉ា​ម​សារ តំបន់​ការពារ​បេតិកភណ្ឌ​ធម្មជាតិ និង​របៀង​អភិរក្ស​ជីវចម្រុះ​សរុប​ចំនួន ៧២ កន្លែង​ និង​មាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ចំនួន ១ ២៦០ ​នាក់ ដោយ​សហការ​ជាមួយ​សហគមន៍​តំបន់ការពារធម្មជាតិ និង​អង្គការ​ដៃគូ​នានា បាននិងកំពុង​ឈរជើង​ការពារ​។​

​លោក កែន​ ​សេរី​រដ្ឋា នាយក​អង្គការ WCS ​ប្រចាំ​កម្ពុជា បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍ ​នៅ​ថ្ងៃទី ៦ មីនា​ថា ក្រោយ​ទទួលបាន​ជោគ​​ជ័យ​លើ​គម្រោង​នេះ ដៃគូ​ពាក់​​ព័ន្ធមាន​ក្រសួងបរិស្ថាន ក្រោម​ការ​ឧ​ប​ត្ត​ម្ភ​ពី​ទីភ្នាក់ងារ​ជំនួយ​អាមេរិក USAID នឹងមាន​ការ​​អនុវត្ត​គម្រោង​នេះ​បន្តទៀត នៅក្នុង​តំបន់​មួយចំនួន​នៃ​ភាគ​ខាង​​ជើង​។ គម្រោង​នៅ​ភាគ​ខាង​​ជើង​នេះ ​គឺ​ដំបូង​ផ្តោត​សំខាន់​ទៅលើ​តំបន់​មួយចំនួន នៅក្នុង​ខេត្តព្រះវិហារ ដែលមាន​ដូចជា ដែនជម្រកសត្វព្រៃ​គូលែន​ព្រហ្ម​ទេព ដែនជម្រកសត្វព្រៃ​ព្រះ​រកា និង​ដែនជម្រកសត្វព្រៃ​ឆែប ខណៈ​តំបន់​ទាំងនោះ កំពុងស្ថិត​ក្នុងការ​សិក្សា​នៅឡើយ​ដោយ​គ្រោង​បញ្ចប់​នៅ​ដំណាច់ឆ្នាំ​ ២០២២ ​នេះ​។

លោកបាន​​រៀបរាប់ថា​៖ «​ការដាក់បញ្ចូល​តំបន់​ថ្មីៗ​ទាំងនេះ​ចូលក្នុង​បញ្ជី​នៃ​និរន្តរភាព​ហិរញ្ញវត្ថុ​គម្រោង​​រេ​៉​ដ​បូក​របស់​ប្រទេស​កម្ពុជា​នេះ គឺ​ដើម្បី​ការអនុវត្ត​ឱ្យមាន​ភាព​ងាយស្រួល​ជាមួយ​ដៃគូ​ពាក់ព័ន្ធ ដែល​ខាង​អង្គការ​យើង​កំពុង​រៀបចំ​ឯកសារ និង​រៀប​ចំការ​​អនុវត្ត​នៅ​ទីវាល ដើម្បី​ធ្វើ​យ៉ាង​ណា ឱ្យ​គម្រោង​នេះ អាចបង្កើត​ឥណទាន​កាបូន​សម្រាប់​លក់​លើ​ទីផ្សារ​បាន​»​។​

​កាលពី​ថ្ងៃទី ​៤ មីនា ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​គម្រោង​ព្រៃ​ឡង់​បៃតង​បានប្រកាសថា អង្គការ WCS និង Everland បាន​សហការគ្នា​ក្នុងការ​ផ្តល់ជំនួយ​ដល់​ការបង្កើត​ការអភិវឌ្ឍ និង​ការអនុវត្ត​គម្រោង​រេ​៉​ដ​បូក​ចំនួន ​១៥ នៅ​ទូទាំង​ពិភព​លោក បន្ទាប់ពី​មាន​ភាពជោគជ័យ​លើ​គម្រោង​រេ​៉​ដ​បូក​កែវ​សីមា​ក្នុងប្រទេស​កម្ពុជា​។ គម្រោង​រេ​៉​ដ​បូក​ចំនួន​ ១៥ ​នៅ​ទូទាំង​ពិភពលោក​នេះ ត្រូវបាន​ធ្វើឡើង​ស្រប​ក្នុង​ទិវា​សត្វព្រៃ​ពិភពលោក​ឆ្នាំ​ ២០២២ ដែលមាន​តម្លៃ​ជា​ទឹកប្រាក់​រហូតដល់​ទៅ​ ២ ​ពាន់​លាន​ដុល្លារ​អាមេរិក ​ក្នុងការ​កាត់បន្ថយ​ឧស្ម័ន​បំ​ភាយ ​(VER) ​នា​រយៈពេល ​១០ ​ឆ្នាំ​ខាងមុខ​៕