ភ្នំពេញេៈ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ថ្លែងថា ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់ គិត​មកទល់​នឹង​អាណត្តិ​ទី ៥ ឆ្នាំ ២០២២ នេះ មាន​រយៈពេល ២០ ឆ្នាំ ដែល​កម្ពុជា​បាន​អនុវត្ត​នូវ​ល្បែង​ប្រជាធិបតេយ្យ និង​កំណែទម្រង់​ថ្នាក់ក្រោម​ជាតិ​យ៉ាង​មាន​ប្រសិទ្ធភាព បើទោះបី​មាន​ភាពមិន​ល្អ​ខ្លះ​ក៏ដោយ ក៏ប៉ុន្តែ​ដំណើរការ​នេះ នៅតែ​បន្ត​អនុវត្ត​ទៅមុខ ជា​បន្តបន្ទាប់​។

លោក ស ខេង ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​ ២០២១ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​ ២០២២ របស់​រដ្ឋបាលខេត្ត​ព្រះសីហនុ នា​ព្រឹក​ថ្ងៃ​-​ទី ៩ ខែមីនា ឆ្នាំ​២០២២ ឱ្យដឹងថា គណបក្សនយោបាយ​ចំនួន ១៧ បាន​ចុះបញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​អាណត្តិ​ទី​ ៥ នេះ ដែល​នេះ បង្ហាញ​ពី​ល្បែង​ប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​កម្ពុជា​ដែល​បាននិង​កំពុង​បោះជំហាន​ទៅមុខ​។

លោក ស ខេង បន្តថា គណបក្ស​ទាំង ១៧ នេះ​មាន​ទាំង​គណបក្ស​ប្រជាជន​ផង​នោះ​នឹង​ត្រូវ​ប្រកួត​ប្រជែង​យក​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ សម្រាប់​ឃុំ​សង្កាត់​នីមួយៗ​នៅ​ទូទាំង​ប្រទេស​ស្របតាម​ច្បាប់​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​។

លោក​ឧបនាយករដ្ឋមន្ត្រី​ថ្លែងថា​៖ «​ឥឡូវ ដូចជា​បាន​ចុះឈ្មោះ​អស់​ដូចជា​មាន ១៧ គណបក្ស នៅ​ខេត្ត​ព្រះសីហនុ​មាន ១១ ច្រើន​ដែរ ក្នុងចំណោម​ខេត្ត​ជាច្រើន​ទៀត​។ អាហ្នឹង ! ល្បែង​ប្រជាធិបតេយ្យ​។ វា​ទៅ​អ៊ីចឹង​ហើយ វា​ធ្វើ​ម៉េច ព្រោះ​រដ្ឋធម្មនុញ្ញ​យើង​ថា អ៊ីចឹង​ហើយ​។ អ៊ីចឹង ត្រូវ​ប្រកួតប្រជែង​មាន​គេ មាន​យើង ។ អ៊ីចឹង​បាន​ថា អានេះ​ជា​បញ្ហា ដែល​គេ​ថា អំណាច​មកពី​ប្រជាពលរដ្ឋ ហើយ​អំណាច​របស់​ប្រជាពលរដ្ឋ​ប៉ុណ្ណឹង​ឯង​»​។

លោក ស ខេង ក៏បាន​ណែនាំ​ដល់​មន្ត្រី​រាជរដ្ឋាភិបាល​ទាំងអស់​ត្រូវធ្វើ​អំពើ​ល្អ ផ្តល់​យុត្តិធម៌​និង បម្រើ​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​ឱ្យបាន​ល្អ ដើម្បី​ទទួលបាន​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី​ ៥ នេះ​ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី ​៥ ខែមិថុនា ឆ្នាំ ​២០២២ ខាងមុខ​នេះ​។

លោក​ថ្លែងថា​៖ «​យើង​ធ្វើ​មិនត្រូវ ធ្វើ​មិនល្អ គាត់​មិន​សប្បាយចិត្ត គាត់​មិន​បោះឆ្នោតឱ្យ​យើង តែ​ប៉ុណ្ណឹង អំណាច​របស់គាត់ សិទ្ធិ​គាត់​តែ​ប៉ុណ្ណឹង​។ ធំ​ណាស់​ហ្នឹង គាត់​ថា មិន​អី​ទេ លោក​ឯង មិន​ជួយ​ខ្ញុំ​ក៏បាន​ដែរ ប៉ុន្តែ​ដល់​បោះឆ្នោត ខ្ញុំ​មិន​បោះឆ្នោតឱ្យ អានេះ ១ ​ម៉ាត់​ហ្នឹង មិនធម្មតា​ទេ​»​។

ទោះជា​យ៉ាងណា លោក ថា តាមរយៈ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់ ដែល​ឈានដល់​អាណត្តិ​ទី​ ៥ ឆ្នាំ​ ២០២២ ​នេះ ពោល​គឺមាន​រយៈពេល ២០ ឆ្នាំ​ហើយដោយ​ក្នុងនោះ រាជរដ្ឋាភិបាល​បាន​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ បានរៀបចំ​​យុទ្ធសាស្ត្រ​កំណែទម្រង់​ដូចជា ការព្រាង​ច្បាប់​គ្រប់គ្រង​រដ្ឋបាល ឃុំ សង្កាត់ ច្បាប់​គ្រប់គ្រង​រាជធានី ខេត្ត ក្រុង​។

