សៀមរាបៈ ​យ៉ាងហោចណាស់​មនុស្ស​​ជាង ២ ០០០​ នាក់ រួមមាន ព្រះសង្ឃ ពុទ្ធបរិស័ទ លោកគ្រូ-​អ្នកគ្រូ សិស្សានុសិស្ស អាជ្ញាធរ​ដែនដី ប្រជាពលរដ្ឋ និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​បាន​ចូលរួម​ពិធី​បំបួស​ដើមឈើ និង​បុណ្យ​ផ្កាប្រាក់​សាមគ្គី​នៅ​ព្រៃ​សហគមន៍​អូរ​ទឹក​ចេញ​ស្ថិតនៅ​ព្រំប្រទល់​ភូមិ​ពង្រ និង​ភូមិ​បេង ឃុំ​ត្រាំសសរ ស្រុក​ស្រីស្នំ ខេត្ត​សៀមរាប កាលពី​ថ្ងៃទី​ ៨ ខែមីនា​។

ព្រះតេជព្រះគុណ តេជ ទេពវង្សា ព្រះ​គ្រូសូត្រស្តាំ​នៃ​វត្ត​ចន្ទរង្សី​ពង្រ​បាន​ឱ្យដឹង​នៅ​ថ្ងៃទី ​៩ ខែមីនា​ថា ពិធី​បំបួស​ដើមឈើ​នេះ​ធ្វើឡើង​ ដើម្បី​ឱ្យ​បងប្អូន​ប្រជាពុទ្ធបរិស័ទ​បាន​យល់​តម្លៃ​នៃ​ដើមឈើ ហើយ​ចូលរួម​ថែរក្សា​ទាំងអស់​គ្នា​សម្រាប់​អ្នក​ជំនាន់ក្រោយ​។ ដើមឈើ​ដែល​ត្រូវបាន​បំបួស​គឺ​ដើមឈើ​ចម្រុះ​​ធំៗ​មានដូចជា ដើម​ពង្រ ដើមអម្ពិល ដើម​ច័ន ធ្នង់ ឪឡោក និង​ស្លែង​ជាដើម​។ រួមជាមួយ​នឹង​ពិធី​បំបួស​ដើមឈើ ក៏​មាន​មានបុណ្យ​ផ្កាប្រាក់​សាមគ្គី​ ដើម្បី​ប្រមូល​បច្ច័យ​ជួយ​ទៅដល់​សហគមន៍​ព្រៃ​អូរ​ទឹក​ចេញ​ផងដែរ​។

ព្រះអង្គ​បន្តថា ក្នុង​ពិធី​នោះ​មាន​មនុស្ស​ចូលរួម​ប្រមាណ​ជាង ២ ០០០ ​នាក់ ដែលមាន​ទាំង​លោកគ្រូ​-​អ្នកគ្រូ សិស្សានុសិស្ស មន្ត្រី​អាជ្ញាធរ​ដែនដី ប្រជាពលរដ្ឋ កងកម្លាំង និង​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​។ បច្ច័យ​ដែល​ទទួល​បាន​ពី​កម្មវិធី​បំបួស​ដើមឈើ និង​បុណ្យ​ផ្កាប្រាក់​មាន ៧ ៦៦៧ ២០០ ​លាន​​រៀល ដោយ​ព្រះគ្រូ​សូត្រស្តាំ​នៃ​វត្ត​ចន្ទរង្សី​ពង្រ​បាន​បន្ថែម​បច្ច័យ​ឱ្យបាន​គ្រប់​ចំនួន ១០​ លាន​រៀល សម្រាប់​ជួយ​ដល់​គណៈកម្មការ​សហគមន៍​។

ព្រះអង្គ​បញ្ជាក់ថា ព្រះពុទ្ធសាសនា​គឺ​ជាប់​ពាក់ព័ន្ធ​ជាមួយ​ព្រៃឈើ​ដោយសារ​តែ​ព្រះពុទ្ធ​ជា​ម្ចាស់ ជា​ស្តេច​ផែនដី​ហើយ​ព្រះអង្គ​បានប្រសូត​នៅក្នុង​ព្រៃ ការ​បួស​ក៏នៅក្នុង​ព្រៃ ការបដិបត្តិ​ធម៌ ស្វែងរក​ធម៌​ ដើម្បី​ត្រាស់ដឹង​ក៏​នៅក្នុង​ព្រៃ​រហូត​ដល់​ព្រះអង្គ​បរិនិព្វាន​ក៏​នៅក្នុង​ព្រៃ ហេតុនេះ​ដើមឈើ​មាន​តម្លៃ​ណាស់​ក្នុង​ព្រះពុទ្ធសាសនា​។

