ក្រចេះ: ​ក្រុម​អ្នកស្រាវជ្រាវ​អំពី​ចំនួន​សត្វ​ផ្សោត​ទន្លេមេគង្គ​បាន​ប្រទះឃើញ​កូន​ផ្សោត​ ១ ​ក្បាល ដែល​ទើប​កើត​ថ្មី​នៅក្នុង​ស្រុក​សំបូរ​ខេត្តក្រចេះ​។ នេះ​បើ​យោងតាម​ការផ្សព្វផ្សាយ​​របស់​នាយកដ្ឋាន​អភិរក្ស​ជលផល​នៅ​ថ្ងៃទី​ ៧ ខែមីនា ឆ្នាំ​ ២០២២​។

របាយការណ៍​ព័ត៌មាន​របស់​នាយកដ្ឋាន​នេះ​បាន​គូសបញ្ជាក់ថា កូន​ផ្សោត​ដែល​ទើប​កើត​ថ្មី​នោះ ត្រូវ​បាន​ក្រុម​អ្នកស្រាវជ្រាវ​នៃ​រដ្ឋបាល​ជលផល និង​អង្គការ WWF ដែល​បាន​ចុះ​សិក្សា​ស្រាវជ្រាវ ប្រមូល​ទិន្នន័យ​អំពី​ចំនួន​សត្វ​ផ្សោត​ទន្លេមេគង្គ ប្រទះឃើញ កាលពី​ថ្ងៃទី​ ៦ ខែមីនា ឆ្នាំ​ ២០២២ ខណៈ​វា​កំពុង​ហែល​ទឹក​លេង​ជាមួយ​ហ្វូង​ផ្សោត​ពេញវ័យ​ចំនួន​ ៨​ ក្បាល​នៅក្នុង​អន្លង់​កោះផ្តៅ ក្នុងស្រុក​សំបូរ ខេត្តក្រចេះ​។

ក្រុម​អ្នកស្រាវជ្រាវ​បាន​ប៉ាន់ប្រមាណ​ថា​៖ «​កូន​ផ្សោត​នេះ ទើបតែ​កើត​បាន​ ១ ​ថ្ងៃ​ប៉ុណ្ណោះ ហើយ​វា​គឺជា​កូន​ផ្សោត​ទីមួយ​ដែល​បាន​កត់ត្រា​ក្នុង​រយៈពេល ​៣ ​ខែ​ដើមឆ្នាំ​ ២០២២ ​នេះ​»​។

ក្រុម​អ្នកស្រាវជ្រាវ​បាន​សម្ដែង​ក្ដី​រីករាយ​ជាខ្លាំង​នៅពេល​បាន​ពើបប្រទះ​វត្តមាន​របស់​កូន​ផ្សោត​នេះ​។ ទន្ទឹមនឹងនេះ​ក៏បាន​សម្ដែង​ក្ដី​ព្រួយបារម្ភ​ផងដែរ​អំពី​សុវត្ថិភាព​របស់​វា ខណៈ​បទល្មើស​នេសាទ​នៅតែ​បន្ត​កើតមាន​នៅតាម​ដង​ទន្លេមេគង្គ​។

សត្វ​ផ្សោត​ទន្លេមេគង្គ​ក្នុង​ខេត្តក្រចេះ​ពីថ្ងៃ​ទី​ ៦ ខែមករា ឆ្នាំ​ ២០២២​។ រូបថត WWF

ប្រធាន​កិច្ចការ​សាធារណៈ និង​គ្រប់គ្រង​ព័ត៌មាន​នៃ​អង្គការ (WWF) ​លោក​ ទេព អស្នារិទ្ធ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា រាល់​កំណើត​របស់​កូន​ផ្សោត​ថ្មី​ ១​ ក្បាលៗ​មាន​សារៈសំខាន់​ណាស់ សម្រាប់​ការរស់រាន​របស់​សត្វ​ផ្សោត​ទន្លេមេគង្គ ដែល​មាន​ចំនួន​នៅ​សេសសល់​តិចតួច និង​កំពុង​រស់នៅក្នុង​ទីជម្រក​ធម្មជាតិ​។

លោក​បាន​ថ្លែងបន្តថា​៖ «​រីឯ​ការការពារ​សត្វ​ផ្សោត​ពេញវ័យ​ឱ្យ​ចៀស​ផុតពី​កត្តា​គំរាមកំហែង​ដោយ​សកម្មភាព​មនុស្ស​រឹត​តែមាន​ភាពចាំបាច់​ខ្លាំង​ថែមទៀត ដែល​ចាំបាច់​ទាមទារ​ឱ្យ​បង្កើន​ការល្បាត​ជាប្រចាំ​ និង​ការពង្រឹង​ការអនុវត្ត​ច្បាប់​ជលផល​បន្ថែមទៀត​ ដើម្បី​កាត់បន្ថយ​អត្រា​ស្លាប់​របស់​ថនិកសត្វ​ទឹកសាប​ដ៏សំខាន់​ជា​សកល​ ១ ​ប្រភេទ​នេះ​»​។

ជុំវិញ​ករណីនេះ រដ្ឋបាល​ជលផល​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ជាពិសេស​ប្រជានេសាទ ដែល​រស់នៅ​តាម​ដង​ទន្លេមេគង្គ ក្នុង​ខេត្តក្រចេះ និង​ស្ទឹងត្រែង ចូលរួម​ការពារ និង​បញ្ឈប់​ជាបន្ទាន់​នូវ​រាល់​សកម្មភាព​នេសាទ​ខុសច្បាប់​នានា ពិសេស​ការនេសាទ​ដោយ​ប្រើ​ឧបករណ៍​មង និង​ឧបករណ៍​ឆក់ ដើម្បី​ធានា​បានកូន​ផ្សោត​នេះ​បន្ត​រស់រានមានជីវិត​ និង​​វិវត្ត​ទៅជា​ផ្សោត​ពេញវ័យ​។

កាលពី​ឆ្នាំ​ ២០២១ ​កូន​ផ្សោត​ចំនួន​ ៦​ ក្បាល​ត្រូវបាន​កត់ត្រា​។ នេះ​បើ​យោងតាម​ទិន្នន័យ​របស់​នាយកដ្ឋាន​អភិរក្ស​ជលផល​នៃ​រដ្ឋបាល​ជលផល​៕