ភ្នំពេញៈ គិត​មក​ទល់​ថ្ងៃ​បិ​ទ​បញ្ចប់​មាន​បេក្ខ​ជន​កើន​ដល់​ ៨៤ ២០៨​ រូប ​ក្នុងនោះ​ស្ត្រី​មាន​ចំនួន​ ២៦ ​៥៨៤ រូ​ប មក​ពីគ​ណបក្ស​ចំនួន ១​៧ បាន​ដាក់​ពាក្យសុំ​ចុះបញ្ជីសម្រា​ប់​ចូលរួម​ប្រកួត​​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សាឃុំ​សង្កាត់ អាណត្តិ​​ទី៥ នៅ​ថ្ងៃទី ៥ ​ខែមិថុនាឆ្នាំនេះ​ បន្ទាប់​ពី​គណៈក​ម្មការ​ធិ​ការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ (គ.ជ.ប) ទើប​បិទ​បញ្ចប់​កាល​ពីថ្ងៃ ៦​ មីនា​ ។

តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ (គ.ជ.ប) នៅ​ថ្ងៃទី ៨ ខែមីនា ឱ្យដឹងថា​ គណបក្ស​ទាំង ១៧ រូម​មានគណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ភ្លើងទៀន គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គណបក្ស​ខ្មែរ​រួបរួម​ជាតិ គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ គណបក្ស​សញ្ជាតិ​កម្ពុជា គណបក្ស​យុវជន​កម្ពុជា គណបក្ស​ឆន្ទៈ​ខ្មែរ គណបក្ស​កែទម្រង់​កម្ពុ​ជា គណបក្ស​កម្ពុជា​និយម គណបក្ស​ខ្មែរ​តែមួយ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ គណបក្ស​ជនជាតិដើម​ប្រជាធិបតេយ្យ​កម្ពុជា គណបក្ស​ឯកភាព​ជាតិខ្មែរ គណបក្ស​រស្មី​ខេមរា និង​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច។

សេចក្តី​ប្រកាស​ព័ត៌​មាន​​នេះ​បន្ត​ថា​ ការ​ចុះ​បញ្ជី​បេក្ខជន​នៃ​គណ​បក្ស​នយោ​បាយ​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ សម្រាប់​ការ​បោះ​ឆ្នោត ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី​៥​ នេះ បាន​ធ្វើ​ក្នុង​រយៈ​ពេល​ ៣​ ថ្ងៃ ​គឺ​ចាប់​ពីថ្ងៃទី​ ៤ ដល់​ថ្ងៃទី​ ៦ ​ខែ មីនា ឆ្នាំ​ ២០២២ ​ដែល​ទើប​តែ​បញ្ចប់​។

បើតាម គ.ជ.ប បន្ទាប់​ពីថ្ងៃ​បញ្ចប់​ការ​ទទួល​ពាក្យ​សុំ​ចុះបញ្ជី​បេក្ខ​ជន កម្ម​ការឃុំ សង្កាត់​រៀបចំ​ការ​បោះ​ឆ្នោត (គឃ.​សប) ត្រូវ​ពិនិត្យ​លើ​ភាព​ត្រឹម​ត្រូវ​នៃ​ពាក្យ​សុំ​ចុះបញ្ជី​បេក្ខ​ជន​ទាំង​នោះ​ក្នុង​រយៈ​ពេល​ ១ ថ្ងៃ​។ បន្ទាប់​មក​ គឃ.ស​ប ត្រូវ​បិទ​ផ្សាយ​ជា​សា​ធារណៈ​នូវ​បញ្ជី​បេក្ខ​ជន ដែល​បាន​ពិនិត្យ​រួច​ហើយ​នោះ នៅ​ទីស្នា​ក់ការរបស់​ខ្លួន​ក្នុង​រយៈ​ពេល​យ៉ាង​យូរ ៣ថ្ងៃ។​

គ.ជ.​ប ប​ញ្ជាក់ទៀតថា ប្រជាព​លរដ្ឋ​ដែល​មាន​សិទ្ធិ​បោះឆ្នោត​ក្នុង​ឃុំ សង្កាត់ មានសិទ្ធិ​ផ្តល់​មតិ​យោ​បល់​ចំពោះ​បញ្ជី​បេក្ខជន​នៃ​គណប​ក្សន​យោបា​យ ដែល​បាន​បិទ​ផ្សាយ​ខាង​លើ​មក គឃ.សប ដើម្បី​ជា​ព័ត៌មាន​សម្រាប់​ជា​មូល​ដ្ឋាន​ពិចារ​ណា​មុនពេល​សម្រេច​យល់ព្រ​ម ឬ​បដិសេធ​ ការសុំ​ចុះបញ្ជី​បេក្ខជន។ គឃ.សប ត្រូវ​សម្រេច​យល់​ព្រម​ ឬ​បដិសេធ​លើ​ពាក្យសុំ​នោះ ក្នុង​រយៈ​ពេល​ ៧ថ្ងៃ​យ៉ាង​យូរ បន្ទាប់ពី​បាន​ទទួល​ពាក្យ​សុំ​ចុះ​បញ្ជី​បេក្ខជន​នៃ​គណ​បក្ស​នយោ​បាយ​។

