
ទិដ្ឋភាពផ្លូវនៅក្នុងខេត្តសៀមរាប។ រូបថត MPWT
សៀមរាបៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងអញ្ជើញទៅសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវ ៣៨ ខ្សែ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប ក្នុងពេលឆាប់ៗខាងមុខនេះ ក្រោយផ្លូវនេះបានកែលម្អររួចរាល់ជាស្ថាពរ។ នេះបើតាមការឲ្យដឹងពីអ្នកនាំពាក្យរដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី ១០ ខែមីនានេះ។
លោក លី សំរិទ្ធ អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងនៅថ្ងៃទី ១០ ខែមីនាថា ផ្លូវ៣៨ ខ្សែក្នុងក្រុងសៀមរាប ខេត្តសៀមរាប នឹងត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ក្នុងពេលឆាប់ៗខាងមុខនេះ ប៉ុន្តែលោកបញ្ជាក់ថាមិនបានដឹងច្បាស់ថាថ្ងៃណាប្រាកដនោះទេ អាចក្នុងអំឡុងខែមីនានេះ ឬដើមខែមេសាខាងមុខ។
លោកថ្លែងថា៖« ខ្ញុំគ្រាន់តែដឹងថា សម្តេចតេជោនាយករដ្ឋមន្ត្រីនឹងអញ្ចើញមកសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវ ៣៨ខ្សែនេះ ប៉ុន្តែខ្ញុំមិនបានដឹងច្បាស់ថា នៅថ្ងៃណាប្រាកដនោះទេ»។
អ្នកនាំពាក្យរដ្ឋបាលខេត្តសៀមរាបប្រាប់ថា ពលរដ្ឋបាននឹងកំពុងប្រើប្រាស់ផ្លូវ ៣៨ ខ្សែ ក្នុងការធ្វើដំណើរទៅមកដោយរលូន បន្ទាប់ពីផ្លូវនេះបានធ្វើរួចរាល់ជាស្ថាពរ ទោះជាផ្លូវនេះ នៅមិនទាន់មានការសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការក៏ដោយ ។ លោកបន្តថា ក្រោយផ្លូវ៣៨ខ្សែធ្វើរួចរាល់ អ្វីដែលអាជ្ញាធរខេត្តត្រូវគិតគូបន្តនោះគឺ អនាម័យ និងសណ្តាប់ធ្នាប់សាធារណៈ។
លោក លី សំរិទ្ធ បានឲ្យដឹងទៀតថា អាជ្ញាធរកំពុងផ្តោតសំខាន់ទៅលើការ ណែនាំប្រជាពលរដ្ឋឲ្យមានការប្រើប្រាស់ផ្លូវត្រូវតាមមុខងារ និងអំពាវនាវឲ្យប្រជាពលរដ្ឋគោរពបទដ្ឋានក្នុងការប្រើប្រាស់ផ្លូវ និងចិញ្ចើមផ្លូវ ដែលមានការចត ការដាក់ទំនិញតាំងលក់ ព្រមទាំងការទុកដាក់សំរាម ផងដែរ។ ក្នុងការលំអរដងផ្លូវនោះ ក៏មានការធ្វើសួនតាមបណ្តោយខឿនពុះចែកទ្រូងផ្លូវ ដោយដាំស្មៅ និងផ្កាចម្រុះពណ៍ ព្រមទាំងដាំដើមឈើផងដែរ។
យ៉ាងណាក៏ដោយ សួនធំៗនៅតាមបណ្តោយផ្លូវនោះមិនទាន់បានរៀបចំនៅឡើយទេ ព្រោះក្នុងក្រុងមានសួនធំរួចហើយដែលស្ថិតនៅក្បែរព្រះរាជដំណាក់ ។ លោកលី សំរិទ្ធ ថា ប្រជាពលរដ្ឋភាគច្រើនបានយល់ដឹងពីការប្រើប្រាស់ផ្លូវ និងចូលរួមគោរពច្បាប់ចរាចរណ៍ និងសម្តែងការសប្បាយរីករាយជាមួយសមិទ្ធផលថ្មីនេះ។
លោកថ្លែងថា៖ «ទីក្រុងនេះប្រហាក់ប្រហែលនឹងទីក្រុងរបស់ប្រទេសផ្សេងៗទៀតដែលនៅជិតខាងយើងដែរ។ អ៊ីចឹងយើងមិនអន់ដូចពីមុនពេកទេ។ អ្វីដែលយើងប្រាថ្នាគឺបានហើយ ប៉ុន្តែការថែទាំងនិងសម្អាតក្នុងការប្រើប្រាស់ហ្នឹងវាត្រូវមានការចាំបាច់មួយទៀត អ៊ីចឹងមានតែអំពាវនាវពលរដ្ឋទាំងអស់គ្នាខិតខំយកចិត្តទុកដាក់ថែរក្សាអនាម័យឲ្យស្អាតដូចនៅផ្ទះរបសខ្លួន»។
