ភ្នំពេញៈ អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​ក្រុមប្រឹក្សា​ត្រួតពិនិត្យ​គ្រឿងញៀន​អន្តរជាតិ (INCB) សហការ​បើក​វគ្គ​បណ្តុះបណ្តាល​រយៈពេល ២ ​ថ្ងៃ ពីថ្ងៃ​ទី​ ៩ ដល់​ថ្ងៃទី​ ១០ ខែមីនា ឆ្នាំ​ ២០២២ ​ដល់​មន្ត្រី​មកពី​បណ្តា​ក្រសួង​-​ស្ថាប័ន​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​របស់​កម្ពុជា ដើម្បី​លើកកម្ពស់​សមត្ថភាព​ចំណេះដឹង​ និង​ស្វែងយល់​អំពី​យន្តការ​គ្រប់គ្រង​ត្រួតពិនិត្យ​សារធាតុ​គីមី​ផ្សំ​។

លោក មាស វិរិទ្ធ អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ថ្លែង​ក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​នេះ នៅ​ថ្ងៃទី​ ៩ ខែមីនា ថា ដោយសារតែ​ពិភពលោក​នៅតែ​ជួប​បញ្ហា​ប្រឈម​ធំ​ពី​ការ​លួច​បង្វែរ​សារធាតុ​គីមី​ផ្សំ យក​ទៅ​សំយោគ​លួចលាក់​ផលិត​គ្រឿងញៀន​ខុសច្បាប់​នោះ​កម្ពុជា​ និង INCB បាន​សហការគ្នា​រៀបចំ​នូវ​វគ្គបណ្តុះបណ្តាល​ស្ដីពី​ប្រព័ន្ធ​ផ្លាស់ប្តូរ​ព័ត៌មាន​របស់​ក្រុមប្រឹក្សា​ត្រួតពិនិត្យ​គ្រឿងញៀន​អន្តរជាតិ​។ ជាមួយ​គ្នានេះ លោក​ក៏បាន​ថ្លែងអំណរគុណ​ដល់​អង្គការ​សហប្រជាតិ​ទទួល​បន្ទុក​គ្រឿងញៀន និង​ឧក្រិដ្ឋកម្ម និង​ក្រុមប្រឹក្សា​ត្រួតពិនិត្យ​គ្រឿងញៀន​អន្តរជាតិ ដែល​តែងតែ​ចូលរួម​សហការ ជួយ​ដល់​កម្ពុជា​ក្នុង​ការងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ពិសេស​តែងតែ​ជួយ​គាំទ្រ​ទាំង​មធ្យោបាយ បច្ចេកទេស​ និង​ការបណ្តុះបណ្តាល​មន្ត្រី​អនុវត្ត​ច្បាប់​កម្ពុជា​។

បើតាម លោក មាស វីរិទ្ធ វគ្គបណ្តុះបណ្តាល​នេះ​ដើម្បី​លើកកម្ពស់​សមត្ថភាព​ចំណេះដឹង​មន្ត្រី​ចូលរួម​មកពី​បណ្តា​ក្រសួង-​ស្ថាប័ន​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​ដើម្បី​ស្វែងយល់​អំពី​យន្តការ​គ្រប់គ្រង ត្រួតពិនិត្យ​សារធាតុ​គីមី​ផ្សំ​របស់​ក្រុមប្រឹក្សា​ត្រួតពិនិត្យ​គ្រឿងញៀន​អន្តរជាតិ (INCB) ក្នុងការ​លើកកម្ពស់​កា​រ​ផ្លាស់ប្តូរ​ព័ត៌មាន ស្តីអំពី​ការ​ចរាចរ​សារធាតុ​គីមី​ផ្សំ​នៅក្នុង​តំបន់ និង​សកលលោក​។

លោក​បន្តថា​៖ «​យើងទាំងអស់គ្នា​ត្រូវមាន​វិធានការ​ទប់ស្កាត់ និង​គ្រប់គ្រង​សារធាតុ​គីមី​ផ្សំ ឱ្យបាន​ច្បាស់លាស់ និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ដោយ​កម្លាំង​សមត្ថកិច្ច​កម្ពុជា​បង្ក្រាប​បាន​ករណី​លួច​កែច្នៃ​ផលិត​គ្រឿងញៀន​សំយោគ​ទ្រង់ទ្រាយ​តូច និង​ទ្រង់ទ្រាយ​ធំ បង្ក្រាបបាន​ករណី​ផលិត​កែច្នៃ​គ្រឿងញៀន​ខុសច្បាប់​ចំនួន​ ០៣ ​ករណី នៅ​ទីតាំង​ចំនួន​ ០៤​ ផ្សេងៗ​គ្នា រឹបអូស​បាន​សារធាតុ​ញៀន​ប្រមាណ​ជាង​ ២ ​តោន សារធាតុគីមី​ជាង​ ២០០ ​តោន និង​ឧបករណ៍​ផលិត​គ្រឿងញៀន​មួយចំនួនធំ ដែលមាន​ទីតាំង​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ខេត្ត​កំពង់ស្ពឺ និង​ខេត្ត​ព្រះសីហនុ​»​។

