ភ្នំពេញៈ លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់ផែនការឱ្យស្ថាប័នពាក់ព័ន្ធ ខិតខំដោះស្រាយបញ្ហាវិវាទក្រុមហ៊ុនណាហ្គាវើលដ៍ឱ្យឆាប់ចប់ ខណៈអ្នកឃ្លាំមើលសង្ឃឹមថា វិវាទដែលអូសបន្លាយជាច្រើនខែមកហើយនេះនឹងត្រូវបានដោះស្រាយក្រោយមានកិច្ចអន្តរាគមន៍។
ការជំរុញនេះត្រូវបានធ្វើឡើង នៅពេលរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានដឹកនាំកិច្ចប្រជុំពិសេស ដើម្បីដោះស្រាយវិវាទនេះជាមួយស្ថាប័នពាក់ព័ន្ធរួមមាន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងយុត្តិធម៌ ក្រសួងសុខាភិបាល អគ្គស្នងការនគរបាលជាតិ សាលារាជធានីភ្នំពេញ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ រួមទាំងស្នងការនគរបាលរាជធានី និងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីផងដែរ កាលពីរសៀលថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០២២។ នេះបើយោងតាមការអះអាងរបស់មន្ត្រីដែលបានចូលរួមក្នុងកិច្ចប្រជុំ ដែលស្នើសុំមិនបញ្ចេញឈ្មោះ។
មន្ត្រីរូបនេះបាននិយាយថា កិច្ចប្រជុំនេះលោក ស ខេង បានស្តាប់របាយការណ៍អំពីដំណើរការវិវឌ្ឍន៍នៃបាតុកម្មនៅក្រុមហ៊ុនណាហ្គាវើលដ៍ និងបានពិភាក្សាគ្នា ដើម្បីបន្តនីតិវិធីសម្រាប់ការដោះស្រាយ ដោយសន្តិវិធី និងស្របទៅតាមច្បាប់ជាធរមាន។ នៅក្នុងកិច្ចប្រជុំលោក ស ខេង បានដាក់ផែនការឱ្យស្ថាប័នពាក់ព័ន្ធត្រូវខិតខំដោះស្រាយបញ្ហាវិវាទនេះឱ្យឆាប់ចប់ កុំឱ្យអូសបន្លាយ និងត្រូវផ្សះផ្សារវាងភាគីក្រុមហ៊ុន និងកម្មករនិយោជិតឱ្យមានការចុះសម្រុងគ្នា។
នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សលោក មឿន តុលា សង្ឃឹមថា ដំណោះស្រាយវិវាទការងារនៃក្រុមហ៊ុនណាហ្គាវើលដ៍អាចនឹងមានសញ្ញាវិជ្ជមាន បន្ទាប់ពីមានកិច្ចអន្តរាគមន៍ពីសំណាក់ លោក ស ខេង។
លោកថា៖ «កាលណាមានអន្តរាគមន៍ពីឧបនាយករដ្ឋមន្ត្រី អ៊ីចឹងយើងដាក់សង្ឃឹមថា រឿងនេះអាចឆាប់បានដោះស្រាយចេញ ប៉ុន្តែយ៉ាងណាក៏ដោយ ចាំមើលបើសិនជាមានការដោះលែងសកម្មជន និងថ្នាក់ដឹកនាំសហជីពទាំងអស់នោះមានន័យថា មានសញ្ញាភ្លើងខៀវ» ។ លោកមើលឃើញថា តាមពិតរឿងបញ្ហាណាហ្គាវើលដ៍នេះ មិនមែនជារឿងធំនោះទេ ព្រោះគ្រាន់តែជាវិវាទការងារ ដូចនេះបើសិនជាវិវាទនេះត្រូវបានដោះស្រាយនោះនឹងពុំមានការតវ៉ាបន្តទៀតឡើយ។
សម្រាប់លោក តុលា ដែលមានបទពិសោធលើការងារនេះផ្តល់ជាមតិថា៖ «សម្រាប់ខ្ញុំដើម្បីដោះស្រាយរឿងណាហ្គាវើលដ៍ គឺដោះលែងថ្នាក់ដឹកនាំសហជីព ដែលកំពុងជាប់ឃុំ ហើយទម្លាក់បទចោទទាំងអស់បន្ទាប់មកលើកទឹកចិត្តឱ្យភាគីទាំង ២ ចរចាគ្នា ព្រោះកន្លងមកសហជីពទាមទារឱ្យណាហ្គាទទួលបុគ្គលិកជាង ៣៦០ នាក់ ចូលធ្វើការវិញ ហើយក្នុងចំណោមជាង ៣៦០ នាក់ អ្នកខ្លះព្រមទទួលយកលុយអស់ហើយ អ៊ីចឹងមិនគួរជាបន្ទុកអីធ្ងន់ធ្ងរសម្រាប់ក្រុមហ៊ុនទេ»។
រដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន សុំមិនធ្វើអត្ថាធិប្បាយជុំវិញបញ្ហានេះទេ ដោយបានបង្វែរឱ្យទាក់ទងទៅក្រសួងមហាផ្ទៃអំពីលទ្ធផលនៃកិច្ចប្រជុំ និងផែនការ។ ប៉ុន្តែលោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃក៏បានបដិសេធធ្វើអត្ថាធិប្បាយលើបញ្ហានេះដែរ។
ចំណែក អភិបាលរងរាជធានី-ភ្នំពេញលោក កើត ឆែ និងអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ ក៏សុំមិនធ្វើអត្ថាធិប្បាយជុំវិញជំនួបនោះផងដែរ។
ពាក់ព័ន្ធករណីនេះដែរ លោកស្រី មីឆែល ប៉ាហ្សេលែត ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សបានមានប្រសាសន៍អំពីប្រទេសកម្ពុជា នៅក្នុងសេចក្តីថ្លែងការណ៍ក្នុងសម័យប្រជុំលើកទី ៤៩ របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សយ៉ាងដូច្នេះថា៖ «នៅប្រទេសកម្ពុជា ខ្ញុំមានកង្វល់អំពីការរឹតត្បិតក្រោមហេតុផលជំងឺកូវីដ ១៩ របស់អាជ្ញាធរ ដែលបន្តធ្វើឱ្យលម្ហប្រជាធិបតេយ្យ និងស៊ីវិលកាន់តែធ្លាក់ចុះ រួមទាំងការប្រើលេសក្នុងការបង្ក្រាបលើកូដកម្មស្របច្បាប់របស់បុគ្គលិកកាស៊ីណូ (ក្រុមហ៊ុនណាហ្គាវើលដ៍)»។
ទន្ទឹមនេះលោកស្រី មីឆែល ប៉ាហ្សេលែត បានអំពាវនាវដល់អាជ្ញាធរឱ្យគោរពសិទ្ធិសេរីភាពក្នុងការជួបប្រជុំដោយសន្តិវិធី និងចូលរួមពិភាក្សាដើម្បីដោះស្រាយទៅតាមការទាមទារ តាមផ្លូវច្បាប់របស់កូដករ។
ជុំវិញបញ្ហានេះ នៅសម័យប្រជុំលើកទី ៤៩ របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ តំណាងស្ថានបេសកកម្មអចិន្រៃ្តយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា លោក អាន សុខខឿន បានសម្តែងការខកចិត្ត ចំពោះការលើកឡើងរបស់លោកស្រី មីឆែល ប៉ាហ្សេលែត ដោយលោកចាត់ទុកថា ទទួលយករបាយការណ៍ ដែលពិនិត្យមើលតែមួយជ្រុង និងបង្កការយល់ខុស ពាក់ព័ន្ធស្ថានភាពនៅកម្ពុជា។ លោកបន្តថា ការថ្លែងថា កូដកម្មរបស់អតីតបុគ្គលិកកាស៊ីណូធ្វើឡើងដោយស្របច្បាប់ គឺជាការយល់ខុស ទាំងស្រុង។ «តុលាការបានប្រកាសតាំងពីខែធ្នូ ឆ្នាំ ២០២១ មកថា កូដកម្មនេះគឺខុសច្បាប់។ ប្រជាពលរដ្ឋក្នុងមូលដ្ឋានបានត្អូញត្អែរពីការរំខាន បង្កដោយការតវ៉ាខុសច្បាប់ដែលអូសបន្លាយពេលជាច្រើនខែ»។
លោកសង្កត់ធ្ងន់ថា អាជ្ញាធរកម្ពុជាបានរក្សាភាពអត់ធ្មត់ជាទីបំផុត «ហើយថែមទាំងបានលុតជង្គង់អង្វរករសុំឱ្យបាតុករគោរពតាមវិធានបង្ការ និងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ ១៩ ហើយយ៉ាងហោចណាស់បាតុករចំនួន ១៣០ នាក់ បានធ្វើតេស្ដរកឃើញវិជ្ជមានកូវីដ ១៩»។
