ភ្នំពេញៈ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ចាត់ទុក​ការយក​រូបរាង​ទង់ជាតិ​ខ្មែរ​ទាំងមូល​ទៅ​ច្នៃ​ធ្វើជា​សម្លៀកបំពាក់​តាំង​ពីលើ​ដល់​ក្រោម ថា​ជាការ​ធ្វើឱ្យ​បាត់បង់​តម្លៃ​ជាតិ សាសនា ព្រះមហាក្សត្រ ដែល​ប្រជាជន​កម្ពុជា​តែងតែ​គោរព​និង​ស្នើឱ្យ​អ្នក​ច្នៃម៉ូដ ធ្វើការ​ពិចារណា និង​កែប្រែ​ឡើងវិញ​។

ការលើកឡើង​នេះ បន្ទាប់ពី​មាន​ផលិតកម្ម​ក្នុងស្រុក​មួយ​បាន​យក​គំរូ​ទង់ជាតិ​មក​ច្នៃ​ធ្វើជា​សម្លៀកបំពាក់ ដើម្បី​ត្រៀម​ថត MV នៅ​តំបន់​រមណីយដ្ឋាន​អង្គរ កាលពីពេល​ថ្មីៗ​នេះ​។ ការច្នៃ​នេះ​មាន​ទាំង​អ្នកគាំទ្រ​ផង និង​អ្នក​រិះគន់​ផង​។

យ៉ាងណាក្តី រដ្ឋមន្ត្រីក្រសួង​វប្បធម៌​លោកស្រី​ ភឿង សកុណា បាន​ថ្លែងថា បងប្អូន​ដែល​គាត់​ធ្វើ​នោះ​ ដោយសារតែ​មិនបាន​យល់ដឹង​វែងឆ្ងាយ​ពី​ទំនៀមទម្លាប់​ប្រពៃណី​របស់​កម្ពុជា​។ លោកស្រី ទទួល​ស្គាល់​ថា តាម​តថភាព​ជាក់ស្តែង គោលបំណង​នៃ​ការច្នៃ និង​ការរៀបចំ​នោះ​ផ្តើម​ចេញ​ពី​ការស្រឡាញ់​ជាតិ និង​ចង់បង្ហាញ​មោទនភាព​ជាតិ ប៉ុន្តែ​ការដែល​យក​ទង់ជាតិ​ធ្វើជា​ខោអាវ​ទាំងមូល​ត្រូវតែ​ពិចារណា​ឡើងវិញ​។

លោកស្រី​មានប្រសាសន៍​ថា​៖ «​រូប​ទង់ជាតិ​កន្លងមក​មាន​គេ​យក​ដាក់​នៅលើ​អាវ គេ​ច្នៃ​តូចៗ ប៉ុន្តែ​គេ​មិនមែន​យកមក​ទាំង​អស់នៃ​ទង់ជាតិ​មក​រុំ​ខ្លួន​ទេ ព្រោះ​ទង់ជាតិ គឺជា​អ្វីដែល​យើង​គោរព ព្រោះ​ទង់ជាតិ​យើង​បង្ហូត​ឡើងលើ​គោរព​ទាំងអស់គ្នា សូម្បី​ព្រះករុណា ក៏​គោរព​ទង់ជាតិ​ដែរ​»​។

លោកស្រី​បញ្ជាក់ថា ធម្មតា​ទង់ជាតិ​ខ្មែរ​គឺជា​របស់​ដែលមាន​តម្លៃ​ហើយ​គេ​មិនដែល​យកទៅ​ស្លៀក​នៅក្រោម​ចង្កេះ​ទេ​គេ​អាច​ច្នៃ​ជា​រូប​តូចៗ​នៅលើ​អាវ​ទាំង​ខាងមុខ និង​ខាងក្រោយ​បាន ប៉ុន្តែ​បើ​យក​ទង់ជាតិ​ទាំងអស់​មក​ច្នៃ​អ៊ីចឹង​វា​ទៅជា​រឿង​មួយ​មិន​សមរម្យ​ទៅវិញ​។ «​អ្នកខ្លះ​ញ៉ាំ​អី​ប្រឡាក់​ដៃ​យកមក​ជូត​នឹង​សំពត់​មាន​រូប​ទង់ជាតិ ហើយ​អង្គុយ​នៅ​ពីលើ​អ៊ីចឹង​វា​បាត់អស់​តម្លៃ​មួយចំនួន​ទៅហើយ​»​។

