ពោធិ៍សាត់ៈ សមត្ថកិច្ចនៃអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាបកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនជនសង្ស័យ ៨ នាក់ទៅតុលាការ ក្រោយបង្ក្រាបបានពេលកំពុងលួចនេសាទដោយឧបករណ៍ល្មើសច្បាប់នៅចំណុចកណ្ដាលបឹងទន្លេសាប ក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់។ នេះបើតាមនាយអធិការនៃអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប។

លោក មិត្រ សុខសុភ័ក្រ នាយអធិការនៃអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាបថ្លែងប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ នៅថ្ងៃទី ១០ មីនាថា ជនសង្ស័យ ៨ នាក់ ត្រូវ បានក្រុមការងារលោកសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកក្រគរ និងកម្លាំងចម្រុះខេត្ដពោធិ៍សាត់តាមប្រមាញ់ឃាត់ខ្លួនបានពេលពួកគេកំពុងលួចនេសាទដោយឧបករណ៍ល្មើសច្បាប់ រួមមាន អួនអូសទឹកសាប រួមផ្សំនឹងឆក់ នៅចំណុចកណ្ដាលបឹងទន្លេសាប ស្ថិតក្នុងស្រុកក្រគរ កាលពីអំឡុងម៉ោង ១០ ព្រឹកថ្ងៃទី ៩ មីនា។

លោកបានឱ្យដឹងថា ប្រតិបត្តិការនេះ ធ្វើឡើងក្រោយពីកម្លាំងចម្រុះបានតាមអង្កេតរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ៧ រហូតដល់ថ្ងៃទី ៩ ខែមីនា ដោយទទួលបានបទបញ្ជាពីលោកជាវតាយ អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តផងដែរ។

លោកថ្លែងថា៖ «ការបង្ក្រាបជនសង្ស័យបទល្មើសនេសាទនេះ ក្រោយកម្លាំងចម្រុះរបស់យើងបានតាមឃ្លាំមើលទាំងយប់ទាំងថ្ងៃទីតាំងយើងឃ្លាំមើលពេលខ្លះយើងសម្រាកនៅក្នុងភូមិ ពេលខ្លះនៅក្រៅភូមិទម្រាំយើងចាប់បាន។ ចំពោះជនល្មើសទាំង ៨ នាក់នេះ គឺយើងកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ឥឡូវយើងឃាត់ខ្លួនជនសង្ស័យនៅអធិការដ្ឋាននគរបាលស្រុកក្រគរបណ្ដោះអាសន្នសិន»។

លោកបានឱ្យដឹងថា បច្ចុប្បន្ននេះ ក្រុមការងារកំពុងស្នើសុំគោលការទៅគណៈបញ្ជាឯកភាពខេត្ដ ហើយលោកអភិបាលខេត្ដ នឹងមានគោលការណ៍បន្ថែមទៀតលើការបង្ក្រាបបទល្មើសនេសាទនេះ ខណៈក្រុមការងារកំពុងរង់ចាំទទួលវិធានការបន្ថែម។

បើតាមលោក សុខសុភ័ក្រ លទ្ធផលនៃការបង្ក្រាបនេះ បានចាប់ឃាត់ខ្លួនបុរសចំនួន ៨ នាក់ (ពួកគេរស់នៅក្នុងស្រុកក្រគរ ប៉ុន្ដែមានមួយចំនួនមិនចេះនិយាយភាសាខ្មែរទេ)។

រីឯវត្ថុតាងចាប់បានរួមមាន កាណូត ឬបាឡា សំបកឈើភ្ជាប់នឹងម៉ាស៊ីនម៉ាកដេហ្វូចំនួន៣គ្រឿង។ កាណូតឬបាឡាសំបកស្មាច់ ភ្ជាប់ម៉ាស៊ីនម៉ាក ហ៊ីណូតា ចំនួន ២ គ្រឿង។ កាណូតឬ បាឡាសំបកស្មាច់ ភ្ជាប់ម៉ាស៊ីនម៉ាកសាំយ៉ុងចំនួន ១ គ្រឿង និងអួនអូសទឹកសាបទំហំ ៣០ ម៉ែត្រ គុណ ២០ ម៉ែត្រ មានចំនួន ៤ វង់។ ខ្សែអូសទាញចំនួន ៤ ខ្សែប្រវែង ៤០០ ម៉ែត្រ។ ខ្សែភ្លើងរួមផ្សំ ចំនួន ៤ ប្រវែង ១២០ ម៉ែត្រ។ ត្រីចម្រុះទម្ងន់ ២០០ គីឡូក្រាម។

លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាថ្លែងអំណគុណដល់កម្លាំងអធិការខាងត្បូងបឹងទន្លេសាប និងអាជ្ញាធរខេត្តពោធិ៍សាត់ ដែលបានចុះបង្ក្រាបបទល្មើសឆក់ត្រីខុសច្បាប់នៅបឹងទន្លេសាប ដោយឃាត់ខ្លួនជនសង្ស័យទាំង ៨ នាក់នេះ។

