ភ្នំពេញៈ ជនសង្ស័យ​ចំនួន​ ៥ ​នាក់​ក្នុងនោះ​មាន​មន្ត្រី​នគរបាល​ម្នាក់​ផង​ត្រូវបាន​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌចំការមន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​នៅ​ថ្ងៃទី​ ១០ មីនា បន្ទាប់ពី​ឃាត់ខ្លួន​បាន​ ២​ ថ្ងៃ​ករណី​វាយបំផ្លាញ​ម៉ូតូ​ ១ ​គ្រឿង និង​ដក​កាំភ្លើង​ភ្ជង់​បុរស​ម្នាក់​ប្រព្រឹត្ត​ក្នុង​ភូមិសាស្ត្រ​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន កាលពី​ទី​ ៨ ខែមីនា​។

លោក ឈួនមៀច ស៊ីម៉ូលីន អធិការរង​ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​ចំការមន​ឱ្យដឹង​នៅ​ថ្ងៃទី​ ៩ មីនា ថា ជនសង្ស័យ​ឈ្មោះ​ ស៊ឹម សុខហេង អាយុ​ ២៨ ​ឆ្នាំ ជា​មន្ត្រី​នគរបាល​នៃ​នាយកដ្ឋាន​ស៊ើបការណ៍​ខាងក្រៅ​ និង​បច្ចេកទេស រួម​បក្ខពួក​ ៤ ​នាក់​ទៀត​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​របស់​លោក​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​ ១០ មីនា នេះ​។

លោក​ប្រាប់ថា​៖ «​ករណី​ក្រុម​ជនសង្ស័យ​ទាំង ​៥ ​នាក់​នេះ​យើង​បញ្ជូនទៅ​តុលាការ​នៅ​ (​ថ្ងៃទី​ ៩​ មីនា​)​ មិនទាន់​ទេ​។ ប៉ុន្តែ​នៅ​ (​ថ្ងៃទី​ ១០ ​មីនា​)​ ទើបបាន​សមត្ថកិច្ច​របស់ខ្ញុំ​បញ្ជូន​ពួកគេ​ទៅ​តុលាការ​»​។

ពាក់ព័ន្ធ​ការឃាត់ខ្លួន​នេះដែរ​ត្រូវបាន​លោក សាល បណ្តុះ នាយ​នគរបាល​ប៉ុស្តិ៍​ទន្លេ​បាសាក់ ខណ្ឌ​ចំការមន នៅ​ថ្ងៃទី​ ៩ ​មីនា គ្រាន់តែ​ប្រាប់​ខ្លី​ថា​ករណីនេះ​សមត្ថកិច្ច​របស់​លោក​បាន​ឃាត់ខ្លួន​ពួកគេ​កាលពី​យប់​ថ្ងៃទី​ ៨ មីនា ប៉ុន្តែ​លោក​បាន​បញ្ជូន​ពួកគេ​ផុតពី​ដៃ​លោក​ហើយ​។

តាម​កំណត់ហេតុ​របស់​នគរបាល​ប៉ុស្តិ៍​ទន្លេបាសាក់ បង្ហាញ​ថា កាលពី​វេលា​ម៉ោងជាង​ ២​ ជិត​ភ្លឺ​ថ្ងៃទី​ ៨ មីនា មាន​ករណី​ក្រុម​ក្មេង​ដេញ​វាយ​គ្នា​នៅតាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន​។ កំណត់ហេតុ​បង្ហាញ​បន្តថា ភ្លាមៗ​នោះ​បុរស​ជា​សន្តិសុខ​ម្នាក់​ដែល​ឃើញ​ហេតុការណ៍​ក៏បាន​រាយការណ៍​ប្រាប់​នគរបាល​ប៉ុស្តិ៍​ទន្លេបាសាក់​ហើយ​ភ្លាមៗ​នោះ​នគរបាល​ប៉ុស្តិ៍​បាន​ចុះ​ធ្វើ​អន្តរាគមន៍ និង​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​បានជា​បន្តបន្ទាប់​៕