ក្រចេះ​/​មណ្ឌលគិរីៈ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​មកពី​ខេត្តមណ្ឌលគិរី​ និង​ខេត្តក្រចេះ​ប្រមាណ ​៤២ ​នាក់​ ទទួលបាន​វគ្គប​ណ្តុះ​បណ្តាល​​ស្តីពី ​«​ការពង្រឹង​ប្រសិទ្ធភាព​ការអនុវត្ត​ច្បាប់ និង​នីតិវិធី​បំពេញ​កំណត់ហេតុ​បទល្មើស​ធនធានធម្មជាតិ​» ​ខណៈ​ក្រសួងបរិស្ថាន​គ្រោង​រៀបចំ​វគ្គប​ណ្តុះ​​បណ្តាល​ស្តីពី​ការការពារ​ធន​​ធាន​ធម្មជាតិ​នេះ​បន្តទៀត​នៅ​ពាក់​កណ្តាលខែ​នេះ​។​

​វគ្គ​បណ្តុះបណ្តាល​នេះ ត្រូវ​បានរៀបចំ​ឡើង​កាលពី​ថ្ងៃទី​ ២២ ដល់​ ២៧ ខែកុម្ភៈ ដោយ​អង្គការ WCS សហការ​ជាមួយ​ក្រសួង​​បរិស្ថាន​ដែលមាន​មន្ត្រី​ឧ​ទ្យា​នុ​​រក្ស​មកពី​ខេត្តមណ្ឌលគិរី និង​ក្រចេះ​ព្រមទាំង​នគរបាល​ និង​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​មណ្ឌល​​គិរី សរុប​ចំនួន ៤២​ នាក់​។

​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​អង្គការ WCS បានឱ្យដឹងថា វគ្គប​ណ្តុះ​​បណ្តាល​ទាំងនោះ​ មាន​គោល​​បំណង​កសាង​សមត្ថភាព​អ្នក​​ចូលរួម​ឱ្យ​យល់ដឹង​អំពី​ច្បាប់​​ស្តីពី​តំបន់ការពារធម្មជាតិ លិខិត​

​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​ការ​​អន​វុត្ត​ច្បាប់ ជាពិសេស​វិធី​កសាង​សំណុំរឿង​បទល្មើស​ធម្មជាតិ​ដែល​ត្រឹមត្រូវ​ព្រមទាំង​ឱ្យ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​យល់ដឹង​កាន់តែច្បាស់​អំពី​សិទ្ធិ តួនាទី និង​ភារកិច្ច​របស់ខ្លួន​ក្នុងការ​អន​វុត្ត​ការងារ​ក្នុង​តំបន់ការពារធម្មជាតិ​។​

​អង្គការ WCS បាន​បញ្ជាក់ថា «​វគ្គ​បណ្តុះបណ្តាល​ទាំង​ ២ ​នោះ បានរៀបចំ​ធ្វើឡើង​នៅ​ទី​ស្នាក់​​ការ​ដែនជម្រកសត្វព្រៃ​កែវ​សីមា ដោយមាន​ការគាំទ្រ​ពី​គម្រោង​កាំ​ប៉ាស​។ វគ្គ​បណ្តុះបណ្តាល​នី​មួយៗ​មាន​រយៈពេល​ ៣​ ថ្ងៃ​»​។​

​លោក នេត្រ ភក្ត្រា អ្នក​នាំ​ពាក្យ​ក្រសួងបរិស្ថាន​បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍ ​នៅ​ថ្ងៃទី ​៦ មីនា​ថា ការបណ្តុះបណ្តាល​នេះ គឺជា​ការចូលរួម​ពង្រឹង​បន្ថែម​ទៅលើ​សមត្ថភាព​មន្ត្រី ​ដើម្បី​បង្កើន​ប្រសិទ្ធភាព​ក្នុងការ​អនុវត្ត​ច្បាប់ និង​បំពេញ​នីតិវិធី​ផ្សេងៗ​ក្នុងការ​គ្រប់គ្រង និង​អភិរក្ស​ធន​ធាន​ធម្មជាតិ​។​

​លោក​បាន​បន្តថា ការបណ្តុះ​​បណ្តាល​នេះ​ក៏​ដើម្បីឱ្យ​មន្ត្រី​​ឧ​ទ្យា​នុ​រក្ស​កាន់​តែមាន​គ្រឹះ​រឹងមាំ​ក្នុង​ការធ្វើ​កំណត់ហេតុ​ប្រមូល​កសាង​សំណុំរឿង និង​ការប្រមូល​ភ័ស្តុតាង​នានា​ពាក់ព័ន្ធ​នឹង​បទ

​ល្មើស​ធនធានធម្មជាតិ​បញ្ជូនទៅ​​តុលាការ​កាន់តែ​ប្រសិទ្ធភាព​។​

​លោក​បាន​បញ្ជាក់ថា​៖ «​វា​ក៏បាន​ចូលរួម​ផ្លាស់ប្តូរ​បទ​ពិ​​សោធ​របស់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដែល កិច្ចការងារ​នេះ​ គឺមាន​សារៈ​​សំខាន់​ណាស់​ ព្រោះ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ក៏​ជា​មន្ត្រីនគរបាល​យុត្ត​ធម៌​ដែល​គាត់​ចូលរួម​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ និង​ទប់ស្កាត់​បង្ក្រាប​បទល្មើស​។​

​នៅពេលដែល​បង្ក្រាប​បទ​ល្មើស​​ គឺ​ត្រូវមាន​ភ័ស្តុតាង និង​ឯកសារ​ពាក់ព័ន្ធ ការកសាង​សំណុំរឿង​ចៀសវាង​មិនមាន​មូលដ្ឋាន​រឹង​​មាំ​ដែល​ធ្វើឱ្យ​វិធានការ​ផ្លូវច្បាប់​របស់​យើង​មិន​ពេញលេញ​បន្ត​ទៅមុខទៀត​»​។​

​ជាមួយនឹង​វគ្គប​បណ្តុះបណ្តាល​​នេះ លោក នេត្រ ភក្ត្រា បានឱ្យដឹង​ដែរ​ថា នៅ​ថ្ងៃទី ​១៥ និង​ថ្ងៃ​ទី​ ១៦ ខែមីនា ខាងមុខនេះ​ ក្រ​សួង​បរិស្ថាន​ក៏​នឹង​បើក​វគ្គប​ណ្តុះ​​បណ្តាល​ផ្សព្វផ្សាយ​អំពី​ច្បាប់​

​ស្តីពី​តំបន់ការពារធម្មជាតិ​នៅក្នុង​ខេត្ត​កែប​ ដើម្បី​ផ្តល់​ចំណេះ​​ដឹង​ដល់​មន្ត្រី​ក្រសួងបរិស្ថាន​ក៏ដូចជា​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ពី​ខេត្ត​កែប និង​ខេត្តកំពត​។​

​បន្ថែម​ពីនេះ លោក នេត្រ ភក្ត្រា បាន​បញ្ជាក់ថា វគ្គប​ណ្តុះ​​បណ្តាល​នេះ ក៏​នឹង​មានការ​​ចូលរួម​ពី​មន្ត្រីនគរបាល​យុត្ត​ធម៌ និង​មកពី​ស្ថាប័ន​តុលាការ​នានា​ ដើម្បី​បញ្ជ្រាប​ការយល់ដឹង​អំពី​ច្បាប់​ស្តីពី​តំបន់ការពារធម្មជាតិ​ក្នុងការ​ចូលរួម​អនុវត្ត និង​ការ​​ពារ​ទាំងអស់គ្នា​៕​