ព្រះសីហនុ: ក្រសួងបរិស្ថាន​សហការ​ជាមួយ​មន្ទីរអប់រំ​យុវជន​ និង​កីឡា​ខេត្ត​ព្រះសីហនុ ដាក់ឱ្យ អនុវត្ត​សកម្មភាព​កែច្នៃ​ជីកំប៉ុស នៅតាម​សាលា​គោលដៅ​ចំនួន ៥ ​នៅក្នុង​ខេត្ត​នេះ ដើម្បី​លើកកម្ពស់​លើ​វិស័យ​បរិស្ថាន​ និង​កែប្រែ​សាលារៀន​ទាំងនោះ​ឱ្យក្លាយ​ជា​ពណ៌​បៃតង​គ្រប់​រដូវកាល​។

គម្រោង​នេះ​ត្រូវបាន​ប្រកាស​អនុវត្ត​កាលពី​ថ្ងៃទី​ ៧ ខែមីនា ដោយមាន​ការចូលរួម​ពី​មន្ត្រី​នៃ​ក្រសួងបរិស្ថាន និង​ដៃគូ​ពាក់ព័ន្ធ​នៅ​វិទ្យាល័យ ហ៊ុន សែន មិត្តភាព ក្រុងព្រះសីហនុ ក្នុង​កិច្ចប្រជុំ​រួមគ្នា​មួយ សម្រាប់​ផ្សព្វផ្សាយ និង​ណែនាំ​ដល់​សាលារៀន​គោលដៅ​ទាំងនោះ​ ដើម្បី​ចូលរួម​អនុវត្ត​។

ក្រសួង បរិស្ថាន​បានឱ្យដឹងថា គោលបំណង និង​អត្ថប្រយោជន៍​នៃ​ការធ្វើ​ជីកំប៉ុស​មិន​ត្រឹមតែ​ចូលរួម​កិច្ចការ​បរិស្ថាន​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​ចូលរួម​ផ្តាស់ប្តូរ​ផ្នត់គំនិត​ក្នុងការ​គ្រប់គ្រង​សំរាម សំណល់​រឹង ដោយ​ការញែក ឬ​ការទុកដាក់​ដើម្បី​បញ្ជ្រាប​ការយល់ដឹង​តាមរយៈ​សិស្ស​។

ក្រសួង​បាន​បញ្ជាក់ថា​៖ «​ដើម្បីឱ្យ​គម្រោង​នេះ​អាច​អនុវត្ត​បាន​ជោគជ័យ សូម​សំណូមពរ​ឱ្យ​មន្ទីរអបរំ និង​សាលា ដែល​ត្រូវ​ជ្រើស​សម្រាប់​អនុវត្ត ត្រូវ​ផ្តល់​កិច្ចសហការ​ល្អជា​មួយ មន្ត្រី​ជំនាញ​អគ្គនាយកដ្ឋាន គាំពារ​បរិស្ថាន ដែល​នឹង​ចុះ​មកជួយ​សម្របសម្រួល​ផ្តល់ បច្ចេកទេស​»​។

លោក សុខ គាង រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​ដែល​បាន​ដឹកនាំ​កិច្ចប្រជុំ​ស្តីពី​គម្រោង​បង្កើត ឱ្យមាន​សកម្មភាព​កែច្នៃ​ជីកំប៉ុស​នៅ​តាម​សាលា​គោលដៅ​មួយចំនួន នៅក្នុង​ខេត្ត​ព្រះសីហនុ​សង្ឃឹមថា គម្រោង​នេះ​នឹង​អនុវត្តបាន​ជោគជ័យ​ហើយនឹង​ក្លាយទៅជា​គំរូ​សម្រាប់​យក​ទៅ​អនុវត្ត​នៅតាម​សាលា​ផ្សេងៗ​ទៀត​។

