បន្ទាយមានជ័យៈ ភ្លៀង​លាយឡំ​ខ្យល់​កន្ត្រាក់ និង​ផ្គររន្ទះ​កាលពី​ល្ងាច​ថ្ងៃទី​ ៧ ខែមីនា ឆ្នាំ​ ២០២២ បាន​បង្ក​ឱ្យ​បុរស​ម្នាក់​រងរបួស និង​ខូចខាត​ផ្ទះ​ និង​សាលារៀន​ជាង​ ២០​ ខ្នង​នៅក្នុង​ស្រុក​ចំនួន​ ៣​ រួមមាន​​អូរជ្រៅ ភ្នំស្រុក និង​ស្រុក​ថ្មពួក​ក្នុង​ខេត្តបន្ទាយមានជ័យ​។ នេះ​បើតាម​ការ​ប្រាប់​ឱ្យដឹងពី​មន្ត្រីនគរបាល​មូលដ្ឋាន​។

លោក យឹម សំណាង អភិបាល​ស្រុក​អូរជ្រៅ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ភ្លៀង​លាយឡំ​ខ្យល់​កន្ត្រាក់ កាលពី​ល្ងាច​ថ្ងៃទី​ ៧ ខែមីនា បានធ្វើឱ្យ​ផ្ទះ​ពលរដ្ឋ​ ២១ ​ខ្នង​និង​អគារ​សាលារៀន​ចំនួន​ ១ រង​ការខូចខាត​។ ប៉ុន្តែ​មិន​បង្ក​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​ណា​ម្នាក់​ឡើយ​។

លោក​ថ្លែងថា​៖ «​នៅ​ព្រឹក​ថ្ងៃទី​ ៨ ខែមីនា ឆ្នាំ​ ២០២២ ​នេះ អាជ្ញាធរ​យើង​បាន​ចុះជួយ​អន្តរាគមន៍​រុះរើ និង​សាង​សង់ផ្ទះ​ពលរដ្ឋ​ឡើងវិញ នៅក្នុង​ភូមិ​កណ្ដាល​ខាងក្រោយ​សាលាឃុំ​សំរោង ក្នុងស្រុក​អូរជ្រៅ និង​បណ្ដា​ឃុំ​មួយចំនួនទៀត ដែល​រង​ការខូចខាត​ដោយ​បាតុភូត​ធម្មជាតិ​នេះ​»​។

ចំណែក​លោក សុខ ឫទ្ធី អភិបាលរង​ស្រុក​ភ្នំស្រុក​បាន​ឱ្យ​​ដឹងថា កាលពី​ល្ងាច​ថ្ងៃទី​ ៧ ខែ​​មីនា មាន​បាតុភូត​រន្ទះបាញ់​មួយ​កើតឡើង បណ្ដាល​ឱ្យ​បុរស​ម្នាក់​ឈ្មោះ ស្ងៀម សួប អាយុ​ ៦២ ​ឆ្នាំ រស់នៅ​ក្នុងភូមិ​ត្រពាំងប្រិយ៍ ឃុំ​ភ្នំដី ស្រុក​ភ្នំស្រុក ខេត្ត​បន្ទាយមានជ័យ​​រងរបួស​ធ្ងន់​។

លោក​ថ្លែងថា​៖ «​តាម​ការអះអាង​របស់​សាច់ញាតិ​ជនរងគ្រោះ​ត្រូវ​រន្ទះបាញ់​នៅ​ចំណុច​ខ្លា​គ្រហឹម ស្ថិតក្នុង​ភូមិ​ស្ពាន​ក្មេង ឃុំ​ភ្នំ​ដី ស្រុក​ភ្នំស្រុក ខណៈ​គាត់​កំពុង​ដេញគោ​ត្រឡប់មកផ្ទះ​វិញ​។ ​បច្ចុប្បន្ន​ជនរងគ្រោះ​​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ភ្នំស្រុក​»​។

ចំណែក​នៅ​ភូមិ​ក្បាលក្របី ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក វិញ ក៏មាន​ករណី​ភ្លៀង​លាយឡំ​ជាមួយ​ខ្យល់​កន្ត្រាក់​បង្កឱ្យមាន​​កាល​ខូចខាត​ផ្ទះ ៦ ​ខ្នង​។ នេះ​បើ​យោងតាម​លោក ហេង ​សុភក្តិ មេឃុំ​បន្ទាយឆ្មារ ។

ទោះជា​យ៉ាងណា លោក​បាន​បញ្ជាក់ថា នៅពេលនេះ ផ្ទះ​ដែល​រង​ការខូចខាត​ទាំងនោះ​ត្រូវបាន​ក្រុម​កម្លាំង​កងទ័ព និង​នគរបាល រួមទាំង​អាជ្ញាធរ​មូលដ្ឋាន​ជួយ​ជួសជុល​ឡើងវិញ​អស់ហើយ​។

ចាប់ពី​ថ្ងៃទី​ ៩ ​ដល់​ ១៥ ខែមីនា ខាងមុខនេះ នៅ​ប្រទេស​ប្រទេស​កម្ពុជា​នឹងមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​ខ្យោយ​ទៅ​បង្គួរ​ដោយសារ​នៅក្នុង​អំឡុង​ពេលនេះ កម្ពុជា​កំពុង​ទទួល​ឥទ្ធិពល​ពី​ទ្រនុង​សម្ពាធ​ខ្ពស់​ (​ចិន​) ​ក្នុង​កម្រិត​ខ្សោយ និង​ឥទ្ធិពល​ពី​សម្ពាធ​ទាប​ដែល​កើត​ឡើងលើ​ប្រទេស​ថៃ​។ ​នេះ​បើ​យោងតាម​ការ​ព្យាករ​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​ដែល​ទើបបាន​ចេញផ្សាយ​នៅ​ថ្ងៃទី​ ៨ ខែមីនា ។

យ៉ាងណា​ក៏ដោយ ក្រសួង​បានស្នើ​ឱ្យមាន​ការប្រុងប្រយ័ត្ន ចំពោះ​បាតុភូត​ខ្យល់​កន្ត្រាក់ ​និង​ផ្គរ​រន្ទះ ដែល​កើតមាន​ក្នុងអំឡុង​ពេលមុន​ និង​អំឡុងពេល​មេឃ​កំពុង​ភ្លៀង​៕