បាត់ដំបងៈ ​សមត្ថកិច្ច​មូលដ្ឋាន​បានឱ្យដឹង​នៅ​ថ្ងៃទី​ ៩ មីនា​ថា មាន​កុមារា​ជា​ក្មេងឃ្វាលគោ​ម្នាក់​បាន​ស្លាប់​ និង​គោ​ ១​ ក្បាល​បាន​ងាប់ ដោយសារ​ការផ្ទុះ​គ្រាប់​មីនតោន​ ១ ​គ្រាប់ កាលពី​ល្ងាច​ថ្ងៃទី​ ៨ ខែមីនា​ឆ្នាំ​ ២០២២ នៅ​ភូមិ​ព្រៃទទឹង ឃុំ​ឆ្នាល់​មាន់ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង​។

លោក​ ច្រែង ចំរើន នាយ​នគរបាល​ប៉ុស្តិ៍​ឆ្នាល់មាន់​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា នៅ​ល្ងាច​ថ្ងៃកើតហេតុ​ប្រជាពលរដ្ឋ និង អាជ្ញាធរ​បានឮ​សំឡេង​ផ្ទុះ​យ៉ាងខ្លាំង​ចេញពី​ចំណុច​ដីព្រៃ​ ១ ​កន្លែង​ស្ថិតនៅ​ចម្ងាយ​ប្រមាណ​ ៥០០​ ម៉ែត្រ​ពី​ភូមិ​ព្រៃទទឹង​។

លោក​បាន​បញ្ជាក់ថា​៖ «​បន្ទាប់មក​ក្រុម​សមត្ថកិច្ច​យើង និង​អ្នកភូមិ​មួយចំនួន​បាននាំគ្នា​ទៅពិនិត្យ​មើល​កន្លែង​ដែលមាន​សំឡេង​ផ្ទុះ​នោះ​ក៏​ប្រទះឃើញ​កុមារា​ម្នាក់​ស្លាប់ និង​គោ​ ១​ ក្បាល​ងាប់ នៅក្បែរ​គ្នា​នោះ ទើប​ដឹងថា សំឡេង​នោះ​គឺជា​សំឡេង​ផ្ទុះ​គ្រាប់​មីនតោន​ប្រឆាំង​រថក្រោះ ដែលជា​សំណល់​ពី​សម័យ​សង្គ្រាម​»​។

បើតាម​លោក ចំរើន កុមារា​រងគ្រោះ ដែល​បាន​ស្លាប់​នោះ ឈ្មោះ សឿន វ៉ាន់ស៊ីង អាយុ​ ១៣​ ឆ្នាំ មាន​លំនៅ​ក្នុងភូមិ​ព្រៃ​ទទឹង ឃុំ​ឆ្នាល់មាន់ ស្រុក​គាស់ក្រឡ​។ ​បច្ចុប្បន្ន​សព​កុមារ​រងគ្រោះ​ត្រូវបាន​ឪពុកម្ដាយ​រៀបចំ​ពី​ធី​បុណ្យ​តាម​ប្រពៃណី​។

ជុំវិញ​ករណី​ផ្ទុះ​គ្រាប់​មីនតោន​នេះ​ផងដែរ លោក អ៊ុក សារឿន មេឃុំ​ឆ្នាល់​មាន់បាន​ប្រាប់​ភ្នំពេញ-​ប៉ុស្តិ៍៍​ថា ទីតាំង​ផ្ទុះ​គ្រាប់មីន​នោះ​​គឺជា​បន្ទាយ​កងទ័ព​ពី​សម័យ​សង្គ្រាម​។ ដោយសារ​ការ​ទុកចោល​មិន​បង្កបង្កើនផល​ទីតាំង​នោះ​ក៏​ដុះ​ព្រៃ​ហើយ​អ្នកភូមិ​ក៏​​បាននាំគ្នា​យក​គោ​ទៅ​ចង​ចោល​ ឬ​លែងឱ្យ​ដើរ​ស៊ី​ល្បាស់​នៅក្នុង​ព្រៃ​នោះ ព្រោះ​វា​ស្ថិត​នៅជាប់​ភូមិឋាន​របស់​ប្រជាជន​។

