ភ្នំពេញៈ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​កម្ពុជា​ទទួលបាន​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​គរុកោសល្យ​សារព័ត៌មាន មនុស្សសាស្ត្រ និង​សង្គមសាស្ត្រ​ពី​ព្រះរាជាណាចក្រ​ថៃឡង់ដ៍ ក្នុង​ស្នាដៃ​ដែល​លោក​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​វិស័យ​ព័ត៌មាន និង​ផ្សព្វផ្សាយ ដើម្បី​ផ្ដល់​ប្រយោជន៍​ដល់​ប្រទេសជាតិ និង​សង្គមជាតិ​។

សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​នេះ​ត្រូវ​បានប្រគល់​ដោយផ្ទាល់​ពី​ព្រះអង្គ​ម្ចាស់ក្សត្រី​មហាចក្រី សិរិនថន នៃ​ព្រះរាជាណាចក្រ​ថៃឡង់ដ៍​កាលពី​ថ្ងៃទី​ ៨ ខែមីនា ឆ្នាំ​ ២០២២ នៅ​សាកលវិទ្យាល័យ រ៉ាច្ចមុងឃុន តិចណូឡូជី ថាក់យ៉ាក់បុរី [Rajamangala University of Technology Thanyaburi (RMUTT)] ក្នុង​ខេត្ត​ផាធុមថានី​ប្រទេស​ថៃ​។

យោងតាម​គេហទំព័រ​របស់​ក្រសួង​ព័ត៌មាន​បានឱ្យដឹង​ថា​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​នេះ​គឺជា​សញ្ញាបត្រ​បណ្ឌិត​មួយ​ដែលមាន​ការទទួលស្គាល់​ពី​សាកល​វិទ្យាល័យ​រ៉ាច្ចមុងឃុន តិចណូឡូជី ថាក់​យ៉ាក់បុរី​ដោយបាន​ទទួលស្គាល់​ថា លោក ខៀវ កាញារីទ្ធ បាន​ចូលរួម​ពាំនាំ​យក​សន្តិភាព ការផ្សះផ្សា​ជាតិ និង​ស្ថិរភាព​នយោបាយ តាមរយៈ​ការប្រើប្រាស់​សិល្បៈ​នៃ​ការផ្សព្វផ្សាយ​ព័ត៌មាន និង​ទំនាក់ទំនង​នយោបាយ ព្រមទាំង​សមិទ្ធផល​ជាច្រើន​ទៀត​នៅ​ប្រទេស​កម្ពុជា​។

ការឈានដល់​ការផ្តល់​សញ្ញាបត្រ​កិត្តិយស​ពី​ភាគី​ថៃ​នេះ​ បន្ទាប់ពី​មានការ​វាយតម្លៃ​នូវ​គុណសម្បត្តិ​សំខាន់ៗ​ចំនួន ៥ ​ចំណុច​របស់លោក​ដែល​រួមមាន​លក្ខណសម្បត្តិ ទី​ ១​ គឺ​លោក មើល​ទៅលើ​សម្ព័ន្ធភាព​ក្នុង​ការចុះ​ធ្វើការ​តស៊ូ​មតិ ដោះស្រាយ​បញ្ហា​រវាង​កម្ពុជា​-​ថៃ នៅលើ​ខ្សែបន្ទាត់​ព្រំដែន​នៅក្នុង​ជំនួប​ពិភាក្សា​ទាំង​ក្នុង និង​ក្រៅប្រទេស​។ លក្ខណសម្បត្តិ ទី​ ២ ការព្យាយាម​ធ្វើ​ទំនាក់ទំនង​នូវ​រាល់​វិបត្តិ​ដែល​កើតមានឡើង​ផ្នែក​នយោបាយ​នៅក្នុង​ស្រុក ក៏ដូចជា​មួយ​ភាគី​ថៃ ដោយបាន​ជួយ​កាត់បន្ថយ និង​នាំឱ្យ​មានការ​ឯកភាពគ្នា​។

លក្ខណសម្បត្តិ ទី​ ៣ លោក ខៀវ កាញារីទ្ធ មាន​វីរភាព​ក្នុង​កិច្ចការ​ពង្រឹង​ខាង​ផ្នែក​ព័ត៌មាន និង​ផ្សព្វផ្សាយ​ឱ្យ​មាន​លក្ខណៈ​ល្អប្រសើរ ហើយ​លក្ខណសម្បត្តិ ទី​ ៤​ លោក ជា​មនុស្ស​ដែល​ត្រូវបាន​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​មាន​ទំនុកចិត្ត និង​មើលឃើញ​ពី​កិច្ចខិតខំ​ប្រឹងប្រែង បំពេញ​កិច្ចការងារ​នៅក្នុង​ក្រសួង​ព័ត៌មាន​បាន​ដោយ​រលូន និង​មាន​លទ្ធផល​ល្អ​។

