បាត់ដំបងៈ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃស្នើឱ្យក្រុមការងាររាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តបាត់ដំបងចុះបើកវេទិកាសាធារណៈ ដើម្បីដោះស្រាយនូវរាល់ទុក្ខលំបាក និងបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋឱ្យបានគ្រប់ភូមិនៅក្នុងខេត្តនេះ។
ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២១ និងលើកទិសដៅការងារឆ្នាំ ២០២២ របស់រដ្ឋបាលខេត្តបាត់ដំបងនៅថ្ងៃទី ១០ ខែមីនា លោក ស ខេង ថ្លែងថា៖ «យើងគួរបើកយុទ្ធនាការវេទិកាសាធារណៈឱ្យបានគ្រប់ភូមិ ព្រោះបើធ្វើមួយឃុំក្រែង (មនុស្ស) ច្រើនពេក អ៊ីចឹងអាចចុះទៅភូមិរៀបចំនៅក្រោមដើមឈើ ក្រោមកុដិលោក ឬសាលារៀននាថ្ងៃទំនេរសៅរ៍-អាទិត្យ ដើម្បីស្ដាប់សំណើសំណូមពរ និងកង្វល់ប្រជាពលរដ្ឋ»។
លោកបន្តថា បញ្ហាអ្វីដែលអាចដោះស្រាយបាននៅនឹងកន្លែងត្រូវដោះស្រាយ ហើយត្រូវមានរបាយការណ៍ដោះស្រាយបានអ្វីនៅសេសសល់អ្វី ហើយសូមថា ធ្វើម៉េចកុំឱ្យពលរដ្ឋគាត់ខ្លាច ត្រូវបំផុសឱ្យគាត់ហ៊ាននិយាយ ហ៊ានថា ជាមួយអាជ្ញាធរហើយអាជ្ញាធរត្រូវប្រកាន់អាកប្បកិរិយាបម្រើគាត់ គាត់ជាចៅហ្វាយនាយមិនមែនអាជ្ញាធរចុះទៅជាអ្នកធំ គាត់ជាអ្នកតូចតាចនោះទេ។ លោកស្នើឱ្យយុទ្ធនាការនេះ ត្រូវរៀបចំឱ្យបានចប់សព្វគ្រប់នៅពាក់កណ្ដាលខែមេសា ឬសប្ដាហ៍ទី ៣ នៃខែមេសា ឆ្នាំ ២០២២ ពោលគឺឱ្យបានមុនយុទ្ធនាការឃោសនារកសំឡេងឆ្នោត។ លោកថា ការរៀបចំវេទិកាសាធារណៈនេះជាការភ្ជាប់ភាពជាក់ស្ដែងនៃការបំពេញការងាររបស់មន្ត្រី និងជីវភាពរស់នៅរបស់ពលរដ្ឋ។
លោក សុខ លូ អភិបាលខេត្តបាត់ដំបងប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១០ ខែមីនាថា លោក ស ខេង ស្នើឱ្យរដ្ឋបាលខេត្ត និងក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបាត់ដំបងចុះធ្វើយុទ្ធនាការវេទិកាសាធារណៈឱ្យបានគ្រប់ភូមិនេះ គឺជារឿងល្អបំផុត ព្រោះលោកចង់ឱ្យមន្ត្រីដឹងសុខទុក្ខរបស់ប្រជាពលរដ្ឋ។ លោកបន្តថា រដ្ឋបាលខេត្តធ្វើវេទិកាសាធារណៈកន្លងមក គឺមិនបានគ្រប់ភូមិនោះទេ ពោលគឺធ្វើជាបណ្តុំៗនៅតាមស្រុក និងឃុំ ដោយប្រមូលប្រជាពលរដ្ឋពីគ្រប់ភូមិឱ្យចូលរួម។
លោកថ្លែងថា៖ «ការរៀបចំវេទិកាឱ្យមានគ្រប់ភូមិនេះ គឺចង់ដឹងពីប្រជាពលរដ្ឋជួបការលំបាក និងសំណូមពរអ្វីខ្លះមកកាន់មន្ត្រីយើង។ ខ្ញុំគិតថា នេះគឺជារឿងល្អបំផុត។ ក្នុងនាមរដ្ឋបាលខេត្ត យើងមានក្រុមការងាររដ្ឋបាលខេត្ត និងក្រុមការងាររបស់រាជរដ្ឋាភិបាលចុះតាមបណ្តាឃុំ-សង្កាត់ និងស្រុកទាំងអស់ យើងនឹងចាត់ចែងរៀបចំកម្មវិធី ដើម្បីចុះទៅធ្វើតាមភូមិ»។ បើតាម លោក សុខ លូ ការចុះធ្វើវេទិកាគ្រប់ភូមិនេះ ដើម្បីដោះស្រាយនូវរាល់បញ្ហា និងសំណូមពររបស់ប្រជាពលរដ្ឋ តាមស្ថានភាពជាក់ស្តែង គឺបញ្ហាណាដែលត្រូវដោះស្រាយបាននៅនឹងកន្លែង គឺក្រុមការងារនឹងដោះស្រាយ ប៉ុន្តែការងារណាដែលមិនអាចដោះស្រាយបាននឹងធ្វើជារបាយការណ៍ជូនលោក ស ខេង។
លោក សុខ សុខុម ប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជា (CNRO) សម្តែងការគាំទ្រដោយលោកថ្លែងថា បញ្ហាប្រឈមរបស់ប្រជាពលរដ្ឋនៅតាមភូមិឃុំ មិនមែនមានតែនៅក្នុងខេត្តបាត់ដំបងមួយទេ គឺគ្រប់ភូមិនៅទូទាំងប្រទេស ដែលសមត្ថកិច្ចគួរធ្វើការដោះស្រាយ។
លោកបន្តថា ប្រជាពលរដ្ឋមានបញ្ហា និងជួបទុក្ខលំបាកបានដាក់ពាក្យស្នើសុំអន្តរាគមន៍ដោះស្រាយពីអាជ្ញាធរពាក់ព័ន្ធ និងអ្នកខ្លះទៀតមិនបានដាក់ទេ ដូច្នេះការលើកឡើង និងវិធានការរបស់លោក ស ខេង ឱ្យមានយុទ្ធនាការរៀបចំវេទិកាសាធារណៈនៅគ្រប់ភូមិ ពេលនោះប្រជាពលរដ្ឋកាន់តែច្រើនលើកឡើងបញ្ហានានា។ «យើងរួមគ្នាដោះស្រាយនៅពេលនោះ ពីព្រោះបញ្ហាទាំងអស់របស់ប្រជាពលរដ្ឋ ក៏ជាបញ្ហារបស់អាជ្ញាធរមូលដ្ឋានដែរ ហើយបើយើងមិនរួមគ្នាដោះស្រាយទេ បញ្ហាហ្នឹង វានឹងរីកពីតូចកាន់តែធំហើយដល់កាន់តែធំវាផ្ទុះ ឮដល់ថ្នាក់លើនឹងមានបញ្ហាថា ថ្នាក់ក្រោមហ្នឹងធ្វើអី មិនព្រមដោះស្រាយ បើយើងដោះស្រាយពីតូច វានឹងចប់»៕