ភ្នំពេញៈ សហរដ្ឋអាមេរិក​តាមរយៈ​អង្គការ Norwegian People’s Aids (NPA)​ នៅ​ថ្ងៃទី​ ៩ មីនា បាន​ចុះហត្ថលេខា​ផ្ដល់ជំនួយ​ហិរញ្ញប្បទាន​ឥតសំណង​ចំនួន​ ៦ ៣៥៥ ៧២០ ​ដុល្លារ ដល់​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា​ (​ស៊ីម៉ាក់​) ​ដើម្បី​គាំទ្រ​ដល់​ការ​បោសសម្អាត​​តំបន់​រង​ផលប៉ះពាល់​គ្រាប់បែក​​ចង្កោម​រយៈពេល ៤៥ ​ខែ​ចាប់ពី​ថ្ងៃទី​ ១ ខែមីនា ឆ្នាំនេះ ដល់​ខែវិច្ឆិកា ឆ្នាំ​ ២០២៥​។

បើតាម​អង្គភាព​ស៊ីម៉ាក់​បានឱ្យ​ដឹងថា ពិធី​ចុះហត្ថលេខា​ផ្ដល់ជំនួយ​នេះ​ធ្វើឡើង​ក្រោម​អធិបតីភាព​លោក ហេង រតនា អគ្គនាយក​អង្គភាព​ស៊ីម៉ាក់ និង​លោក Rune Dale Andresen ប្រធាន​អង្គការ NPA ប្រចាំ​កម្ពុជា​ដោយ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​កិច្ចសហប្រតិបត្តិការ​រវាង​អង្គការ NPA និង​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា នៅ​ថ្ងៃទី​ ៩ ខែមីនា ឆ្នាំ​ ២០២២ នៅ​ទីបញ្ជាការ​ស៊ីម៉ាក់​ភ្នំពេញ​។

លោក​ ហេង រតនា បាន​ថ្លែងថា ជំនួយ​ហិរញ្ញប្បទាន​ឥតសំណង​របស់​សហរដ្ឋ​អាមេរិក​ចំនួន ៦ ៣៥៥ ៧២០ ​ដុល្លារ​តាមរយៈ​អង្គការ​ NPA ​នេះ​គឺ​គាំទ្រ​អង្គភាព​ស៊ីម៉ាក់​ ដើម្បី​បោសសម្អាត​តំបន់​រង​ផលប៉ះពាល់​គ្រាប់បែក​ចង្កោម សម្រាប់​រយៈពេល ​៤៥ ​ខែ ចាប់ពី​ថ្ងៃទី​ ១ ​មីនា ឆ្នាំ​ ២០២២ ដល់​ខែវិច្ឆិកា ឆ្នាំ​ ២០២៥ នៅក្នុង​ខេត្តស្វាយរៀង ព្រៃវែង កំពង់ចាម ត្បូងឃ្មុំ ក្រចេះ រតនគិរី និង​ខេត្ត​មណ្ឌលគិរី​។

លោក​បានឱ្យ​ដឹងថា បរិមាណ​ជំនួយ​នេះ មាន​ដូច​បណ្តា​ឆ្នាំ​​កន្លងមក​ដែរ គ្រាន់តែ​ជំនួយ​លើក​នេះ​មាន​រយៈពេល​វែង​ ៤៥ ​ខែ ដែល​ខុសពី​កន្លងមក​ផ្តល់​ក្នុង​រយៈពេល ​១ ​ឆ្នាំ​ម្តង​ប៉ុណ្ណោះ​។

លោក រតនា បានឱ្យដឹងថា ជំនួយ​នេះ​ផ្តល់​លទ្ធភាព​ឱ្យ​អង្គភាព​ស៊ីម៉ាក់​អាច​ពង្រាយ​កម្លាំង​ប្រតិបត្តិការ​ចំនួន​ជាង​ ២០០​ នាក់ និង​អាច​រំដោះ​ផ្ទៃដី​តំបន់​គ្រាប់បែក​ចង្កោម​ជាង ១៣ ២០០ ​ហិកតា​។

​ដោយឡែក​ក្រសួង​ការបរទេស​ន័រវែស​ (Norway)​ ក៏បាន​សម្រេច​ផ្តល់​ថវិកា​ខ្នាតតូច​ចំនួន ៨៩ ០៧៧ ​ដុល្លារ សម្រាប់​ប្រើ​លើ​គម្រោង​ចំនួន​ ២ ​ផងដែរ​គឺ​គម្រោង​រំដោះ​ខេត្ត​គ្មាន​គ្រាប់មីន​ដែល​កំពុង​ប្រតិបត្តិការ និង​គម្រោង​បោសសម្អាត​មីន​តំបន់​​ព្រំដែន​កម្ពុជា​-​ថៃ ដែល​គម្រោង​ទាំង ​២​ នេះ​មាន​រយ:ពេល​ ៣ ​ខែ​។ នេះ​បើតាម​លោក ហេង រតនា​។

