ភ្នំពេញៈ ​រដ្ឋបាល​ព្រៃឈើ​ចុះ​អនុស្សរណៈ​ (MoU)​ នៃ​ការយោគយល់​គ្នា​ជាមួយនឹង​អង្គការ​សហប្រតិបត្តិការ​ព្រៃឈើ​អាស៊ី (AFoCO) នៅ​ថ្ងៃទី​ ៧ ខែមីនា ដើម្បី​ចាប់ផ្តើម​អនុវត្ត​គម្រោង​ស្តីពី​ការដាំ​ស្តារ​ប្រភេទ​ឈើ​ប្រើប្រាស់​ច្រើនយ៉ាង តាម​ប្រព័ន្ធ​កសិរុក្ខកម្ម និង​គ្រប់គ្រង​ព្រៃ​សហគមន៍​ដោយ​និរន្តរភាព​។

លោក​ សួន សុវណ្ណ អនុប្រធាន​រដ្ឋបាល​ព្រៃឈើ ថ្លែង​នៅ​ថ្ងៃទី​ ៨​ មីនា ថា​នៅ​ថ្ងៃទី​ ៧ មីនា ឆ្នាំ​ ២០២២ លោក​ កែវ អូម៉ាលីស្ស ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ប្រធាន​រដ្ឋបាល​ព្រៃឈើ​បាន​ចុះហត្ថលេខា​លើ​ឯកសារ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​តាម​ប្រព័ន្ធ​អនឡាញ​ជាមួយនឹង​អង្គការ​សហប្រតិបត្តិការ​ព្រៃឈើ​អាស៊ី (AFoCO)​ ដើម្បី​ចាប់ផ្តើម​អនុវត្ត​ម្រោង​ស្តីពី​ការដាំ​ស្តារ​ប្រភេទ​ឈើ​ប្រើប្រាស់​ច្រើនយ៉ាង តាម​ប្រព័ន្ធ​កសិរុក្ខកម្ម​ និង​គ្រប់គ្រង​ព្រៃ​សហគមន៍​ដោយ​និរន្តរភាព​។

គម្រោង​នេះ​មាន​ទឹកប្រាក់​សរុប ៦៦៣ ៥១៥ ដុល្លារ​សហរដ្ឋអាមេរិក​ដែលជា​ជំនួយឥតសំណង​របស់​អង្គការ AFoCO សម្រាប់​អនុវត្ត​រយៈពេល​ ៥ ​ឆ្នាំ (២០២២-២០២៧) នៅ​កម្ពុជា​ក្នុង​គោលដៅ​ពង្រឹង​ការគ្រប់គ្រង​សហគមន៍​ព្រៃឈើ​ប្រកបដោយ​និរន្តរភាព​តាមរយៈ​ការ​ការស្តារ​ធនធាន​ព្រៃឈើ​ឡើងវិញ និង​បង្កើន​ជីវភាព​របស់​សហគមន៍​មូលដ្ឋាន​ឱ្យ​កាន់តែ​ប្រសើរឡើង​។

លោក​ថ្លែងថា​៖ «​គម្រោង​នេះ មាន​គោលបំណង​លើកស្ទួយ​ជីវភាព​សហគមន៍​មូលដ្ឋាន ពង្រឹង​សមត្ថភាព​គ្រប់គ្រង​ព្រៃឈើ​តាមរយៈ​ការផលិត​កូនឈើ​ដែលជា​ប្រភេទ​ឈើ​ប្រើប្រាស់​ច្រើនយ៉ាង​មាន​តម្លៃ​ពាណិជ្ជកម្ម​ខ្ពស់​សម្រាប់​ដាំ​ស្តារឡើងវិញ​នៅក្នុង​តំបន់​ដីព្រៃ​រេចរឹល​របស់​សហគមន៍​ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ កសិកម្ម និង​ព្រៃឈើ​»​។

