ភ្នំពេញៈ អាជ្ញាធរ​មីន​នៅ​ថ្ងៃទី​ ១០ ​មីនា​បានប្រកាស​ផ្សព្វផ្សាយ​ដល់​ប្រតិបត្តិករ​ និង​ភាគី​ពាក់ព័ន្ធ​ឱ្យប្រើប្រាស់​ជា​ផ្លូវការ​នូវ​ផែនការ​បញ្ជ្រាប​យេនឌ័រ​ក្នុង​វិស័យ​សកម្មភាព​មីន​ (GMAP) ២០២១-២០២៥ ដែលជា​ផ្នែក​នៃ​ការរៀបចំ​ផែនការ​សកម្មភាព​ និង​ការប្រើប្រាស់​សូចនាករ​ដែល​បានកំណត់​ជា​ឧបករណ៍​លើ​ការត្រួតពិនិត្យ​តាមដាន​ និង​វាយតម្លៃ​លើ​សកម្មភាព​របស់​ខ្លួន​។

លោក​ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​ ១ អាជ្ញាធរ​មីន​បាន​ដឹកនាំ​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ​ផែនការ​បញ្ជ្រាប​យេនឌ័រ​ក្នុង​វិស័យ​សកម្មភាព​មីន (GMAP) ២០២១-២០២៥ ​នេះ ដោយ​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​អាជ្ញាធរ​មីន​តំណាង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ក្រុម​ការងារ​ផែនការ​សកម្មភាព​មីន​ (​ម៉ាពូ​) ២៥ រាជធានី​-​ខេត្ត និង​ប្រតិបត្តិករ​បោសសម្អាត​មីន​ផងដែរ​។

លោក​ថ្លែងថា​៖ «​សិក្ខាសាលា​នេះ​គឺ​ដើម្បី​ប្រកាស​ផ្សព្វផ្សាយ​ដល់​ប្រតិបត្តិករ​ និង​ភាគី​ពាក់ព័ន្ធ​ឱ្យប្រើប្រាស់​ជា​ផ្លូវការ​នូវ GMAP ​និង​ជំរុញ​ឱ្យ​គ្រប់ភាគី​ចូលរួម​អនុវត្ត​ការបញ្ជ្រាប​យេនឌ័រ​​ក្នុង​វិស័យ​មីន​ដោយ​ប្រើប្រាស់​ GMAP ​នេះ​ជា​ឯកសារ​គោល​ក្នុងការ​រៀបចំ​ផែនការ​សកម្មភាព​ និង​ការប្រើប្រាស់​សូចនាករ​ដែល​បានកំណត់​ជា​ឧបករណ៍​​ដើម្បី​ត្រួតពិនិត្យ​តាមដាន និង​វាយតម្លៃ​លើ​សកម្មភាព​របស់​ខ្លួន​»​។

លោក​លើកឡើងថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្តេជ្ញាចិត្ត​ពង្រឹង​សមភាព​​យេនឌ័រ​នៅ​គ្រប់​កម្រិត និង​គ្រប់​វិស័យ​​ និង​ពង្រឹង​តួនាទី​ស្ត្រី​ដែលជា​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ច​ និង​សង្គមជាតិ​ដោយ​ដាក់បញ្ចូល​ការបញ្ជ្រាប​យេនឌ័រ​ទៅក្នុង​គោលនយោបាយ​ជាតិ និង​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​សំខាន់ៗ​។

ការបញ្ជ្រាប​យេនឌ័រ​ក្នុង​វិស័យ​សកម្មភាព​មីន​ត្រូវបាន​កំណត់​ជា​គោលដៅ​ដ៏សំខាន់​មួយ​នៅក្នុង​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​សកម្មភាព​មីន ២០១៨-២០២៥ ដែលជា​ផែនទី​បង្ហាញផ្លូវ​ដល់​គ្រប់​ប្រតិបត្តិករ​សកម្មភាព​មីន​ជាតិ​-​អន្តរជាតិ​រួមទាំង​ក្រសួង​ស្ថាប័ន ដៃគូ​អភិវឌ្ឍន៍ និង​ភាគី​ពាក់ព័ន្ធ​ផ្សេងទៀត​។

លោក​ លី ធុជ បញ្ជាក់ថា អាជ្ញាធរ​មីន ដែលជា​សេនាធិការ​ឱ្យ​រាជរដ្ឋាភិបាល​ក្នុង​ការសម្របសម្រួល​វិស័យ​សកម្មភាព​មីន​នៅ​កម្ពុជា​បាន​សហការ​ជាមួយ​គ្រប់ភាគី​ពាក់ព័ន្ធ​ធ្វើ​បច្ចុប្បន្នភាព​ ​និង​កសាង​ផែនការ​បញ្ជ្រាប​យេនឌ័រ​​ក្នុង​វិស័យ​សកម្មភាព​មីន​ (GMAP) ២០២១-២០២៥ ស្របតាម​អាណត្តិ​របស់​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​សកម្មភាព​មីន​។

លោក​បានឱ្យដឹងថា ការធ្វើ​បច្ចុប្បន្នភាព និង​កសាង​ផែនការ​បញ្ជ្រាប​យេនឌ័រ គឺ​ដើម្បី​ធានាថា សេចក្តី​កង្វល់ បទពិសោធ និង​តម្រូវការ​របស់​ស្ត្រី បុរស កុមារី កុមារា និង​ជន​មាន​ពិការភាព​ត្រូវបាន​យកចិត្ត​ទុកដាក់​។

