ព្រះសីហនុៈ លោក​ គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ​ដាក់​បទបញ្ជា​ឱ្យ​កងកម្លាំង​នគរបាល​ជំនាញ​ធ្វើការ​ត្រួតពិនិត្យ​ជាប្រចាំ​ស្វែងរក​សារធាតុញៀន និង​សារធាតុ​ស្រវឹង​លើ​ក្រុម​អ្នកបើកបរ​យានយន្ត ពិសេស​អ្នក​បើកបរ​រថយន្ត​ធុន​ធ្ងន់​ ដើម្បី​កាត់បន្ថយ​ហានិភ័យ​គ្រោះថ្នាក់​ចរាចរណ៍​។ នេះ​បើតាម​លោក ជួន ណារិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​។

លោក ជួន ណារិន្ទ ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃទី ​៧ មីនា​ថា កាលពី​ថ្ងៃទី​ ៣ ខែមីនា លោក គួច ចំរើន ក្នុងពេល​អញ្ជើញ​សួរសុខទុក្ខ​កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក និង​ជំរុញ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ ជាពិសេស​ការត្រួតពិនិត្យ​រកសារធាតុ​ញៀន​លើ​អ្នកបើកបរ​រថយន្ត​ធុន​ធំ​ជាប្រចាំ​បានដាក់​បទបញ្ជា​បន្ថែម​ឱ្យធ្វើ​ការត្រួតពិនិត្យ​ជាប្រចាំ​រកសារ​ធាតុ​ញៀន និង​សារធាតុ​ស្រវឹង​លើ​ក្រុម​អ្នកបើកបរ​យានយន្ត​ពិសេស​អ្នកបើកបរ​រថយន្ត​ធុន​ធ្ងន់​ដើម្បី​កាត់បន្ថយ​ហានិភ័យ​គ្រោះថ្នាក់​ចរាចរណ៍​។

លោក​ឱ្យដឹងថា កងកម្លាំង​នគរបាល​ជំនាញ​បាន​ចុះ​ចល័ត​ត្រួតពិនិត្យ​អ្នកបើកបរ​យាន​ទាំង​ពេលយប់ និង​ពេល​ថ្ងៃ​ជាប់​ជា​ប្រចាំ​បន្ថែមទៀត​ចាប់តាំងពី​ថ្ងៃទី​ ២៤ ខែកុម្ភៈ រហូតដល់​ពេលបច្ចុប្បន្ន​នេះ​។ កម្លាំង​ជំនាញ​បាន​ចុះទៅ​ទីតាំង​សំខាន់ៗ​ចំនួន ៣ គឺ​ដើម្បី​រឹតបន្តឹង​លើ​ការហាមឃាត់​មិនឱ្យ​អ្នកបើកបរ​ប្រើប្រាស់​គ្រឿងញៀន ឬ​គ្រឿង​ស្រវឹង​ក្នុងពេល​បើកបរ​។

លោក​ថ្លែងថា​៖ «​ការងារ​នេះ គឺមាន​ការចង្អុលបង្ហាញ​ពី​ឯកឧត្ដម​អភិបាលខេត្ដ​។ យើង ត្រួតពិនិត្យ​គ្រប់​រថយន្ត​ទាំងអស់​ដែល​យើង​ចាប់អារម្មណ៍​ដែល​រថយន្ត​នោះ​ងាយ​នឹង​បង្កឱ្យមាន​ហានិភ័យ​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ជាពិសេស​ប្រភេទ​រថយន្ត​ធុន​ធំ​តែម្ដង​»​។

