ភ្នំពេញៈ ​គណបក្ស​កម្ពុជា​និយម​បាន​ចោទ​លោកស្រី វ៉ា សារឿន មេឃុំ​កន្សោម​អក ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ថា​បានធ្វើការ​ខុសពី​តួនាទី​ដោយ​គំរាមកំហែង និង​ដាក់សម្ពាធ​តាមរយៈ​ការកោះហៅ​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត ​២ ​រូប​ឱ្យ​ទៅ​ជួប​នៅឯ​ទីស្នាក់ការ​ឃុំ​។ ប៉ុន្តែ លោកស្រី បាន​បដិសេធ​ចំពោះ​ការចោទប្រកាន់​នេះ​ថា មិន​ត្រឹមត្រូវ​ និង​ជា​រឿង​មិន​ពិត ។

លោក​ សុខ ប៉េងឡុង ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​នៃ​គណបក្ស​កម្ពុជា​និយម​ប្រាប់​ភ្នំពេញ​-​ប៉ុស្តិ៍​នៅ​ថ្ងៃទី ១០ ខែមីនា ថា លោកស្រី វ៉ា សារឿន មេឃុំ​កន្សោមអក រួមជាមួយ​នឹង​អភិបាលរង​ស្រុក និង​អធិការ​ស្រុក​ផងដែរ បានមក​ជ្រៀតជ្រែក សម្លុត​គំរាមកំហែង ទិញ​ទឹកចិត្ត​ឱ្យ​ចុះចូល និង​បាន​ជ្រៀតជ្រែក​ការងារ​របស់​គណៈកម្មការ​ឃុំ​សង្កាត់​រៀបចំ​ការបោះឆ្នោត​ថែមទៀត ហើយ​មាន​ទាំង​ចេញ​លិខិត​កោះហៅ​បេក្ខជន​មកពី​សមាជិក​គណបក្ស​​កម្ពុជា​និយម​ផងដែរ​។

លោក​បន្តថា ទង្វើ​នេះ​បាន​ផ្ទុយ​ពី​នីតិវិធី​ក្នុង​កិច្ចការ​បោះឆ្នោត​ជាខ្លាំង​។ ​នេះ​ជា​សកម្មភាព​មួយ​ដែល​គណបក្ស​ទទួលយក​មិនបាន និង​បាន​ស្នើសុំ​ឱ្យមាន​ចំណាត់ការ​ជាបន្ទាន់​ចំពោះ​អាជ្ញាធរ ឃុំ កន្សោមអក ដែល​បាន​ប្រើប្រាស់​លើស​ដែន​សមត្ថកិច្ច​របស់ខ្លួន​។ លោក​ថ្លែងថា​៖ «​ប្រសិនបើ​គ្មាន​ចំណាត់ការ​ណាមួយ​ចំពោះ​រឿងនេះ​ទេ នោះ​បញ្ជាក់ថា ​ការបោះឆ្នោត​ក្នុង​ឃុំ​សង្កាត់​នោះ​​មិនមាន​តម្លាភាព និង​យុត្តិធម៌​ឡើយ​។

បើតាម លោក សុខ ប៉េងឡុង មិនមែន​មានតែ​នៅក្នុង​ឃុំ​នេះ មួយ​ទេ ប៉ុន្តែ​បេក្ខជន​ឈរឈ្មោះ​មកពី​គណបក្ស​របស់លោក​នៅក្នុង​ឃុំ សង្កាត់​ផ្សេងទៀត​ក៏​ទទួលរង​សម្ពាធ​ពី​អាជ្ញាធរ​ដែរ ក្នុង​នោះ​បេក្ខជន​របស់លោក​នៅ ឃុំ​រាម ឃុំ​អូរឧកញ៉ាហេង និង​ឃុំ​បឹង​តាព្រហ្ម ខេត្ត​ព្រះសីហនុ​បាន​ទទួលរង​សម្ពាធ​ក៏​ស្នើសុំ​ឈប់ ចំណែកឯ​នៅ​ឃុំ​បល្ល័ង្ក ខេត្ត​កំពង់ធំ និង​សង្កាត់​គោកចក ខេត្ត​សៀមរាប រងសម្ពាធ​តាមរយៈ​ការគំរាម​ដក​បណ្ណ​ក្រីក្រ និង​មិន​ដោះស្រាយ​បញ្ហា​ជូន​ជាដើម​។

