បាត់ដំបងៈ ក្នុង​គោលបំណង ដើម្បី​ពង្រឹង​វិន័យ​ និង​គុណភាព​នៃ​ការសិក្សា​របស់​សិស្ស នាយក​សាលា និង​លោកគ្រូ​អ្នកគ្រូ នៃ​វិទ្យាល័យ​ «​សម្ដេច​តេជោ ហ៊ុនសែន សំពៅលូន​» ដោយមាន​ការព្រមព្រៀង​ពី​ឪពុកម្តាយ និង​អាណាព្យាបាល​សិស្ស​ប្រមាណ​ ៥០០ ​នាក់ បានដាក់​ចេញ​នូវ​បទបញ្ជា​ផ្ទៃក្នុង​មួយចំនួន​ ដើម្បីឱ្យ​សិស្ស​អនុវត្ត​ក្នុង​នោះ​មាន​ទាំង​ការហាម​មិនឱ្យ​សិស្ស​ប្រើ​ទូរស័ព្ទ​លេង​ហ្គេម នៅក្នុង​ម៉ោង​សិក្សា​ផងដែរ​។

នៅ​ដើមឆ្នាំ​ ២០២២​ នេះ​សាលា​បាន​ដកហូត​ទូរស័ព្ទ​ពី​សិស្ស​ដែល​លេង​ហ្គេម​ក្នុង​ម៉ោង​សិក្សា​បាន​ចំនួន​ ១០​ គ្រឿង​ហើយ ក្នុងនោះ​បានធ្វើឱ្យ​ឪពុក​សិស្ស​ម្នាក់​មានការ​ខឹងសម្បា​ ដោយសារ​តែ​ការដកហូត​ទូរស័ព្ទ​ពី​សិស្ស​យកទៅ​រក្សាទុក​នោះ​គឺមាន​រយៈពេល​យូរពេក​គឺ​រហូតដល់​ពី​ ៦​ ខែ​ទៅ​ ១​ ឆ្នាំ ដែល​ធ្វើឱ្យប៉ះពាល់​ដល់​ការរៀនសូត្រ​របស់​សិស្ស​តាម​ប្រព័ន្ធ​អនឡាញ​។

លោក ប៊ូ ហឿន អាយុ​ ៥០ ​ឆ្នាំ ជា​អាណាព្យាបាល​របស់​សិស្ស​ម្នាក់​នៃ​វិទ្យាល័យ «​សម្ដេច​តេជោ ហ៊ុន សែន សំពៅលូន​» ​បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា កាលពី​ព្រឹក​ថ្ងៃទី​ ៣ ខែកុម្ភៈ គ្រូបង្រៀន​ម្នាក់​បាន​ចាប់​ដកហូត​ទូរស័ព្ទដៃ​ពី​កូនប្រុស​គាត់ យកទៅ​ឱ្យ​លោកនាយក​សាលា​រក្សាទុក​ក្នុង​រយៈពេល​ ១ ​ឆ្នាំ ដោយ​អះអាងថា កូនប្រុស​គាត់​បាន​លេង​ហ្គេម​ក្នុង​ម៉ោង​សិក្សា​។ ប៉ុន្តែ​កូនប្រុស​គាត់​បាន​អះអាងថា មិនបាន​លេង​ហ្គេម​ទេ គឺ​បាន​ប្រើប្រាស់ ប្រព័ន្ធ Calculator ដើម្បី​គណនា​លេខ​នៃ​លំ​ហាត់​រូបវិទ្យា​ប៉ុណ្ណោះ​។

លោក​ថ្លែងថា​៖ «​នៅ​រសៀល​ថ្ងៃ​ដដែល​នោះ ខ្ញុំ​បាន​ទៅ​ជួប​លោកនាយក​សាលា​ ដើម្បី​សុំទោស​និង​ធ្វើ​កិច្ចសន្យា​ជំនួស​កូនប្រុស​របស់ខ្ញុំ និង​ដើម្បី​ស្នើសុំ​យក​ទូរស័ព្ទ​ត្រឡប់មកវិញ តែ​លោកនាយក​សាលា​បាន​បដិសេធ ដោយ​ប្រាប់​ឱ្យ​រង់ចាំ​ដល់​ដំណាច់​ខែកុម្ភៈ​ទើប​គាត់​ប្រគល់ឱ្យ​វិញ​»​។

