
ស្ត្រីម្នាក់កំពុងឈរអានសៀវភៅនៅបណ្ណាល័យជាតិ។ ហ៊ាន រង្សី
ទិវាជាតិអំណាន ១១ មីនា ២០២២ ឆ្នាំនេះត្រូវបានក្រសួងអប់រំ យុវជន និងកីឡា ប្រារព្ធឡើងក្នុងគោលបំណងរំឭកដល់វីរភាព និងគុណូបការៈដ៏ថ្លៃថ្លារបស់សម្តេច ព្រះសង្ឃរាជ ជួន ណាត ដែលបានខិតខំតស៊ូ ពុះពារការពារមរតកវប្បធម៌ អក្សរសាស្ត្រខ្មែរ។
ការប្រារព្ធនេះក៏ក្នុងគោលបំណងបណ្ដុះទម្លាប់អាន, ជំរុញវប្បធម៌អាន, លើកកម្ពស់សមត្ថភាពអាន, ការតែងនិពន្ធ, និងការស្រាវជ្រាវ សំដៅរួមចំណែកការពារ និងលើកកម្ពស់វប្បធម៌, អរិយធម៌ ខ្មែរ ព្រមទាំងពង្រីកចំណេះដឹងដល់ពលរដ្ឋកម្ពុជាគ្រប់រូបផងដែរ។
លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងក្នុងទិវាជាតិអំណានលើកទី៧នាព្រឹកថ្ងៃទី១១ ខែមីនាថា ប្រធានបទឆ្នាំនេះ «អំណានជួយលើកកម្ពស់គុណភាពជីវិតក្នុងសង្គមឌីជីថល» មានគោលបំណងរំលេចឱ្យឃើញអំពី តួនាទីរបស់អំណាន និងភាពពាក់ព័ន្ធរបស់អំណានជាមួយនឹងគុណភាពជីវិតលើគ្រប់ទិដ្ឋភាព នៅក្នុងដំណាក់កាលនៃការវិវឌ្ឍឈានឆ្ពោះទៅរកសង្គមឌីជីថល។
នាឱកាសនោះដែរ ក្រសួងក៏បានប្រកាសដាក់ឱ្យអនុវត្ត «កញ្ចប់សម្ភារអំណានថ្នាក់ដំបូង» នៅទូទាំងប្រទេស ព្រមទាំងបានដាក់បញ្ចូលទៅក្នុងកម្មវិធីបណ្តុះបណ្តាលគ្រូនៅតាមសាលាគរុកោសល្យទាំងតាមប្រព័ន្ធ ១២+២ និង១២+៤។
ដើម្បីជំរុញ និងពន្លឿនការពង្រីកការអនុវត្តកញ្ចប់សម្ភារអំណានថ្នាក់ដំបូង”នៅទូទាំងប្រទេសនេះដែរ លោកហង់ជួន ណារ៉ុន បានដាក់ចេញនូវអនុសាសន៍មួយចំនួនដល់មន្ទីរអប់រំរាជធានីខេត្តនិងស្ថាប័នពាក់ព័ន្ធផងដែរ។
លោកបានលើកឡើងថា គ្រប់មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត, ការិយាល័យអប់រំ យុវជន និងកីឡានៃ រដ្ឋបាលក្រុង ស្រុក ខណ្ឌ, កម្រងសាលារៀន, និងគ្រឹះស្ថានបឋមសិក្សាទូទាំងប្រទេស ត្រូវចូលរួមពង្រឹងនិងពង្រីកការអនុវត្តកញ្ចប់សម្ភារអំណានថ្នាក់ដំបូង។
លោក ហង់ជួន ណារ៉ុន មានប្រសាសន៍ថា ៖ «ការអនុវត្តនេះ តាមរយៈការរៀបចំវគ្គបំប៉នដោយផ្ទាល់, ការបំប៉នតាមបែបចម្រុះ, និងតាមប្រព័ន្ធអនឡាញ, ព្រមទាំងផ្តល់ការគាំទ្រ តាមរូបភាពការផ្តល់ប្រឹក្សាគរុកោសល្យ។ រៀបចំបង្កើតបណ្ណាល័យនៅតាមសាលារៀនដែលមិនទាន់មាន និងពង្រឹងដំណើរការបណ្ណាល័យចំពោះសាលារៀនដែលមានបណ្ណាល័យរួចហើយស្របតាមសេចក្តីណែនាំប្រតិបត្តិស្តីពី ស្តង់ដាបណ្ណាល័យបឋមសិក្សា»។