លោក ហេង រតនា បានឱ្យដឹងថា ចាប់ពី​ឆ្នាំនេះ​តទៅ អង្គភាព​ស៊ីម៉ាក់​បាន​បង្កើន​ប្រសិទ្ធភាព​ និង​បង្កើនល្បឿន​នៃ​ការបោសសម្អាត​រំដោះ​ផ្ទៃដី​តំបន់​រង​ផលប៉ះពាល់​ ដោយសារ​គ្រាប់មីន​ប្រឆាំង​មនុស្ស​ដែល​បានដឹង និង​មាន​កំណត់ត្រា​ពហុកោណ​ក្នុង​ប្រព័ន្ធ​ទិន្នន័យ​ថ្នាក់ជាតិ​ឱ្យបាន​ឆាប់រហ័ស​បំផុត​។ ការបង្កើន​ល្បឿន​នេះ​ដើម្បី​ធានា​សុខ​សុវត្ថិភាព និង​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​ជូន​ប្រជាពលរដ្ឋ​ក៏ដូចជា​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​មហិច្ឆតា​របស់​រាជរដ្ឋាភិបាល​ក្នុង​ការសម្រេច​អាណត្តិ​កម្ពុជា​ជា​រដ្ឋភាគី​នៃ​អនុសញ្ញា​អន្តរជាតិ​អូតាវ៉ា​ដែល​ប្រែក្លាយ​កម្ពុជា​គ្មាន​គ្រាប់មីន​​ប្រឆាំង​មនុស្ស​នៅត្រឹម​ចុងឆ្នាំ​ ២០២៥​។

លោក​បញ្ជាក់ថា ដើម្បី​សម្រេច​​គោលដៅ​នេះ អង្គភាព​ស៊ីម៉ាក់​បានធ្វើ​កំណែទម្រង់​ស៊ីជម្រៅ​លើ​កម្លាំង​ប្រតិបត្តិការ​របស់ខ្លួន ដោយបាន​ធ្វើ​សមាហរណកម្ម​ជំនាញ​បោសសម្អាត​គ្រាប់មីន រួមមាន អ្នកជំនាញ​បច្ចេកទេស គ្រឿងចក្រ សុនខ និង​កណ្តុរ​ហិត​មីន ក៏ដូចជា កែលម្អ​នីតិវិធី​ប្រតិបត្តិ និង​ការបំពាក់​សម្ភារ​បច្ចេកទេស​មួយចំនួន​បន្ថែមទៀត ព្រមទាំង​ប្រមូលផ្ដុំ​បច្ចេកទេស​សរុប ធនធាន​សរុប​ក្នុង​ការបោសសម្អាត​ពហុកោណ​ចម្ការមីន​ប្រមាណ​ពី​ ១៥០ ​ទៅ ១៧០​ គីឡូម៉ែត្រ​ការ៉េ​ក្នុង​ ១ ​ឆ្នាំៗ​​ចាប់ពី​ឆ្នាំ​ ២០២២ តទៅ​។

​បើតាម​អង្គភាព​ស៊ីម៉ាក់​នៅក្នុង​ឆ្នាំនេះ អង្គភាព​ស៊ីម៉ាក់​មាន​​ផែនការ​បោសសម្អាត​ផ្ទៃដី​ចម្ការ​​មីន និង​ចម្ការ​គ្រាប់បែក​ចង្កោម​ចំនួន​ ២១០ ​គីឡូម៉ែត្រ​ការ៉េ​ក្នុង​​នោះ សមត្ថភាព​បោសសម្អាត​ពហុកោណ​ចម្ការមីន​ចំនួន​ ១៥០ ​គីឡូម៉ែត្រ​ការ៉េ ចម្ការ​គ្រាប់បែក​ចង្កោម​ជាង ​៦០ ​គីឡូម៉ែត្រ​ការ៉េ​។

ជាមួយ​នេះដែរ អង្គភាព​ស៊ីម៉ាក់​បានដាក់​ចេញ​ផែនការ​យុទ្ធសាស្ត្រ​ ៤​ ឆ្នាំ​ (២០២២-២០២៥ ដើម្បី​រំដោះ​ផ្ទៃដី​រង​ផលប៉ះពាល់​ ដោយសារ​គ្រាប់មីន​ប្រឆាំង​មនុស្ស​ដែល​បាន​ដឹង និង​មាន​កំណត់ត្រា​ក្នុង​ទិន្នន័យ​ជាតិ​ចំនួន​ជាង​ ៧០០ ​គីឡូម៉ែត្រការ៉េ​លើ​ចំនួន​នៅសល់​ប្រមាណ ​៨០០ ​គីឡូម៉ែត្រ​ការ៉េ​។

លោក រតនា បានឱ្យដឹងថា នៅ​ចំពោះមុខ​នេះ អង្គភាព​ស៊ីម៉ាក់​បាន​ទទួល​ការគាំទ្រ​ប្រភព​ធនធាន​ពី​រដ្ឋាភិបាល និង​ភ្នាក់ងារ​ផ្តល់ជំនួយ​មួយចំនួន​រហូត​ដល់​ចុងឆ្នាំ​ ២០២៥ មាន​​ដូចជា រដ្ឋាភិបាល​ជប៉ុន ចិន-​អាមេរិក អង្គការ JMAS អង្គការ NPA និង​អង្គការ​ APOPO ​ជាដើម ព្រមទាំង​បន្ត​សហការ​ជាមួយ​អាជ្ញាធរ​មីន​ក្នុង​ការទទួល​ការគាំទ្រ​ពី​ UNDP ​សម្រាប់​គម្រោង Cleaning for Result​។

លោក​ថា អង្គភាព​ស៊ីម៉ាក់​ក៏​​មាន​ផែនការ​ពង្រឹងកម្លាំង​អន្តរាគមន៍ និង​បន្ត​បោសសម្អាត តំបន់​គ្រាប់បែក​ចង្កោម និង​សំណល់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​បន្តទៀត​ក្រោយ​ឆ្នាំ​ ២០២៥ ​ដែល​​ក្នុងនោះ​នឹង​បន្ត​ខិតខំ​បោសសម្អាត​គ្រាប់បែក​ចង្កោម​ឱ្យអស់​ត្រឹម​ឆ្នាំ​ ២០៣០៕