ឧត្តរមានជ័យៈ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​រួម​ជាមួយ​អាជ្ញាធរខេត្ត​ឧត្តរមានជ័យ នៅ​ថ្ងៃទី​ ៨ ខែមីនា បាន​យក​អង្ករ​ជំនួយ​សង្គ្រោះបន្ទាន់​ទៅ​ចែកជូន​ប្រជាពលរដ្ឋ​ចំនួន ៣០០ ​គ្រួសារ ដែលមាន​ជីវភាព​ខ្វះខាត ដែល​រង​ផលប៉ះពាល់​ដោយសារ​ជំងឺ​កូវីដ ​១៩ នៅ​ស្រុក​ចុងកាល់​។

លោក វេង សាខុន បាន​លើកឡើងថា ជំងឺ​កូវីដ​ ១៩​ បានធ្វើឱ្យ​ប៉ះពាល់​ទាំង​ផ្នែក​សេដ្ឋកិច្ច និង​សង្គម ជាពិសេស​ជីវភាព​របស់​ប្រជាពលរដ្ឋ​។ លោក​ថា ដោយ​ឈ្វេងយល់​ពី​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​នេះ រាជរដ្ឋាភិបាល​បានដាក់​ចេញ​នូវ​វិធានការ​​សំខាន់ៗ​ជាច្រើន ក្នុងនោះ​មាន​ទាំង វិធានការ​សេដ្ឋកិច្ច វិធានការ​ច្បាប់ រដ្ឋបាល និង​វិធានការ​សុខាភិបាល សំដៅ​ទប់ស្កាត់​ឱ្យខាងតែបាន​នូវ​ការរាតត្បាត​នៃ​ជំងឺ​ដ៏កាច​សាហាវ​មួយ​នេះ និង​ជាពិសេស​បើក​ឱ្យ​ដំណើរការ​សកម្មភាព​សង្គម​ក្នុង​បំណង​ស្តារ​សេដ្ឋកិច្ចជាតិ​ឡើងវិញ​។ នេះ​បើ​យោងតាម​ហ្វេសប៊ុក​លោក វេង សាខុន ​នៅ​ថ្ងៃទី ​៨ ខែមីនា​។

លោក​រដ្ឋមន្ត្រី​បានឱ្យដឹង​ទៀតថា ដើម្បី​ជួយ​សម្រាល​បញ្ហា​ខ្វះខាត​ស្បៀង​របស់​ប្រជាពលរដ្ឋ​ដែល​ទទួលផល​ប៉ះពាល់​ដោយ​កូវីដ​ ១៩ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេច​ឱ្យ​រូបលោក និង​អភិបាលខេត្ត នាំយក​អង្ករ​ជំនួយ​សង្គ្រោះបន្ទាន់​នេះ​ទៅ​ចែកជូន ប្រជាពលរដ្ឋ​នៅ​ខេត្ត​ឧត្តរមានជ័យ​។ លោក​ថា សកម្មភាព​នេះ ពិតជា​បានបង្ហាញ​យ៉ាងច្បាស់​ពី​ការគិតគូរ​យកចិត្តទុកដាក់​ខ្ពស់​របស់​ប្រមុខ​ដឹកនាំ​ប្រទេស​អំពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​នៅ​គ្រប់​កាល:ទេស: និង​គ្រប់​ទីកន្លែង​លើ​ផ្ទៃ​ប្រទេស ស្រប​នឹង​ពាក្យ​ថា "​ទីណា​មានការ​លំបាក ទីនោះ​ត្រូវតែមាន​ដំណោះស្រាយ​" បាន​ទាន់ពេល និង​មាន​ប្រសិទ្ធភាព​។

លោក​ថ្លែងថា​៖ «​អង្ករ ៤០ ​គីឡូក្រាម​ក្នុង ១​ គ្រួសារ​នេះ ជា​ជំនួយ​បឋម​នៅ​មាន​ជំនួយ​ជា​បន្តបន្ទាប់​ទៀត តាមរយ:​កាកបាទ​ក្រហម​កម្ពុជា ដែលមាន​សម្តេច​កិត្តិព្រឹត្ត​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជា​ប្រធាន ដៃគូ​អភិវឌ្ឍន៍ វិស័យ​ឯកជន និង​សប្បុរសជន​មួយចំនួនទៀត​»​។

លោក ឌី រ៉ាដូ អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ឧត្តរមានជ័យ​បានឱ្យដឹង​នៅ​ថ្ងៃទី ៨ ខែមីនា​ថា អង្ករ​ដែលជា​ជំនួយ​សង្គ្រោះបន្ទាន់​នេះ​ជា​ជំនួយ​បន្ថែម​លើ​ថវិកា​ដែល​រាជរដ្ឋាភិបាល​ធ្លាប់​បានផ្តល់​ក្នុងពេល​កន្លងមក​។ ជំនួយ​លើក​នេះ មាន​អង្គរ​ចំនួន ៤០ ​តោន សម្រាប់​ចែកជូន​ប្រជាពលរដ្ឋ​ ១ ០០០ គ្រួសារ​ក្នុងនោះ មាន​អ្នកស្រុក​ចុងកាល់​ចំនួន ៣០០ ​គ្រួសារ ក្រុង​សំរោង​ចំនួន ៤២៥ ​គ្រួសារ និង​ស្រុក​បន្ទាយអំពិល​ចំនួន ២៧៥ ​គ្រួសារ​។ ប៉ុន្តែ​ក្រុង​សំរោង និង​ស្រុក​បន្ទាយអំពិល នឹងត្រូវ​ចែកជូន​នៅពេល​ក្រោយ​ទៀត​រហូតដល់​គ្រប់​ ១ ០០០​ គ្រួសារ​។