ជាមួយគ្នានេះដែរ លោកគ្រូ អ្នកគ្រូបង្រៀនថ្នាក់ទី១ និងទី២ ទាំងអស់ ត្រូវចូលរួមអនុវត្តកញ្ចប់សម្ភារអំណានថ្នាក់ដំបូងៗ តាមរយៈការចូលរួមវគ្គបំប៉ន ដែលរៀបចំឡើងដោយក្រសួង, មន្ទីរអប់រំ យុវជន និងកីឡា, គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ, អង្គការដៃគូពាក់ព័ន្ធ និងធ្វើស្វ័យសិក្សាស្វែងយល់អំពីកញ្ចប់សម្ភារ និងវិធីសាស្ត្របង្រៀនអំណានថ្នាក់ដំបូង។
លោកបានបន្តថា ៖ «ការចូលរួមបង្កើតសហគមន៍អ្នកសិក្សាវិជ្ជាជីវៈ ដើម្បីអភិវឌ្ឍសមត្ថភាពជាប្រចាំ និងសហការជាមួយទីប្រឹក្សាគរុកោសល្យ ដើម្បីកែលម្អ សកម្មភាពបង្រៀននិងរៀននិងការគ្រប់គ្រងថ្នាក់រៀនឱ្យកាន់តែមានប្រសិទ្ធភាព។ មាតាបិតា អ្នកអាណាព្យាបាលសូមចូលរួមតាមដានលទ្ធផលសិក្សា, អត្តចរិត, សីលធម៌, សុជីវធម៌របស់កូននៅក្នុងគ្រួសារ, សាលារៀន, និងក្នុងសហគមន៍ ព្រមទាំងជួយបង្រៀនកូនបន្ថែមនៅផ្ទះផងដែរ»។
បន្ថែមពីលើនេះ មាតាបិតា អ្នកអាណា ព្យាបាលត្រូវផ្គត់ផ្គង់សម្ភារសិក្សា,ទិញកញ្ចប់សម្ភារអំណានឱ្យកូនបានហ្វឹកហាត់ នៅសាលារៀននិងនៅផ្ទះ, ចូលរួមគាំទ្រជាសម្ភារ, ថវិកា, ដល់ដំណើរការបណ្ណាល័យ នៅតាមសាលារៀន, ការអភិវឌ្ឍសាលារៀន, និងគាំទ្រដល់គ្រូបង្រៀន ជាដើម។
ដូចឆ្នាំកន្លងមកដែរ ក្នុងការប្រារព្ធទិវាជាតិអំណាន ក្រសួងបានរៀបចំការប្រកួតប្រជែង អានអត្ថបទ, ស្មូតកំណាព្យនិងការតែងនិពន្ធនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងរៀបចំការប្រកួតប្រជែងបកស្រាយប្រធានបទអក្សរសិល្ប៍ ដែលនៅឆ្នាំនេះបានជ្រើសរើសយកប្រធានបទ «តួនាទីអក្សរសិល្ប៍ពុទ្ធនិយមនៅសម័យក្រោយអង្គរ»។
លោក ស៊ុន ប៊ុណ្ណា ប្រធាននាយកដ្ឋានអភិវឌ្ឍកម្មវិធីសិក្សានៃក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងផងដែរថា ទិវាអំណានឆ្នាំនេះ ទោះបីជាស្ថិតក្នុងដំណាក់កាលដែលការប្រឈមនិងរីករាលដាលនៃមេរោគអូមីក្រុងក៏ដោយ ក៏ការបើកទិវានអំណាននេះដោយប្រារព្ធធ្វើឡើងដោយផ្ទាល់ផងនិងតាមអនឡាញផង៕