លោក​ សោម សូ​រី​ដា អ្នក​នាំពាក្យ​គ.ជ.ប ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី ៨ ខែកុម្ភៈ​នេះ​ថា ​តាម​រយៈ​សេច​ក្តីប្រកាស​ព័​ត៌​មា​ននេះ ​មានគ​ណបក្ស​ចំនួន ១៧ បាន​ចូលរួម​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់អាណត្តិ​ទី៥ នេះ ​ក្នុង​នោះគណ​បក្ស​ដែល​ចុះបញ្ជី​បេក្ខជន​ច្រើន​ជាង​គេ គឺ​គណបក្ស​ប្រជាជន​កម្ពុជា គណ​បក្ស​ភ្លើង​ទៀន គណ​បក្ស​ហ៊្វុន​ស៊ិនប៉ិច​ និង​គណបក្ស​ខ្មែរ​រួម​ជាតិ​។

លោក​បន្ត​ថា ក្នុង​អំឡុង​ទទួល​ពាក្យ​ចុះបញ្ជី​៣ថ្ងៃ​កន្លង​មក​នេះ ប្រព្រឹត្ត​ទៅ​ដោយ​រលូន មាន​សណ្តាប់​ធ្នាប់​សន្តិ​សុខ និង​សុវត្ថិ​ភាព ល្អ​ប្រសើរ ដោយ​មាន​ការ​សហ​ការ​ពី​អាជ្ញា​ធរ​ពាក់​ព័ន្ធ​ ។

លោក​ថ្លែងថា « ដំណើ​ការ​នេះ គឺ​មិនមាន​ការ​ភ័យ​ខ្លាច គំរា​មកំហែង​នោះទេ ប៉ុន្តែមាន​ការ​កត់​សម្គាល់​ឃើញ​នៅក្នុង​ដំណើកា​រ​នេះ មាន​ការ​ប្តឹង​តវ៉ាពី​ប្រជា​ពលរដ្ឋ​នៅ​ខេត្ត​កំពត​ ដែល​បាន​ប្តឹង​ចំពោះ​គណ​បក្ស​នយោ​បាយ​មួយ​យក​ឈ្មោះ​គាត់ទៅ​ចុះ​ឈរ​ឈ្មោះ​បេក្ខ​ជន ដោយ​មិន​បាន​ដឹង​ខ្លួន​ »។

លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ថ្លែង​ថា មិនមែន​មានតែ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ទេ ​ដែល​ដាក់​បេក្ខជ​ន​ប្រ​កួ​ប្រជែងច្រើនក្នុង​​អាណត្តិ​ទី៥ នេះ គណបក្ស​ផ្សេង​ទៀត ​ក៏បាន​ដាក់​ច្រើន និង​ង​មាន​ក្តី​សង្ឃឹម​ខ្ពស់​ដែរ។ បើ​គ្មាន​ក្តី​សង្ឃឹម​ គឺ​មិន​ដាក់​បេក្ខ​ជន​នោះ​ទេ​។សម្រាប់​គណ​បក្ស​ប្រជា​ជន​កម្ពុជា បាន​ដាក់​បេក្ខជ​ន​គ្រប់​ចំនួន ១ ៦៥២ ឃុំ​សង្កាត់ នៅ​ទូទាំង​ប្រទេស​ ។

លោក​ថ្លែង​ថា៖ «ការ​ដែល​មាន​គណ​បក្ស​ចំនួន​ច្រើន​ចូលរួម​នេះទោះ​គណ​បក្ស​ខ្លះ​ដាក់​បាន​ចំនួន​ឃុំ​សង្កា​ត​តិច ឬ​ច្រើន​យ៉ាង​ណា​ក៏​ដោយ ក៏​វា​ឆ្លុះ​បញ្ចាំង​អំពី​ទីលាន និង​លំហប្រ​ជាធិប​តេយ្យ​នៅ​កម្ពុ​ជា​មាន​លក្ខណៈ​ទូលំ​ទូលាយ មាន​សេរីភាព​ពេញ​លេញ ​ខាង​នយោ​បាយ​ដែល​ធ្វើឱ្យ​គណ​បក្សន​យោបា​យអត់​មាន​ញ​ញើត ក្នុង​ការ​ដាក់​បេក្ខ​ភាព​សម្រាប់​ប្រកួត​ប្រជែង​នោះ​ទេ​»៕