ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង នឹង​ជួបប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ​នៅ​ថ្ងៃទី ​៩ ខែមីនា ដើម្បី​ស្វែងរក​ដំណោះស្រាយ​វិវាទ​ការងារ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ លីមីតធីត ដែល​បានធ្វើឱ្យ​បុគ្គលិក និង​អតីត​បុគ្គលិក​ក្រុមហ៊ុន​នេះ ចេញ​តវ៉ា​អូសបន្លាយ​អស់​រយៈពេល​ជាង​ ៣ ​ខែ​មកហើយ​។

ការកោះប្រជុំ​របស់​លោក ​ស ខេង នេះ​ស្រប​ពេលដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានធ្វើការ​ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់ រួមទាំង​ការផាកពិន័យ​ធ្ងន់ធ្ងរ​ទៅលើ​អតីត​បុគ្គលិក និង​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ក្នុងករណី​ដែល​ពួកគេ​មិន​សហការ​ជាមួយ​មន្ត្រី​សុខាភិបាល​​ក្នុង​ការធ្វើតេស្ត​រក​វីរុស​កូវីដ​ ១៩​។

យោងតាម​លិខិតអញ្ជើញ​មួយច្បាប់​ចេញផ្សាយ​កាលពី​ថ្ងៃទី ​៤ ខែមីនា ប៉ុន្តែ​ភ្នំពេញ​ប៉ុស្តិ៍​ទើប​ទទួលបាន​នៅ​ថ្ងៃទី​ ៨ មីនា ឱ្យដឹងថា កិច្ចប្រជុំ​រក​ដំណោះស្រាយ​វិវាទ​ការងារ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​នេះ​នឹងធ្វើ​ឡើង​ក្រោម​អធិបតីភាព លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​នៅវេលា​ម៉ោង​ ៣ ​រសៀល ថ្ងៃទី​ ៩ ខែមីនា នៅ​នៅ​សាលា​រាជធានី​ភ្នំពេញេ​។

ប្រភព​ដដែល​បានឱ្យដឹងថា កិច្ចប្រជុំ​នេះ មាន​សមាសភាព​ភាគី​ពាក់ព័ន្ធ​ជាច្រើន​នឹងចូលរួម រួមមាន រដ្ឋមន្ត្រីក្រសួង​ការងារ លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ លោក កើត រិទ្ធ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង អគ្គស្នងការ​នគរបាលជាតិ លោក នេ​ត សាវឿន អភិបាល​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ លោក តាំង ស៊ុនឡាយ ព្រះរាជអាជ្ញា​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ច្រឹង ខ្មៅ រួមទាំង​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ស ថេត និង​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​លោក​ រ័ត្ន ស្រ៊ាង ផងដែរ​។

ស្របពេល​ជាមួយ​គ្នា​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់ រួមទាំង​ការផាកពិន័យ​ជា​ប្រាក់​ពី ១ ​លាន​ទៅ ៥​ លាន​រៀល ចំពោះ​អតីត​និង​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ក្នុង​ករណី​ដែល​ពួកគេ​មិន​សហការ​ជាមួយ​មន្ត្រី​សុខាភិបាល​ពាក់ព័ន្ធ​ការធ្វើ​តេស្ត​រក​វីរុស​កូវីដ​ ១៩ និង​អំពាវនាវ​ឱ្យ​បញ្ឈប់​នូវ​រាល់​សកម្មភាព​ប្រមូលផ្ដុំ​បន្តទៀត​។

សេចក្តី​ជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃទី​ ៧ ខែមីនា​បានឱ្យដឹងថា​៖ «​មាន​មនុស្ស​មួយ​ក្តាប់​តូច​ក្នុង​ជួរ​បាតុករ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ និង​មនុស្ស​មួយក្រុម​ដែល​នៅ​ខាងក្រៅ​បាន​ចិញ្ចឹមចិត្ត​រៀបចំ​សេណារីយោ​ឱ្យមាន​រូបភាព​ផ្សេងៗ និង​ញុះញង់​ឱ្យមាន​ការប្រមូលផ្តុំ ដើម្បី​កេងចំណេញ​ផលប្រយោជន៍​»​។ សេចក្តីជូនដំណឹង​លើកឡើង​ទៀតថា​៖ «​លើសពីនេះ​ទៀត ក្រុម​នេះ​បាន​លើក​ហេតុផល​ពន្យល់ ឆក់​ឱកាស ប្រើប្រាស់ និង​រៀបចំ​ក្រុមបាតុករ ដែលជា​អតីត​បុគ្គលិក និង​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ឱ្យធ្វើ​បាតុកម្ម​ខុសច្បាប់​មុន​ថ្ងៃ ៨ មីនា ១ ​ថ្ងៃ គឺ​នៅ​ថ្ងៃទី​ ៧ ខែមីនា ឆ្នាំ​ ២០២២ ដើម្បី​យក​រូបភាព​នានា ពី​ការអនុវត្ត​វិធានការ​សុខាភិបាល​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូវីដ​ ១៩​ ការរៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ​របៀបរៀបរយ​សង្គម​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​សម្រាប់ធ្វើ​ការបកស្រាយ​ទៅជា​រូបភាព​អវិជ្ជមាន​ផ្សេងៗ​តាម​ការចង់បាន​របស់​ពួកគេ​»​។

