កំពង់ស្ពឺៈ មន្ត្រី​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​បានឱ្យដឹងថា សំណាក​ចំនួន​ ៨៤​ តោន ដែល​ចាប់​រឹបអូស​បាន​នៅក្នុង​ការចុះ​បង្ក្រាប​គ្រឿងញៀន កាលពី​ខែធ្នូ ឆ្នាំ​ ២០២១ ដែលមាន​ការចាប់​ឃាត់ខ្លួន ជនជាតិ​ចិន​​ ៣ ​នាក់​នៅ​ឃុំ​សង្កែសាទប ក្នុងស្រុក​ឱរ៉ាល់ គឺជា​សារធាតុ​គីមី សម្រាប់​ផលិត​គ្រឿងញៀន​។ នេះ​បើតាម​លទ្ធផល​ពី​មន្ទីរពិសោធន៍​។

លោកនាយ​ឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ នៅ​ថ្ងៃទី ​៩ ​មីនា​ថា កាលពី​ថ្ងៃទី​ ៧ មីនា ឆ្នាំ​ ២០២២ ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​បាន​ដឹកនាំ​មន្ត្រី​ជំនាញ​របស់​សហរដ្ឋ​អាមេរិក និង​មន្ត្រី​ជំនាញ​របស់​ប្រទេស​ថៃ ចុះទៅ​ពិនិត្យមើល​ទីតាំង​ឃ្លាំង​មួយកន្លែង​ស្ថិតនៅ​ភូមិ​ដំបង​វិញ ឃុំ​សង្កែ​សាទប ស្រុក​ឱរ៉ាល់ ខេត្តកំពង់ស្ពឺ​។ ឃ្លាំង​នោះ​ជា​ទីតាំង​ដែល​ជនល្មើស​បាន​លួច​កែច្នៃ​ផលិត​គ្រឿងញៀន​។

លោក​ថ្លែងថា​៖ «​ករណី​ដែល​យើង​នាំ​ភ្ញៀវ​បរទេស ទៅ​មើល​ក្រោយនេះ ក្នុង​ក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិការ​ដើម្បី​ចែកលែក​បទពិសោធ ចែករំលែក​អំពី​លទ្ធផល​នៃ​ការបង្ក្រាប​គ្រឿងញៀន និង​ផ្លាស់ប្តូរ​ព័ត៌មាន​គ្នា​ទៅវិញទៅមក​»​។

លោក​បន្តថា ទីតាំង​ឃ្លាំង​តែមួយ​កន្លែង ដែល​សមត្ថកិច្ច​ចម្រុះ​ទៅពិនិត្យ​មើល​នោះ មាន​លាក់​នូវ​សារធាតុ​គីមី​ផ្សំ​ចម្រុះ​សម្រាប់​កែច្នៃ​ផលិត​ជា​គ្រឿងញៀន​មាន​ទម្ងន់​ ៨៤​ តោន ហើយ​នៅក្នុង​ឃ្លាំង​នោះ​មាន​បន្ទប់​ចំនួន​ ៨​ ដែល​កន្លងមក​សមត្ថកិច្ច​បាន​បង្ក្រាប​រួចហើយ​។

គួរ​បញ្ជាក់ថា ទីតាំង​ឃ្លាំង​ផលិត​គ្រឿងញៀន​នោះ​ត្រូវបាន​សមត្ថកិច្ច​ស្រាវជ្រាវ​បង្ក្រាប​កាលពី​ខែធ្នូ ឆ្នាំ​ ២០២១ ​ដែល​នៅពេលនោះ សមត្ថកិច្ច​រឹបអូស​បាន​ថ្នាំញៀន​កេតាមីន ទម្ងន់​ជាង​ ១ ​តោន រួមទាំង​រឹបអូស​បាន​សារធាតុ​គីមី​ជាង​ ៨០ ​តោន​ទៀត និង​ចាប់ខ្លួន​ជនជាតិ​ចិន​បាន ៣ ​នាក់​។

លោក ម៉ាត់ ធុច ស្នងការរង​ទទួល​ផែន​ការងារ​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​ឱ្យដឹង​នៅ​ថ្ងៃទី​ ៩​ មីនា​ថា កាលពី​ថ្ងៃ​ទី​ ៧ ខែមីនា មាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ពី​ថ្នាក់ជាតិ​មន្ត្រី​សហរដ្ឋអាមេរិក មន្ត្រី​ជំនាញ​គ្រឿងញៀន​នៃ​ប្រទេស​ថៃ​បាន​ចុះទៅ​ពិនិត្យមើល​ទីតាំង​ឃ្លាំង​នោះ​។ ឃ្លាំង​នោះ​ត្រូវបាន​សមត្ថកិច្ច​បង្ក្រាប​បាន​ជនជាតិ​ចិន ​៣ ​នាក់ ទី​ ១- ​ឈ្មោះ LY POHEN ភេទ​ប្រុស អាយុ​ ៣១ ​ឆ្នាំ (​ជនជាតិ​ចិនតៃវ៉ាន់​) ទី​ ២- YE YONG ភេទ​ប្រុស អាយុ​ ៤៧ ​ឆ្នាំ (​ជនជាតិ​ចិនតៃវ៉ាន់​) ទី​ ៣- យ៉ាន់ ស៊ូ ភេទ​ប្រុស អាយុ​ ៥៨ ​ឆ្នាំ (​ជនជាតិ​ចិន​)​។

លោក​បន្តថា នៅ​ថ្ងៃ​ដែល​សមត្ថកិច្ច​ចម្រុះ​ចុះទៅ​កាលពី​ថ្ងៃទី ​៧ ខែមីនា គឺ​មិនបាន​ឃាត់ខ្លួន​ជនណាម្នាក់​ទៀត​ទេ គឺ​គ្រាន់តែ​យក​សំណាក​វត្ថុ​គីមី ដែល​ក្រុម​ជនល្មើស​កែច្នៃ​ផលិត​គ្រឿងញៀន​នោះ​យក​ទៅ​ពិសោធ​តែប៉ុណ្ណោះ​។

ចំពោះ​សំណាក​នោះ គឺជា​ប្រភេទ​សារធាតុ​គីមី ហើយ​សមត្ថកិច្ច​បាន​យកទៅ​មន្ទីរ​ពិសោធន៍ ដើម្បី​រក​លទ្ធផល​សារធាតុ​ផ្សំ​កែច្នៃ​ធ្វើ​គ្រឿងញៀន​។ ពេលនោះ​ក៏មាន​ការចូលរួម​សម្រួល​ផ្លូវច្បាប់​ពី​តំណាង​អយ្យការ​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ និង​សាលាដំបូង​រាជធានី-​ភ្នំពេញ​ផងដែរ​។

លោក​បញ្ជាក់​ប្រាប់ថា​៖ «​កាលពី​បង្ក្រាប​លើក​មុន សមត្ថកិច្ច​ចាប់បាន​ជនជាតិ​ចិន​ ៣​ នាក់ ហើយ​ពេល​សមត្ថកិច្ច​ចម្រុះ​ពីថ្ងៃ​ទី​ ៧​ មីនា​នោះ​គ្រាន់តែ​នាំ​ជនជាតិចិន​ទាំង​ ៣ ​នាក់​នោះ​ពី​ពន្ធនាគារ​ ដើម្បី​ឱ្យ​ចង្អុលបង្ហាញ​ប្រាប់​ពី​កន្លែង​ដាក់​គីមី​នោះ​»៕

វីដេអូ៖