ទោះជា​យ៉ាងណា លោកស្រី វ៉ា សារឿន មេឃុំ​កន្សោម​អក បាន​បដិសេធ​ចំពោះ​ការចោទប្រកាន់​ទាំងនេះ​។ ​លោកស្រី​ថា​តាមពិត​កាលពី​ថ្ងៃទី​ ៣ មីនា ឆ្នាំ ​២០២២ មាន​ប្រជាពលរដ្ឋ​មួយចំនួន​បានមក​ដាក់​បណ្តឹង​នៅ​សាលាឃុំ ដើម្បី​ឱ្យ​តំណាង​គណបក្ស​កម្ពុជា​និយម​លុប​ឈ្មោះ​ពួកគាត់​ចេញពី​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​របស់​គណបក្ស​កម្ពុជា​និយម​។ ​បន្ទាប់ពីនោះ​លោកស្រី​បាន​កោះហៅ​តំណាង​គណបក្ស​កម្ពុជា​និយម ឈ្មោះ​ ស៊ុំ ជុន ឱ្យមក​ឃុំ ដើម្បី​សម្របសម្រួល​ជាមួយនឹង​បេក្ខជន​ចំនួន​ ៦ ​នាក់​។

លោកស្រី​បន្តថា មុន​ការដាក់​បញ្ជី​បេក្ខជន​ទៅ​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត​ឃុំ​សង្កាត់ លោកស្រី​បាន​ហៅ​តាម​ទូរស័ព្ទ​ទៅ​តំណាង​គណបក្ស​កម្ពុជា​និយម​ឈ្មោះ ស៊ុំ ជុន ឱ្យមក​ដោះស្រាយ ប៉ុន្តែ​គាត់​មិន​បានមក និង​បាន​បដិសេធ​ដក​ឈ្មោះ​ប្រជាពលរដ្ឋ​ដែល​បានមក​ប្ដឹង​នោះ​ពី​បេក្ខជន​វិញ​ទេ​។ លុះ​​ដល់​ថ្ងៃទី​ ៩ ខែមីនា ក៏មាន​ឈ្មោះ​ប្រជាពលរដ្ឋ​ដែល​បាន​ប្តឹង​នោះ​នៅក្នុង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ដដែល​។

បើតាម លោកស្រី វ៉ា សារឿន ប្រជាពលរដ្ឋ​ដែលជា​បេក្ខជន​របស់​គណបក្ស​កម្ពុជា​និយម​បានមក​ឃុំ ដើម្បី​ប្តឹងតវ៉ា​ឱ្យ​លុបឈ្មោះ​ចេញ​ទៀត ប៉ុន្តែ​លោកស្រី​ថា នៅពេល​ដាក់​បញ្ជី​បេក្ខជន​ទៅ​គណៈកម្មការ​ឃុំ​សង្កាត់​រៀបចំ​ការបោះឆ្នោត​រួចហើយ​គឺ​គេ​ជា​អ្នកដោះស្រាយ​មិនមែន​ជា​ដែន​សមត្ថកិច្ច​របស់លោក​ស្រី​ឡើយ​។ ប៉ុន្តែ​អ្វីដែល​លោកស្រី​កោះហៅ​តំណាង​គណបក្ស​កម្ពុជា​និយម​កាលពី​ថ្ងៃទី​ ៩ គឺ​ដើម្បី​ឱ្យមក​ដោះស្រាយ​ករណី​មុន​ថ្ងៃទី​ ៤ ខែមីនា ឆ្នាំ​ ២០២២ ដែល​ប្រជាពលរដ្ឋ​បាន​ប្តឹង​តែប៉ុណ្ណោះ​។

លោកស្រី​ថ្លែងថា​៖ «​ខ្ញុំ​គ្មាន​សិទ្ធិ​កោះអញ្ជើញ​តំណាង​គណបក្ស​កម្ពុជា​និយម​ទេ​។ ​ខ្ញុំ​ហៅ​គាត់​មក​ដោះស្រាយ​កាលពី​ថ្ងៃទី ​៣ ខែមីនា តែ​គាត់​មិន​មក ​ខ្ញុំ​ចង់ឱ្យ​គាត់​សម្របសម្រួល​ទល់មុខ​គ្នា​ជាមួយនឹង​ភាគី​ម្ខាង​ទៀត អ្នក​ដើមបណ្តឹង​ និង​សម្របសម្រួល​គ្នា​។ ចំពោះ​ការដក​ពាក្យ​វិញ គឺ​ខ្ញុំ​គ្មាន​សិទ្ធិ​ទេ មានតែ​សាមីខ្លួន និង​តំណាង​គណបក្ស​ប៉ុណ្ណោះ​ដែលមាន​សិទ្ធិ​។

ពួកគេ​ទៅ​ចរចា​នៅ​ SEC ទៅ ខ្ញុំ​ហៅ​គាត់​មក​ហ្នឹង​មានតែ​ប៉ុណ្ណឹង​។ ខ្ញុំ​គ្មាន​គំរាមកំហែង​ទេ ព្រោះ​ជា​ពលរដ្ឋ​ដូច​តែ​គ្នា​ទេ​»​។