រដ្ឋបាល​រាជធានី​បន្តថា ជាក់ស្តែង​ក្នុង​ការអនុវត្ត​វិធានការ​សុខាភិបាល​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវីដ​ ១៩ នៅ​រសៀល​ថ្ងៃទី​ ៧ ខែមីនា អាជ្ញា​ធរមាន​សមត្ថកិច្ច​បាន​អញ្ជើញ​ក្រុមបាតុករ​ទាំងអស់​ចំនួន ១៨០ ​នាក់ ទៅ​មណ្ឌល​​ចត្តាឡីស័ក​រាជធានី​ភ្នំពេញ​ដើម្បី​ធ្វើតេស្ដ​ស្វែងរក​វីរុស​កូវីដ ​១៩​។

ប៉ុន្តែ​នៅពេល​ទៅដល់​ទីតាំង​ខាងលើ ក្រុមបាតុករ​ទាំងអស់​បែរជា​មិន​ផ្តល់​កិច្ចសហការ​ជាមួយ​ក្រុមគ្រូពេទ្យ​ប្រចាំការ​នៅ​ទី​នោះឡើយ ដោយ​ពួកគាត់​មិន​ព្រម​ផ្តល់ព័ត៌មាន​អំពី​ឈ្មោះ និង​អត្តសញ្ញាណ​របស់ខ្លួន​ដើម្បីឱ្យ​ក្រុមគ្រូពេទ្យ​បំពេញ​បែបបទ​សម្រាប់ធ្វើ​តេស្ត​។ ទោះជា​យ៉ាងណា​ក៏ដោយ ក្រុមគ្រូពេទ្យ​នៅតែ​ខិតខំ​ព្យាយាម​ពន្យល់​ហេតុផល​ដល់​គាត់​ដោយ​ភាព​អត់ធ្មត់ ធ្វើយ៉ាងណា​ឱ្យ​ពួកគាត់​ផ្ដល់​សំណាក​តាម​ពេលវេលា​កាន់តែ​ឆាប់​ដែល​អាចធ្វើ​ទៅបាន​។

រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ព្រមាន​ថា​៖ «​ក្នុងករណី ដែល​បាតុករ​ទាំងអស់​នៅតែ​មានះ​ពុំ​ព្រម​ផ្ដល់​កិច្ចសហការ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​អនុវត្ត​វិធានការ​ច្បាប់​ដោយ​ពិន័យ​អន្តរការណ៍​ជា​ប្រាក់​ពី ១ ​លាន ទៅ ៥ ​លាន​រៀល ហើយ​ក្នុងករណី​មិន​រាងចាល​នឹង​ពិន័យ​ទ្វេដង ស្របតាម​មាត្រា ​២១ និង​មាត្រា​ ២៧ ស្តីពី​វិធានការ​សុខាភិបាល​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ និង​ជំងឺឆ្លង​កាច​សាហាវ​ និង​ប្រកប​ដោយ គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត​»​។

រដ្ឋបាល​រាជធានី​បន្តទៀត​ថា ក្នុងករណី​មាន​ការរារាំង​ការអនុវត្ត​វិធានការ​សុខាភិបាល​នឹង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​។