លោកថ្លែងថា៖ «កាយវិការនេះ គឺពិតជាល្អប្រពៃណាស់ ដែលកម្លាំងយើងបានសហការនិងចុះធ្វើសកម្មភាពដូចភ្លៀងរលឹម។ ការនេសាទត្រីល្មើសច្បាប់បែបនេះ គឺជាអំពើនាំឱ្យមានការវិនាសហិនហោចធនធានធម្មជាតិ ត្រីនៅក្នុងបឹងទន្លេសាបរបស់យើង»។

លោកបញ្ជាក់ថា កត្ដាហិនហោចនេះ បណ្ដាលមកពីពលរដ្ឋទន្ទ្រានយកដីបឹងទន្លេសាបទៅធ្វើស្រែ ដោយប្រើប្រាស់ថ្នាំពុល កម្ចាត់សត្វល្អិត និងប្រើជីគីមី ហើយពេលត្រីរកចំណីស៊ីនៅតំបន់នោះត្រីនឹងពុល ហើយការកាប់ព្រៃអស់នៅតំបន់ទន្លេសាបក៏នាំឱ្យឈានទៅការវិនាសដល់ពូជត្រីផងដែរ។

លោកបានឱ្យដឹងថា តំបន់ដែលរក្សាទុកឱ្យត្រីញាស់ដើម្បីបញ្ជូនចេញមកខាងក្រៅគឺស្ថិតនៅតំបន់ទន្លេឆ្មារ ដែលមានផ្ទៃអភិរក្សទំហំ ១២ ០០០ ហិកតា ប៉ុន្ដែផ្ទៃទឹកមានជាង ៨ ពាន់ហិកតា។ ផ្ទៃទឹកនៅទន្លេឆ្មារនេះអាចផលិតកូនត្រីឬត្រីពងសម្រាប់ធ្វើចល័តបញ្ជូនទៅបឹងទន្លេសាប។

លោកបញ្ជាក់ថា៖ «យើងបានទៅដល់ទីនោះជម្រៅទឹកកន្លែងខ្លះនៅសល់ជម្រៅតែ ១ ម៉ែត្រទេ។ ប៉ុន្ដែនៅពេលត្រីញាស់ហើយតើអាចធ្វើដំណើរមកបឹងទន្លេសាបរួចទេគឺមកអត់រួចទេដោយសារអន្ទាក់ត្រីពីក្រុមអ្នកនេសាទរាប់រាយរាប់ពាន់អន្ទាក់នៅចំណុចច្រកចេញពីបឹងទន្លេឆ្មាទៅបឹងទន្លេសាបតែម្ដង»។

លោកបញ្ជាក់ថា ជាចំណុចគ្រោះអាសន្នបំផុតទៀតនោះគឺការនេសាទខុសច្បាប់ចូលទៅក្នុងតំបន់អភិរក្សនៅកណ្ដាលបឹងទន្លេសាប ដោយក្រុមអ្នកនេសាទបានបោះបង្គោលនៅតំបន់បីដែរ តំបន់នោះ គឺជាតំបន់អភិរក្ស មិនអនុញ្ញាតឱ្យនេសាទទេ។ ប៉ុន្ដែអ្នកនេសាទខុសច្បាប់ចូលទៅនេសាទក្នុងតំបន់នោះទាំងយប់ និងពេលថ្ងៃ។

ក្រៅពីនេះ លបសម័យទំនើបដោយក្រុមអ្នកនេសាទខុច្បាប់បានយកស្បៃមងឬស្បៃមុងទៅធ្វើលប ហើយលបនោះរាប់គីឡូដីហើយមានគន្លាតគ្នាមិនក្រោម ១០០-២០០ ម៉ែត្រទេ ហើយមានចម្ងាយរាប់គីឡូដី។ តាមច្បាប់របស់ជលផល ការនេសាទបែបនេះអនុញ្ញាតឱ្យដាក់ស្បៃមងឬមុងត្រឹមក្រឡាស្បៃទំហំ៣សង់ទីម៉ែត្រដើម្បីឱ្យចាប់តែត្រីធំៗ ចំណែកត្រីតូចអាចបន្តរស់នៅបាន។

លោកបានឱ្យដឹងថា ពេលចុះអង្កេតលោកសម្រាកនៅកណ្ដាលបឹងទន្លេសាប អំឡុងម៉ោង ៣ ទៀបភ្លឺមានទូកនេសាទជាច្រើនសុទ្ធតែទូកឆក់ត្រីបានចូលមកនេសាទនៅតំបន់អភិរក្សបឹងទន្លេសាប។

លោក សុខ ទូច បញ្ជាក់ថា៖ «ខ្ញុំធានា បើទប់អត់ទាន់ ២ ឆ្នាំទៀត គឺអស់តែម្ដង។ យើងឃើញប្រភេទត្រីធំៗដែលយើងបរិភោគនោះ គឺជាប្រភេទត្រីយកមកពីខាងក្រៅទេ។ នេះជាបញ្ហាគ្រោះថ្នាក់មែនទែន។ ខ្ញុំដឹងថាខ្ញុំគ្រោះថ្នាក់ ខ្ញុំដឹងថាខ្ញុំមានបញ្ហា ប៉ុន្ដែបើខ្ញុំមិនធ្វើ វានឹងវិនាស»៕

វីដេអូ៖