ព្រះសីហនុៈ នគរបាលព្រហ្មទណ្ឌ ខេត្តព្រះសីហនុនៅថ្ងៃទី ៨ មីនាកំពុងសាកសួរបុរសជនជាតិចិនម្នាក់ បន្ទាប់ពីសមត្ថកិច្ចចាប់ខ្លួនបាន ១ ថ្ងៃនៅសណ្ឋាគារមួយក្នុងភូមិក្បាលដំរី២ សង្កាត់កាកាបទី ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលសង្ស័យថា បានសម្លាប់ស្ត្រីជនជាតិចិនម្នាក់ នៅក្រុងព្រះសីហនុកាលពីថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២២។
លោក ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុឱ្យដឹងនៅថ្ងៃទី ៨ មីនាថា ពាក់ព័ន្ធបុរសជនជាតិចិនឈ្មោះ LI XIAO JIANG អាយុ ៣១ ឆ្នាំ កំពុងត្រូវសមត្ថកិច្ចជំនាញរបស់លោកសាកសួរ ប៉ុន្តែលោកមិនទាន់ដឹងថាកិច្ចសាកសួរចម្លើយពីសមត្ថកិច្ចជំនាញដល់ណាហើយទេ។
លោកថ្លែងថា៖ «និយាយឱ្យចំទៅ ខ្ញុំមិនទាន់ដឹងថា បុរសជនជាតិចិននោះជាប់ពាក់ព័ន្ធបទល្មើសយ៉ាងណាទេដោយសារជំនាញរបស់ខ្ញុំ កំពុងស្រាវជ្រាវ អ៊ីចឹងទុកឱ្យសមត្ថកិច្ចរបស់ខ្ញុំចាត់ការបន្ត។ ដូច្នេះសូមទុកឱ្យខ្ញុំធ្វើការងារនេះបន្តទៀតសិន»។
លោក តី វិសាល អធិការនគរបាលក្រុងព្រះសីហនុឱ្យដឹងនៅថ្ងៃទី ៨ មីនាថា ករណីបទល្មើសឃាតកម្មទាក់ទងនឹងជនជាតិចិនខាងលើនេះគឺសមត្ថកិច្ចរបស់លោកមិនបានកាន់សំណុំរឿងនេះទេ ហើយខាងនគរបាលជំនាញការិយាល័យព្រហ្មទណ្ឌជាអ្នកធ្វើ។
ប៉ុន្តែកាលពីថ្ងៃទី ២៨ កុម្ភៈ ឆ្នាំ ២០២២ មានករណីឃាតកម្មមួយកើតឡើងក្នុងបន្ទប់ជួល មួយកន្លែងនៅផ្ទះជាន់ទី ១ ភូមិ ៤ សង្កាត់លេខ ៤ ក្រុង-ខេត្តព្រះសីហនុ ដោយស្ត្រីរងគ្រោះជនជាតិចិនឈ្មោះ LOU ZHIJIN អាយុ ៤២ ឆ្នាំ។
លោកបន្តថា ក្រោយពេលកើតហេតុការណ៍កាលណោះសមត្ថកិច្ចជំនាញនគរបាលក្រុងព្រះសីហនុ រួមនឹងនគរបាលជំនាញការិយាល័យព្រហ្មទណ្ឌខេត្តព្រះសីហនុបានបើកការស្រាវជ្រាវស៊ើបអង្កេតនៅផ្ទះកើតហេតុ និងបានធ្វើការពិនិត្យសាកសពស្ត្រីរងគ្រោះ ដោយនគរបាលបច្ចេកទេសវិទ្យាសាស្ត្ររួមជាមួយគ្រូពេទ្យ។ ចំណែកឯសមត្ថកិច្ចលោកក៏មិនបានដឹងថា ស្ត្រីរងគ្រោះមានបាត់បង់ទ្រព្យសម្បត្តិអ្វីខ្លះនោះទេដោយសារតែស្ត្រីរងគ្រោះស្នាក់នៅផ្ទះតែម្នាក់ឯង។
លោក វិសាល ថា៖ «កាលពីថ្ងៃធ្វើកោសល្យវិច័យនោះសាកសពស្ត្រីរងគ្រោះត្រូវបានជនល្មើសចងដៃជើងហើយវាយនឹងវត្ថុរឹង។ បន្ទាប់ពីនោះមកសមត្ថកិច្ចបានបើកការស្រាវជ្រាវមករហូត»។
ចំណែកលោក ឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់នៅថ្ងៃទី ៨ មីនាថា ការបង្ក្រាបជនសង្ស័យខាងលើនេះគឺ ធ្វើឡើងនៅយប់ថ្ងៃទី ៧ ខែមីនា ឆ្នាំ ២០២២ នៅក្នុងភូមិក្បាលដំរី ២ សង្កាត់កាកាបទី ២ ខណ្ឌពោធិ៍សែនជ័យដោយកម្លាំងជំនាញនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងនគរបាលខណ្ឌពោធិ៍សែនជ័យ នៃស្នងការដ្ឋាននគរបាលរាជធានី-ភ្នំពេញ។
លោកប្រាប់ថា៖ « សមត្ថកិច្ចលោកបានប្រគល់ជនសង្ស័យឱ្យលោកស្នងការនគរបាល-ខេត្តព្រះសីហនុយប់មិញ (ថ្ងៃទី ៧ មីនា) ហើយករណីនេះខាងនាយកដ្ឋានគ្រាន់តែសហការចូលរួមស្រាវជ្រាវចាប់ជនសង្ស័យប៉ុណ្ណោះ»៕