ភ្នំពេញៈ អាស៊ាន​ និង​សហរដ្ឋអាមេរិក សម្រេច​លើក​ពេល​កិច្ចប្រជុំ​កំពូល​ពិសេស​របស់ខ្លួន ដែល​គ្រោង​ធ្វើ​នៅ​ចុងខែ​មីនា​នេះ ដែល​ការលើក​ពេលនេះ​ត្រូវ​មន្ត្រី​អះអាងថា គឺ​ដោយសារ​ការជាប់រវល់​ច្រើន​របស់​មេដឹកនាំ​ប្រទេស​អាស៊ាន​។

សហរដ្ឋអាមេរិក ធ្លាប់​បាន​ប្រកាស​កំណត់​យក​ថ្ងៃទី​ ២៨-២៩ មីនា ដើម្បី​រៀបចំ​កិច្ចប្រជុំ​នេះ ដែល​បច្ចុប្បន្ន​មាន​ប្រទេស​ឥណ្ឌូនេស៊ី​គឺជា​ប្រទេស​សម្របសម្រួល ទំនាក់ទំនង​ដៃគូ​សន្ទនា​រវាង​អាស៊ាន និង​សហរដ្ឋអាមេរិក​។

លោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ថ្លែង​នា​ថ្ងៃ​ ១០ ខែមីនា ថា កិច្ចប្រជុំ​កំពូល​ពិសេស​ដែល​គ្រោង​ធ្វើ​នេះ​បាន​ស្នើ​ឡើង​ដោយ​សហរដ្ឋអាមេរិក ហើយ​ត្រូវបាន​ឯកភាព​ដោយ​ថ្នាក់ដឹកនាំ​កំពូល​អាស៊ាន​។ បន្ទាប់ពី​កាលបរិច្ឆេទ​ត្រូវបាន​ស្នើឡើង សម្រាប់​កិច្ចប្រជុំ​កំពូល​នេះ ឥណ្ឌូនេស៊ី​បាន​ខិតខំ​អស់ពី​សមត្ថភាព​ក្នុង​ការសម្របសម្រួល​ ដើម្បី​ស្វែងរក​កាលបរិច្ឆេទ​មួយ​ដែល​អាច​ទទួលយកបាន​ដោយ​ថ្នាក់ដឹកនាំ​ទាំងអស់​។

អ្នកនាំពាក្យ​រូបនេះ​ថ្លែងថា​៖ «​គួរឱ្យ​សោកស្តាយ កាលបរិច្ឆេទ​ដែល​បានស្នើ​ឡើង​គឺ​មិន​សមស្រប​សម្រាប់​ថ្នាក់ដឹកនាំ​ដោយ​សារភាព​ជាប់រវល់​ច្រើន​របស់​ថ្នាក់ដឹកនាំ​។ ដោយហេតុ​នេះហើយ ភាគី​ទាំងសងខាង​អាស៊ាន​ និង​សហរដ្ឋ​អាមេរិក បានសម្រេច​លើក​ពេល​កិច្ចប្រជុំ​កំពូល​នេះ និង​បន្ត​ធ្វើការ​ដើម្បី​ស្វែងរក​កាលបរិច្ឆេទ ដែល​សមស្រប​សម្រាប់​ភាគី​ទាំងសងខាង​»​។

បើតាម​លោក សុន្ទរី កម្ពុជា​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន គឺ​ប្រកាន់​ភាព​បត់បែន​ទៅលើ​កាលបរិច្ឆេទ​ដែល​បានស្នើ​ឡើង និង​បានធ្វើការ​សម្របសម្រួល​ជាពិសេស​ទៅលើ​របៀបវារៈ​នៅក្នុង​ប្រទេស​ដើម្បី​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ក្នុង​តំបន់ និង​អន្តរជាតិ​។ «​ប៉ុន្តែ​ដើម្បី​ភាពសមស្រប និង​លទ្ធភាព​ចូលរួម​របស់​ថ្នាក់ដឹកនាំ​កម្ពុជា​បាន​ឯកភាព​ជាមួយ​ប្រទេស​សមាជិក​អាស៊ាន​ក្នុង​ការលើក​ពេល​កិច្ចប្រជុំ​នេះ​»​។

