​ព្រះ​វិហារៈ រដ្ឋបាលខេត្ត​ព្រះវិហារ​ត្រៀម​ផ្ទៃដី​ទំហំ​ប្រ​មាណ ​៣៦ ​ហិកតា​ សម្រាប់ធ្វើ​​ជាទី​លាន​ចាក់សំរាម នៅ​ភូមិ​​ឆែប​លិច ឃុំ​ឆែប​ ១ ស្រុក​ឆែប ដើម្បី​គ្រប់គ្រង​សំរាម​ឱ្យមាន​សណ្តាប់ធ្នាប់​លើកកម្ពស់​អនាម័យ ខណៈ​មានការ​កើន​​ឡើង​នៃ​ចំនួន​ពលរដ្ឋ​រស់នៅ​ និង​កំណើន​សំណល់​រឹង​រាវ​ប្រចាំថ្ងៃ​។​

អភិបាលស្រុក​ឆែប លោក សុក សាន្ត​តារា ប្រាប់​ ភ្នំពេញ​ ​ប៉ុស្តិ៍ ​នៅ​ថ្ងៃទី ​៦ ខែមីនា​ថា រដ្ឋ​បាល​ខេត្ត​បានគ្រោង​ទុក​ដី​បម្រុង ៣៦​ ហិកតា សម្រាប់ធ្វើ​ទីលាន​ចាក់សំរាម​យូរហើយ ប៉ុន្តែ​ដោយ​​សារ​មាន​ការកាប់​ទន្ទ្រាន​ពី​សំ​​ណាក់​ពលរដ្ឋ ទើប​ថ្មីៗ​នេះ​អាជ្ញា​ធរ​បានធ្វើ​ព្រំដី និង​ធ្វើ​ផ្លូវ​ចូល​បណ្តោះអាសន្ន​។

​លោក​ថា​៖ «​ធម្មតា​ពលរដ្ឋ​គាត់​ឃើញ​ដី​ទំនេរ​ស្អាត គាត់​កាប់​ទន្ទ្រាន​យក ដោយ​បារម្ភ​មានការ​បន្ត​កាប់​ទន្ទ្រាន ឥឡូវ​​នេះ​មន្ត្រី​ជំនាញ បានធ្វើ​ព្រំដី និង​ធ្វើ​ផ្លូវ​ចូល​ជា​បណ្តើរៗ​ហើយ​

​ពលរដ្ឋ​ដែល​កាប់​ទន្ទ្រាន​ដី​នោះ​ក៏​​បានប្រគល់​ជូន​អាជ្ញាធរ​វិញ​ដែរ​»​។​

លោក​បាន​បញ្ជាក់ថា ការ​​ត្រៀម​ដី​ទំហំ​ធំ​នេះ ​សម្រាប់​ចាក់​​សំរាម​នាពេល​បច្ចុប្បន្ន​ផង ​និង​សម្រាប់​ថ្ងៃ​អនាគត​ផង​។ ​លោក​ថា​៖ «​មូលហេតុ​ត្រៀម​ដី​ធំ​ដោយ​​សារ​គ្រោង​ធ្វើ​ទីលាន​ចាក់សំរាម​

​ស្របតាម​បច្ចេកទេស​ព្រោះ​ធំ​កាលណា​ល្អ​កាល​ហ្នឹង​ ដើម្បី​ជា​ផលប្រយោជន៍រ​បស់បង​ប្អូន​ប្រជាពលរដ្ឋ ព្រោះ​ឥឡូវនេះ​ការ​ទុកដាក់​សំរាម​អនាធិបតេយ្យ​សំរាម​រាយប៉ាយ​ពេញ​ និង​ចាក់​ពាសវាល​ពាសកាល​វា​បាត់​សោភណភាព​នៅ​ស្រុក ធ្វើឱ្យ​ខូច​បរិស្ថាន​»​។

​លោក​បន្តថា នៅ​ថ្ងៃ​អនាគត​កំណើន​ប្រជាពលរដ្ឋ​នៅ​ទី​ប្រជុំជន​កាន់តែច្រើន​ហើយ​វា​ច្បាស់​ជាមាន​បញ្ហា​លើ​ការ​គ្រប់​គ្រង​សំរាម ប្រសិនបើ​ស្រុក​មិន​​បានរៀបចំ​ផែនការ​គ្រោងទុក​។ លោក​ឱ្យដឹង​ដែរ​ថា ទីលាន​ចាក់​​សំរាម​ថ្មី​នេះ​សម្រាប់​បម្រើ​ឱ្យតែ​នៅ​ស្រុក​ឆែប​ប៉ុណ្ណោះ ខណៈ​មាន​ពលរដ្ឋ​រស់នៅ​ជាង ​២៥ ០០០ ​ពាន់​នាក់ ហើយ​លោក​ថា នឹង​បន្ត​កើនឡើង​នៅ​ឆ្នាំ​បន្តបន្ទាប់​។​

