សៀមរាបៈ ​ដើមឈើ​ជាង​ ១០០ ​ដើម​នៅក្នុង​ទីតាំង​ប្រាសាទ​សំខាន់ៗ​ចំនួន​ ៣ និង​ក្នុង​ទីតាំង​ផ្សេងទៀត​ក្នុងស្រុក​ប្រាសាទ​បាងគង​ និង​ក្រុង​សៀមរាប​ត្រូវ​បាន​អាជ្ញាធរ​ជាតិ​អប្សរា​កាត់​ដកហូត​ដើម និង​កាត់​ក្រី​មែកឈើ​ទាំងនោះ ដោយសារ​វា​មាន​ហានិភ័យ​ខ្ពស់​នៅតាម​បរិវេណ​ប្រាសាទ និង​ទីតាំង​សំខាន់ៗ​ក្នុង​រមណីយដ្ឋាន​អង្គរ​។

ការកាត់​ដកហូត​ដើមឈើ និង​កាត់​ក្រី​មែកឈើ​ទាំងនេះ ត្រូវបាន​អាជ្ញាធរ​ជាតិ​អប្សរា​ជូន​ដំណឹង​ដល់​មន្ទីរ​ស្ថាប័ន សមត្ថកិច្ច​ពាក់ព័ន្ធ ភ្ញៀវ​ជាតិ-​អន្តរជាតិ សមាគម​មគ្គុទ្ទេសក៍​ទេសចរណ៍ ព្រមទាំង​សាធារណជន​ពីថ្ងៃ​ទី​ ៧ ខែមីនា ឆ្នាំ​ ២០២២ ​ផងដែរ​។

អាជ្ញាធរ​ជាតិ​អប្សរា​បានបញ្ជាក់​​ថា​៖ «​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃ​ឈើ​ទេសភាព​វប្បធម៌​ និង​បរិស្ថាន​​នៃ​អាជ្ញាធរ​ជាតិ​អប្សរា នឹង​កាត់​ដកហូត​ដើមឈើ និង​កាត់​ក្រី​មែកឈើ នៅតាម​ទីតាំង​នានា​ដើម្បី​ធានា​សុវត្ថិភាព​ភ្ញៀវទេសចរ សាធារណជន ក៏ដូចជា​ដើម្បី​លើកកម្ពស់​សោភណភាព​នៅ​​តាម​ដងផ្លូវ​ និង​តាម​បរិវេណ​ប្រាសាទ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ និង​តំបន់​ដែល​គ្រប់គ្រង​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា​»​។

ប្រភព​ដដែល​បាន​បន្តថា​​ក្រុមការងារ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ចាប់​អនុវត្ត​ការងារ​ខាងលើ​ពី​ថ្ងៃទី​ ៧ ខែមីនា តទៅ​រហូតដល់​ចប់​ភារកិច្ច​ទាំងស្រុង​។

ដើមឈើ និង​មែកឈើ​ដែល​ត្រូវ​ដកហូត និង​កាត់​ក្រី​មែក​ទាំងនោះ​មាន​ឈើទាល​ចំនួន​ ៤​ដើម ដែលមាន​ហានិភ័យ​ និង​ត្រូវ​កាត់​ក្រី​មែក​ស្ថិតនៅតាម​របង​សាលាបឋមសិក្សា​បាគង​​ក្នុងភូមិ​ថ្នល់​ត្រង់ ឃុំ​បាគង និង​កាត់​ដកហូត​ដើមឈើ​ទាល​ងាប់​ ១​ដើម​ផងដែរ នៅ​ភូមិ​លលៃ ឃុំ​បាគង ស្រុក​ប្រាសាទបាគង​។

ចំណែក​ដើម​ស្នាយ​ចំនួន ​៥ ​គុម្ព និង​ដើម​ស្ពង់​ងាប់​ ១​ ដើម​ត្រូវ​កាត់​ដកហូត​តែម្តង​ហើយ​ដើមឈើ​ចំនួន ៣៣ ​ដើម​ទៀត​​ស្ថិតក្នុង​បរិវេណ​ប្រាសាទបាយ័ន​​ត្រូវ​កាត់​ក្រី​មែក​ចេញ ដែល​ដើម​ទាំងនោះ​មាន ដើមត្នោត​ ២៥ ​ដើម ឈើទាល ​៥​ ដើម អម្ពិល​បារាំង​ ២ ​ដើម​ និង​ស្ពង់ ​១ ​ដើម​។

រីឯ​ដើមឈើ​មួយចំនួនទៀត​​ដែល​ត្រូវបាន​ដកហូត​ផងដែរ​នោះ​មាន​នៅតាម​ដងផ្លូវ​ខាងលិច​ខ្លោងទ្វារ​តាកែវ​, ប្រាសាទ​មេបុណ្យ​ខាងកើត និង​ភូមិ​ខ្លះ​ក្នុង​ក្រុង​សៀមរាប​។

អនុប្រធាននាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ ទេសភាព​វប្បធម៌ និង​បរិស្ថាន​នៃ​អាជ្ញាធរ​ជាតិ​-​អប្សរា​លោក ជូ រ៉ាឌីណា បាន​ថ្លែងថា ដើមឈើ​មាន​សារៈ​សំខាន់​ណាស់​សម្រាប់​ទប់​ខ្យល់​មិនឱ្យ​ប៉ះពាល់​ទៅលើ​ប្រាសាទ​​ទប់​កម្ដៅ​ពី​បរិយាកាស​ខាងក្រៅ​ទៅលើ​ប្រាសាទ​ជាដើម​។

លោក​បាន​បន្តថា ក្រៅពី​គុណសម្បត្តិ​ទាំងនេះ​ដើមឈើ​ក៏មាន​គុណវិបត្តិ និង​ហានិភ័យ​ទៅលើ​ប្រាសាទ​ផងដែរ​។

លោក ជូ រ៉ាឌីណា បាន​បញ្ជាក់ថា​៖ «​ដើមឈើ​ប្រៀបដូចជា​មនុស្ស​យើង​ដែរ កាន់តែ​ចាស់ សុខភាព​កាន់តែ​ខ្សោយ​ដែល​វា​ធ្វើឱ្យមាន​ការរំខាន​ទៅលើ​ប្រាសាទ​ដោយសារ​ដើម​ខ្លះ​វា​មាន​ប្រហោង​អាច​ដួលរលំ​ប៉ះពាល់​ដល់​ប្រាសាទ​ផងដែរ ដែល​ត្រូវ​ធ្វើការ​កាត់​ដកហូត​ចេញ ប៉ុន្តែ​មុននឹង​កាត់ចេញ​ក៏​យើង​បានធ្វើ​ការព្យាបាល​ឱ្យអស់​លទ្ធភាព​សិន មុននឹង​សម្រេច​ដកហូត​ដែលជា​ជម្រើស​ចុងក្រោយ​របស់​យើង​»​។

ក្រៅពី​ការដកហូត​ដើមឈើ លោក​ ជូ រ៉ាឌីណា ក៏បាន​បញ្ជាក់ដែរថា អាជ្ញាធរ​ជាតិ​អប្សរា​ក៏​​មាន​ស្ថានីយ​សម្រាប់​បណ្តុះ​កូន​​ឈើ ហើយ​ក្នុង ​១ ​ឆ្នាំៗ​បាន​ដាំ​ និង​ចែក​កូនឈើ​ប្រមាណ​ជាង​ ១០ ​ម៉ឺន​ដើម​ផងដែរ​៕