ជុំវិញ​ករណីនេះ លោក អៀង សុធា គ្រូបង្រៀន​ផ្នែក​រូបវិទ្យា និង ជា​គ្រូ​ទទួលបន្ទុក​សិស្ស​ថ្នាក់​ទី​ ១០ (​ឆ​) នៃ​វិទ្យាល័យ​នេះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា នៅថ្ងៃនោះ គាត់​ពិតជា​បាន​ដកហូត​ទូរស័ព្ទ​ IPhone7 ពី​សិស្ស​ប្រុស​ម្នាក់​ឈ្មោះ ​ងូច ពន្លឺ អាយុ ១៦ ​ឆ្នាំ ជា​បណ្ដោះអាសន្ន​តាម​បទបញ្ជាផ្ទៃក្នុង​របស់​សាលា​ប្រាកដ​មែន ដោយសារ​សិស្ស​នោះបាន​លេង​ហ្គេម​ក្នុង​ម៉ោង​សិក្សា​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​បានឃើញ​សិស្ស​ហ្នឹង កំពុង លេង​ហ្គេម ខណៈពេល​ខ្ញុំ​កំពុង​ពន្យល់​មេរៀន​រូបវិទ្យា​។ នៅពេលនោះ​ខ្ញុំ​ខឹង​ខ្លាំងណាស់ ព្រោះ​ខំ​ពន្យល់ តែ​គេ​មិន​ស្ដាប់ និង​រំខាន​ដល់​សិស្ស​ផ្សេងទៀត​»​។

ទោះយ៉ាងណា លោក ហឿន និយាយ​ថា លោក​មិន​នៅក្នុង​ហេតុការណ៍​នោះទេ ហើយ​លោក​ក៏​មិនមែន​ចង់​តវ៉ា រក​ខុសត្រូវ​អ្វី​នោះដែរ អ្វីដែល​លោក​បាន​ស្នើ​នោះ គឺ​ការសុំ​យក​ទូរស័ព្ទដៃ​ត្រឡប់​មកវិញ ដើម្បី​ឱ្យ​កូន​គាត់​បាន​រៀនសូត្រ​ប៉ុណ្ណោះ​។

លោក​បន្តថា នៅ​ថ្ងៃទី​ ២៨ ខែកុម្ភៈ​លោក​បាន​ទៅ​ស្នើសុំ​លោកនាយក​សាលា​នោះ​ម្ដងទៀត ប៉ុន្តែ​លោកនាយក​សាលា​ប្រាប់ថា យោងតាម​បទបញ្ជាផ្ទៃក្នុង​របស់​សាលា គឺ​ត្រូវ​រក្សាទុក​រយៈពេល​ពី​ ៦ ​ខែ​ទៅ​ ១ ​ឆ្នាំ ទើប​ប្រគល់​ជូន​វិញ​។ លោក ហឿន លើកឡើង​ថា​៖ «​គាត់​ជា​នាយក​សាលា​តែ​មិន​គោរព​សម្ដី ម្ដង​គាត់​ថា ចាំ​ដាច់​ខែកុម្ភៈ ម្ដង​គាត់​ថា​ចាំ​ដាច់​ឆ្នាំ​ ២០២២ ​និង​មិន​ទទួល​ខុសត្រូវ​ចំពោះ​ការខូចខាត​ដោយ​ប្រការ​ណាមួយ​ឡើយ​។ បើ​ដូច្នេះ សាលា​ចាំបាច់​តម្រូវឱ្យ​សិស្ស​បំពេញ​សំណៅ​វិញ្ញាសា​ប្រឡង​តាម​ប្រព័ន្ធ Google Form ដល់​សិស្ស​ធ្វើ​អ្វី​?»​។

ដោយ​ចង់បាន​ទូរស័ព្ទ​មក​ឱ្យ​កូន​របស់លោក​មក​រៀនសូត្រ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប​របស់​ក្រសួង​អប់រំ​ និង​តាម​ភាពចាំបាច់​របស់លោក​គ្រូ​អ្នកគ្រូ​វិញ​នោះ នៅ​ថ្ងៃទី ​៥ មីនា លោក ហឿន ក៏បាន​ទៅ​ស្នើសុំ​លោក​នាយក​សាលា​ជាថ្មី​ម្ដងទៀត​។ ប៉ុន្តែ​លើក​នេះ លោក​ត្រូវ​បាន​លោកនាយក​សាលា​ព្រមាន​ធ្ងន់ៗ​ថា នឹង​បណ្ដេញ​កូន​របស់​លោក​ចេញពី​សាលា ប្រសិន​បើ​លោក​នៅតែ​ទទូច​ចង់បាន​ទូរស័ព្ទ​ទៅវិញ​មុនពេល​កំណត់​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​យល់ថា លោកនាយក​សាលា​នេះ ហាក់ដូចជា​មាន​បំណង​ផ្សេង​ក្នុង​រឿង​ចាប់ដកហូត​ទូរស័ព្ទដៃ​ពី​សិស្ស​នេះ ព្រោះ​គាត់​ប្រើពាក្យ​ព្រមាន​ខ្ញុំ​ថា បើ​នៅ​ចង់បាន​ទូរស័ព្ទ​ទៅវិញ​មុន​កាលកំណត់ គាត់​ប្រគល់​ឱ្យ​វិញ​បាន តែ​សិស្ស​ដែល​បាន​ប្រព្រឹត្ត​កំហុស​នេះ​នឹងត្រូវ​បណ្ដេញ​ចេញពី​សាលា​»​។