ទោះយ៉ាងណា លោក​មិនទាន់​បង្ហើប​ពី​កាលបរិច្ឆេទ​នៃ​ការសាងសង់​ទីលាន​ចាក់សំរាម​ជា​ផ្លូវការ​នៅឡើយ​ទេ ខណៈ​លោក​ថា ឯកសារ​ច្បាប់​បាន​បញ្ជូនទៅ​ស្ថាប័ន​ពាក់ព័ន្ធ​រួច​ហើយដោយ​រង់ចាំតែ​បញ្ជូន​ត្រឡប់មកវិញ​ប៉ុណ្ណោះ​។

​លោក​ថា​៖​ «​យើង​រង់ចាំតែ​​ច្បាប់​រត់ចេញ​ពី​ខាង​ក្រសួង​បរិ​​ស្ថាន​ទេ​កាលណា​បាន​ច្បាប់​ធ្លាក់​​មក​យើង​រក​កញ្ចប់​ថវិកាបដិភាគ​កញ្ចប់​ថវិកា​ស្រុក ក្រុមហ៊ុន​វិនិយោគ​ខ្លះ ម្យ៉ាងទៀត​ក្រសួង​បរិស្ថាន​គេ​យកចិត្តទុកដាក់​ណាស់​ជំរុញ​ឱ្យធ្វើ​ការងារ​នេះ​»​។​

​បើតាម​លោក សុកសាន្ត​តារា ទីលាន​ចាក់សំរាម​ចាស់​គឺ​ស្ថិតនៅ​ក្បែរ​គម្រោង​ទីលាន​ចាក់​​សំរាម​ថ្មី ប៉ុន្តែ​មាន​ទំហំ​តូច មិនទាន់​ឆ្លើយតប​ទៅនឹង​តម្រូវការ​ប្រើប្រាស់​ប្រចាំថ្ងៃ​។

​ស្របគ្នា​នេះដែរ​ លោក​អំពាវ​នាវ​ឱ្យមាន​ការចូលរួម​ពី​សំណាក់​​ប្រជាពលរដ្ឋ​ក្នុងការ​ទុកដាក់​សំ​​រាម​ឱ្យបាន​ត្រឹមត្រូវ ដើម្បី​រក្សាបាន​នូវ​បរិស្ថាន​ស្អាត និង​ធ្វើឱ្យ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​រស់នៅ​ប្រ​​កប​ដោយ​ផាសុកភាព​ខ្ពស់​។​

​ប៉ុន្តែ​កន្លងទៅ​លោក​ធ្លាប់​លើកឡើងថា គោលដៅ​របស់​រាជរដ្ឋាភិបាល​ធ្វើការ​គ្រប់គ្រង​កាកសំណល់​រឹង​សំរាម​ឱ្យបាន​​ល្អ​ដែលជា​ផ្នែក​មួយ​នៃ​គោល​​នយោបាយ​ជាតិ ហើយ​ក្រសួងបរិស្ថាន​នឹង​បន្ត​ផ្តល់ជំនួយ​បច្ចេកទេស​បណ្តុះបណ្តាល​ស​ម​ត្ថ​ភាព​មន្ត្រី​ដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ក្នុងការ​គ្រប់គ្រង​សំរាម​នៅតាម​ទីប្រជុំជន​។​

ទាក់ទង​នឹង​បញ្ហា​សំរាម​​នេះដែរ លោក នេត្រ ភក្ត្រា បានឱ្យដឹង​កាលពី​ឆ្នាំ ​២០២១ ​ថា ក្នុង ​១ ​ថ្ងៃ ​សំណល់​សំរាម​តែង​បង្កើតឡើង​មាន​ជាង​ ១ ​ម៉ឺន​តោន ហើយ​ក្នុង​ ១ ​ឆ្នាំ ​សំណល់​សំរាម​មាន​ប្រមាណ ៤ ​លាន​​តោន​។ លោក​បាន​ឱ្យដឹងទៀតថា សំរាម​មានការ​កើនឡើង​ចន្លោះ​ពី​ ១០ ទៅ​ ១៥​ ភាគរយ​​ ក្នុង ​១ ​ឆ្នាំ ដែល​នឹង​ធ្វើឱ្យ​ទីលាន​​ចាក់សំរាម​ដែល​គ្រោង​ចាក់​រយៈពេល​ ៥ ​ឆ្នាំ ប្រែប្រួល​ និង​អាច​ប្រើប្រាស់​មិនបាន​គ្រប់​តាម​ពេលវេលា​កំណត់ ព្រោះ​កំណើន​សំរាម​កើនឡើង រីឯ​ការ​ដកហូតយក​ទៅ​កែច្នៃ​នៅមានកម្រិត​៕

វីដេអូ៖