គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ.ជ.ប​) បានប្រកាស​ចាប់ផ្តើម​ដំណើរការ​រៀបចំ​ការបោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​អាណត្តិ​ទី ៥ កាលពី​ថ្ងៃទី​ ១៥ ខែកុម្ភៈ ឆ្នាំ​ ២០២២ ដែល​ការបោះឆ្នោត​នេះ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​ ៥ ខែមិថុនា ឆ្នាំ​ ២០២២​។ តាមរយៈ​ការបោះឆ្នោត​នេះ មាន​គណបក្ស នយោបាយ​ចំនួន​ ១៧ បាន​ដាក់​ពាក្យសុំ​ចុះបញ្ជី​បេក្ខជន​សរុប​ចំនួន ៨៤ ២០៨ ​រូប ក្នុង​នោះ​ស្ត្រី​សរុប​ចំនួន ២៦ ៥៨៤ រូប​ចូលរួម​ប្រកួត​ប្រជែង​។ លោក សោម សូរីដា អគ្គលេខាធិការរង និង​ជា​អ្នកនាំពាក្យ គ.ជ.ប បានផ្តល់​កិច្ចសម្ភាសន៍​ឱ្យ​ភ្នំពេញ​ប៉ុស្តិ៍ ពាក់ព័ន្ធ​នឹង​ដំណើរការ​រៀបចំ​ការបោះឆ្នោត ដែល​មាន​ខ្លឹមសារ​ដូចតទៅ​៖

តើ​អ្វី​ទៅជា​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ-​សង្កាត់ ?

ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ គឺជា​ការបោះឆ្នោត​ដោយ​ប្រជាពលរដ្ឋ ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ឃុំ សង្កាត់ ដែល​ត្រូវធ្វើ​រៀងរាល់ ៥ ​ឆ្នាំ​ម្ដង ជាទូទៅ​ជា​សកល ដោយ​សេរី​ត្រឹមត្រូវ និង​យុត្តិធម៌ ដោយ​ស្មើភាព ដោយ​ចំពោះ និង​ដោយ​សម្ងាត់ ស្របតាម​នីតិវិធី ដូច​មាន​ចែង​ក្នុង​ច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ បទបញ្ជា និង​នីតិវិធី សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់​។

តើ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ មាន​សារៈសំខាន់​យ៉ាងណាដែរ​?

ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ គឺ​ពិតជា​មាន​សារៈសំខាន់​ណាស់​ដើម្បី​ជ្រើសរើស​អង្គការ​តំណាង​ប្រជាពលរដ្ឋ​ក្នុង​ឃុំ សង្កាត់ ដែលមាន​បេសកកម្ម​បម្រើ​ផលប្រយោជន៍​ទូទៅ​ក្នុង​ឃុំ សង្កាត់​របស់ខ្លួន និង​គាំទ្រ​ដល់​ការអនុវត្ត​នយោបាយ​វិមជ្ឈការ សំដៅ​ជំរុញ​ការអភិវឌ្ឍ​ ដើម្បី​ឆ្លើយតប​តម្រូវការ​ជាក់ស្តែង​នៅតាម​មូលដ្ឋាន​។

តើ គ.ជ.ប បានរៀបចំ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា-​ឃុំ-​សង្កាត់​នេះ បាន​ប៉ុន្មាន​អាណត្តិ​មកហើយ​?

ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវបាន​រៀបចំ​ជា​លើកដំបូង សម្រាប់​អាណត្តិ​ទី​ ១ នៅ​ថ្ងៃទី​ ៣ ខែកុម្ភៈ ឆ្នាំ​ ២០០២ និង​បាន​បន្ត​រៀបចំ​ជា​ទៀងទាត់ រៀងរាល់​ ៥​ ឆ្នាំ​ម្តង តាម​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស​។ គិត​មកដល់​ឆ្នាំ​ ២០២២ នេះ គឺជា​អាណត្តិ​ទី​ ៥ នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ ហើយ​។ សូមបញ្ជាក់ថា ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ អាណត្តិ​ទី​ ៥ ឆ្នាំ​ ២០២២ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃអាទិត្យ ទី​ ៥ ខែមិថុនា ឆ្នាំ​ ២០២២​។

តើ គជប បាន​រៀនសូត្រ​បទពិសោធ​អ្វីខ្លះ​ពី​ការបោះឆ្នោត​ជា​បន្តបន្ទាប់​នាពេល​កន្លងមក​?

ជាការពិត​រាល់​ការបោះឆ្នោត​ម្តងៗ គ.ជ.ប តែងតែ​កត់ត្រា​នូវ​បញ្ហា​ប្រឈម​នានា ដែល​កើតឡើង​ក្នុងដំណាក់កាល​សំខាន់ៗ​នៃ​ដំណើរការ​រៀបចំ​ការបោះ​ឆ្នោត ជាអាទិ៍ ដំណាក់កាល​រៀបចំ​បញ្ជី​បោះឆ្នោត ដំណាក់កាល​ចុះបញ្ជី​បេក្ខជន គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​ដំណាក់កាល​ការបោះឆ្នោត​រាប់​សន្លឹកឆ្នោត និង​បូកសរុប​លទ្ធផល​នៃ​ការបោះឆ្នោត ។

ផ្អែកលើ​មតិយោបល់​ក្នុង​សន្និបាត​បូកសរុប​លទ្ធផល​នៃ​ការបោះឆ្នោត​លើ​ដំណោះស្រាយ​នៃ​បញ្ហា​ប្រឈម​ទាំងនោះ គ.ជ.ប បានធ្វើ​ការកែលម្អ​បទបញ្ជា និង​នីតិវិធី​សម្រាប់​ការបោះឆ្នោត សំដៅ​កែសម្រួល​រំហូរ​ការងារ ព្រមទាំង​លក្ខខណ្ឌ​បច្ចេកទេស​ពី​ការបោះឆ្នោត​មួយ​ទៅ​ការបោះឆ្នោត​មួយ​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​។

សម្រាប់​ការបោះឆ្នោត​ឃុំ​-​សង្កាត់​អាណត្តិ​ទី​ ៥ ដែល​ជិត​ចូលមក​ដល់​នេះ តើ គជប បានធ្វើ​ទំនើបកម្ម​អ្វីខ្លះ​?

​សម្រាប់​ការបោះឆ្នោត​ឆ្នាំ​ ២០២២ គ.ជ.ប បានធ្វើ​ទំនើបកម្ម​លើ​លក្ខខណ្ឌ​បច្ចេកទេស ដោយ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​ជា​ជំនួយ​ដល់​ដំណើរការ​អនុវត្ត​កិច្ចប្រតិបត្តិការ​បោះឆ្នោត​ដែល​រួមមាន ១- ការដាក់ឱ្យ​ប្រើប្រាស់​កម្មវិធី​រៀបចំ និង​ផ្ទៀងផ្ទាត់​បញ្ជី​បេក្ខជន​នៃ​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះឆ្នោត​។ ២-​ កម្មវិធី​ចេញ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​បម្រើឱ្យ​ការបោះឆ្នោត និង​ ៣- ​កម្មវិធី​ត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និង​បូកសរុប​លទ្ធផល​នៃ​ការបោះឆ្នោត ដើម្បី​បង្កើន​ទំនុកចិត្ត​លើ​ការបោះឆ្នោត និង​ធានា​នូវ​ប្រសិទ្ធភាព ប្រសិទ្ធផល និង​តម្លាភាព​ថែម​មួយកម្រិត​ទៀត​។

នៅ​រាល់​ការបោះឆ្នោត​ម្តងៗ គជប តែងតែ​ទទួលរង​នូវ​ការ​រិះគន់​ផង និង​ការសរសើរ​ផង​ពី​គណបក្សនយោបាយ និង​អង្គការ​សង្គម​ស៊ីវិល​លើ​ចំណុច​មួយចំនួន​ពាក់ព័ន្ធ​នឹង​ការ​គ្មាន​តម្លាភាព និង​សុក្រឹតភាព​។ តើ​លោក មាន​អ្វី​បកស្រាយ​ត្រង់ចំណុច​នេះ ?

