ភ្នំពេញៈ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​ចុះហត្ថលេខា​លើ​កិច្ចសន្យា​គម្រោង​ពង្រីក​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​ក្រុង​តាខ្មៅ​នៃ​ខេត្តកណ្តាល​ជាមួយ​ក្រុមហ៊ុន KKKCT CONSORTIUM ក្រោម​ហិរញ្ញប្បទាន​ឥត​សំណង​របស់​រដ្ឋាភិបាល​ជប៉ុន ដែលមាន​ទឹកប្រាក់​សរុប​ចំនួន ៣ ៤២១ ​លាន​យ៉េន​។

ពិធី​ចុះហត្ថលេខា​លើ​កិច្ចសន្យា​គម្រោង​ពង្រីក​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​ក្រុង​តាខ្មៅ​នេះ ត្រូវ​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី​ ៧ ខែមីនា ក្រោម​វត្តមាន​លោក អ៊ុំ សុថា រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ លោក ឡុង ណារ៉ូ អគ្គនាយក​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ និង​លោក OKAZAKI Koichi ប្រធាន​ទីប្រឹក្សាបច្ចេកទេស​នៃ​ក្រុមហ៊ុន Nihon Suido Consultant Co., Ltd​។

លោក ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​បាន​ឱ្យដឹងថា គម្រោង​នេះ​នឹង​ចាប់ផ្តើម​ដំណើរការ​សាងសង់​នា​ខែមិថុនា ឆ្នាំ​ ២០២២ និង​បញ្ចប់​នា​ខែធ្នូ ឆ្នាំ ​២០២៤ ​ដោយ​ក្រុមហ៊ុន ម៉ៅការ​សាងសង់​មកពី​ប្រទេស​ជប៉ុន KKKCT CON-SORTIUM និង​ត្រួតពិនិត្យ​ដោយ​ក្រុមហ៊ុន​ទីប្រឹក្សា​បច្ចេកទេស​មកពី​ប្រទេស​ជប៉ុន​។

ទន្ទឹមនេះ លោក ឡុង ណារ៉ូ បាន​ស្នើឱ្យ​ពលរដ្ឋ​ចូលរួម​ប្រើប្រាស់​ទឹក​ដោយ​សន្សំសំចៃ​ក្នុង​រដូវប្រាំង ដើម្បីឱ្យ​អ្នក​នៅ​ជាយ​រាជធានី​ភ្នំពេញ​មានទឹក​ប្រើប្រាស់​ដូច​អ្នករស់នៅ​កណ្តាល​ក្រុង​។

លោក អ៊ុំ សុថា មាន​ប្រសាសន៍​ថា គម្រោង​ពង្រីក​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​ក្រុង​តាខ្មៅ​នេះ មាន​សមត្ថភាព​ផលិត​ទឹកស្អាត ៣០ ០០០ ​ម​ ៣/​ថ្ងៃ ដើម្បី​ផ្គត់ផ្គង់ និង​បំពេញ​សេចក្តី​ត្រូវការ​ការប្រើប្រាស់​ទឹក​នៅ​ភាគខាងត្បូង និង​ខាងលិច​នៃ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​។

លោក​បន្តថា គម្រោង​ពង្រីក​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​ក្រុង​តាខ្មៅ គឺជា​គម្រោង​អាទិភាព​មួយ​ក្នុង​ចំណោម​គម្រោង​អាទិភាព​ផ្សេងទៀត​ដែល​បានទទួល​នូវ​ហិរញ្ញប្បទាន​ឥត​សំណង​ពី​រដ្ឋាភិបាល​ជប៉ុន​តាមរយៈ​ទីភ្នាក់ងារ​សហប្រតិបតិ្តការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន ដែលមាន​ទឹកប្រាក់​សរុប​ចំនួន ៣ ៤២១ ​លាន​យ៉េន​។ ទន្ទឹមនេះដែរ​លោក សង្ឃឹម និង​ជឿជាក់ថា គម្រោង​នេះ​ពិតជា​ដំណើរការ​ប្រកប​ដោយ​ជោគជ័យ​ទៅតាម​កម្មវិធី​ដែល​បានកំណត់ និង​ចូលរួម​ចំណែក​បញ្ចប់​ជា​ស្ថាពរ នូវ​បញ្ហា​កង្វះ​ទឹកស្អាត​នៅ​រាជធានី​-​ភ្នំពេញ និង​ក្រុង​តាខ្មៅ​ចាប់ពី​ឆ្នាំ​ ២០២៤ តទៅ ជាពិសេស​បន្ទាប់ពី​រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹកស្អាត​បាក់ខែង ជំហាន​ទី​ ១ ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​។

ដើម្បី​ចូលរួមចំណែក​សម្រេច​ឱ្យបាន​នូវ​គោលដៅ​ទី​ ៦ សី្ត​ពី «​ទឹកស្អាត និង​អនាម័យ​» ស្រប​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​រាជរដ្ឋាភិបាល ដែល​កំណត់ថា ប្រជាពលរដ្ឋ​រស់នៅ​តាម​ទីក្រុង និង​ទីប្រជុំជន​ទូទាំងប្រទេស​នឹង​ទទួលបាន​នូវ​ការផ្គត់ផ្គង់​ទឹកស្អាត ១០០% នៅ​ឆ្នាំ ​២០២៥» រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​បាន​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ភ្នាក់ងារ​សហប្រតិបតិ្តការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន (JICA) ដែលជា​ដៃគូ​អភិវឌ្ឍន៍ ដើម្បី​ពិនិត្យមើល​ឡើងវិញ និង​ធ្វើ​បច្ចុប្បន្នភាព​ផែនការមេ​ដំណាក់កាល​ទី​ ៣ សម្រាប់​ឆ្នាំ​ ២០២១-២០៣០ ដែលមាន​បញ្ចូល​នូវ​គម្រោង​អាទិភាព​ជាច្រើន​សម្រាប់​ការអភិវឌ្ឍ និង​ពង្រីក​សមត្ថភាព​ប្រព័ន្ធ​ផលិតកម្ម​៕