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័នភាព​ការងារ និង​សិទ្ធិ​មនុស្ស​លោក មឿន តុលា ដែល​តាមដាន​ករណីនេះ មើលឃើញ​ថា ការអនុវត្ត​ច្បាប់​របស់​អាជ្ញាធរ​នាពេល​បច្ចុប្បន្ន​មាន​ស្តង់ដា ​២ ចំពោះ​ប្រជាពលរដ្ឋ​ធម្មតា និង​ក្រុម​កូដករ​ទាំងនោះ​។ លោក​បញ្ជាក់​ថ‍ា​៖ «​យើង​ឃើញ​មាន​មង្គលការ បុណ្យទាន មាន​មនុស្ស​ណែន​តាន់តាប់ ហើយ​បើ​យើង​អនុវត្ត​វិធានការ​គួរ​ទៅយក​សំណាក​នៅ​ទីតាំង​ទាំងនោះ​ផង ព្រោះ​ធម្មតា​រោងការ បុណ្យ ជួបជុំ ជល់​កែវ មិន​ពាក់​ម៉ាស់ ប៉ុន្តែ​កូដករ​គាត់​ពាក់​ម៉ាស់ នេះ​ខ្ញុំ​និយាយ​តាម​ការមើលឃើញ អ៊ីចឹង​ខ្ញុំ​ថា វិធានការ​ទៅលើ​កូដករ​ណាហ្គាវើលដ៍ វា​ហាក់ដូចជា​ស្តង់ដា​ ២»​។ យ៉ាងណាមិញ​លោក នៅតែ​ជំរុញ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​គួរ​ដោះស្រាយ​ដោយ​សន្តិវិធី ដើម្បី​ផលប្រយោជន៍​រួម​ស្រប​ពេលដែល​រាជរដ្ឋាភិបាល​កំពុង​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ​។

លោក​ថា​៖ «​បើសិនជា​យើង​រក​ស​រក​ខ្មៅ​មិន​ចប់​ទេ ខ្ញុំ​ថា រឿង​ដែល​សំខាន់​ឈរលើ​គោលការណ៍​មនុស្សធម៌​ក្នុង​ន័យ​ថា ពួកណាហ្គា​នេះ បាត់បង់​ការងារ​ហើយ បាត់បង់​ចំណូល​មាន​បញ្ហា​ផ្លូវចិត្ត អ៊ីចឹង​បើសិនជា​អាជ្ញាធរ​ដាក់ពិន័យ​ជា​ប្រា​ក់ទៀត គ្នា​មាន​លុយ​ពី​ណា​បង់ មានតែ​ធ្វើឱ្យមាន​ការមិនសប្បាយចិត្ត​រវាង​ពលរដ្ឋ និង​អាជ្ញាធរ​។ អ៊ីចឹង​ខ្ញុំ​ថា ជម្រើស​ដែល​ល្អ​រក​វិធី​ដោះស្រាយ ធ្វើតាម​ប្រសាសន៍​របស់​សម្តេច​ក្រឡាហោម ស ខេង​»​។

សេចក្តី​ថ្លែងការណ៍​របស់​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ បានចាត់ទុក​សកម្មភាព​របស់​អាជ្ញាធរ​ជា​ការបំបិទ​សេរីភាព និង​ទាមទារ​ឱ្យ​ដោះលែង​តំណាង​កម្មករ និង​សកម្មជន​ ១១​ រូប ដែល​កំពុង​ជាប់ឃុំ​។ បន្ថែម​ពីនេះ ជំរុញ​ឱ្យ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ដោះស្រាយ​វិវាទ​ជាមួយ​កម្មករ​ហើយ​ទទួលយក​បុគ្គលិក​សរុប​ចំនួន ៣៦៥ ​នាក់​ឱ្យចូល​ធ្វើការ​ងារ​វិញ​។

តាមរយៈ​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​អំពាវនាវ​ដល់​ក្រុមបាតុករ ដែលជា​អតីត​បុគ្គលិក​ និង​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ដទៃទៀត «​កុំ​ជឿ​តាម​ការ​អូស​-​ទាញ​របស់​ជន​ឱកាសនិយម​មួយ​ក្តាប់​តូច ដើម្បី​កេងចំណេញ និង​ស្នើឱ្យ​បញ្ឈប់​នូវ​រាល់​សកម្មភាព​ប្រមូលផ្ដុំ​ខុសច្បាប់​ផ្ទុយ​នឹង​វិធានការ​សុខាភិបាល ដែល​អាច​នាំឱ្យមាន​ហានិភ័យ ចំពោះ​សុខភាព​សាធារណៈ និង​បញ្ចៀស​ការកកស្ទះ​ចរាចរណ៍ ព្រមទាំង​ការរំខាន​ដល់​ការប្រកប​របរ​អាជីវកម្ម និង​កិច្ចការងារ​ប្រចាំថ្ងៃ​របស់​ពលរដ្ឋ​ដទៃទៀត​»៕

វីដេអូ៖