ភ្នំពេញៈ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី​កាលពី​ថ្ងៃទី​ ៩ ខែមីនា ឆ្នាំ​ ២០២២ បានចេញ​សេចក្តី​ជូនដំណឹង​ទៅដល់​សាធារណជន ប្រជាពលរដ្ឋ សិស្ស និស្សិត ពលករ ពលការិនី ដែល​កំពុងស្នាក់នៅ សិក្សា និង​ធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី ឱ្យ​ដឹងថា​ប្រទេស​នេះ​បាន​បើក​ប្រទេស​ឡើងវិញ​ហើយ​។

ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​បាន​លើកឡើង​ថា៖ «​ដោយ​ពិចារណា​ផ្អែកលើ​វិទ្យាសាស្ត្រ និង​ភាពពិត​ជាក់ស្តែង​ពាក់ព័ន្ធ​នឹង​កូវីដ​ ១៩ ក៏ដូចជា​ការបើក​ព្រំដែន​ឡើងវិញ​របស់​ប្រទេស​ដទៃទៀត និង​ដើម្បី​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ ជាពិសេស​ឧស្សាហកម្ម​ទេសចរណ៍​ដែល​បាន​រង​ផលប៉ះពាល់​យ៉ាងខ្លាំង​ពី​ជំងឺ​នេះ រដ្ឋាភិបាល​ម៉ាឡេស៊ី​បាន​សម្រេច​បើក​ព្រំដែន​សម្រាប់​អ្នកដំណើរ​អន្តរជាតិ​ឡើងវិញ ដែល​នឹង​ចាប់​អនុវត្ត​ពីថ្ងៃ​ទី​ ១ ខែមេសា ឆ្នាំ​ ២០២២ តទៅ​»​។

ជាមួយ​គ្នានេះដែរ ការបើក​ទទួល​អ្នកដំណើរ​អន្តរជាតិ​ឡើងវិញ​នេះដែរ អាជ្ញាធរ​នៃ​ប្រទេស​ម៉ាឡេស៊ី​បាន​កំណត់​ផងដែរ​ទៅលើ​ការធ្វើ​ចត្តាឡីស័ក​សម្រាប់​អ្នក​ដែល​បាន​ចាក់​និង​មិនបាន​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩​។

សម្រាប់​អ្នកដំណើរ​ដែល​បាន​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ គ្រប់​ចំនួន គឺ​មិន​តម្រូវឱ្យធ្វើ​ចត្តាឡីស័ក​ឡើយ ប៉ុន្តែ​ត្រូវធ្វើ​ RT-PCR test ២ ​ថ្ងៃមុន​ធ្វើដំណើរ​ចូលក្នុង​ប្រទេស​ម៉ាឡេស៊ី ធ្វើតេស្ត​រហ័ស ពេល​មកដល់​ប្រទេស​ម៉ាឡេស៊ី និង​ត្រូវបំពេញ​ទម្រង់​បែបបទ​មុនពេល​ចេញដំណើរ​ (Pre-Departure Form) ​ក្នុង MySejahtera app​។ រីឯ​អ្នកដំណើរ​ដែល​មិនទាន់បាន​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ និង​ចាក់​មិនទាន់​គ្រប់​ចំនួន ប្រទេស​ម៉ាឡេស៊ី ត្រូវតម្រូវ​ឱ្យធ្វើ​ចត្តាឡីស័ក​រយៈពេល​ ៥ ​ថ្ងៃ និង​ត្រូវធ្វើ​ RT-PCR test ២ ​ថ្ងៃមុន​ធ្វើដំណើរ​ចូល​ប្រទេស​ម៉ាឡេស៊ី រួម​នឹងធ្វើ​តេស្ត​រហ័ស ពេលមកដល់​ប្រទេស​ម៉ាឡេស៊ី ហើយ​ក៏​តម្រូវឱ្យមាន​ការបំពេញ​ទម្រង់​បែបបទ​មុនពេល​ចេញ​ដំណើរ​ក្នុង MySejahtera app ​ផងដែរ​។

ដោយ​ស្ថានភាព​នៃ​ការឆ្លង​កូវីដ​ ១៩ នៅ​ប្រទេស​ម៉ាឡេស៊ី​ចាប់តាំងពី​ចុងខែ​កុម្ភៈ ឆ្នាំ ​២០២២ បាន​កើនឡើង​ជាង​ ៣ ​ម៉ឺន​នាក់​ក្នុង​ ១​ ថ្ងៃ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី​ក៏បាន​ធ្វើការ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ទាំងអស់​ត្រូវ​ថែរក្សា​អនាម័យ​ផ្ទាល់ខ្លួន​ឱ្យបាន​ខ្ជាប់​ខ្លួន ដោយ​ត្រូវ​លាងដៃ​នឹង​សាប៊ូ ឬ​ទឹក​អាល់កុល​៕