តំណាងកម្ពុជាបន្តទៀតថា នៅថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០២២ កិច្ចប្រជុំអន្តរក្រសួង ដឹកនាំដោយលោក ស ខេង ត្រូវរៀបចំឡើង ដើម្បីដោះស្រាយវិវាទការងារដែលបានអូសបន្លាយអស់រយៈពេលជាច្រើនខែកន្លងមកនេះ និងត្រូវបានគេធ្វើនយោបាយូបនីយកម្ម។
ពាក់ព័ន្ធនឹងបញ្ហានេះដែរសាលាឧទ្ធរណ៍ នៅថ្ងៃទី ១០ ខែមីនា បានបើកសវនាការបណ្តឹងសុំនៅក្រៅឃុំរបស់ថ្នាក់ដឹកនាំសហជីពក្រុមហ៊ុនណាហ្គាវើលដ៍ចំនួន ៨ រូប។ លោក ជា ម៉េត ព្រះរាជអាជ្ញាអមអយ្យការសាលាឧទ្ធរណ៍ភ្នំពេញថា ក្រោយធ្វើសេចក្តីសន្និដ្ឋានពីតំណាងអយ្យការ និងមេធាវីការពារក្តីឱ្យជនជាប់ចោទទាំង ៨ រូបអស់រយៈពេលប្រមាណជា ២ ម៉ោង សាលាឧទ្ធរណ៍បានប្រកាសសម្រេចតម្កល់សាលក្រមសាលាដំបូង ដោយមិនអនុញ្ញាតឱ្យអ្នកទាំងនោះនៅក្រៅឃុំបណ្តោះអាសន្ននោះទេ។
សូមជម្រាបថា ក្រុមកូដករណាហ្គាវើលដ៍ បានចាប់ផ្តើមធ្វើកូដកម្មកាលពីថ្ងៃទី ១៨ ខែធ្នូឆ្នាំ ២០២១ ដើម្បីទាមទារឱ្យក្រុមហ៊ុនទទួលយកបុគ្គលិកជាង ៣៦០ នាក់ចូលធ្វើការវិញ។ ប៉ុន្តែរហូតមកដល់ពេលនេះ មានថ្នាក់ដឹកនាំសហជីព និងសមាជិកសហជីពសរុបចំនួន ១១ នាក់ហើយ ដែលចូលរួមការតវ៉ានោះត្រូវបានតុលាការចោទប្រកាន់ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបំពានវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩។
ជាមួយគ្នានេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី ១០ ខែមីនា បានចេញសេចក្តីជូនដំណឹងមួយ ស្តីពីវឌ្ឍនភាពនៃការដោះស្រាយវិវាទការងាររួមនៃក្រុមហ៊ុនណាហ្គាវើលដ៍បានឱ្យដឹងថា តាមការសម្របសម្រួលដោះស្រាយរបស់ក្រសួងមានអតីតបុគ្គលិកក្រុមហ៊ុននេះបានយល់ព្រមទទួលយកការទូទាត់ប្រាក់-បំណាច់បញ្ចប់កិច្ចសន្យាការងារជាបន្តបន្ទាប់ជាមួយក្រុមហ៊ុន ដែលគិតមកដល់ថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០២២ មានចំនួន ១៤៧ នាក់ ក្នុងចំណោម ៣៧៣ នាក់ ធ្វើឱ្យចំនួនអតីតបុគ្គលិក ដែលមិនព្រមទទួលយកសំណងនៅសល់ត្រឹមតែ ២២៦ នាក់ប៉ុណ្ណោះ។
សេចក្តីជូនដំណឹងបន្តថា ជាថ្មីម្តងទៀតដោយផ្អែកតាមនីតិវិធីជាធរមាន ដែលមានកំណត់នៅក្នុងច្បាប់ និងក្នុងគោលបំណងឈានទៅបញ្ចប់ករណីវិវាទនេះ ដោយសន្តិវិធី ក៏ដូចជាដើម្បីរក្សាបាននូវផលប្រយោជន៍របស់ភាគីកម្មករនិយោជិត និងភាគីនិយោជក និងដើម្បីរួមចំណែកក្នុងការរក្សាផលប្រយោជន៍សាធារណៈ ក្រសួងសូមអំពាវនាវដល់អតីតបុគ្គលិក និងបុគ្គលិករបស់ក្រុមហ៊ុនណាហ្គាវើលដ៍ ដែលបានចូលរួមធ្វើបាតុកម្ម ដោយអវត្តមានពីកន្លែងការងារ សូមបញ្ឈប់នូវសកម្មភាពដែលបង្កជាកំហុសនាំឱ្យប៉ះពាល់ដល់ផលប្រយោជន៍ស្របច្បាប់របស់ខ្លួន។ «ក្រសួងនឹងបន្តសហការជាមួយស្ថាប័នពាក់ព័ន្ធដើម្បីដោះស្រាយរាល់កង្វល់នានារបស់បងប្អូនបាតុករ ក៏ដូចជាគិតគូរដល់សិទ្ធិស្របច្បាប់របស់វិនិយោគិនផងដែរ»៕