លោក​ សារឿន បាន​បញ្ជាក់ថា​៖ «​កន្លងមក​ទីតាំង​ដីព្រៃ​នេះ មិន​ធ្លាប់មាន​ការចុះ​ស្រាវជ្រាវ​បោសសម្អាត​មីន​ឬ គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​នោះទេ​។ ​ដើម្បី​​សុវត្ថិភាព​ និង​ការអភិវឌ្ឍ​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ​ខ្ញុំ​សូម​ស្នើ​ដល់​កម្លាំង​ CMAC ជួយ​អន្តរាគមន៍​ចុះ​ស្រាវជ្រាវ និង​បោសសម្អាត​កាកសំណល់​ពី​សង្គ្រាម​នៅក្នុង​ទីតាំង​អតីត​បន្ទាយ​កងទ័ព​នេះ រួមទាំង​នៅក្នុង​ដីស្រែ​ចម្ការ​របស់​ពលរដ្ឋ​យើងខ្ញុំ​ផង​»​។

បើតាម​លោក​ សារឿន កាលពី​​ព្រឹក​ថ្ងៃទី​ ៩ ខែមីនា ក្រុមមន្ត្រី​ជំនាញ​នៃ​អាជ្ញាធរ​មីន រួមទាំង​មន្ត្រី​អង្គភាព​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា ប្រចាំខេត្ត​បាត់ដំបង ក៏បាន​ចុះមក​ពិនិត្យ​ទីតាំង​ផ្ទុះ​គ្រាប់​មីនតោន​នេះ ផងដែរ​។ ប៉ុន្តែ​លោក​មិនដឹងថា ក្រុម​មន្ត្រីជំនាញ​នឹង​មក​រុករក​មីន និង​​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​លើ​ទីតាំង​អតីត​មូលដ្ឋាន​កងទ័ព​នេះ​ឬ​យ៉ាងណា​នោះទេ​។

លោក ឃឹម ឃឿន មន្ត្រី​ជំនាញ​នៃ​អាជ្ញាធរ​មីន ប្រចាំខេត្ត​បាត់ដំបង​បាន​ថ្លែងថា ជា​ជំហាន​​ដំបូង ក្រុមការងារ​របស់លោក​ចុះមក​ពិនិត្យ និង​រាយការណ៍​​ពី​ទីតាំង​ដែល​សង្ស័យ​នៅមាន​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ដែល​នៅ​មិនទាន់​មានការ​បោសសម្អាត ដើម្បី​ដាក់ជូន​ថ្នាក់​ខេត្ត និង​ថ្នាក់ជាតិ​ពិនិត្យ និង​សម្រេច​។

លោក​បាន​បញ្ជាក់ថា​៖ «​ជាការពិត​ទីតាំង​ដែលមាន​ករណី​ផ្ទុះ​គ្រាប់​មីនតោន​នេះ នៅ​មិនទាន់មាន​ការស្រាវជ្រាវ និង​បោសសម្អាត​នៅឡើយ​ទេ​»​។

ពាក់ព័ន្ធ​ករណីនេះ លោក ទ្រី បញ្ញារិទ្ធ ប្រធាន​អង្គភាព​កំចាត់​មីន​កម្ពុជា ប្រចាំខេត្ត​បាត់ដំបង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ដើម្បី​ចូលទៅ​យក​សព​កុមារ​រងគ្រោះ ក្រុមការងារ​របស់លោក​បាន​ចុះ​ត្រួតពិនិត្យ​រាវរក​គ្រាប់មីន​ជុំវិញ​បរិវេណ​ទីតាំង​ផ្ទុះ​នោះ​នៅ​ល្ងាច​ថ្ងៃកើតហេតុ ប៉ុន្តែ​មិន​ប្រទះឃើញ​មាន​គ្រាប់មីន​នោះទេ ហើយ​បាន​នាំយក​សព​កុមា​រងគ្រោះ​ឱ្យ​ឪពុកម្ដាយ​របស់​ពួកគេ​។