លោក ហេង គីមគង់ អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​នៃ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​កម្ពុជា ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នា​ថ្ងៃទី ​១០ ​ខែមីនា ថា ប្រតិបតិ្តការ និង​ការសម្រេចចិត្ត​របស់​អាស៊ាន ពឹង​ផ្អែកលើ​គោលការណ៍​នៃ​ការពិគ្រោះ​យោបល់ និង​ការព្រមព្រៀង​គ្នា ឬ​ហៅថា កុងសង់ស៊ីស​។ ដូច្នេះ វា​មាន​សារៈសំខាន់​ណាស់​សម្រាប់​សមាជិក​អាស៊ាន​ទាំងអស់​ក្នុង​ការគោរព​គោលការណ៍​ទាំងនេះ ដើម្បី​ពង្រឹង​មាគ៌ា និង​មជ្ឈភាព​អាស៊ាន​។ លោក​ថ្លែងថា​៖ «​ការពន្យារពេល​នៃ​កិច្ចប្រជុំ​កំពូល​ពិសេស​នេះ​អាចជា​រឿង​ល្អ ព្រោះ​វា​ផ្តល់​ពេលវេលា​គ្រប់គ្រាន់​ដល់​អាស៊ាន ដើម្បី​ធ្វើការ​រួមគ្នា​ជា​ក្រុម ឆ្ពោះ​ទៅកាន់​ការធ្វើការ​សម្រេច​ចិត្ត​រួម ទាក់ទង​នឹង​បញ្ហាសំខាន់ៗ ដែល​កំពុង​ប្រឈមមុខ​ក្នុង​តំបន់ និង​ពិភពលោក​»​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​ ៧ ខែមីនា បានស្នើសុំ​ឱ្យ​លើក​ពេល​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​សហរដ្ឋអាមេរិក ក្រោយពី​ការកំណត់​កាលបរិច្ឆេទ​នៃ​កិច្ចប្រជុំ​នេះ​មិនទាន់​បាន​ឯកភាពគ្នា​នៅ​ឡើយ​រវាង​អាស៊ាន និង​សហរដ្ឋអាមេរិក​។ លោក​ថ្លែងថា អាមេរិក បានកំណត់​យក​ថ្ងៃទី​ ២៨-២៩ ខែមីនា សម្រាប់​កិច្ចប្រជុំ​នេះ ប៉ុន្តែ​ប្រទេស​ឥណ្ឌូនេស៊ី​ដែលជា​ប្រទេស​សម្របសម្រួល មិនទាន់បាន​សម្របសម្រួល​អំពី​កាលបរិច្ឆេទ​នៃ​កិច្ចប្រជុំ​នេះ​នៅឡើយ​ទេ​។ ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់ មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន​ត្បូងឃ្មុំ នា​ថ្ងៃទី ​៧ ​មីនា​លោក ហ៊ុន សែន ថ្លែងថា មេដឹកនាំ​អាស៊ាន​ជាច្រើន​ទាមទារ​ឱ្យមាន​ការប្រជុំ​នៅ​ថ្ងៃទី​ ២៦-២៧ ខែមីនា ប៉ុន្តែ​អាមេរិក​មិន​អាច​ទទួលយក​កាលបរិច្ឆេទ​នេះ​បានទេ ចំណែកឯ​មេដឹកនាំ​អាស៊ាន​ ៣ ​ប្រទេស​ក៏​មិនអាច​ចូលរួម​កិច្ចប្រជុំ​នៅ​ថ្ងៃទី​ ២៦-២៧ នោះបាន​ដែរ​។ ទោះយ៉ាងណា​លោក​ ហ៊ុន សែន សង្ឃឹមថា អាស៊ាន​ និង​អាមេរិក​នឹង​រក​ពេលវេលា​សមស្រប​សម្រុះសម្រួល​គ្នា ដោយ​លោក​បញ្ជាក់ថា​ក្នុងនាម​ជា​ប្រធាន​អាស៊ាន​លោក​អាច​ប្រជុំ​ពេលណា​ក៏បាន​ក្នុង​ខែមីនា​នេះ​។

ក្នុង​លិខិត​ចុះ​ថ្ងៃទី​ ១៤ ខែមករា ផ្ញើមក​កាន់​លោក ហ៊ុន សែន លោក Joe Biden ប្រធានាធិបតី​សហរដ្ឋអាមេរិក​ប្រកាសថា រដ្ឋបាល​របស់លោក​ទន្ទឹង​រង់ចាំ​ធ្វើការ​ជាមួយ​កម្ពុជា​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​សម្រាប់​ឆ្នាំ ២០២២​។ ក្រោម​ភាពជា​ប្រធាន​អាស៊ាន​របស់​កម្ពុជា សហរដ្ឋអាមេរិក​សង្ឃឹម​ថា ទំនាក់ទំនង​អាស៊ាន-​សហរដ្ឋអាមេរិក នឹង​កាន់តែ​រីកចម្រើន និង​បន្ត​ឆ្ពោះទៅ​សម្រេច​គោលដៅ​រួម​នៅក្នុង​តំបន់​៕