ភ្នំពេញៈ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បានចាត់ទុក​គ្រោះថ្នាក់​ចរាចរណ៍​ថា នៅតែ​ជា​បញ្ហា​ប្រឈម​ខ្លាំង​ និង​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​សូម​ចូលរួម​គោរព និង​អនុវត្ត​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​ឱ្យបាន​គ្រប់ពេល​ធ្វើដំណើរ ខណៈ​ក្នុង​ខែកុម្ភៈ​មាន​អ្នកស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ជិត​ ១៥០ ​នាក់​។

យោងតាម​របាយការណ៍​ផ្ដល់​ដោយ​មន្ត្រី​ជំនាញ​នៃ​ក្រសួងមហាផ្ទៃ ដែល​បង្ហាញ​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក ស ខេង កាលពី​ថ្ងៃទី​ ១០​ មីនា​បាន​ឱ្យដឹងថា នៅក្នុង​ខែកុម្ភៈ ឆ្នាំ​ ២០២២​ នេះ​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ទូទាំង​ប្រទេស​ចំនួន​ ២៥៦​ លើក​បណ្ដាល​ឱ្យមាន​អ្នកស្លាប់ ​១៤៣ ​នាក់ និង​របួស​ ៣៤៩ ​នាក់ ក្នុងនោះ​របួសធ្ងន់​ ២១៩ ​នាក់​។

ស្ថានភាព​នេះ​បើ​ប្រៀបធៀប​នឹង​ខែមករា គឺ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បាន​ថយចុះ​ចំនួន​ ៨៧​ លើក ស្លាប់​ថយ​ ៥២ ​នាក់ និង​របួស​ថយចុះ​ ១០៤ ​នាក់​។ ប៉ុន្តែ​ចំនួន​នេះ បើ​ប្រៀបធៀប​នឹង​ខែកុម្ភៈ ឆ្នាំ​ ២០២១ ​វិញ គឺមាន​ការកើនឡើង​ចំនួន ​៥​ លើក ស្លាប់​កើនឡើង ​១៦ ​នាក់ ឯ​ករណី​រងរបួស​បាន​ថយចុះ​ ៦៦​ នាក់​។

របាយការណ៍​បញ្ជាក់ថា​៖ «​ជារួម​ស្ថានភាព​គ្រោះថ្នាក់​ចរាចរណ៍​នៅតែ​ស្ថិត​ក្នុង​ការប្រឈម​ខ្ពស់​នៅឡើយ ទាំង​ចំនួន​ករណី​អ្នកស្លាប់ និង​អ្នករងរបួស ដែល​ក៏​អាចឱ្យ​យើង​ប្រៀបធៀប​បាន​ថា មាន​កម្រិត​ខ្ពស់ជាង​អ្នកស្លាប់​ដោយ​ជំងឺ​កូវីដ​ ១៩ នៅ​កម្ពុជា​នា​បច្ចុប្បន្ននេះ និង​គ្រោះថ្នាក់​សង្គម​ផ្សេងទៀត​»​។

ក្នុងចំណោម​ការប្រឈម​នៃ​ស្ថានភាព​គ្រោះថ្នាក់​ចរាចរណ៍​នេះ​មន្ត្រី​ជំនាញ​បាន​កត់សម្គាល់​ឃើញថា​បញ្ហា​ធំជាងគេ គឺ​ការមិន​គោរព​ច្បាប់ ដូចជា​ការបើកបរ​ធ្វេសប្រហែស ការបើកបរ​លឿន​ការបើកបរ​មិន​គោរព​សិទ្ធិ មិន​ប្រកាន់​ស្តាំ ការបើក​បរជែង បត់​ឆ្វេង​-​ស្តាំ​មិន​ប្រយ័ត្ន និង​បើកបរ​ពេល​ស្រវឹង​ជាដើម​។ ជាមួយ​នឹង​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នេះ​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​ជំរុញ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​បង្កើន​ការរៀបចំ​ឱ្យមាន​គំនូស​សញ្ញា ភ្លើង​សញ្ញា​ និង​ស្លាក​សញ្ញា​ចរាចរណ៍​ផ្សេងៗ​ឱ្យបាន​គ្រប់គ្រាន់​តាម​ដងផ្លូវ ដើម្បី​ក្រើនរំឭក និង​ពញ្ញាក់​អារម្មណ៍​អ្នកបើកបរ​ឱ្យ​គោរព​ច្បាប់ និង​មានការ​ប្រុងប្រយ័ត្ន ព្រមទាំង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​។

ការជំរុញ​បែបនេះ​ក៏​ព្រោះតែ​លោក​មើលឃើញ​ថា បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នៅតែ​ជា​កត្តា​ប្រឈម​ខ្លាំង​សម្រាប់​កម្ពុជា បើទោះជា​ស្ថានភាព​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ខែកុម្ភៈ​ឆ្នាំ​ ២០២២ ​នេះ ចំនួន​គ្រោះថ្នាក់​មានការ​ថយចុះ​ជាង​ខែមករា ប៉ុន្តែ​ករណី​ស្លាប់ បាន​កើនឡើង​ធៀប​នឹង​ខែកុម្ភៈ ឆ្នាំ​ ២០២១ និង​ចំនួន​អ្នករងរបួស​បាន​ថយចុះ​។