ជាការ​ពិត នៅ​រៀងរាល់​ការបោះឆ្នោត​នីមួយៗ គ.ជ.ប តែង​ទទួលរង​នូវ​មតិ​រិះគន់ ឬ​ការចោទប្រកាន់​ពី​មជ្ឈដ្ឋាន​មួយចំនួន​ថា មិន​ឯករាជ្យ និង​អព្យាក្រឹត ដែល​នាំទៅដល់​ការមិន​ទទួល​ស្គាល់​លទ្ធផល​នៃ​ការបោះឆ្នោត ក៏ប៉ុន្តែ​ទន្ទឹមនឹង​នេះដែរ​ក៏​មានមតិ​ភាគច្រើន​លើសលប់​បាន​សាទរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ គ.ជ.ប ថា ជា​ស្ថាប័ន​បោះឆ្នោត​មួយ​ដែលមាន​វិជ្ជាជីវៈ​ហើយ​លទ្ធផល​នៃ​ការបោះឆ្នោត​ត្រូវបាន​រៀបចំឡើង​បាន​ត្រឹមត្រូវ​ទាំង​លើ​ទិដ្ឋភាព​ច្បាប់ ទាំង​លើ​ទិដ្ឋភាព​បច្ចេកទេស​។

ទោះជា​យ៉ាងណា គ.ជ.ប នៅតែ​បន្ត​អនុវត្ត​តួនាទី និង​ភារកិច្ច​របស់ខ្លួន​ក្នុង​ការរៀបចំ ចាត់ចែង និង​គ្រប់គ្រង​ការបោះឆ្នោត​តាម​ការកំណត់​នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ច្បាប់​ស្ដីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ច្បាប់​ស្ដីពី​ការបោះឆ្នោត បទបញ្ជា និង​នីតិវិធី​សម្រាប់​ការបោះឆ្នោត រួម​នឹង​លិខិតបទដ្ឋាន​គតិយុត្ត​ជាធរមាន​ផ្សេងទៀត ព្រោះ​អ្វីៗ​ដែល​បាន​ជម្រាបជូន​ខាងលើនេះ គឺជា​សូចនាករ​ដ៏សំខាន់ សម្រាប់​វាស់វែង​ឱ្យឃើញ​ពី​ឯករាជភាព អព្យាក្រឹតភាព​តម្លាភាព របស់ គ.ជ.ប រួម​នឹង​ភាពត្រឹមត្រូវ និង​នីត្យានុកូលភាព​នៃ​លទ្ធផល​បោះឆ្នោត​។

សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​អាណត្តិ​នេះ និង​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ ឆ្នាំ​ ២០២៣ តើ គ.ជ.ប មាន​ការប្តេជ្ញា​រៀបចំ​យ៉ាង​ដូចម្តេច ដើម្បី​ធ្វើឱ្យ​អាច​ទទួល​យក​បាន​ពី​គ្រប់​គណបក្ស​នយោបាយ​?