លក្ខណសម្បត្តិ​ទី​ ៥ លោក​ជា​មនុស្ស​ដែលមាន​ចិត្ត​មេត្តាធម៌​តែងតែ​ជួយ​ចូលរួម​ដោះស្រាយ​រាល់​ទុក្ខលំបាក​ដល់​ប្រជាពលរដ្ឋ ជាពិសេស​ជនពិការ ជនក្រីក្រ និង​ប្រជាជន​ដែល​ជួប​គ្រោះមហន្តរាយ រួមទាំង​ការជួយ​បរិច្ចាគ ជួយ​មន្ទីរពេទ្យ​រដ្ឋ​ដែល​នៅ​ទី​ដាច់ស្រយាល និង​ដើម្បី​ជួយ​ទ្រទ្រង់​ព្រះពុទ្ធ​សាសនា​។ នេះ​បើតាម​ការអះអាង​របស់​លោក សាត ដារ៉ា អតីត​និស្សិត​ខ្មែរ​រៀន​នៅ​សាកល​វិទ្យាល័យ រ៉ាច្ចមុងឃុន តិចណូឡូជី ប្រាក់ណាខន​។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​ថ្លែង​ក្នុងឱកាស​ទទួល​សញ្ញាបត្រ​នៅ​ប្រទេស​ថៃ​កាលពី​ថ្ងៃទី​ ៨​ មីនា​ថា​ការផ្តល់ឱ្យ​ដោយ​សាកល​វិទ្យាល័យ រ៉ាច្ចមុងឃុន តិចណូឡូជី ប្រាក់ណាខន ​នេះ​គឺជា​ការផ្តល់​កិត្តិយស​មួយ​។

លោក​រដ្ឋមន្ត្រី​ថ្លែងថា​៖ «​ការផ្តល់ឱ្យ​នេះ​ក៏​បង្ហាញ​ពី​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​ស្វែងយល់​ពី​ប្រទេស​កម្ពុជា និង​ការស្វែងយល់​ពី​យើង​ទាំងអស់​គ្នា​ក្នុង​ការប្រឹងប្រែង​កសាង​នូវ​ចំណេះ​ជូន​ប្រជាពលរដ្ឋ ក៏ដូចជា​ការកសាង ចំណង​មិត្តភាព​រវាង​ប្រទេស​ទាំង ​២ ​ផងដែរ​។

លោក​បាន​បញ្ជាក់ថា​៖ «​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស ដែល ​(​ខ្ញុំ​) ទទួលបាន​នាពេលនេះ​ក៏​ជាការ​ចូលរួម​ប្រឹងប្រែង​ពី​សហការី​ទាំងអស់​ដែល​កន្លងមកនេះ បានរួម​សហការ​គ្នា​ក្នុង​ការចូលរួម​កសាង​ជាតិ និង​មាតុភូមិ​កម្ពុជា​»​។

លោក មឿន ឈានណារិទ្ធ​សាស្ត្រាចារ្យ​ផ្នែក​ព័ត៌មាន​នៃ​សាកលវិទ្យាល័យ​កម្ពុជា​បាន​សាទរ និង​បាន​និយាយថា លោក ខៀវ កាញារីទ្ធ គឺជា​បុគ្គល​ម្នាក់​ដែល​ស័ក្ដិសម​នឹង​ទទួលបាន​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​គរុកោសល្យ​សារព័ត៌មាន​នេះ​ព្រោះថា​លោក​មាន​បទពិសោធ​ និង​ចំណេះដឹង​ច្រើន​ក្នុង​វិស័យនេះ​។

លោក ឈានណារិទ្ធ បាន​ថ្លែងថា ក្នុងពេល​កន្លងមកនេះ​លោក​ ខៀវ កាញារីទ្ធ មិន​ត្រឹមតែ​បំពេញ​តួនាទី​ជា​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ដែល​ចូលរួម​សម្របសម្រួល និង​ធានា​ដល់​សេរីភាព​សារព័ត៌មាន​នៅក្នុង​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ​លោក​ក៏បាន​ចូលរួម​យ៉ាងសកម្ម​ជាមួយ​អ្នកសារព័ត៌មាន​ ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​លំហូរ​នៃ​ការផ្តល់​ព័ត៌មាន​របស់​មន្ត្រី​រដ្ឋាភិបាល​កាន់តែ​លឿន និង​រហ័ស​។