បើតាម​ក្រសួងបរិស្ថាន​សាលា​ទាំង​ ៥ ​ដែលជា​គោលដៅ​សម្រាប់​អនុវត្ត​គម្រោង​នេះ​គឺ​ត្រូវមាន​លក្ខណសម្បត្តិ​មួយចំនួន​ដូចជា​ត្រូវមាន​ទីតាំង និង​ទំហំ​សមស្រប​ទៅនឹង​បរិមាណ​សំណល់ ដែល​បង្កើត​ប្រចាំថ្ងៃ​។ ត្រូវ​រៀបចំ​ដាក់​ធុងសំរាម​ទៅតាម​ប្រភេទ​សំរាម និង​តម្រូវឱ្យមាន​ការញែក​សំណល់​ទៅតាម​ប្រភេទ​រួមទាំង​ត្រូវមាន​ប្រភព​សំណល់​សរីរាង្គ និង​បង្កើតឱ្យមាន​កម្មវិធី​កាត់បន្ថយ​សំណល់​ប្លាស្ទិក​មួយចំនួន​ផងដែរ​។

លោកស្រី អ៊ុច សោភា ប្រធាន​មន្ទីរអប់រំ យុវជន​ និង​កីឡា​ខេត្ត​ព្រះសីហនុ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៩ មីនា​ថា សាលា​ទាំង ៥ ដែល​អនុវត្ត​គម្រោង​នេះ​ដំបូង​នៅក្នុង​ខេត្ត​គឺមាន​អនុវិទ្យាល័យ​ ហ៊ុន សែន មិត្តភាព អនុវិទ្យាល័យ​ក្រុងព្រះសីហនុ អនុវិទ្យាល័យ​ព្រៃនប់ អនុវិទ្យាល័យ​ស្ទឹងហាវ និង​អនុវិទ្យាល័យ​វាលរេញ​ជាដើម​។

លោកស្រី​បាន​បញ្ជាក់ថា មន្ទីរអប់រំ​រួមទាំង​សាលា​គោលដៅ​ទាំង ៥ បាន​ត្រៀមខ្លួន​ជាស្រេច​​ក្នុង​កិច្ចសហការ​ជាមួយ​ក្រសួងបរិស្ថាន​ ដើម្បី​អនុវត្ត​គម្រោង​នេះ​ឱ្យបាន​ជោគជ័យ​ ខណៈ​ដែល​លោកស្រី​ចាត់ទុកថា ការកែច្នៃ​ជីកំប៉ុស នៅតាម​សាលារៀន គឺ​ផ្តល់​អត្ថប្រយោជន៍​ច្រើន​ដល់​សិស្សានុសិស្ស និង​បរិស្ថាន​។

លោកស្រី​បាន​បញ្ជាក់ថា​៖​«​ការកែច្នៃ​ជីកំប៉ុស​នេះ គឺ​ទី​ ១ អាចជួយ​ផ្នែក​បរិស្ថាន​បាន​ច្រើន ព្រោះ​យើង​ប្រមូល​សំណល់​សរីរាង្គ​យកមក​កែប្រែ​ឱ្យមាន​ប្រយោជន៍​។ ការកែច្នៃ​នេះ មិនមែន​ជួយ​តែ​បរិស្ថាន​ទេ គឺ​ជួយ​សិស្ស​យើង​ទៀត​ឱ្យ​គាត់​បាន​យល់​បានដឹង​នៅក្នុង​បំណិន​ជីវិត​របស់គាត់​»​។

បើ​លោកស្រី អ៊ុច សោភា សម្រាប់​ជីកំប៉ុស​ដែល​បាន​កែច្នៃ​រួចហើយ​នៅតាម​គោលដៅ​សាលារៀន​ទាំង​ ៥ ​នេះ​នឹងត្រូវ​យកមកប្រើ​ប្រាស់​បានជា​ប្រយោជន៍​ក្នុង​ការដាំដុះ​របស់​សាលា​រួម​ប្រជាសហគមន៍ ដោយ​លោកស្រី​រំពឹងទុក​ថា បើ​គម្រោង​នេះ​ទទួលបាន​ជោគជ័យ មន្ទីរ ខេត្ត​នឹង​ពង្រីក​បន្ថែមទៀត ជុំវិញ​សកម្មភាព​កែច្នៃ​ជីកំប៉ុស​នៅតាម​សាលា​នានា​ដទៃទៀត​៕