លោក ​មាស វីរិទ្ធ ក៏បាន​ស្នើ​ដល់​ក្រុមការងារ​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​បង្កើន​ការត្រួតពិនិត្យ​នៅ​តាម​ច្រកចេញ​-​ចូល ជើងគោក ជើង​ទឹក និង​ជើង​អាកាស ព្រមទាំង​គោលដៅ​សំខាន់ៗ​ដទៃ​ផ្សេងទៀត​ ដើម្បី​ធានា​ឱ្យបាន​នូវ​ការទប់ស្កាត់ ការបង្ការ និង​ការបង្ក្រាប​បទល្មើស​គ្រឿងញៀន និង​ការ​នាំចូល​សារធាតុ​គីមី​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​បន្ថែមទៀត​។

លោក Fernando Romero Contreras អ្នកសម្របសម្រួល​កម្មវិធី​គំនិត​ផ្ដួចផ្ដើម​ប្រតិបត្តិការ​របស់​កម្មវិធី​សកល​ស្ដីពី​ការហាមឃាត់​សារធាតុ​គ្រោះថ្នាក់ (GRIDS ឱ្យដឹង​ដែរ​ថា ប្រទេស​កម្ពុជា​នៅតែ​បន្ត​ទទួលរង​ឥទ្ធិពល​អាក្រក់​ពី​ស្ថានភាព​ប្រែប្រួល​ជា​អវិជ្ជមាន​ប្រកប​ដោយ​ហានិភ័យ​ខ្ពស់​បណ្ដាលមកពី​គ្រឿងញៀន​។ បញ្ហា​នេះ​គឺ​ដោយសារតែ​ការកើនឡើង​ឥតឈប់ឈរ​នៃ​ការផលិត ការចរាចរ និង​ការជួញដូរ​គ្រឿងញៀន​នៅលើ​ពិភពលោក​ និង​ក្នុង​តំបន់​។

លោក​បន្តថា ករណី​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ធំៗ​បាន​កើនឡើង ដោយមាន​គ្រឿងញៀន​រាប់រយ​តោន រួមទាំង​ម៉ាស៊ីន​ផលិត​កែច្នៃ​ស្វ័យប្រវត្តិ​ឈុត​ធំៗ​ដ៏​គ្រោះថ្នាក់​ជាច្រើន​ទៀត នៅ​រាជធានី​ភ្នំពេញ និង​បណ្ដា​ខេត្ត​មាន​ភូមិសាស្ត្រ​ជាប់​រាជធានី ជាប់​ព្រំដែន​ឡាវ ថៃ និង​វៀតណាម នៅតាម​ប្រៃសណីយ៍ និង​នៅលើ​ផ្ទៃសមុទ្រ​ជាដើម​។

តាម​របាយការណ៍​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ឱ្យដឹងថា ក្នុង​ឆ្នាំ​ ២០២១​ កម្លាំង​សមត្ថកិច្ច​បង្ក្រាបបាន​បទល្មើស​គ្រឿងញៀន​ទូទាំងប្រទេស​បាន​ចំនួន ៦ ២៤២ ​ករណី​ដោយ​ឃាត់​មនុស្ស​ ១៣ ៧៦៥ ​នាក់ ក្នុងនោះ​មាន​ជនបរទេស ៣៦២ ​នាក់ (​មាន​ ១៣ ​សញ្ជាតិ​)​។ ក្នុងចំណោម​ករណី​ដែល​បង្ក្រាបបាន​មាន​ករណី​ជួញដូរ រក្សាទុក កែច្នៃ ចាត់ចែង និង​ដាំដុះ ចំនួន ៤ ៤១៥ ​ករណី ដោយ​ឃាត់ខ្លួន​មនុស្ស​ចំនួន ៨ ៥៤៩ ​នាក់ ករណី​ប្រើប្រាស់​ចំនួន ១ ៧៩២ ​ករណី​ដោយ​ឃាត់​មនុស្ស ៥ ២០៧ ​នាក់​និង​អនុវត្ដ​ដីកា ៤៩០ ​ដីកា ឃាត់​មនុស្ស ៤៤៥ ​នាក់​៕