សៀមរាបៈ បុរស​ម្នាក់​បានសម្លាប់​ស្ត្រី​ដែលជា​ប្រពន្ធ អាយុ​ ៤២​ ឆ្នាំ​ម្នាក់​ដោយ​អា​រក​នៅក្នុង​បរិវេណ​ផ្ទះ​នៅ​ភូមិ​ចុងកៅស៊ូ សង្កាត់​ស្លក្រាម ក្រុង-​ខេត្ត សៀមរាប នៅ​ថ្ងៃទី​ ៨ មីនា ជា​ថ្ងៃ​ដែល​ពិភពលោក​ប្រារព្ធ​​ទិវា​អន្តរជាតិ​នារី​។ យោងតាម​ប្រភព​នគរបាល​មូលដ្ឋាន​។

លោក ភឹង ចិន្ដារ៉េត ស្នងការរង​ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​ថ្លែងថា ជនសង្ស័យ​ឈ្មោះ ស្រេង សុខ អាយុ ៤៦ ឆ្នាំ​គ្មាន​មុខរបរ​អ្វី​ទេ​។ រីឯ​ស្ត្រី​​រងគ្រោះ​ឈ្មោះ​ សោរ គឹមហៀង អាយុ​ ៤២​ ឆ្នាំ​។ ពួកគេ​រស់នៅ ភូមិ​ចុង​កៅស៊ូ សង្កាត់ ស្លក្រាម ក្រុង​-​ខេត្ត សៀមរាប​។

លោក​ថា​៖ «​បើតាម​ស្តាប់​សម្តី​របស់​ជនសង្ស័យ​ទៅ​គឺ​គ្មាន​រឿង​អ្វី​ធំដុំ​ទេ ជា​រឿង​ទំនាស់​ក្នុង​គ្រួសារ​តិចតួច​ប៉ុណ្ណោះ​។ តាមមើល​ជនសង្ស័យ មាន​បញ្ហា​ខួរក្បាល​ផង​ក៏​មិនដឹង​ព្រោះ​គាត់​នៅតែ​ផ្ទះ ហើយ​ស្ត្រី​រងគ្រោះ​រកស៊ី​ចិញ្ចឹម​»​។

លោក ជា ចំរើន អធិការ​នគរបាល​ក្រុង​សៀមរាប​នៅ​ថ្ងៃទី​ ៨ ​មីនា ថ្លែងថា ពេល​សម្លាប់​ប្រពន្ធ​របស់គាត់​ស្លាប់​ហើយ​ជនសង្ស័យ​បាន​យក​ភួយ​ទៅ​គ្រប​សាកសព​ស្ត្រី​រងគ្រោះ​បន្ទាប់មក​ជនសង្ស័យ​បាន​ចាក់សោ​ទ្វារផ្ទះ និង​ទ្វាររបង​ហើយ​ជិះ​ម៉ូតូ​តែម្នាក់ឯង​ទៅប្រាប់​មន្ត្រីនគរបាល​ ១ ​រូប​នៅតាម​ផ្លូវ​ដោយ​និយាយថា គាត់​បាន​កាប់​ប្រពន្ធ​របស់គាត់​ស្លាប់​ហើយ​។ ភ្លាមៗ​មន្ត្រី​នគរបាល​រូបនោះ​បានឱ្យ​ជនសង្ស័យ​នាំទៅ​មើល​សាកសព​ហើយក៏​ឃើញ​ដូច​ការ​ប្រាប់​របស់​ជនសង្ស័យ​មែន​។

យោងតាម​ចម្លើយ​បឋម​ជនសង្ស័យ​ខឹង​នឹង​ប្រពន្ធ មិនសូវ​យកចិត្ត​ទុកដាក់​ក្រុមគ្រួសារ​និង​បង្ខំ​ឱ្យ​ខ្លួន​ផឹកទឹក​ក្រូចឆ្មារ​សុទ្ធ​រហូត​មាន​ជំងឺ​ក្រពះ ជំងឺ​តម្រងនោម​។ សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​ខេត្ត​សៀមរាប​ដើម្បី​ចាត់ការ​តាមច្បាប់​បន្តទៀត​៕