លោក​ សួន សុវណ្ណ ថ្លែងថា បទពិសោធ​នៃ​ការងារ​អនុវត្ត​គម្រោង​នេះ​នឹង​យកទៅ​ផ្សព្វផ្សាយ សម្រាប់​ការងារ​គ្រប់គ្រង​ព្រៃ​សហគមន៍​នៅ​ទូទាំងប្រទេស​។ នេះ​មិនមែន​ជា​គម្រោង​ទី ​១ នោះទេ ដែល​អង្គការ​នេះ​បាន​ជួយ​ដល់​រដ្ឋបាល​ព្រៃឈើ​។ គិត​រហូត​មកទល់​ពេលនេះ កម្ពុជា​ទទួលបាន​គម្រោង​ជំនួយ​ចំនួន​ ៧ រួចមកហើយ​ដែលមាន​ទឹកប្រាក់​សរុប​ ៣ ៥១៣ ៤១០ ដុល្លារ​សហរដ្ឋអាមេរិក​។

លោក​បញ្ជាក់ទៀតថា AFo-CO គឺជា​អង្គការ​អន្តររដ្ឋាភិបាល ដែលមាន​សមាជិក​ចំនួន ១៣ ប្រទេស​មកពី​តំបន់​អាស៊ី ដែល​ភាគច្រើន​ជា​សមាជិក​អាស៊ាន​ក្នុងនោះ​ក៏មាន​កម្ពុជា​ផងដែរ និង​មាន​ការិយាល័យ​មេ​ស្ថិតនៅ​ទីក្រុង​សេអ៊ូល សាធារណរដ្ឋ​-​កូរ៉េ​។ ទស្សនវិស័យ​នៃ​អង្គការ​នេះ គឺ​រក្សា​គម្រប​បៃតង​ក្នុង​តំបន់​អាស៊ី និង​ការគ្រប់គ្រង​ព្រៃឈើ​ដោយ​ចីរភាព​។

លោក ហាច សាដាំ ប្រធាន​សហគមន៍​ព្រៃឈើ​វាល​អូរក្តី ខេត្តកំពង់ធំ​បាន​សម្តែង​ការគាំទ្រ និង​សប្បាយរីករាយ​ជាខ្លាំង​នៅពេល​ដឹងថា រដ្ឋបាល​ព្រៃឈើ និង​អង្គការ AFoCO នឹង​អនុវត្ត​គម្រោង «​ការគ្រប់គ្រង​សហគមន៍​ព្រៃឈើ​ប្រកបដោយ​និរន្តរភាព តាមរយៈ​ការស្តារ​ព្រៃឈើ និង​ប្រព័ន្ធ​កសិរុក្ខកម្ម​» នៅ​កម្ពុជា​។ លោក​ថា គម្រោង​នេះ មាន​ប្រយោជន៍​ច្រើន ព្រោះ​វា​នឹង​ជួយ​លើកស្ទួយ​ជីវភាព​សហគមន៍ ព្រមទាំង​ទប់ស្កាត់​ការកាប់បំផ្លាញ​ព្រៃឈើ​ផងដែរ​។

លោក​បាន​បញ្ជាក់ថា​៖ «​ស្តារ​ព្រៃឈើ​ឡើងវិញ​វា​មាន​ប្រយោជន៍​ទាំងអស់​ទី​ ១ រក្សា​ព្រៃឈើ​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ ហើយ​មួយទៀត​លើកតម្កើង​ជីវភាព​សហគមន៍​ដែល​គាត់​អាច​អាស្រ័យផល​ដាំដុះ​ដូចជា​ដំឡូងមី ពោត សណ្តែក ឪឡឹក តាម​រង​កូនឈើ​បាន ។ បើសិន​ជា​មាន​គម្រោង​អ៊ីចឹង​មែន ទាំង​ខ្ញុំ ក៏ដូចជា​សហគមន៍​ផ្សេងៗ​សប្បាយចិត្ត​ណាស់ ​ព្រោះ​ឮសូរ​រដ្ឋបាល​ព្រៃឈើ​មាន​គម្រោង​រហូត​ខាង​កសិរុក្ខកម្ម​»៕