លោក​បន្តថា​៖ «​យើង​ត្រួតពិនិត្យ​តាំងពី​លក្ខណៈ​បច្ចេកទេស លក្ខណៈ​បើកបរ​តាមច្បាប់​ចរាចរណ៍​ផ្លូវគោក ត្រង់ចំណុច​ថា តើ​រថយន្ត​ធុន​ធំ​ទាំង​នោះបាន​បើកបរ​របៀប​ម៉េច​ត្រឹមត្រូវ​តាមច្បាប់​ឬទេ​? យើង​ក៏​ឆ្មក់​ត្រួតពិនិត្យ​សារធាតុ​ញៀន​និង​សារធាតុ​ស្រវឹង ចំពោះ​អ្នកបើកបរ​រថយន្ត ពិសេស​រថយន្ត​ធុន​ធំ​នេះដែរ​»​។

លោក ណារិន្ទ បាន​លើកឡើង​ថា អ្នកបើកបរ​យានយន្ត​ពិសេស​រថយន្ត​ធុន​ធំ​ដែលមាន​ផ្ទុក​សារធាតុ​ញៀន ពួកគេ​គឺជា​ជនរងគ្រោះ​។ ប៉ុន្ដែ​បើ​សមត្ថកិច្ច​ពិនិត្យឃើញថា អ្នកបើកបរ​មាន​ផ្ទុក​សារធាតុ​ញៀន​កម្រិត​ស្រាល គឺ​នឹងធ្វើ​ការអប់រំ​ណែ​នាំឱ្យ​បញ្ឈប់​ការប្រើប្រាស់​គ្រឿងញៀន និង​ណែនាំ​ទៅកាន់​គ្រួសារ​ពួកគេ​ឱ្យជួយ​អប់រំ ណែនាំ​បន្ថែម​បន្សាប​គ្រឿងញៀន​ឡើងវិញ​។

លោក​បញ្ជាក់ថា​៖ «​យើង​មាន​វិធានការ​តឹងរ៉ឹង​តែ​ចំពោះ​អ្នកបើកបរ​ដែលមាន​ផ្ទុក​សារធាតុ​ញៀន​កម្រិត​ធ្ងន់ធ្ងរ​។ បើសិនជា​យើង​រកឃើញ​អ្នកបើកបរ​មាន​ផ្ទុក​សារធាតុ​ញៀន​ និង​គ្រឿងស្រវឹង​ទាំង ២ មុខ​នេះ ទោះបី​មិនទាន់​បាន​បង្ក​ហានិភ័យ​របួសស្នាម​ទៅដល់​អ្នកដទៃ ក៏​យើង​នឹង​រឹតបន្ដឹង​ទៅតាម​វិធានការ​ច្បាប់​ដែរ​»​។ លោក​ឱ្យដឹងថា​ចាប់តាំងពី​ថ្ងៃទី​ ២៤ ខែកុម្ភៈ រហូតដល់​ខែមីនា​នេះ សមត្ថកិច្ច​ពិនិត្យឃើញថា អ្នកបើកបរ​មានការ​ប្រុងប្រយ័ត្ន​ក្នុងនោះ​រកឃើញ​មាន​ហានិភ័យ​ទាប​ប៉ុណ្ណោះ​។

លោក​បន្តថា​៖ «​បើ​មាន​ហានិភ័យ​ទាប​បែបនេះ​ក៏​ល្អ​ដែរ​ព្រោះ​យើង​មិន​ចង់​ធ្វើការ​ផាកពិន័យ​ ឬ​អនុវត្ដ​វិធានការ​ច្បាប់​ទេ​។ យើង​ចង់ឱ្យ​ប្រជាពលរដ្ឋ​គោរព​វិធានការ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឱ្យបាន​គ្រប់ៗ​គ្នា​។ ការគោរព​ច្បាប់ គឺ​ពលរដ្ឋ​គោរព​អាយុជីវិត​ខ្លួនឯង​ និង​ក្រុមគ្រួសារ​ខ្លួនឯង​ហើយ​បាន​គោរព​ដល់​អ្នកដទៃ​។ បើ​ពលរដ្ឋ​អាច​គោរព​ច្បាប់​ចរាចរណ៍​បាន​គឺ​បាន​ចូលរួមចំណែក​មួយ​ក្នុង​ការកាត់បន្ថយ​ភាពក្រីក្រ​នៅក្នុង​សង្គមជាតិ​យើង​»​។