លោក​បាន​បញ្ជាក់ថា​៖ «​នៅ​ព្រឹក​ថ្ងៃទី​ ៩ ខែមីនា​នេះ ក្រុមការងារ​យើង​បាន​ចុះ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ពង្រីក​ការសិក្សា​ស្រាវជ្រាវ​ពី​ប្រវត្តិ​ទីតាំង​នោះ​ឱ្យបាន​ច្បាស់​​ព្រោះ​កន្លងមក​ទីតាំង​នោះ​ត្រូវបាន​បោះបង់ចោល​យូរ​ឆ្នាំ​មកហើយ ដើម្បី​ដាក់​បញ្ជូន​ទៅក្នុង​គម្រោង​ផែនកា​បោសសម្អាត​មីន​របស់​យើង​»​។

លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា​បាន​ថ្លែងថា នេះ​ជាម​រតក​នៃ​សង្គ្រាម​ដែល​កំពុង​បន្ត​គំរាមកំហែង​ដល់​សេចក្តីសុខ សុវត្ថិភាព ប្រជាជន​កម្ពុជា​។

លោក​បាន​បញ្ជាក់ថា​៖ «​ទោះបី​សង្គ្រាម​ត្រូវបាន​បញ្ចប់​ជាង​ ២០ ​ឆ្នាំ​មកហើយ​ក៏ដោយចុះ ប៉ុន្តែ​សំណល់​គ្រាប់មីន និង​យុទ្ធភណ្ឌ​សង្គ្រាម​ជាច្រើន​ទៀត​​កំពុង​បន្ត​គំរាមកំហែង​ដល់​សេចក្ដី​សុខ សុវត្ថិភាព ប្រជាជន​កម្ពុជា​​ឥត​ស្រាកស្រាន្ត​ឡើយ »​។

ទន្ទឹម​ជាមួយ​គ្នានេះ លោក​បានបញ្ជាក់​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា កម្លាំង​ជំនាញ​បោសសម្អាត​គ្រាប់​សំណល់​យុទ្ធភណ្ឌ​សង្គ្រាម​ក្រោម​ទឹក បាន​រុករក​នឹង​ដោះបន្សាប​គ្រាប់បែក​ទម្លាក់​ពីលើ​យន្តហោះ ប្រភេទ MK-82 ១ ​គ្រាប់ ពី​បាត់​ស្ទឹងសែន​ក្នុង​ខេត្តកំពង់ធំ​បានសម្រេច​ហើយ​កាលពី​វេលា​ម៉ោង​ប្រមាណ​ ១២ ​ថ្ងៃត្រង់ ថ្ងៃទី​ ៩ ខែមីនា ឆ្នាំ ​២០២២​។

លោក​ថ្លែងថា គ្រាប់បែក​ដែលមាន​ទម្ងន់​រហូតដល់​ ២៣០​គីឡូក្រាម​នោះ​ត្រូវបាន​មន្ត្រី​ជំនាញ​ដោះ​បន្សាប និង​ដឹក​យក​ទៅ​រក្សាទុក​នៅក្នុង​ឃ្លាំង​សុវត្ថិភាព​របស់​អង្គភាព​ស៊ីម៉ាក់​រួចរាល់​ហើយ​។

លោក​ថា​៖ «​ដង​ស្ទឹងសែន​ក្នុងសម័យ​សង្គ្រាម សុទ្ធតែជា​​កន្លែង​ខ្មាំង​លាក់ខ្លួន​មែន​ទេ​បាន​ជា​ត្រូវ​វាយប្រហារ​ដោយ​ទម្លាក់​គ្រាប់បែក​ធ្ងន់ធ្ងរ​យ៉ាងនេះ​!»៕