ឧត្ដរមានជ័យៈ ពិធី​បញ្ចុះ​បឋមសិលា​សាងសង់​ស្តូប​អនុស្សាវរីយ៍​​នយោបាយ​ឈ្នះ ឈ្នះ អន្លង់វែង ដែល​ស្ថិត​ក្នុងស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ ត្រូវ​ប្រព្រឹត្តទៅ​នៅ​ព្រឹក​ថ្ងៃទី​ ៩ ខែមីនា​នេះ ក្រោម​អធិបតីភាព​លោក​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ ដើម្បី​រំឭក​ដល់​ប្រតិបត្តិ​ករ​នយោបាយ​ដែល​បានបញ្ចប់​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា​។

លោក ឌី រ៉ាដូ អភិបាលរង​ ​និង​ជា​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ឧត្តរមានជ័យ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០២២ ថា ការសាងសង់​ស្តូប​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ ឈ្នះ អន្លង់វែង នឹងត្រូវ​សាងសង់​នៅលើ​ទំហំ​ដី​ប្រមាណ ៣០០ ​ហិកតា ខណៈ​ទីតាំង​អន្លង់វែង​នេះ​គឺជា​ទីតាំង​ដែល​បានបញ្ចប់​សង្គ្រាម​ចុងក្រោយ​។

លោក​បន្តថា ការសាងសង់​ស្តូប​នេះ​ត្រូវ​រៀបចំ​បញ្ចុះ​បឋមសិលា​សាងសង់​នៅ​ថ្ងៃទី​ ៩ មីនា​​ឆ្នាំនេះ ក្រោម​អធិបតីភាព​​លោក​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ ដើម្បី​ជាការ​រំឭក​ពី​គុណបំណាច់ វីរភាព និង​អរគុណ​ដល់​ប្រតិបត្តិករ​នយោបាយ ជាពិសេស​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បានបញ្ចប់​សង្គ្រាមស៊ីវិល​ទាំងស្រុង​នៅ​កម្ពុជា ។

លោក​ថ្លែងថា​៖ «​ទំហំ​ស្តូប​ដែល​ត្រូវ​សាងសង់​គឺមាន​ទំហំ​ ៦០ ​ម៉ែត្រ​ x១២០ ​ម៉ែត្រ​។ ​ពាក់ព័ន្ធ​នឹង​ចំណាយ​ថវិកា​លើ​គម្រោង​នេះ​ខ្ញុំ​អត់​ដឹង​ទេ​ ព្រោះ​មិនទាន់​ទទួលបាន​ព័ត៌មាន ប៉ុន្តែ​ថវិកា​សម្រាប់​ការសាងសង់​ស្តូប​នេះ​គឺមាន​គ្រប់គ្រាន់​មិនមាន​ការខ្វះខាត​ទេ​។ ដោយឡែក​សម្រាប់​ថវិកា​សាងសង់​ហេដា្ឋរចនាសម្ព័ន្ធ​ផ្សេងទៀត​អាច​ថា​នឹងខ្វះ យើង​នឹង​អំពាវនាវ​សប្បុរសជន​ឱ្យចូល​រួម​បន្ថែមទៀត​»​។

ក្នុង​ពិធី​ចុះ​ពិនិត្យ​ទីតាំង​ដើម្បី​រៀបចំ​ពិធី​បញ្ចុះបឋមសិលា​សាងសង់​ស្តូប​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ​ឈ្នះ​អន្លង់វែង​កាលពី​ថ្ងៃ​ទី​ ៧ ខែមីនា ឆ្នាំ​ ២០២២ លោក គន់ គីម ប្រធាន​អនុគណៈកម្មការ​សាងសង់​ស្តូប​​នេះ​បានឱ្យដឹងថា ក្នុង​រយៈពេល ​១​ សប្តាហ៍​កន្លងទៅនេះ ដោយមាន​ការយកចិត្ត​ទុកដាក់​ពី​កងពល​តូច​អន្តរាគមន៍​លេខ​ ៨ កងពល​ធំ​អន្តរាគមន៍​លេខ​ ៣ បាន​នាំយក​គ្រឿងចក្រ​មក​ឈូសឆាយ​ផ្លូវ​ឡើង​ភ្នំ​ ២០០ ​ចូលទៅ​ដល់​ទីតាំង​តំបន់​ប្រវត្តិសាស្ត្រ​យោធា​តេជោ​ភ្នំ​ ២០០ ក្នុងនោះ​ក្រុមការងារ​បានធ្វើ​ផ្លូវ​ព័ទ្ធជុំវិញ និង​បាន​បោសសម្អាត​មីន​ផងដែរ ។