លោក​បញ្ជាក់ថា​៖ «​ជាថ្មី​ម្ដងទៀត ខ្ញុំ​សូម​អំពាវនាវ​បងប្អូន​ជនរួមជាតិ សូម​ចូលរួម​គោរព និង​អនុវត្ត​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​ឱ្យបាន​គ្រប់ពេល​ធ្វើដំណើរ​មាន​ស្មារតី​ប្រុងប្រយ័ត្ន យោគយល់​អធ្យាស្រ័យ​ដើម្បី​ការពារ​សេចក្ដីសុខ​ខ្លួន​យើង អ្នកដទៃ និង​រួមចំណែក​កាត់បន្ថយ​ហានិភ័យ​ខ្លាំង​ដល់​ជីវិត​ពលរដ្ឋ​យើង​»​។

លោក​បញ្ជាក់​បន្តថា​៖ «​ខ្ញុំ​ក៏​សូម​ក្រើនរំឭក​ដល់​មន្ត្រី​មាន​សមត្ថកិច្ច​ដឹកនាំ និង​ប្រតិបត្តិ​ការអនុវត្ត​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​ទាំងអស់ បង្កើន​ និង​បន្ត​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ឱ្យបាន​សកម្ម គ្មាន​ការលើកលែង ឬ​យោគយល់​អ្វី​ទាំងអស់ ពីព្រោះ​នេះ​ជា​ភារកិច្ច​ការពារ​សេចក្ដី​សុខ​សុវត្ថិភាព និង​អាយុជីវិត​ប្រជាពលរដ្ឋ​»​។

ក្រៅពី​ជំរុញ​បែបនេះ លោក ស ខេង ក៏បាន​រំឭក​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ ដើម្បី​សុវត្ថិភាព តាម​ពាក្យស្លោក​ដែល​រដ្ឋាភិបាល​បានដាក់​ចេញ ដោយ​ធ្វើយ៉ាងណា​ចូលរួម​កាត់បន្ថយ និង​ទប់ស្កាត់​ចំនួន​អ្នកស្លាប់ និង​អ្នក​របួស​នៅក្នុង​ប្រទេស​។

លោក គឹម បញ្ញា​នាយក​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​ប្រចាំ​នៅ​កម្ពុជា​បាន​យល់ស្រប​ថា បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នៅក្នុង​ប្រទេស​បាន​ក្លាយជា​បញ្ហា​ប្រឈម​ឡើងវិញ​ និង​ជា​កត្តា​ភ័យព្រួយ​បារម្ភ​ជាង​ជំងឺ​កូវីដ ​១៩ ​ទៅទៀត ព្រោះ​ចំនួន​អ្នកស្លាប់​ និង​របួស​នៅតែ​បន្ត រក្សា​តួលេខ​ស្លាប់​ខ្ពស់​ខណៈ​ជំងឺ​កូវីដ​ស្ទើរតែ​គ្មាន​អ្នកស្លាប់​ទាល់តែ​សោះ​នៅក្នុង​ថ្ងៃ​ខ្លះ​។

លោក​បាន​រៀបរាប់ថា​៖ «​ការជំរុញ​របស់​សម្តេច​ក្រឡា​ហោម គឺជា​ចំណុច​ល្អ​ដើម្បីឱ្យ​ប្រជាពលរដ្ឋ​របស់​យើង​លោក​បានទទួល​នូវ​ព័ត៌មាន ព្រោះ​ការបំពាក់​ស្លាក​សញ្ញា​ចរាចរណ៍ គឺ​ដើម្បីឱ្យ​អ្នកបើកបរ​គាត់​បានដឹងថា ផ្លូវ​ណា​ផ្លូវ​កោង​ផ្លូវ​ណា​ត្រូវ​ប្រើ​ល្បឿន​ប៉ុន្មាន​? ផ្លូវ​ណា​ដែល​ហាម​វ៉ា​ជែង​ជាដើម​»​។

យ៉ាងណា​លោក​ គឹម បញ្ញា ​យល់ថា​ ការអនុវត្ត​ការរឹតបន្ដឹង​ច្បាប់​របស់​មន្ត្រី​ឱ្យបាន​ញឹកញាប់​គឺ​នៅតែ​កត្តា​សំខាន់​ ខណៈ​ក្នុង​ដំណាក់កាល​នេះ ការបំពាក់​ស្លាក​សញ្ញា​ចរាចរណ៍​ទាំងនេះ​គួរតែ​ធ្វើឡើង​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​នៅ​ទីតាំង​សំខាន់ៗ​មួយចំនួន ជាពិសេស​កន្លែង​ដែលមាន​គ្រោះថ្នាក់​ចរាចរណ៍​ញឹកញាប់​៕

វីដេអូ៖