ក្នុងន័យនេះ​លោកស្រី ភឿង សកុណា លើកឡើងថា ប្រទេស​នីមួយៗ​មាន​វប្បធម៌​រៀងៗ​ខ្លួន ហើយ​កុំ​ប្រៀបធៀប​វប្បធម៌​គេ និង​កម្ពុជា ព្រោះ​មានការ​គោរព​ខុសៗ​គ្នា​។ លោកស្រី​ថា​៖ «​ខ្ញុំ​ឃើញ​ដែរ​នៅ​ប្រទេស​អឺរ៉ុប​មួយចំនួន គេ​ច្នៃ​ទង់ជាតិ ជា​កម្រាល​ជូត​ជើង គេ​ច្នៃ​ធ្វើ​អី​ផ្សេងៗ ប៉ុន្តែ​នេះ​ជា​រឿង​របស់គេ ចំណែក​ខ្មែរ​យើង​ជាតិ សាសនា​ព្រះមហាក្សត្រ គឺ​យើង​គោរព​ណាស់ អ៊ីចឹង​កុំ​យក​អ្វី​ដែលជា​ទំនៀមទម្លាប់​របស់គេ​មក​ដាក់​នៅក្នុង​សង្គម​របស់​យើង​»​។

ជាមួយ​គ្នានេះដែរ​អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​លោក ឡុង កុសល មានប្រសាសន៍ថា ការយក​ទង់ជាតិ​ខ្មែរ ដែលជា​និមិត្តរូប​របស់​ជាតិ​ទៅ​ច្នៃ​ធ្វើជា​ម៉ូដ​សម្លៀកបំពាក់ គឺជា​ការមិន​សមរម្យ ព្រោះ​គេ​តែងតែ​ផ្តល់​តម្លៃ​ដល់​ទង់ជាតិ​ហើយ​ទង់ជាតិ​តែងតែ​ត្រូវបាន​បង្ហូត​ឡើងលើ​ដោយ​អម​ជាមួយ​នូវ​ការច្រៀង និង​ភ្លេងជាតិ​។

លោក​ថ្លែងថា៖ «​ទង់ជាតិ​ត្រូវបាន​គោរព​ដោយ​ស្មារតី​ស្នេហា​ជាតិ ស្រឡាញ់​ទឹកដី​ជាតិ​មាតុភូមិ ។ ម្យ៉ាងទៀត ទង់ជាតិ​ក៏ត្រូវ​បានផ្ដល់​ជា​មហាកិត្តិយស​សម្រាប់ វីរជន យុទ្ធជន យុទ្ធនារី​ដែល​បាន​ពលី​ជីវិត​នៅពេល​បានចេញ​ច្បាំង​ការពារជាតិ ទឹកដី ឬ​ទៅ​បំពេញ​បេសកកម្ម មនុស្សធម៌​នៅក្រៅ​គឺ​ជាតិ​តែង​ដឹងគុណ និង​យក​ទង់ជាតិ​ទៅ​គ្រង​ពីលើ​ដើម្បី​សម្តែង​ការគោរព និង​ដឹងគុណ​»​។

លោក​ថា ដូច្នេះ​ការយក​រូបភាព​ទង់ជាតិ​មក​ធ្វើជា​សម្លៀកបំពាក់​គឺ​មិន​សមរម្យ​ទេ និង​អាចជា​ការប្រមាថ ដូចជា​នៅពេលដែល គេ​ស្លៀកពាក់ គឺ​គេ​ហាក់បីដូចជា​បាន​អង្គុយ​លើ​ទង់ជាតិ​ដែល​តំណាងឱ្យ​ជាតិ​ទាំងមូល ឬក៏​នៅពេលដែល​សម្លៀកបំពាក់​នោះ​ប្រឡាក់ អ្នកខ្លះ​មិនបាន​យកទៅ​បោកសម្អាត​ទេ​បែរជា​យកទៅ​ទុកចោល​ជាដើម​។

លោក​បញ្ជាក់ថា ប្រសិនបើ​ចង់បង្ហាញ​ឱ្យឃើញ​ពី​ទឹកចិត្ត​ស្រឡាញ់​ជាតិ​ពិតមែន​នោះ គឺ​នៅពេល​មក​ទស្សនា​តំបន់​អង្គរ ដែលជា​សម្បត្តិ​វប្បធម៌​ និង​ជា​បេតិកភណ្ឌ​របស់​មនុស្សជាតិ សូមជួយ​ចូលរួម​ការពារ​បរិស្ថាន កុំ​បោះ​សំរាម​ចោល​នៅក្នុង​រមណីយដ្ឋាន​អង្គរ ត្រូវ​ធ្វើដំណើរ​ថ្មើរជើង​ចូល​តំបន់​អង្គរ ទៅតាម​ផ្លូវ​ដែល​បានរៀបចំ​ជូន​សូម​កុំ​ដើរ​ជាន់​ស្មៅ ដែល​នាំឱ្យ​ខូច​សោភណភាព​៕

វីដេអូ៖