ភ្នំពេញៈ​ ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈបាន​​អំពាវនាវ​ឲ្យ​អាជីវ​កររកស៊ី​តុប​តែង​សម្លៀក​បំពាក់​បែប​បុរាណ​ជូន​ភ្ញៀវ​ចូល​ទស្សនា​អង្គរ​ពិនិត្យ​ឡើង​វិញ​លើ​ការ​ស្លៀកពាក់​ឲ្យ​ស្រប​តាម​ក្បួន​ខ្នាត​និង​ប្រពៃ​ណី​របស់​ខ្មែរ​ចៀស​វាង​បង្ក​ការ​យល់​ច្រឡំ​ និង​បង្ហាញ​សម្លៀក​បំពាក់​ដែល​មិន​មែន​ជា​របៀប​ខ្មែរ​។

ការ​អំពាវ​នាវ​បែប​នេះ​បានធ្វើ​ឡើង​ក្រោយ​មាន​មតិ​ប្រតិ​កម្ម​នឹង​ការលើក​ឡើង​ពី​សំណាក់​អ្នក​ប្រើប្រាស់​បណ្តាញ​ទំនាក់​ទំនង​សង្គម​អំពី​ការ​ស្លៀក​ពាក់​ឈុត​ប្រពៃណី​របស់​អាជីវ​កររ​ក​ស៊ី​តុប​តែង​ខ្លួន​មួយ​ចំនួន​ដែល​បាន​ស្លៀក​ពាក់​ជូន​ភ្លៀវ​ទេសចរមិន​បាន​ត្រឹម​ត្រូវ​ស្រប​ពេលដែល​ចំនួន​ភ្ញៀវ​ដែល​គាំទ្រ​ការ​ស្លៀក​ពាក់​បែប​នេះ​មានកា​រ​កើន​ឡើង​។

លោក​ ឡុង ​ប៉ុណ្ណា​ស៊ី​រី​វត្ថ​ អ្នក​នាំពាក្យ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិ​ល្បៈ​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ១០ មីនា​ថា​បច្ចុប្បន្ន​នេះ​ អ្នក​ប្រកប​មុខ​របរ​តែង​សម្លៀក​បំពាក់​ខ្មែរ​បុរាណ​នៅក្នុង​ខេត្ត​សៀម​រាម​ គឺមាន​ចំនួន​ច្រើន​ ស្រប​ពេល​ចំនួន​ភ្ញៀវ​ទេសច​រមានការ​កើន​ឡើងដែល​ពេលខ្លះ​ធ្វើ​ឲ្យ​អាជីវ​កម្ម​ទាំង​នោះ​ស្លៀក​ពាក់​មិនបាន​ត្រឹមត្រូវ​ស្រប​តាម​ប្រពៃណី​ខ្មែរ​ឬ​ក្បួន​ខ្នាត​ខ្មែរ​ជូន​ភ្ញៀវ​នោះ​ទេ។

លោក​បាន​បន្តថា​ កំហុស​ដែល​អាជ្ញា​ធរ​បាន​មើល​ឃើញ​គឺ​ដូចជា​អាជីវករ​ខ្លះ​បាន​ប្រើប្រាស់​នូវ​សម្លៀក​បំពាក់​មិន​មែន​ជា​របស់​ខ្មែរ​ជាដើម​ សម្រាប់​តុបតែង​ជូន​ភ្ញៀវ​ទេស​ចរ​ដែល​បង្ក​ឲ្យ​មាន​ការ​យល់​ច្រឡំ​និង​រង​ការ​រិះគន់​។

លោក​បាន​បញ្ជាក់​ថា៖ «ក្រសួង​មិន​បាន​ហាម​ឬ​ផ្អាក​ធ្វើ​អាជី​វកម្ម​អី​ទេ​ហើយ​អ្វី​ដែល​មាន​កន្លង​មក​គឺមាន​ជា​ប្រក្រតី។​ ប៉ុន្តែ​យើង​គ្រាន់​តែ​ស្នើ​ឲ្យ​មាន​ការ​កែ​តម្រូវ​មុននឹង​យក​សម្លៀក​បំពាក់​ទាំង​នោះ​មក​ស្លៀក​ពាក់​ជូន​ភ្ញៀវ​គឺ​ត្រូវ​ដឹង​ច្បាស់​​ថា ​សម្លៀក​បំពាក់​ទាំងនោះ​ត្រូវ​ក្បួ​ន​ខ្នាត​អត់? ព្រោះ​បើ​មិន​ត្រឹមត្រូវ​ទេ​យើង​មិន​អនុញ្ញាត​ឲ្យ​ពួក​គាត់​ថត​បង្ហាញ​ឲ្យ​ភ្ញៀវ​ទេស​ចរនោះទេ»។

