ភ្នំពេញៈ ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​ជម្រាប​ជូនទៅ​ផលិតករ សេវាករ អង្គការ និង​ក្រុមហ៊ុន​ថត​ភាពយន្ត​ទាំង​ក្នុង​ និង​ក្រៅប្រទេស​ទាំងអស់​ថា រាល់​ការស្នើសុំ​ការអនុញ្ញាត​ថត​ភាពយន្ត ភាពយន្ត​ឯកសារ ចម្រៀង​កាយវិការ ឬ​ស្ប៉តពាណិជ្ជកម្ម ផលិតករ​ត្រូវដាក់​ពាក្យស្នើសុំ​ផ្ទាល់​មក​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត​ និង​ផ្សព្វផ្សាយ​វប្បធម៌​ក្រោម​ចំណុះ​ក្រសួង​។

យោងតាម​សេចក្តី​ជូន​ព័ត៌មាន​កាលពី​ថ្ងៃទី​ ៧ មីនា​បានឱ្យដឹងថា តាម​អនុក្រឹត្យ​លេខ ២៣៤ ចុះ​ថ្ងៃទី​ ៨ ខែវិច្ឆិកា ឆ្នាំ​ ២០១៦ ស្តីពី​ «​ការគ្រប់គ្រង ឧស្សាហកម្ម​ភាពយន្ត​» រាល់​ការស្នើសុំ​ការអនុញ្ញាត​ថត​ភាពយន្ត​ភាពយន្ត​ឯកសារ​ចម្រៀង​កាយវិការ ឬ​ស្ប៉ត​ពាណិជ្ជកម្ម​ផលិតករ​ត្រូវដាក់​ពាក្យស្នើសុំ​ផ្ទាល់​មក​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។

ការស្នើសុំ​នេះ​ត្រូវ​ភ្ជាប់​មកជាមួយ​នូវ​ឯកសារ​ពាក់ព័ន្ធ​មាន​ជាអាទិ៍ លិខិតស្នើ​សុំ​ថត អត្ថបទ​និពន្ធ​រឿង​ពិស្តារ អត្ថបទ​សង្ខេប​ខ្លឹមសារ​កម្មវិធី និង​ទីកន្លែង​ថត​ជាដើម​។ ក្រសួង​បញ្ជាក់ថា​៖ «​ឯកសារ​ទាំងនេះ​នឹង​សម្រួល​រាល់​ទម្រង់​នៃ​ការស្នើសុំ​ថត​ភាពយន្ត ភាពយន្ត​ឯកសារ ចម្រៀង​កាយវិការ​ ឬ​ស្ប៉ត​ពាណិជ្ជកម្ម​ផ្សេងៗ ចៀសវាង​ការខាតបង់​ពេលវេលា​នៃ​ការស្នើសុំ​ដោយ​ប្រយោល​ ឬ​ដោយ​វិធី​ផ្សេង តាមរយៈ​អង្គភាព​ផ្សេងៗ​ទៀត​»​។

ក្រសួង​វប្បធម៌ ក៏បាន​ស្នើសុំ​កិច្ចសហការ​ពី​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ឱ្យជួយ​ណែនាំ​ដល់​ផលិតករ ក្រុមហ៊ុន​ថត​ភាពយន្ត និង​អង្គការ​នានា ដែលមាន​បំណង​ថត​ភាពយន្ត​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ឱ្យមក​ទំនាក់ទំនង​ផ្ទាល់​ជាមួយ​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌ ដែលមាន​អាសយដ្ឋាន អគារ​លេខ​ ៧០ ផ្លូវ​លេខ​ ២០០ សង្កាត់​បឹងរាំង ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​ ឬ​តាម​គេហទំព័រ www.cambodiafilm.info អ៊ីមែល contact@cambodiafilm.info លេខ​ទូរស័ព្ទ (៨៥៥) ២៣ ២១៥ ៤៦៩ និង (៨៥៥) ១១ ៤៤៧ ៧៨៩ (​សម្រាប់​ជនបរទេស​) ឬ​តេឡេក្រាម (៨៥៥)១២ ៩៧៧ ៩៧៧​។

លោក​ ហាប់ ទូច អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ ថ្លែង​នៅ​ថ្ងៃទី​ ៨ មីនា​ថា ការជូន​ព័ត៌មាន​របស់​ក្រសួង​នេះ គឺ​ដើម្បីឱ្យ​សាធារណជន ឬក៏​ផលិត​ករទាំង​ក្នុង និង​ក្រៅប្រទេស​ដែល​មាន​បំណង​ផលិតភាព​យន្ត ឬ​វីដេអូ​ផ្សេងៗ​ដែល​មិនដឹងថា ត្រូវ​ទៅ​ស្នើសុំ​នៅ​ស្ថាប័ន​មួយណា​ទើប​ក្រសួង​ជូនដំណឹង​បែបនេះ​ដើម្បី​ផ្ដល់​ភាពងាយស្រួល​ដល់​ពួកគេ​។ លោក​ថ្លែងថា​៖ «​ពីមុន​មាន​ផលិតករ សេវាករ អង្គការ និង​ក្រុមហ៊ុន​ថត​ភាពយន្ត​មួយចំនួន ពួកគាត់​អត់​ដឹង ហើយ​ពួកគាត់​ទៅសុំ​ការអនុញ្ញាត​ថត​នៅ​ស្ថាប័ន​ផ្សេងៗ មិនមែន​ជា​ក្រសួង​វប្បធម៌ ដែល​ការធ្វើ​បែបនេះ វា​នាំឱ្យ​មានការ​យឺតយ៉ាវ​ទៅវិញ​ទេ​»​។

លោក​បញ្ជាក់ថា តាម​អនុក្រឹត្យ​លេខ ២៣៤ ចុះ​ថ្ងៃទី ​៨ ខែវិច្ឆិកា ឆ្នាំ​ ២០១៦ ស្តីពី​ «​ការគ្រប់គ្រង​ឧស្សាហកម្ម​ភាពយន្ត​» រាល់​ការស្នើសុំ​ការ​អនុញ្ញាត​ថត​ភាពយន្ត ភាពយន្ត​ឯកសារ ចម្រៀង​កាយវិការ ឬ​ស្ប៉ត​ពាណិជ្ជកម្ម​ផលិតករ​ត្រូវដាក់​ពាក្យស្នើសុំ​ផ្ទាល់​មក​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។

លោក ហាប់ ទូច បញ្ជាក់ថា បើសិនជា​ផលិតករ​មិនបាន​ស្នើសុំ​ទេ សមត្ថកិច្ច​អាច​ឬ​អាជ្ញាធរ​ដែនដី​អាចមាន​សិទ្ធិ​បញ្ឈប់​រាល់​សកម្មភាព​ផលិត ការថត​ទាំងអស់​បាន​។

លោក​បន្តថា​៖ «​ការស្នើសុំ​មក​ក្រសួង​វប្បធម៌ គឺ​យើង​បានចេញ​លិខិត​ជូន​ដល់​ផលិតករ ដើម្បី​ជួយ​សម្រួល​ដល់​ការថត ការផលិត​វីដេអូ​ឯកសារ ឬ​ភាពយន្ត​ផ្សេងៗ​ និង​សម្រាប់​បង្ហាញ​ទៅ​សមត្ថកិច្ច ឬ​អាជ្ញាធរ​ដែនដី​នៅពេល​ត្រូវការ​»៕

វីដេអូ៖