ភ្នំពេញៈ ​លោក​ឧបនាយក​រដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បានដាក់​បទបញ្ជា​ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ​ត្រូវ​លុបបំបាត់​បទល្មើស​ឧក្រិដ្ឋ​នៅក្នុង​ខេត្ត​ព្រះសីហនុ​ឱ្យបាន​មុន​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ សង្កាត់ ដើម្បី​ស្តារ​មុខមាត់​ខេត្ត​នេះ និង​ទាក់ទាញ​វិនិយោគិន​បរទេស​។

ថ្លែង​នៅក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​ ២០២១ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​ ២០២២ របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​កាលពី​ថ្ងៃទី​ ៩ ខែមីនា លោក​ឧបនាយក​រដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​លើកឡើងថា លោក​បាន​តាមដាន​ដោយ​យកចិត្តទុកដាក់​ទាក់ទង​សណ្តាប់ធ្នាប់ សន្តិសុខ​នៅ​ខេត្ត​ព្រះសីហនុ និង​បាន​សង្កេតឃើញថា មកទល់ពេលនេះ នៅមាន​បទល្មើស​ជា​បន្តបន្ទាប់​។ លោក​ទទួលស្គាល់ថា សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​ការបង្ក្រាប និង​ទប់ស្កាត់​បទល្មើស​បាន​ល្អប្រសើរ ប៉ុន្តែ​បទល្មើស​នៅតែ​បន្ត​វិវឌ្ឍ​កាន់តែ​មាន​ភាពស្មុគស្មាញ ដែល​ទាមទារ​ឱ្យមាន​ការយកចិត្ត​ទុកដាក់​ខ្ពស់​។

លោក​ថា​៖ «​តាម​របាយការណ៍​របស់​ស្នងការ​ខេត្ត​ព្រះសីហនុ ឃើញថា​​យើង​បង្ក្រាបបាន​ជាច្រើន​ទាក់ទង​បទឧក្រិដ្ឋ មានការ​ចាប់ជំរិត ប្លន់​សម្លាប់ ការធ្វើ​ទារុណកម្ម​ផ្សេងៗ រហូតដល់​​បញ្ហា​គ្រឿងញៀន និង​បញ្ហា​ចរាចរណ៍​​ថែម​ទៀតផង​»​។

លោក​បាន​សង្កត់ធ្ងន់ថា បញ្ហា​អសន្តិសុខ និង​បទឧក្រិដ្ឋ​នៅ​ខេត្ត​ព្រះសីហនុ វា​បាន​ជះឥទ្ធិពល​មិនល្អ​ដល់​កិត្យានុភាព​របស់​ខេត្ត និង​ប្រទេស​កម្ពុជា ដែល​ធ្វើឱ្យ​រាំងស្ទះ​ដល់​ការវិនិយោគ​មកពី​ក្រៅប្រទេស​ផងដែរ​។

លោក​ថា​៖ «​ខ្ញុំ​មក​ទីនេះ​ចង់​បញ្ជាក់​សង្កត់ធ្ងន់​លើ​បញ្ហា​ដោះស្រាយ​បទឧក្រិដ្ឋ និង​បទល្មើស​ផ្សេងៗ​ក្នុង​ខេត្ត មុខមាត់​ខេត្ត​ព្រះសីហនុ​ក្នុង​ពេលនេះ​ត្រូវតែ​ខិតខំ​កែលម្អ​ឱ្យបាន​ហ្មត់ចត់​​ព្រោះ​រារាំង​ការវិនិយោគ​ពី​បណ្តា​ប្រទេស​ផ្សេងៗ​ដូចជា ជប៉ុន កូរ៉េ អាមេរិក លោកខាងលិច ឬ​ពី​បណ្តា​ប្រទេស​អាស៊ាន​»​។