លោក ពុត គីម ប្រធាន​គណៈកម្មការ​ឃុំ​សង្កាត់​រៀបចំ​ការបោះឆ្នោត​នៃ​ឃុំ​កន្សោម​អក​បាន​ថ្លែងថា ក្នុង​រយៈពេល​ ៣ ​ថ្ងៃ​នៃ​ការប្តឹងតវ៉ា មាន​បេក្ខ​-​ជន​ឈរឈ្មោះ​របស់​គណបក្ស​កម្ពុជា​និយម​ចំនួន​ ២ ​រូប​បានមក​​ប្តឹង​ឱ្យ​លុបឈ្មោះ​ចេញពី​បញ្ជី​បេក្ខជន ប៉ុន្តែ​លោក​មិនមាន​សិទ្ធិ​នោះទេ គ្រាន់តែ​បាន​ណែនាំ​ឱ្យ​ពលរដ្ឋ​ទាំង​ ២ ​នាក់​នោះ​ទៅ​ជួប​តំណាង​គណបក្ស​ ដើម្បី​ដោះស្រាយ រីឯ​ខាង​រូបលោក​គឺ​​មាន​សិទ្ធិ​ត្រឹមតែ​ទទួល​ទេ​។

លោក​បន្តថា លុះដល់​បាត់​ ១ ​ថ្ងៃ​មិនឃើញ​បេក្ខជន ​២​ នោះ​ត្រឡប់​មកវិញ លោក​ក៏​ហៅ​ទូរស័ព្ទ​ទៅ​តំណាង​គណបក្ស​កម្ពុជា​និយម​ពី​ករណី​បេក្ខជន​ ២ ​រូប​ប្តឹង​ឱ្យ​ដក​ឈ្មោះ​ចេញពី​​បញ្ជី​បេក្ខជន​បោះឆ្នោត ប៉ុន្តែ​​តំណាង​គណបក្ស​រូបនោះ​មិន​​បានទទួល​ដំណឹង​នេះ​ទេ​។ ​ជាមួយ​គ្នា​នេះ លោកស្រី វ៉ា សារឿន មេឃុំ​កន្សោមអក ក៏បាន​ទូរស័ព្ទ​សួរនាំ​ពី​បញ្ហា​នេះ និង​ស្នើឱ្យ​លោក​ដោះស្រាយ ប៉ុន្តែ​លោក​មិនអាច​ដោះស្រាយបាន​​ទេ ព្រោះ​ពួកគេ​មិនបាន​ជួប​លោក​ដោះស្រាយ​ទេ​។

លោក​បញ្ជាក់ទៀតថា ដោយ​មិន​អស់ចិត្ត លោក​ក៏បាន​ហៅ​បេក្ខជន​ ២ ​នាក់ ដែល​បានមក​ប្តឹង​នោះ ប៉ុន្តែ​លើក​នេះ មិនមែន​មក​តែ​ ២ ​នាក់​ទេ គឺ​មក​រហូតដល់​ ៥​ នាក់​ឯណោះ​។

ក្រោយ​សាកសួរ ទាំង​តំណាង​គណបក្ស​កម្ពុជា​និយម និង​បេក្ខជន​ទាំងអស់​ចប់សព្វគ្រប់ ពួកគេ​បាន​ឯកភាព​ថា មិន​ដក​ឈ្មោះ​ចេញ​នោះទេ​។

លោក​បាន​បញ្ជាក់ថា​៖ «​ឥឡូវ​​គេ​ចង់​រក្សា​ឈ្មោះ​ហ្នឹង​វិញ ចំពោះ​មេឃុំ​ហៅ​ពួកគាត់ ទៅ​ជួប​អី ខ្ញុំ​អត់​បានដឹង​ទេ គាត់​តេ​សួរ​ខ្ញុំ​ដែរ ខ្ញុំ​ថា ខាង​ឃុំ​ផ្សេង ខ្ញុំ​អត់​លូកដៃ​ទេ ខ្ញុំ​ធ្វើ​តែ​តាម គជប ប៉ុណ្ណោះ ហើយ​ធ្វើទៅ​តាម​ជំហាន​មួយៗ​»​។

លោក សោម សូរីដា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​​រៀបចំ​ការបោះឆ្នោត (​គជប​) ថ្លែងថា ចំពោះ​ករណី​ខាងលើនេះ​មិនគួរ​កើតមាន​នោះទេ ព្រោះ​​វា​មិនមែនជា​សមត្ថកិច្ច​របស់​​មេឃុំ ឬ​ចៅសង្កាត់ ក្នុងការ​អញ្ជើញ​ ឬ​ហៅ​បេក្ខជន​ឱ្យមក​ដោះស្រាយ​លើ​បញ្ហា​នេះ​៕