ជាមួយ​គ្នានេះ កម្ពុជា បាន​អនុវត្ត​តាម​ផែនការ និង​បោះជំហាន​ជា​បន្តបន្ទាប់ ដោយ​ផ្អែក​តាម​​កម្មវិធី​កំណែទម្រង់​ជាតិ​រយៈពេល ១០ ឆ្នាំ​ដែល​ត្រូវ​បញ្ចប់​នៅ​ឆ្នាំ ២០២១ និង​បន្ត​ផែនការអភិវឌ្ឍន៍​ជាតិ​ដំណាក់កាល​ទី​ ២ ​ឆ្នាំ​ ២០២១- ២០៣០ ដែល​នឹងត្រូវ​ប្រកាស​នៅ​ថ្ងៃទី​ ២១ ខែមីនា ឆ្នាំ​ ២០២២ ខាងមុខនេះ​។

លោក ឡឹក សុធារ អ្នកនាំពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៩ ខែមីនា​នេះ​ថា ការបោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្ស​ឃុំ​សង្កាត់​ក្តី និង​ការបោះឆ្នោត​ថ្នាក់ជាតិ​ក្តី ត្រូវបាន​​អនុវត្ត​ក្នុង​ពេលវេលា​មួយ​ត្រឹមត្រូវ និង​សមស្រប​ក្នុង​រយៈពេល ៥ ​ឆ្នាំ​ម្តងៗ ដោយ​មិនមាន​ការលើក​ពេលវេលា​ដែល​នេះ គឺជា​សូចនាករ​កំណត់ថា​ប្រទេស​កម្ពុជា​បាន​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​បាន​យ៉ាង​ខ្ជាប់ខ្ជួន​។

លោក​បន្តថា នៅ​ថ្នាក់ឃុំ​សង្កាត់​ក៏​ទទួលបាន​ថវិកា​សម្រាប់​ការអភិវឌ្ឍ​នៅ​មូលដ្ឋាន​របស់ខ្លួន រួមទាំង​សិទ្ធិអំណាច​តាម​ប្រព័ន្ធ​វិមជ្ឈការ និង​វិសហមជ្ឈការ និង​នៅ​ការបោះឆ្នោត​អាណត្តិ​នីមួយៗ​មាន​ការចូលរួម​ច្រើន​ចាប់តាំងពី​មាន​គណបក្ស​ចំនួន ២ រហូត​ដល់​ច្រើន ដែល​នេះ​បង្ហាញ​ពី​ប្រក្រតីភាព​នៃ​លទ្ធិប្រជាធិបតេយ្យ​ដែរ ប៉ុន្តែ ២០ ឆ្នាំ​នៃ​ការបោះឆ្នោត​នេះ ឃុំ​សង្កាត់​មួយចំនួន គឺ​មិនទាន់មាន​សមត្ថភាព​ដឹកនាំ និង​ការអភិវឌ្ឍ​ឃុំ​សង្កាត់​ខ្លួនឯង​ដែរ​ទេ​។

លោក​ថ្លែងថា​៖ «​បើតាម​ច្បាប់ មាន​ការវិភាគ​ថវិកា​ទៅ​ឃុំ​សង្កាត់​ក៏ពិតមែន ប៉ុន្តែ​តាម​ស្ថានភាព​ជាក់ស្តែង គឺ​មិន​អ៊ីចឹង​ទេ ដោយសារ​តែ​បេក្ខជន​បោះឆ្នោត​ឃុំ- សង្កាត់​នោះ គឺ​មន្ត្រី​បស់​គណបក្ស​ដែល​មេ​របស់គាត់ គឺ​នៅ​ថ្នាក់ស្រុក និង​ថ្នាក់ជាតិ​។ ភាគច្រើន​គឺ​គាត់​ប្រើប្រាស់​បន្ទាត់​នយោបាយ​មួយ​ដែលជា​បន្ទាត់​គណបក្ស​មកពី​ថ្នាក់ជាតិ​ ដើម្បី​យកមក​អនុវត្ត​នៅ​មូលដ្ឋាន​ជាជាង​ការប្រើប្រាស់​គោលនយោបាយ​នៅ​មូលដ្ឋាន អភិវឌ្ឍ​នៅ​មូលដ្ឋាន​របស់​ខ្លួន​»​។

លោក សុខ ឥសាន អ្នកនាំពាក្យ គណបក្ស​ប្រជាជន​កម្ពុជា​បាន​ថ្លែងថា ការ​ដែល​មាន​គណបក្ស​​ចំនួន​ច្រើន​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​នីមួយៗ​នៅ​គ្រប់​អាណត្តិ វា​ឆ្លុះបញ្ចាំង​អំពី​ទីលាន និង​លម្ហ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​មាន​លក្ខណៈ​ទូលំទូលាយ និង មាន​សេរីភាព​ពេញលេញ​ខាង​នយោបាយ​៕