ពាក់ព័ន្ធ​ករណីនេះ អ្នកស្រី ប្រាក់ ផល្លា អាយុ​ ៤៦ ​ឆ្នាំ អាណាព្យាបាល​សិស្ស​ម្នាក់ទៀត នៅក្នុង​វិទ្យាល័យ​ «​សម្ដេច​តេជោ ហ៊ុន សែន សំពៅលូន​» ​នេះដែរ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា លោកគ្រូ អ្នកគ្រូ និង​នាយក​សាលា មានចិត្ត​មិន​ខុសពី​ឪពុកម្ដាយ ឬ អាណាព្យាបាល​សិស្ស​នោះទេ គឺ​ចង់​ឱ្យ​សិស្សានុសិស្ស​របស់ខ្លួន មានចំណេះដឹង​ខ្ពង់ខ្ពស់​ប្រកប​ដោយ​ប្រសិទ្ធភាព និង​គុណភាព​។ ប៉ុន្តែ​ការដាក់​កំហិត ទណ្ឌកម្ម​ធ្ងន់​បែបនេះ មិនមែន​ជា​ដំណោះស្រាយ​សមស្រប​នោះទេ តែ​ជាការ​បំផ្លាញ​ផ្លូវចិត្ត​ដល់​សិស្សានុសិស្ស​របស់ខ្លួន​ទៅវិញ​។

អ្នកស្រី​បាន​ថ្លែងថា​៖ «​ខ្ញុំ​ចង់ឱ្យ​លោកគ្រូ អ្នកគ្រូ និង​នាយក​សាលា​ព្រមទាំង​មាតាបិតា អាណាព្យាបាល​សិស្ស​មាន​ការអធ្យាស្រ័យ​ និង​យោគយល់​គ្នា​ទៅវិញទៅមក​។ បើ​សិស្សានុសិស្ស​មាន​កំហុស​ត្រូវ​ដាក់ពិន័យ ប៉ុន្តែ​សូមកុំ​ធ្ងន់ធ្ងរ​ពេក ព្រោះ​វា​អាច​ប៉ះពាល់​ដល់​ផ្លូវចិត្ត​របស់​សិស្ស​ទៅ​ថ្ងៃ​អនាគត​»​។

ទោះយ៉ាងណា លោក សុខា ប៊ុណ្ណា នាយក​វិទ្យាល័យ​ «​សម្ដេចតេជោ ហ៊ុន សែន សំពៅ​លូន​» បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា លោក​មិនបាន​ប្រើពាក្យ​គំរាមកំហែង​បែប​នោះទេ​។ ប៉ុន្តែ​លោក​បាន​ប្រើពាក្យ​ថា បើ​យក​ទូរស័ព្ទ​ទៅឱ្យ​កូន​របស់លោក​ប្រើប្រាស់​វិញ ហើយ​កូន​យកមក​លេង​ហ្គេម​នៅក្នុង​សាលា​ទៀត​នោះ​គឺ​មិន​បានទេ ព្រោះ​សាលា​ហាមឃាត់ បើ​ចង់​លេង​ហ្គេម​នៅក្នុង​សាលា​ពិសេស​ក្នុង​ម៉ោង​សិក្សា មានតែ​ប្ដូរ​ទៅ​សាលា​ណា​ផ្សេង​ទៅ​។

លោក​បញ្ជាក់ថា​៖ «​យើងខ្ញុំ​ធ្វើបែបនេះ​គឺ​ដើម្បី​ពង្រឹងគុណភាព​ការសិក្សា​របស់​សិស្ស ព្រោះ​នៅក្នុង​ឆ្នាំនេះ សាលា​យើងខ្ញុំ​បាន​ដាក់ចេញ​ផែនការ​ដ៏ធំ​មួយ​គឺ ចង់ឱ្យ​សិស្ស​ថ្នាក់​ទី​ ៩ និង ទី ​១២ ​ជាប់ ឌីប្លូម និង បាក់ឌុប​ ៩៥ ​ភាគរយ​ឡើងទៅ​។ ម្យ៉ាងទៀត យើង​បាន​អនុវត្ត​វិធានការ​នេះ​រយៈពេល​ ៣ ​ឆ្នាំ​មកហើយ ព្រមទាំង​មានការ​ចូលរួម​គាំទ្រ​ពី​អាណាព្យាបាល​សិស្ស​ប្រមាណ​ជាង​ ៥០០​ នាក់​»​។

