ភ្នំពេញៈ សំណុំរឿង​ក្ដី​លោក កឹម សុខា អតីត​មេដឹកនាំ​បក្សប្រឆាំង​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​នេះ ត្រូវបាន​លើក​ពេល​ទៅ​ថ្ងៃទី​ ១៦ ខែមីនា​វិញ ដោយហេតុ​តំណាង​អយ្យការ​អមសាលាដំបូង​ម្នាក់​មាន​វិជ្ជមាន​កូវីដ​ ១៩​។ លោក កឹម សុខា ជាប់ចោទ​ពីបទ «​សន្ទិដ្ឋភាព​ជាមួយ​បរទេស ឬ គប់គិត​ជាមួយ​បរទេស​ដើម្បី​ផ្តួលរំលំ​​រាជរដ្ឋាភិបាល​កម្ពុជា​»​។

តាម​លិខិត​ស្នើសុំ​កាលពី​ថ្ងៃទី​ ៧ ខែមីនា​របស់ លោក ឆាយ ហុង ព្រះរាជ​អាជ្ញាធរង​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ឱ្យដឹងថា កាលពី​ថ្ងៃទី​ ៤ ខែមីនា ឆ្នាំ ​២០២២ លោក ប្លង់ សុផល ជា​តំណាង​អយ្យការ​ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​នេះ បានធ្វើ​តេស្ត​ពិនិត្យ​សុខភាព​រកឃើញ​វិជ្ជមាន​ជំងឺ​កូវីដ ​១៩ បញ្ជាក់​ដោយ​មន្ទីរពិសោធន៍​វេជ្ជសាស្ត្រ​បង្អែក​ជាតិ​។

លិខិត​នេះ​បានសរសេរថា​៖ «​ហេតុនេះ ដើម្បី​ការពារ និង​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ តំណាង​អយ្យការ​ស្នើសុំ​លើក​ពេល​សវនាការ​នៅ​ថ្ងៃទី​ ៩ ខែមីនា ឆ្នាំ​ ២០២២ វេលា​ម៉ោង​ ៨:៣០ ​នាទី​ព្រឹក ទៅ​ពេល​ក្រោយ​»​។

លោក កូយ សៅ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា សវនាការ​នឹង​បន្ត​នៅ​ថ្ងៃទី​ ១៦ ខែមីនា ឆ្នាំ​ ២០២២​។

លោក ប្លង់ សុផល អ្នក​នាំពាក្យ​សាលាដំបូង​រាជធានី-​ភ្នំពេញ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៨ ខែមីនា ឆ្នាំ​ ២០២២ ថា លោក​ពិតជា​មាន​វិជ្ជា​មាន​កូវីដ​-១៩​ប្រាកដ​មែន​។

លោក ផែង ហេង មេធាវី​ការពារ​ក្តី លោក កឹម សុខា ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៨ ខែមីនា ឆ្នាំ​ ២០២២ ឱ្យដឹងថា ក្រុម​មេធាវី​របស់លោក​បាន​ទទួល​លិខិត​ពន្យារ​សវនាការ​នេះហើយ​។

​លោក​បាន​ថ្លែងថា​៖ «​អានេះ វា​អាស្រ័យ​ទៅ​តុលាការ គាត់​ជា​អ្នកដឹកនាំ​នីតិវិធី​។ យើង​ចេះតែ​ចង់ឱ្យ​ពន្លឿន ប៉ុន្តែ​យើង​មិនដឹង​ធ្វើ​យ៉ាងម៉េច តាម​ដំណើរ​ហ្នឹង​ទៅ​»​។ លោក​ក៏​ស្នើសុំ​ឱ្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​មាន​ការប៉ះប៉ូវ​ពេលវេលា និង​ថ្ងៃ​បន្ថែមទៀត​ចំពោះ​សវនាការ លោក កឹម សុខា នេះ​ដើម្បី​បញ្ចប់​សំណុំ​រឿងនេះ ដោយ​ការបើក​សវនាការ​ព្រឹកល្ងាច គឺ​សវនាការ​នេះ​នឹង​ឆាប់​ចប់​ដែរ​។

លោក ជិន ម៉ាលីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេសប៊ុក​កាលពី​ថ្ងៃទី​ ៥ ខែមីនា​ថា ការលើកពេល​នៃ​សវនាការ​នេះ មិនមែន​ជា​ចេតនា​អូសបន្លាយ​នោះទេ​។ លោក​ថា​៖ «​តុលាការ​ត្រូវ​ដំណើរការ​ដោយ​ត្រឹមត្រូវ​ទៅតាម​នីតិវិធី​ច្បាប់ ដើម្បី​ធានាថា សិទ្ធិ​របស់​ភាគី​ត្រូវបាន​ធានា ជាពិសេស​សិទ្ធិ​ការពារ​ខ្លួន​របស់​ជនជាប់ចោទ​»​។ «​សំណុំ​រឿងនេះ មាន​ភ័ស្តុតាង​រឹងមាំ​ណាស់ ហើយ​ក្នុងនាម​ជា​អ្នកតាមដាន​ និង​សង្កេត​លើ​សំណុំរឿង​ជាច្រើន​នាពេល​កន្លងមក ខ្ញុំ​មិនដែល​ឃើញ​សំណុំរឿង​ដែលមាន​ភ័ស្តុតាង​រឹងមាំ និង​ស៊ីចង្វាក់​គ្នា​យ៉ាង​ល្អ​ដូច​សំណុំរឿង​មួយ​នេះ​ទេ​»៕

វីដេអូ៖