លោក​ថ្លែងថា​៖ «​ក្នុងការ​រៀបចំ​សាងសង់​ស្តូប ឈ្នះ ឈ្នះ​ក្រុមការងារ​បានធ្វើ​ផ្លូវ​ប្រវែង​ ២ ១៦៨ ​ម៉ែត្រ ចូលទៅ​កាន់​ទីតាំង​ដែល​ត្រូវ​សាងសង់​ស្តូប​។ ការងារ​​នេះ​មាន​ការចូល​រួមសហការ​ពី​ផ្នែក​ធនធានទឹក​ខេត្ត​ឧត្តរមានជ័យ​ក្នុង​ការសិក្សា​ធ្វើ​ទំនប់​ស្ទាក់​ទឹក​ផងដែរ​»​។

លោក ណឹម សុវត្ថិ ប្រធាន​ក្រុមការងារ​សិក្សា​ស្រាវជ្រាវ​ប្រវត្តិសាស្ត្រ​យោធា​ដែល​បាន​ចុះ​សិក្សា​ស្រាវជ្រាវ​សម្រាប់​ការសាងសង់​ស្តូប​ថ្មី​នេះ​បាន​ថ្លែងថា ការសម្រេច​ការរៀបចំ​ស្តូប​នេះ ក្រុមការងារ​របស់លោក​​បាន​ប្រមូល​តឹកតាង និង​រៀបចំ​នូវ​អំណះអំណាង​ដើម្បី​ប្រែក្លាយ​ខ្លឹមសារ​ដែលមាន​ឱ្យទៅ ស្ថាបត្យកម្ម និង​ឱ្យ​ក្លាយទៅជា​សំណង់​។

លោក ណឹម សុវត្ថិ​បាន​បន្តថា​៖ «​មកទល់​ថ្ងៃនេះ​យើង​បានទទួល​នូវ​មនុស្ស​ចូលមក​សិក្សា​រាប់រយ រាប់ពាន់នាក់ នៅ​តំបន់​ប្រវត្តិសាស្ត្រ​យោធា​តេជោ ភ្នំ​ ២០០ ​នេះ ហើយ​បានរៀបចំ​នូវ​ពិធី​ផ្សេងៗ ទោះបី​មិនទាន់មាន​អគារ ស្កឹមស្កៃ ប៉ុន្តែ​អត្ថន័យ​ដ៏​ធំធេង និង​បរិយាកាស​នៅទីនេះ​គឺ​បាន​ទាក់ទាញ​ច្រើនណាស់​ជាមួយ​អ្នក​ដែល​មក​ទស្សនា​នៅទីនេះ​»​។

បើតាម លោក ណឹម សុវត្ថិ ការរៀបចំ​ស្តូប​វិមាន​ឈ្នះ ឈ្នះ នៅទីនេះ​គឺ​ក្រុមការងារ​ខ្លឹមសារ​​បាន​ត្រៀម​ដោយ​កត់​ទុក​នូវ​ធាតុ​ចូល និង​ឯកសារ​ជាច្រើន​​រួមទាំង​ប្រតិបត្តិករ​ដែល​ត្រូវ​រៀបចំ​ឱ្យទៅជា​ចម្លាក់ និង​បង្កើតជា​តឹកតាង​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​រៀនសូត្រ​បង្កើត​នូវ​អត្តសញ្ញាណ​ជាតិ បង្កើត​នូវ​ស្មារតី​ស្នេហា​ជាតិ បង្កើត​នូវ​ការចូលរួម​ក្នុង​ការការពារ​នូវ​បូរណភាព​ទឹកដី​៕