ព្រះអង្គ​មាន​សង្ឃដីកា​ថា​៖ «​នៅក្នុង​ព្រៃ​តែងមាន​សត្វ​ជាច្រើន​ប្រភេទ​អាស្រ័យ​នៅ អ៊ីចឹង​បើ​មាន​ដើមឈើ​ច្រើន​អាចជា​ម្លប់ និង​ទីជម្រក​សម្រាប់​សត្វ​រស់នៅ​។ ​អាត្មា​ខ្លួនឯង​ស្រឡាញ់​ដើមឈើ ហើយ​ចង់ឱ្យ​បងប្អូន​ទាំងអស់គ្នា​ស្រឡាញ់​ដើមឈើ កុំ​បំផ្លិចបំផ្លាញ ទើប​យើង​លើក​ធ្វើជា​បុណ្យ​ហ្នឹង​ ដើម្បី​ឱ្យ​បងប្អូន​យល់​ពី​តម្លៃ​ព្រៃឈើ​ឱ្យបាន​កាន់តែច្រើន​»​។

លោក ឃុត ចូច ប្រធាន​សហគមន៍​ព្រៃ​អូរ​ទឹក​ចេញ ថ្លែង​នៅ​ថ្ងៃទី​ ៩ ​មីនា​ថា នេះ​ជា​លើក​ទី​ ១ ហើយ​ដែល​សហគមន៍​រួមគ្នា​ប្រារព្ធ​ពិធី​បំបួស​ដើមឈើ​។

ពិធី​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ ដើម្បី​ប្រមូល​ថវិកា​ទ្រទ្រង់​ការការពារ​សហគមន៍ និង​ធ្វើ​ប្រព័ន្ធ​ការពារ​ព្រៃឈើ ដោយ​ការជីក​ប្រឡាយ ការពារ​ភ្លើង​ឆេះ​និង​ទុកជា​ព្រំ​ព័ទ្ធជុំវិញ​ព្រៃ​សហគមន៍​។

លោក​ថ្លែងថា​៖ «​ក្នុង​សហគមន៍​យើង​នៅមាន​ការខ្វះខាត​ច្រើន ប៉ុន្តែ​យើង​ធ្វើ​ម៉េច​បើ​ខ្វះខាត យើង​ធ្វើតាម​ខ្វះ​អ៊ីចឹងទៅ ឥឡូវ​ហ្នឹង​យើង​ខ្វះ​ប្រព័ន្ធ​ការពារ​ជុំវិញ​ព្រៃ ហើយ​ការចុះ​ល្បាត​យាមកាម​ក៏​យើង​អត់​មាន​ថវិកា​ ឬ​ការទ្រទ្រង់​ពេញលេញ​មកពី​អង្គការ​ណាមួយ​ដែរ​»​។

លោក​ប្រធាន​សហគមន៍​អំពាវនាវ​ដល់​មហាជន​ទូទៅ​ដែល​ស្រឡាញ់​ព្រៃឈើ ចូលរួម​ឧបត្ថម្ភ​គាំទ្រ​ដល់​សហគមន៍​ព្រៃអូរ​ទឹក​ចេញ​ ដើម្បី​មាន​ថវិកា​គ្រប់គ្រាន់​ក្នុងការ​ធ្វើ​ព្រំ​ការពារ ដើម្បី​កុំឱ្យ​មានការ​រុករាន​ទន្ទ្រាន​កាន់កាប់​ពី​សំណាក់​អ្នក​នៅ​ជុំវិញ​នោះ​។

លោក ឃុត ចូច បញ្ជាក់ថា សហគមន៍​ព្រៃ​អូរ​ទឹក​ចេញ​នេះ​បាន​បង្កើត​​ឡើង​តាំងពី​ឆ្នាំ​ ២០០១ មក​ម្ល៉េះ នៅលើ​ផ្ទៃដី​ទំហំ ១ ០៨០​ ហិតា មាន​ប្រជាពលរដ្ឋ ជិត​៥០០ ​គ្រួសារ ស្ថិតនៅ​ភូមិ​ពង្រ និង​ភូមិ​បេង ឃុំ​ត្រាំសសរ ស្រុក​ស្រីស្នំ ខេត្តសៀមរាប​។ ដំបូង​ឡើយ​សហគមន៍​នេះ​មានការ​លំបាក​ក្នុងការ​គ្រប់គ្រង ដោយសារ​មាន​បងប្អូន​មួយចំនួន​បំពាន​ចង់បាន​ដីព្រៃ​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ប៉ុន្តែ​ឥឡូវ​បញ្ហា​ទាំងនោះ​លែងមាន​ហើយ ដោយសារ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ចូលរួម​អប់រំ​ណែនាំ និង​ធ្វើការ​បង្ក្រាប​បានល្អ​។