លោក​បាន​បន្តថា​៖ «​ដោយ​ម្យ៉ាង​​ការផ្សព្វផ្សាយ​ព័ត៌មាន​បំផ្លើស​ព័ត៌មាន​​មិន​ពិត​ទៅខាង​ក្រៅ ជាពិសេស​ក្នុង​មជ្ឈដ្ឋាន​សាធារណជន​ចិន ព្រោះ​​ទោះបី​ពិត ឬ​មិន​ពិត បើកាលណា​គ្មាន​​ការបកស្រាយ​ជាក់លាក់ ព័ត៌មាន​នោះ​​អាច​ក្លាយជា​ព័ត៌មាន​ពិត​ដែល​គេ​ជឿ គឺ​ត្រង់​ថា អ្នក​បម្រុង​មក​វិនិយោគ​នៅ​​កម្ពុជា​គេ​លែង​មក​ឬ​ស្ទាក់ស្ទើរ​ ដោយសារ​មាន​បញ្ហា​អសន្តិសុខ​នៅទីនេះ នេះ​ជា​បញ្ហា​ធំ​នៃ​បច្ចុប្បន្នភាព​»​។

លោក​បាន​គូសបញ្ជាក់ថា បញ្ហាសំខាន់​ទាក់ទង​បច្ចុប្បន្នភាព​គឺ​ត្រូវ​រួមគ្នា​ប្តេជ្ញា​បញ្ចប់​ឱ្យ​បានជា​មូលដ្ឋាន​នូវ​ឧក្រិដ្ឋកម្ម​ដែល​កើត​មាននៅ​ខេត្ត​ព្រះសីហនុ​។ លោក​ថា​៖ «​យើង​ត្រូវខិតខំ​ធ្វើឱ្យបាន​មុន​បោះឆ្នោត ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ឱ្យ​បានជា​មូលដ្ឋាន​វា​មិនបាន ១០០ ភាគរយ​ទេ ប៉ុន្តែ​បញ្ចប់​បាន​ភាគច្រើន​បំផុត កុំ​ឱ្យមាន​ករណីនេះ​​ទៀត ព្រោះ​ខ្ញុំ​មើលរូប​ភាព​ដែល​ផ្ញើមក​ខ្ញុំ សាហាវ​ណាស់ ដល់​អ៊ីចឹង​គេ​យកទៅ​ផ្សាយ​នៅ​ពេញ​ស្រុក​ចិន ពេញ​ពិភពលោក ហើយ​គេ​គិតថា កម្ពុជា​យ៉ាប់ម៉េស​ [​ម្ល៉េះ​] ​មាន​អ្នក​ប្លន់ អ្នក​ចាប់​ជំរិត អ្នក​គំរាមកំហែង អំពើហិង្សា​​ពេញ​ទឹក​ពេញ​ដី​នៅ​ខេត្ត​ព្រះសីហនុ​»​។

បន្ថែម​ពីនេះ លោក​ក៏​ជំរុញ​ឱ្យ​មាន​ការបង្ក្រាប​គ្រឿងញៀន​នៅ​ខេត្ត​ព្រះសីហនុ ព្រោះ​ជា​ច្រក​នាំចេញ​ផង ហើយក៏​អាចមាន​ការចែកចាយ​ដែល​​ជា​បញ្ហា​មួយ​ដ៏ស្មុគស្មាញ​មិនអាច​មើលរំលង​បានទេ ព្រោះ​ក្នុង​ចំណោម​អ្នកប្រព្រឹត្ត​បទល្មើស​ឧក្រិដ្ឋ មានការ​ពាក់ព័ន្ធ​គ្រឿងញៀន​។

លោក​បានកំណត់​អាទិភាព​ទី​ ១ គឺ​​ការលុបបំបាត់​រាល់​បទល្មើស​ឧក្រិដ្ឋ ខណៈ​ការគ្រប់គ្រង​ល្បែងស៊ីសង​ឱ្យ​មាន​សណ្តាប់ធ្នាប់​ជា​ជំហាន​ទី​ ២​។ លោក​ថា​៖ «​ទាក់ទង​ល្បែងស៊ីសង​ខុសច្បាប់ នៅ​ចំពោះមុខ​នេះ ខ្ញុំ​ឯកភាព​ថា យើង​ត្រួតពិនិត្យ​រដ្ឋបាល ដើម្បី​ប្រមូល​អាវុធ យុទ្ធភណ្ឌ​ខុសច្បាប់​នៅ​រាយប៉ាយ ដែល​លួច​ទិញ ឬ​ឧបករណ៍ ដែល​មក​ធ្វើ​ទារុណកម្ម សកម្មភាព​ឧក្រិដ្ឋ បន្ទាប់មកទៀត​ចាំ​យើង​ប្រមើល​មើល​ល្បែងស៊ីសង​ខុសច្បាប់ នេះ​ជា​ជំហាន​ទី​ ២ ព្រោះនេះ​ជា​ប្រភព​មួយ​​ដែល​នាំឱ្យមាន​បទឧក្រិដ្ឋ​ដែរ​»​។