​ជាមួយ​នឹង​ការអំពាវនាវ​នេះ​លោក​ ឡុង​ ប៉ុណ្ណា​ស៊ី​រី​វត្ថ​ ក៏បាន​អះអា​ងថា​ក្រសួង​នឹង​ចេញ​សេចក្តី​ណែនាំ​មួយ​ដើម្បី​ឲ្យ​គ្រប់​អាជី​វកម្ម​តុបតែង​បែប​បុរាណ​សម្រាប់​ភ្ញៀវ​ទេស​ចរនៅ​តំបន់​អង្គរ​គោរ​ព​ឲ្យ​បាន​ត្រឹម​ត្រូវ​​ខណៈ​មន្ត្រី​របស់​ក្រសួង​ក៏​កំពុង​ពិភាក្សា​ជា​មួយ​មន្ត្រី​ជំនាញ​ផ្នែក​វប្ប​ធម៌​ដើម្បី​សិក្សា​ពី​បញ្ហា​ការ​ស្លៀក​ពាក់​នេះ​។

លោក​បាន​រៀប​រាប់​ថា៖ «យើង​ស្លៀក​ពាក់​ប្រពៃ​ណី​ឲ្យ​បាន​សមរម្យ​ តែ​អ្នកខ្លះ​គាត់យក​ពី​ប្រទេស​ជិត​ខាង​មក​ប្រើ​ដូច្នេះ​មហា​ជន​គាត់​មាន​ការ​យល់​ដឹង​ដែរ ដែល​ថា​អាជ្ញាធរ​ម៉េច​មិន​ណែនាំ។អ៊ីចឹ​ង​យើង​មានតែ​ណែនាំ​ហើយ​មិន​ថាតែ​ខ្មែរ​ទេ ​សូម្បី​តែ​បរទេស​ក៏ដោយ​ បើ​គាត់​ស្លៀក​ពាក់​មិន​សមរម្យ​ចូល​អង្គរ​ក៏​យើង​មិន​អនុ​ញ្ញាត​ដែរ​ ព្រោះ​នេះ​ក្រម​សីល​ធម៌​អង្គរ»​។

លោក ​ឡុង ​កុសល​ អ្នកនាំ​ពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ដែរ​ថា ​អ្វីដែល​អាជ្ញា​ធរ​អប្សរា​ចង់​បាន​នោះ​គឺ​ចង់​ឲ្យ​គ្រប់​អាជីវកម្ម​ដែល​ទទួល​តុប​តែង​ខ្លួន​ជូន​ភ្ញៀវ​ទេស​ចរ​​គឺ​គោរព​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ការ​ស្លៀកពាក់​តាមបែប​ទំនៀមទម្លាប់​ខ្មែរ​ឲ្យ​បាន​ត្រឹមត្រូវ ហើយ​អ្វីដែល​លើ​ល​ពីនេះ​លោក​អះអាងថា ​អាជ្ញាធរ​ជាតិ​អប្សរា​គឺមាន​តែ​លើកទឹកចិត្ត​ឲ្យ​ពលរដ្ឋ​ក៏ដូចជា​ភ្ញៀវ​ទេសចរ​ស្លៀកពាក់​បែបនេះ​ដើម្បី​លើក​បង្ហាញ​ពី​វប្បធម៌​ល្អ​ខ្មែរ​ដោយ​គ្រាន់តែ​សុំ​ឲ្យ​ធ្វើការ​កែតម្រូវ​នូវ​អ្វីដែល​មិន​ត្រឹមត្រូវ​ឬ​មិនមែនជា​របស់​ខ្មែរ​តែប៉ុណ្ណោះ។