លោក​ថ្លែងថា៖ «​អាហ្នឹង​ជា​ស្បៀង​សង្គ្រោះបន្ទាន់ ដែល​បងប្អូន​យើង​លោក​ក្រីក្រ និង​រងគ្រោះ​ដោយសារ​ផលប៉ះពាល់​កូវីដ​។ ក្នុង​ ១​ គ្រួសារ​ចែកជូន អង្គរ​ ៤០​ គីឡូ ហើយ​និង​ថវិកា​នៅ​ចុងកាល់​ហ្នឹង​គឺ​យើង​ចែក​ម្នាក់​ ១ ម៉ឺន​រៀល​» ។

ក្នុងឱកាស​នោះដែរ លោក រដ្ឋមន្ត្រី បាន​ណែនាំ​ឱ្យ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត ត្រូវ​បង្កើន​ការខិតខំ​ប្រឹងប្រែង​បន្ថែមទៀត លើ​ការងារ​បង្កបង្កើន​ផល ដោយ​ត្រូវ​សហការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍ វិស័យ​ឯកជន អង្គការ​ជាតិ អន្តរជាតិ ដើម្បី​ស្វះ​ស្វែងរក​ជំនួយ​បន្ថែម​ទាំង​បច្ចេកទេស និង​ហិរញ្ញវត្ថុ​ពី​គ្រប់​មជ្ឈដ្ឋាន ដើម្បី​យកមក​ជួយ​ប្រជាកសិករ​ទាំង​ក្នុងពេល​បន្ទាន់ និង​រយ:ពេល​វែង​។

លោក សូត្រ ស៊ីសុខឃាង ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តឧត្តរមានជ័យ​ថ្លែង​នៅ​ថ្ងៃទី​ ៨ ខែមីនា​ថា ពូជត្រី ពូជ​កង្កែប មាន់ និង​ពូជ​បន្លែ ដែល​ចែកជូន​ក្នុងពេល​កន្លងមក គឺ​ពលរដ្ឋ​យកទៅអនុវត្ត​បាន​ផល​ល្អ​។

លោក​ថា​៖ «​នៅពេល​ដែលមាន​គោលការណ៍​បើកចំហ​នៅក្នុង​ការព្យាបាល​ជំងឺ​កូវីដ​តាម​ផ្ទះ អត់​មាន​បញ្ហា​ទេ បើ​អ្នក​ឈឺ​នៅផ្ទះ​ព្យាបាល​អស់​ថ្នាំ​ទៅ​ពេទ្យ អ៊ីចឹង​វា​ធ្វើឱ្យ​យើង​វិល​ទៅរក​ភាព​ធម្មតា​វិញ យើង​អាច​ចេញចូល​រកគ្នា​បាន​។ ប៉ុន្តែ​ពីមុន​អត់​ទេ កើត​មួយ​ហើយ តាមរក​អ្នកពាក់ព័ន្ធ​ទាំងអស់ អ៊ីចឹង​ម្នាក់ៗ បាក់​ទឹកចិត្ត តែ​ឥឡូវ​អត់​អី​ទេ​ធម្មតា​»​។

បើតាម លោក ស៊ីសុខឃាង នៅ​ឆ្នាំ ២០២១ ការងារ​បង្កបង្កើនផល​ទាំង​រដូវប្រាំង និង​រដូវវស្សា សម្រេចបាន ៩៧ ៣៣០ ​ហិកតា ទិន្នផល​ទទួល​បាន ២៧១ ៣៦៣ ​តោន ដែល​តាម​ការវាយតម្លៃ​លើ​តុល្យភាព​ស្បៀង​អាច​នៅសល់​អង្ករ ១១៤ ៦០៤ ​តោន​។

ដោយឡែក តាមរយៈ​កម្មវិធី​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​ថ្មី​ដែល​ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ (ASPIRE) ការគាំទ្រ​ដោយ​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​មូលដ្ឋាន​របស់​អង្គការ GIZ ការគាំទ្រ​ដោយ​គម្រោង RUSH-IT ការគាំទ្រ​ដោយ​គម្រោង CHAIN និង ការគាំទ្រ​សកម្មភាព​វារីវប្បកម្ម​របស់​រដ្ឋបាល​ជលផល បានផ្តល់​កូនត្រី និង​តង់​ចិញ្ចឹម​កូន​កង្កែប និង​តង់​ចិញ្ចឹម​ពូជ​មាន់ ចំណី និង​ស្នូក​ទឹក​-​ស្នូក​ចំណី ជូន​ដល់​កសិករ​ចំនួន​ ១ ១៩៥ ​គ្រួសារ និង គ្រាប់ពូជ​បន្លែ​ចម្រុះ​ជូន​កសិករ​ចំនួន ១ ២៥០ ​គ្រួសារ ដែល​ស្ថិតក្នុង​ក្រុង​សំរោង ស្រុក​ចុងកាល់ ស្រុក​បន្ទាយ​អំពិល ស្រុក​ត្រពាំង​ប្រាសាទ និង​ស្រុក​អន្លង់វែង​៕