លោក អ៊ី សុខា ស្នងការរង​នគរបាល​ខេត្ត​ព្រះសីហនុ​ទទួល​បន្ទុក​ចរាចរណ៍​ផ្លូវគោក​បានឱ្យ​ដឹងថា មាន​បុរស​អ្នកបើកបរ​​រថយន្ត​ធុន​ធំ​ចំនួន ២ នាក់​ត្រូវ​បាន​នគរបាល​រកឃើញ​ថា មានប្រើ​ប្រាស់​សារធាតុ​ញៀន​កម្រិត​ស្រាល​ត្រូវបាន​ឃាត់ខ្លួន​បណ្តោះអាសន្ន ដើម្បី​អប់រំ ប៉ុន្ដែ​ដោយសារ​កត្ដា​លំបាក​ក្នុង​គ្រួសារ​អ្នកបើក​បរទាំង ២ នាក់​នេះ លោក គួច ចំរើន បានអនុញ្ញាត​ឱ្យ​គ្រួសារ​មក​ធានា​ពួកគេ​ទៅ​អប់រំ​​កែប្រែ​បន្ថែម​នៅផ្ទះ​វិញ​។

លោក​បានឱ្យដឹងថា តាមរយៈ​ការត្រួតពិនិត្យ​មាន​អ្នកបើកបរ​រថយន្ត​ដឹកទំនិញ​ធុន​ធំ​មួយចំនួន សមត្ថកិច្ច​រកឃើញថា ប្រើប្រាស់​គ្រឿងញៀន​កម្រិត​ស្រាល ត្រូវបាន​នគរបាល​ឃាត់ខ្លួន នាំយកមក​អប់រំ​រួច​ឱ្យ​ក្រុមគ្រួសារ​ធានា​យក​ត្រឡប់ទៅផ្ទះ​វិញ​។ ប៉ុន្ដែ​បើ​ពួកគេ​នៅ​បន្ត​ប្រើប្រាស់​សារធាតុញៀន​ទៀត ឬ​ឈានដល់​ការប្រើប្រាស់​សារធាតុ​ញៀន​កម្រិតធ្ងន់ នគរបាល​ផ្នែក​ប្រឆាំង​គ្រឿងញៀន​នឹង​ចាត់​ការបន្ត​តាម​នីតិវិធី​ច្បាប់​។

លោក គួច ចំរើន កាលពី​ថ្ងៃទី​ ៣ ខែមីនា ក្នុងពេល​អញ្ជើញ​សួរសុខទុក្ខ​កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក និង​ជំរុញ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ជាពិសេស​ការត្រួតពិនិត្យ​រកសារធាតុ​ញៀន​លើ​អ្នកបើកបរ​រថយន្ត​ធុន​ធំ​ជាប្រចាំ​នោះ លោក​បាន​ថ្លែងថា ការប្រើប្រាស់​គ្រឿងញៀន​ជា​អំពើ​ខុសច្បាប់ ជាពិសេស​ការសេព​គ្រឿងញៀន ហើយ​បើកបរ​រថយន្ត គឺអាច​បង្ក​វិនាសកម្ម និង​គ្រោះថ្នាក់​ចរាចរណ៍​ព្រមទាំង​អាចឈាន​ទៅដល់​ការបាត់បង់​អាយុជីវិត​ខ្លួនឯង និង​អ្នកដទៃ​ទៀតផង​។ លោក​ថ្លែងថា​៖ «​ការសេព​គ្រឿងញៀន​គឺ​នាំមក​នូវ​ក្តី​វិនាស និង​បំផ្លាញ​ទ្រព្យសម្បត្តិ​របស់​យើង ក្រុមគ្រួសារ និង​សង្គមជាតិ​យើង​»៕