លោក​បន្ត បច្ចុប្បន្ន ប្រជាពលរដ្ឋ​យល់ដឹង​ច្រើន​ពី​គុណសម្បត្តិ​ព្រៃឈើ​ដែល​​ជា​ធនធានធម្មជាតិ​មិនអាច​ខ្វះ​បាន​។

ក្នុងព្រៃ​សហគមន៍​សម្បូរ​ទៅដោយ​ភោគផល​ផ្សិត ក្រឡាញ់ ឫស្សី វល្លិ និង​រំពាក់ ដែល​ប្រជាពលរដ្ឋ​អាច​អាស្រ័យផល និង​យកទៅ​ធ្វើ​ឧបករណ៍​ប្រើប្រាស់​ក្នុង​គ្រួសារ​ ឬ​ធ្វើ​សិប្បកម្ម​រកចំណូលបាន​។

លោក ដោ ភារ៉ុត នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ស្រុក​ស្រីស្នំ​បាន​ថ្លែង​នៅ​ថ្ងៃទី​ ៩ ខែមីនា​ថា កម្លាំង​សហគមន៍​ និង​អាជ្ញាធរ​មូលដ្ឋាន​បាន​សហការ​គ្នា​បានល្អ​ក្នុង​ការក្សា​ការពារ ហេតុនេះ​បទល្មើស​ព្រៃឈើ​ផ្សេងៗ​មិនសូវ​កើតមាន​ទេ​។

លោក​ថ្លែងថា​៖ «​កន្លែង​ហ្នឹង​គេ​​សហការ​គ្នា​ថែរក្សា​បានល្អ​ណាស់ អ៊ីចឹង​​យើង​មិនសូវ​បាន​ចុះទៅ​ល្បាត​ជាមួយ​ប៉ុន្មាន​ទេ យើង​ចុះ​តែ​កន្លែង​ណា​ដែលមាន​បញ្ហា​ច្រើន ដើម្បី​ជួយ​ប្រធាន​សហគមន៍ និង​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​​ការផ្សព្វផ្សាយ​ច្បាប់​ព្រៃឈើ និង​ធ្វើការ​បង្ក្រាប​តាម​ជាក់ស្តែង​»​។

លោក ឡាត ស៊ើប មេឃុំ​ស្រីស្នំ ថ្លែង​នៅ​ថ្ងៃទី​ ៩ ខែមីនា​ថា អាជ្ញាធរ​ឃុំ​បាន​សហការគ្នា​ល្អ​ជាមួយ​កម្លាំង​សហគមន៍​ក្នុង​ការការពារ អភិរក្ស​ព្រៃ​សហគមន៍​អូរទឹក​ចេញ​នេះ​ជាក់ស្តែង​បច្ចុប្បន្ន​​គ្មាន​បញ្ហា​ប្រឈម​អ្វី​គួរឱ្យ​កត់សម្គាល់​ទេ​។ ដោយឡែក​ចំពោះ​ពិធី​បំបួស​ដើមឈើ​នេះ អាជ្ញាធរ​ឃុំ​បាន​ចូលរួម​បំផុស​ឱ្យ​ប្រជាពលរដ្ឋ​មាន​ការចូលរួម ដើម្បី​ឱ្យមាន​ភាព​អធិកអធម និង​ចូលរួម​ជួយ​ជា​ថវិកា​ដើម្បី​ថែរក្សា​ព្រៃ​សហគមន៍​ឱ្យបាន​គង់វង្ស​។

លោក​ថ្លែងថា​៖ «​យើង​កៀរគរ​ថវិកា​នេះ​ ដើម្បី​ជីក​ប្រព័ន្ធ​ [​កាយ​ប្រឡាយ​ព្រំ​] ​ជុំវិញ កំណត់​ព្រំប្រទល់​ជាក់លាក់ ហើយ​យើង​នឹងធ្វើ​ផ្លូវ ធ្វើ​អី​សម្រាប់​កងកម្លាំង​សហគមន៍​យើង​ល្បាត​+​ជុំវិញ​ហ្នឹង​។ បើសិន​មិនទាន់មាន​ថវិកា​គ្រប់គ្រាន់​ទេ យើង​ចង់​ថា​ ៥០ ​ម៉ែត្រ យើង​មាន​បង្គោលព្រំ​ ១​ យើង​លាប​ថ្នាំខៀវ​ក្រហម អ៊ីចឹងទៅ​ដើម្បី​កំណត់ឱ្យ​ពលរដ្ឋ​ស្គាល់​​ព្រំប្រទល់​ព្រៃ​សហគមន៍​»៕