ចំពោះ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​ ៥ ឆ្នាំ​ ២០២២ និង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​ ៧ ឆ្នាំ​ ២០២៣ ទោះ​ត្រូវ​រៀបចំ​ក្នុង​បរិបទ​នៃ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ឬ​ក្នុងស្ថានភាព​សង្គម សេដ្ឋកិច្ច និង​នយោបាយ​មាន​ការវិវឌ្ឍ​បែបណា​ក្តី គ.ជ.ប នៅតែ​បន្ត​បេសកកម្ម​របស់ខ្លួន​តាម​ការកំណត់​នៃ​ច្បាប់ ពិសេស​គឺ​ការពង្រឹង​ភាពជា​ដៃគូ និង​កិច្ចសហការ​ល្អ​តាម​តួនាទី​ជាមួយ​គ្រប់ភាគី​ពាក់ព័ន្ធ​ដោយ​ជំរុញ និង​លើកទឹកចិត្ត​ឱ្យមាន​ការចូលរួម​ប្រកបដោយ​សុចរិត​ភាព​នៅក្នុង​ដំណើរ​ការរៀបចំ​ការបោះឆ្នោត​ពី​គណបក្ស​នយោបាយ សមាគម អង្គការ​សង្គម​ស៊ីវិល អាជ្ញាធរ​មាន​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់ និង​គ្រប់​វិស័យ​ដែល​ពាក់ព័ន្ធ​។

ចុងក្រោយ តើ​លោក​មាន​ពាក្យ​អ្វី​ផ្តាំផ្ញើ​ទៅ​ប្រជាពលរដ្ឋ គណបក្សនយោបាយ និង​ភាគី​ពាក់ព័ន្ធ​នានា​ពី​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​នេះ​?

ដើម្បី​អាច​ចូលរួម​បោះឆ្នោត​បាន ប្រជាពលរដ្ឋ​ខ្មែរ​ត្រូវ​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ផ្លូវការ​ឆ្នាំ​ ២០២១ និង​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ដែលមាន​សុពលភាព ឬ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ បម្រើឱ្យ​ការបោះឆ្នោត ដូច្នេះ​សូម​ប្រជាពលរដ្ឋ​ដែលមាន​សិទ្ធិ​បោះឆ្នោត​មេត្តា​ចូលរួម​បោះឆ្នោត​ទាំងអស់គ្នា ដើម្បី​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​របស់ខ្លួន និង​ដើម្បី​ជំរុញ​ការអភិវឌ្ឍ​ក្នុង​មូលដ្ឋាន​ឃុំ សង្កាត់​របស់ខ្លួន​។

ទន្ទឹមនឹងនេះ គ.ជ.ប សូម​អំពាវនាវ​ដល់​គ្រប់ភាគី​ពាក់ព័ន្ធ​ចូលរួម​សហការ​អនុវត្ត​តាម​តួនាទី​រៀងៗ​ខ្លួន​ប្រកប​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ព្រោះថា​ការពង្រឹង​កិច្ចសហការ ការចូលរួម​សហការ និង​ការគាំទ្រ​ប្រកបដោយ​សុចរិតភាព​ពី​គ្រប់ភាគី​ពាក់ព័ន្ធ ដែល​រួមមាន គណបក្ស​នយោបាយ អង្គការ​មិនមែន​រដ្ឋាភិបាល អ្នក​សារព័ត៌មាន​ជាតិ អន្តរជាតិ ព្រមទាំង​សាធារណជន​ទូទៅ គឺជា​កត្តា​មិនអាច​ខ្វះ​បាន​ក្នុង​ការកំណត់​ជោគជ័យ​នៃ​ការអនុវត្ត​លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស​នៅ​កម្ពុជា និង​ការពង្រឹង​ទំនាក់ទំនង និង​កិច្ចសហការ​ល្អ​ជាមួយ​អាជ្ញាធរ​ដែនដី និង​កងកម្លាំង​ប្រដាប់​អាវុធ​គ្រប់លំដាប់​ថ្នាក់ ធ្វើឱ្យ​ដំណើរការ​នៃ​ការរៀបចំ​ការបោះឆ្នោត​ធានាបាន​នូវ​សុខសន្តិភាព សុវត្ថិភាព​សណ្ដាប់ធ្នាប់​សាធារណៈ​ល្អ និង​គ្មាន​អំពើហិង្សា​៕