លោក​បាន​បញ្ជាក់ថា​៖ «​យើង​ពិតជា​ទទួលស្គាល់​ថា ឯកឧត្តម​ ខៀវ កាញារីទ្ធ គឺ​ពិតជា​បាន​ចូលរួម​លើកតម្កើង​សេរីភាព​សារព័ត៌មាន​ហើយ​បាន​បញ្ជ្រាប​នូវ​ការយល់ដឹង​អំពី​លទ្ធិប្រជាធិបតេយ្យ​ទៅតាម​ស្ថាប័ន​ក្រសួង​មន្ទីរ​នានា​ដែលនាំឱ្យ​មន្ត្រី​ដទៃទៀត​ក្នុងពេល​បច្ចុប្បន្ន​មាន​អ្នកនាំពាក្យ​សម្រាប់​ឆ្លើយតប​គ្រប់​មន្ទីរ​ស្ថាប័ន​។ ការងារ​របស់​ឯកឧត្តម​រដ្ឋមន្ត្រី​ជាង​ ៤២ ​ឆ្នាំ​មកនេះ​គឺ​ស័ក្តិសម​ទៅនឹង​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ដែល​លោក​បានទទួល​»​។

លោក ឈានណារិទ្ធ បាន​ថ្លែង​ដោយ​ចាត់ទុកថា ការផ្តល់​ឱ្យនូវ​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​មកកាន់​មន្ត្រី​រដ្ឋាភិបាល​ខ្មែរ​ពី​សំណាក់​ព្រះមហាក្សត្រ​នៃ​ប្រទេស​ថៃ​នេះ​ក៏​ជា​កិត្តិយស​មួយ​ដែល​ប្រទេស​ថៃ​បាន​ផ្តល់ឱ្យ​ប្រទេស​កម្ពុជា​ផងដែរ​។

លោក ណុប វី នាយក​ប្រតិបត្តិ​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា (​ខេមបូចា​) ​បាន​ថ្លែង​ស្រដៀង​គ្នា​ថា ការទទួល​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ របស់លោក​រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ គឺ​ស័ក្តិសម​នឹង​ប្រវត្តិ​​ការងា​របស់លោក​ដែល​ធ្លាប់បាន​ប្រឡូក​ក្នុង​វិស័យ​ព័ត៌មាន​ដោយ​ផ្តើមចេញពី​អ្នកសារព័ត៌មាន​ដោយ​ខ្លួនឯង​ផ្ទាល់​រហូត​ក្លាយជា​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​កម្ពុជា​។

លោក​ថា រដ្ឋមន្ត្រី​រូបនេះ​ក៏បាន​បន្ត​បង្កើន​ទំនាក់ទំនង​ល្អជា​មួយ​អ្នកសារព័ត៌មាន​ទូទាំងប្រទេស​ និង​បាន​ការពារ​ធានា​ដល់​សេរីភាព​សារព័ត៌មាន​ផងដែរ​។ លោក ថ្លែងថា​៖ «​សម្រាប់​ខ្ញុំ​ចូលរួម​អបអរសាទរ​ចំពោះ​ការទទួលបាន​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​នេះ​ព្រោះថា ការផ្តល់​សញ្ញាបត្រ​ទាំងនេះ​លុះត្រាតែ​មានការ​វាយតម្លៃ​លើ​អ្នក​ដែល​ត្រូវ​ទទួលបាន​នេះ​គឺ​គាត់​ស័ក្ដិសម​នឹង​ទទួលបាន​។ មួយទៀត​ការផ្តល់​សញ្ញាបត្រ​នេះ​ក៏​ជា​ផ្នែក​មួយ​នៅក្នុង​ការលើក​ទឹកចិត្ត​ដល់​អ្នកសារព័ត៌មាន​ដែលជា​ក្មេងៗ​ជំនាន់​ក្រោយ​ដែល​បង្ហាញថា ការប្រឹងប្រែង​របស់គាត់​ក្នុងនាម​ជា​អ្នកសារព័ត៌មាន​គឺ​មិន​អត់​ប្រយោជន៍​ទេ​»៕

វីដេអូ៖