លោក​បាន​រៀបរាប់ថា៖ «យើង​សុំ​តែ​របៀបរបប​នៃ​ការ​ស្លៀកពាក់​នេះ​ឲ្យ​សមស្រប​តាមបែប​ប្រពៃណី​បុរាណ​ខ្មែរ​កុំ​ឲ្យ​ចេះតែប្រហាក់ប្រហែលៗដែល​អាច​នាំ​ឲ្យ​មានការ​យល់ច្រឡំ ព្រោះ​យើង​ដឹង​ហើយ​លក្ខណៈ​បែប​វប្បធម៌​ប្រពៃណី​យើង​រស់នៅ​ជិតខាង​គ្នា​គឺមាន​ទៅ​មានមក​ដែល​ជះ​ឥ​ទ្ធ​ពល​ឲ្យ​គ្នា​ទៅវិញទៅមក។ដូច្នេះ​យើង​មិន​ចង់​ឲ្យ​មានការ​យល់ច្រឡំ​ ព្រោះ​ជួនកាល​មានការ​យល់ច្រឡំ​ថា​លក្ខណៈ​បែបនេះ​ជា​របស់​យើង​ ប៉ុន្តែ​ការពិត​មិនមែន​សោះ»។

អាជីវករ​ជួល​សម្លៀកបំពាក់​បុរាណ​ខ្មែរ​នៅ​ខេត្តសៀមរាប​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី ១០ មីនា​ថា​ អ្នកស្រី​គាំទ្រ​ចំពោះ​ចំណាក់​ការ​របស់​ក្រសួង ​និង​អាជ្ញាធរជាតិ​​អប្សរា​ដែល​តម្រូវ​ឲ្យ​គ្រប់​អាជីវករ​ទាំងអស់​ដែល​ប្រក​បរបរ​នេះ​ពិនិត្យឡើងវិញ​ឲ្យ​បាន​ត្រឹមត្រូវ​នូវ​ការ​សម្លៀកបំពាក់​ដែល​បាន​តុបតែង​ជូន​ភ្ញៀវ។

ទន្ទឹម​នឹង​នេះ ​អ្នកស្រី​ក៏​ស្នើ​ឲ្យ​ក្រសួង​ក៏ដូចជា​មន្ត្រី​ពាក់ព័ន្ធ​មេត្តា​ផ្សព្វ​ផ្សាយ​និង​បង្កើនការអប់រំ​បណ្តុះ​បណ្តាល​ដល់​គ្រប់​អាជីវកម្ម​ទាំងអ​ស់​នៅក្នុង​ខេត្ត​ដើម្បី​ទទួលបា​ន​ចំណេះ​ដឹង​បន្ថែម​ពី​វប្បធម៌​និង​ប្រពៃណី​ដែល​ក្រសួង​បាន​អនុញ្ញាត​សម្រាប់​ជាការ​កែត​ម្រូវ​ទាំង​អ​ស់គ្នា។

អ្នកស្រី​បាន​បញ្ជាក់ថា​៖ «ខ្ញុំ​ទទួ​លស្គាល់​ថា​មាន​ខ្លះ​គាត់​លាយ (តុបតែង​មិនត្រូវ​មិនត្រូវ) ប៉ុន្តែ​ខ្ញុំ​មិន​និយាយ​ពី​កន្លែង​គេ​ផ្សេង​ទេ​ ទាក់ទង​នឹង​កន្លែង​ខ្ញុំ​ គឺ​យើង​ព្យាយាម​តែង​ជា​ខ្មែរ​ជូន​ភ្ញៀវ​គ្រាន់តែ​ទាក់ទង​នឹង​ការយ​ល់ដឹង​ទូទៅ គឺ​នៅមាន​កម្រិត។ដូច្នេះ​ប្រសិន​បើមាន​ជំនាញ​ខាង​ក្រសួង​​គាត់​ចុះមក​ណែនាំ​បន្ថែម​ពី​ការ​ស្លៀកពាក់​ឲ្យ​ចំ​ជា​ខ្មែរ​យើង​តែម្តង​ក៏​ល្អ​សម្រាប់​ពួក​យើង​ដែរ»​។

បើតាម​​អាជី​វករ​ជួល​សម្លៀក​បំពាក់​បុរាណ​ខ្មែរ​នៅ​ខេត្ត​សៀមរា​ប​រូបនេះ​ សម្លៀក​បំពាក់​ដែល​កំពុង​ពេញនិ​យម​សម្រាប់​ភ្ញៀវ​ទេសចរ​ដែល​តែង​តែ​ចូលចិ​ត្ត​ជួល​ស្លៀក​ពាក់​ដើម្បី​ចូល​ទស្សនា​អង្គរវត្ត​គឺ​ភាគ​ច្រើន​សម្លៀក​បំពាក់​ក្នុង​សម័យ​ឧ​ដុង​និង​សម័យ​លង្វែក​៕

វីដេអូ៖