បើតាម​លោក ប៊ុណ្ណា កន្លងមក​លោក​បាន​ដកហូត​ទូរស័ព្ទ​ទុក​រយៈពេល​ពី​ ១​ ខែ ទៅ​ ៣​ ខែ​ប៉ុណ្ណោះ ប៉ុន្តែ​វិធានការ​នេះ​មិនបាន​ជោគជ័យ​នោះទេ គឺ​សិស្ស​នៅតែ​យក​ទូរស័ព្ទ​មក​លួច​លេង​ហ្គេម​នៅក្នុង​សាលា និង​ក្នុង​ម៉ោង​សិក្សា​។ ដោយសារ​បញ្ហា​នេះ​សាលា​ក៏បាន​ឯកភាព​ជាមួយ​ក្រុម​មាតា​បិតា​សិស្ស​ដាក់ចេញ​នូវ​វិធានការ​ថ្មី​នេះ​តែម្ដង គឺ​បើ​រកឃើញ​សិស្ស​រូប​ណា​យក​ទូរស័ព្ទ​មកលេង​ហ្គេម​ក្នុង​ម៉ោង​សិក្សា​គឺ​ត្រូវ​ដកហូត​ទូរស័ព្ទ​ទុក​ពី​ ៦ ​ខែ​ទៅ ​១​ ឆ្នាំ ទើប​ប្រគល់ជូន​វិញ​។ សម្រាប់​ឆ្នាំ​សិក្សា ២០២២ នេះ សាលា​បាន​ដកហូត​ទូរស័ព្ទដៃ​ពី​សិស្ស​ចំនួន​ ១០ ​គ្រឿង​រួចមកហើយ​ក្នុង​នោះ​ក៏​រួមមាន​ទាំង​របស់​សិស្ស​ថ្នាក់​ទី​ ១០ (​ឆ​)​ នោះ​ផងដែរ​។

លោក​បាន​បន្ថែមថា​៖ «​មានតែ​ឪពុក​សិស្ស​ម្នាក់​ហ្នឹង​ទេ​ដែល​គាត់​មក​ស្នើសុំ​ម្ដង​ហើយ​ម្ដងទៀត​ដោយ​មិន​ស្ដាប់​ការពន្យល់​ណែនាំ​របស់​យើងខ្ញុំ ដែល​ធ្វើ​ដើម្បី​អនាគត​របស់​សិស្ស​ទាំងអស់ ដែល​ពួកគេ​ជា​កូនៗ​របស់​ពួកគាត់​ទាំងអស់​គ្នា​នោះ​ហើយ​»​។

ជុំវិញ​ករណីនេះ លោក អោម សារិន អនុប្រធាន​ការិយាល័យ អប់រំ​ស្រុក​សំពៅលូន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា គណៈ​អភិបាលស្រុក​សំពៅលូន​បាន​ដឹកនាំ​ក្រុមមន្ត្រី​ជំនាញ ចុះ​ពិនិត្យ​ និង​បើក​កិច្ចប្រជុំ​បន្ទាន់​មួយ​កាលពី​ថ្ងៃទី​ ៧ មីនា ២០០២ ដើម្បី​សម្របសម្រួល​ដំណោះស្រាយ ប៉ុន្តែ​លោកនាយក​សាលា​បាន​ប្រកាន់​គោលជំហរ​របស់​ខ្លួន ក្នុង​ការអនុវត្ត​បទបញ្ជា​ផ្ទៃក្នុង​របស់​សាលា​។

លោក​ថ្លែងថា​៖ «​ការពង្រឹង​ការអនុវត្ត​បទបញ្ជា​ផ្ទៃក្នុង​នៃ​អង្គភាព ដើម្បី​ឧត្តមភាព គុណភាព ប្រសិទ្ធភាព​នៃ​ការងារ អប់រំ​ដល់​សិស្ស គឺ​ពិតជា​ត្រឹមត្រូវ​ហើយ ប៉ុន្តែ​យើង​គួរ​ពិនិត្យ​ទៅតាម​ស្ថានភាព​ជាក់ស្ដែង​»៕

វីដេអូ៖