លោក​ លី ធុជ បាន​ថ្លែងអំណរគុណ​​ចំពោះ​កិច្ចសហការ​ល្អ​ពី​គ្រប់​ក្រសួង​ស្ថាប័ន​ដៃគូ​អភិវឌ្ឍន៍​ប្រតិបត្តិករ​សកម្មភាព​មីន​ជាតិ-​អន្តរជាតិ និង​ភាគី​ពាក់ព័ន្ធ​ក្នុង​ការផ្តល់​ធាតុ​ចូល និង​អនុសាសន៍​​ដ៏​មានតម្លៃ​មកកាន់​អាជ្ញាធរ​មីន ជាពិសេស​ UNDP ដែល​បានផ្តល់​ការគាំទ្រ​ទាំង​ផ្នែក​បច្ចេកទេស និង​ហិរញ្ញវត្ថុ​​សម្រាប់​ការកសាង​ផែនការ​នេះ​។

លោក​ជឿជាក់ថា គ្រប់ភាគី​ពាក់ព័ន្ធ​នឹង​បន្ត​ចូលរួម​អនុវត្ត​ផែនការ​បញ្ជ្រាប​យេនឌ័រ​ក្នុង​វិស័យ​សកម្មភាព​មីន ២០២១-២០២៥ នេះ​ប្រកបដោយ​​ជោគជ័យ ប្រសិទ្ធភាព​។

បើតាម​អាជ្ញាធរ​មីន ផែនការ​បញ្ជ្រាប​យេនឌ័រ​ក្នុង​វិស័យ​សកម្មភាព​មីន​រយៈពេល​ ៥​ ឆ្នាំនេះ នឹងត្រូវ​ប្រើប្រាស់​ជា​ផែនទី​បង្ហាញផ្លូវ​សម្រាប់​អាជ្ញាធរ​មីន ប្រតិបត្តិករ និង​ភាគី​ពាក់ព័ន្ធ​ដើម្បី​ជួយ​ដល់​ដំណើរការ​បញ្ជ្រាប​យេនឌ័រ​ក្នុង​ការធ្វើផែនការ ប្រតិបត្តិការ ការត្រួតពិនិត្យ និង​ការវាយតម្លៃ​កម្មវិធី​សកម្មភាព​មីន​ទាំងអស់​។

GMAP ២០២១-២០២៥ ត្រូវបាន​កំណត់​ជា​យុទ្ធសាស្ត្រ​ចំនួន​ ៣ ​ក្នុងនោះ ទី​ ១- ​ធ្វើ​បច្ចុប្បន្នភាព និង​ពង្រឹង​ការអនុវត្ត​ GMAP ​និង​គោលការណ៍​ណែនាំ​ស្តីពី​ការបញ្ជ្រាប​យេនឌ័រ​ក្នុង​វិស័យ​សកម្មភាព​មីន​។ ទី​ ២-​ ពង្រឹង​សមត្ថភាព​អាជ្ញាធរ​មីន ម៉ាពូ​ប្រតិបត្តិករ អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ និង​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ការអនុវត្ត​គោលការណ៍​ណែនាំ​ស្តីពី​ការបញ្ជ្រាប​យេនឌ័រ​ក្នុង​វិស័យ​សកម្មភាព​មីន និង​យុទ្ធសាស្ត្រ ទី​ ៣ ​លើកកម្ពស់​ការចូលរួម​ដោយ​ស្មើភាព​របស់​ស្ត្រី​ក្នុង​ដំណើរ​សកម្មភាព​មីន​ក្នុង​សេវាកម្ម​សម្រាប់​អ្នក​នៅ​រស់រាន​មាន​ជីវិត ការអប់រំ​អំពី​គ្រោះថ្នាក់​ដោយសារ​មីន និង​យុទ្ធភណ្ឌ​គ្រឿងផ្ទុះ និង​ក្នុង​សកម្មភាព​ស្វែងរក​ការគាំទ្រ​មតិ​។

លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា (​ស៊ីម៉ាក់​) ​បានឱ្យដឹងថា អង្គភាព​ស៊ីម៉ាក់​បច្ចុប្បន្ន​មាន​កងកម្លាំង​ជំនាញ​ជា​ស្ត្រី​ចំនួន​ជាង​ ៣០០ ​នាក់​ស្មើនឹង​ប្រមាណ​ជាង​ ១៦​ ភាគរយ​នៃ​កម្លាំង​ជំនាញ​សរុប​របស់​ស៊ីម៉ាក់​។ លោក​ថ្លែងថា​៖ «​អង្គភាព​បន្ត​ខិតខំ​លើកកម្ពស់​យេនឌ័រ​តាម​គ្រប់​កម្លាំង​ជំនាញ​របស់ខ្លួន​»​។

បើតាម​លោក ហេង រតនា កម្លាំង​អង្គភាព​ស៊ីម៉ាក់​ជា​ស្ដ្រី ១ ​រូប គឺ​លោកស្រី គួន សុផល ដែលជា​អ្នកជំនាញ​​ដោះមីន​បាន​ធ្លាក់ខ្លួន​ពិការ​ដៃ​ម្ខាង​ដោយសារ​គ្រោះថ្នាក់​ក្នុង​ការធ្វើ​ដំណើរ​ទៅ​បោសសម្អាត​មីន​នៅ​ទិស​​ប្រាសាទព្រះវិហារ​។

លោក​បាន​បញ្ជាក់ថា សុផល បាន​​រំឭក​ដោយមាន​មោទនភាព​ដែល​បានទទួល​មេដាយមាស​ការងារ​ពី​លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ​លើ​ការងារ​បោសសម្អាត​មីន​របស់គាត់​៕