អភិបាលខេត្ត​ព្រះសីហនុ លោក គួច ចំរើន ឱ្យដឹងថា តាមរយៈ​លទ្ធផល​នៃ​កិច្ចប្រជុំ​អំពី​សន្តិសុខ និង​សុវត្ថិភាព​នៅ​ខេត្ត​ព្រះសីហនុ គឺ​ផ្តោតលើ​បញ្ហា​​ប្រឈម​ធំៗ​ចំនួន ​៣ រួមមាន ទី​ ១ បទល្មើស​ឧក្រិដ្ឋ​កើតឡើង​ជា​បន្តបន្ទាប់ ពាក់ព័ន្ធ​ករណី​ឃាតកម្ម ចាប់ជំរិត ការបង្ខាំង​មនុស្ស​ខុសច្បាប់ ការប្រើ​អំពើហិង្សា​ប្រដាប់អាវុធ​។ ​ទី​ ២ ​ពាក់ព័ន្ធ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ប្រព័ន្ធ​ព័ត៌មាន និង​បណ្តាញ​សង្គម​នានា ដែលមាន​ការប្រឌិត​បំប៉ោង​ព័ត៌មាន និង​ទី​ ៣ កម្លាំង​អមិត្ត​កំពុង​បន្ត​ជាន់ពន្លិច ធ្វើឱ្យ​អាប់អួ​ដល់​កិត្តិយស​កេរ្តិ៍ឈ្មោះ​រាជរដ្ឋាភិបាល ក៏ដូចជា​ខេត្ត​ព្រះសីហនុ​។

ទន្ទឹមនេះដែរ លោក​អភិបាលខេត្ត​បានដាក់​ចេញ​នូវ​វិធានការ និង​ទិសដៅ​មួយចំនួន​សម្រាប់​អនុវត្ត​ក្នុងការ​រៀបចំ​ផែនការ និង​ផែនទី​សម្រាប់​ប្រតិបត្តិការ​។

លោក​បន្តថា ទិសដៅ​បន្ត​គឺ​បង្កើន​ការគ្រប់គ្រង​លើ​ទីតាំង និង​ការស្នាក់នៅ​របស់​ជនបរទេស ដោយមាន​ការចូលរួម​ពី​ក្រុមការងារ​នៃ​អគ្គនាយក​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ ដើម្បី​ទប់ស្កាត់​បទល្មើស​រត់ពន្ធ​មនុស្ស និង​ការជួញដូរ​កម្លាំង​ពលកម្ម​។

រដ្ឋបាលខេត្ត​ត្រូវ​រៀបចំ​ក្រុមការងារ​តាមដាន​បណ្តាញ​សារព័ត៌មាន​ជា​ភាសា​ចិន ដើម្បី​ឆ្លើយតប​បកស្រាយ​ និង​ផ្សព្វផ្សាយ​អំពី​ព័ត៌មាន​ពិត និង​រៀបចំ​កម្លាំង​ត្រួតពិនិត្យ​តាម​ដងផ្លូវ​ ដើម្បី​ឆែក​រក​អាវុធជាតិផ្ទុះ​គ្រឿងញៀន​​ការប្រើប្រាស់​ស្លាក​លេខ ន.ប និង ខ.ម ដែល​ធ្វើ​អាជីវកម្ម និង​បើកបរ​ដោយ​ជនបរទេស​៕