លោកអភិបាលរងខេត្តនេះបញ្ជាក់ថា ការរួមគ្នាថែរក្សាបានស្អាតនៅតាមដងផ្លូវ ធ្វើឲ្យភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មានភាពសប្បាយរីករាយ ជាមួយនិងភាពងាយស្រួលក្នុងការធ្វើដំណើរមិនកកស្ទះចរាចរណ៍ គ្មានភាពស្មុគស្មាញ មិនមានភាពកខ្វក់ និងមានរបៀបរៀបរយ មានភ្លើងសញ្ញាចរាចរណ៍ មានភ្លើងបំភ្លឺតាមផ្លូវ មានគំនូសចរាចរណ៍ ហើយផ្លូវស្អាតមិនមានគ្រលុកដក់ទឹក។
លោកថ្លែងថា៖«ផ្លូវដើរក៏មានល្អ ផ្លូវសម្រាប់ជនពិការក៏មាន ផ្លាកសញ្ញាចរាចរណ៍ក៏មានអ៊ីចឹងរចនាសម្ព័ន្ធទាំងអស់ហ្នឹងបម្រើឲ្យសុខុមាលភាពសម្រាប់ការស្នាក់នៅនិងការធ្វើដំណើរ របស់អ្នកទីក្រុងសៀមរាបក៏ដូចជាភ្ញៀវទេសចរណ៍ដែលមកលេង»។
បើតាម លោក លី សំរិទ្ធ ផ្លូវទាំង៣៨ខ្សែនេះ បានធ្វើឲ្យទីក្រុងសៀមរាប ប្រែក្លាយរូបរាងជាទីក្រុងទំនើប និងទេសចរណ៍ ដ៏មានសក្តានុពល ដែលរាជរដ្ឋាភិបាលកម្ពុជាបានកំណត់ជាតំបន់ស្នូលនៃប៉ូលអភិវឌ្ឍជាតិ ជាគោលដៅទេសចរណ៍វប្បធម៌ប្រវត្តិសាស្រ្ត និងធម្មជាតិ ស្របតាមរូបសាស្ត្រទីក្រុង រួមជាមួយការគិតគូរដល់ការការពារ និងកែលម្អបរិស្ថាន ផាសុកភាពរបស់ប្រជាពលរដ្ឋ និងការរៀបចំអភិវឌ្ឍទីក្រុងឆ្លាតវៃ (Smart City)ផងដែរ។
លោកថា ជាហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ៣៨ខ្សែរ មានការប្រទាក់ក្រឡាគ្នា តភ្ជាប់ទីប្រជុំជន ទៅជាយក្រុង និងតភ្ជាប់ទៅកាន់តំបន់ទេសចរណ៍សំខាន់ៗ និងបណ្តាញខ្សែផ្លូវជាតិនានា ជំរុញកំណើនដឹកជញ្ជូន ទាក់ទាញវិនិយោគិន ធុរជន និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលជាការរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន ផងដែរ។
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានបច្ចេកទេស នៃក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យ ដឹងថា គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប បានបញ្ចប់ ជាស្ថាពរនៅថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០២១។ គម្រោងកែលម្អផ្លូវ ៣៨ ខ្សែ នេះ មានប្រវែងសរុប ១០៦,៤២ គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុបប្រមាណជាង ១៤៩ ២១៦ ៥៩៥ ដុល្លារអាមេរិក។
ក្នុងនោះចំនួន ៩ លានដុល្លារអាមេរិក ចំណាយលើការងារចាំបាច់ក្នុងការរៀបចំ ស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ឋិតក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង៣៨នេះ។ ផ្លូវនេះ ចំណាយ ពេលសាងសង់ចំនួន១៣ខែ ដែលមានការ សម្ពោធបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២០ ក្រោមវត្តមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៕