សៀមរាបៈ ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ (​គ.ជ.គ.ម.) ​និង​អង្គការ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​ (WFP)​ ផ្សព្វផ្សាយ​ពី ​“​គោលការណ៍​ណែនាំ​ការបញ្ជ្រាប​យេនឌ័រ​ក្នុងការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ប្រកបដោយ​បរិយាប័ន្ន​” ​ជូន​មន្ត្រី​បង្គោល​លេខាធិការដ្ឋាន​គ្រប់គ្រង​គ្រោះមហន្តរាយ​ចំនួន​ ១៣ ​ខេត្ត ពីថ្ងៃ​ទី​ ៩ ខែមីនា នៅ​សណ្ឋាគារ​អង្គរ​ប៉ារ៉ាឌី ខេត្ត​សៀមរាប​។

លោក សៀក វិចិត្រ អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង់​គ្រោះមហន្តរាយ ថ្លែង​នៅ​ថ្ងៃទី ៩ ខែមីនា​ថា អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ និង​អង្គការ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​​សហការ​ជាមួយ​រដ្ឋបាលខេត្ត​សៀមរាប​បានរៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី​ “​គោលការណ៍​ណែនាំ​ការបញ្ជ្រាប​​យេនឌ័រ​ក្នុងការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ប្រកប​ដោយ​បរិយាប័ន្ន​”​​ ជូន​ដល់​មន្ត្រី​បង្គោល​លេខាធិការដ្ឋាន​គ្រប់គ្រង​គ្រោះមហន្តរាយ​ចំនួន​ ១៣ ​ខេត្ត​រួមមាន ខេត្ត​ប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប កំពង់ធំ ព្រះវិហារ កំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង រតនគិរី និង​ខេត្តមណ្ឌលគិរី​។

លោក​បន្តថា សិក្ខាសាលា​នេះ​ធ្វើ​ឡើង​ដើម្បី​ណែនាំ​ដល់​មន្ត្រី​លេខាធិការដ្ឋាន​គ្រោះមហន្តរាយ ឱ្យបាន​ដឹង​​ និង​ស្គាល់​អំពី​គោលការណ៍​ណែនាំ​ និង​សារៈសំខាន់​ដែល​ត្រូវធ្វើ​ការបញ្ជ្រាប​យេនឌ័រ​ក្នុង​ការគ្រប់គ្រង​គ្រោះ​មហន្តរាយ​ប្រកបដោយ​បរិយាប័ន្ន និង​ជាពិសេស​បង្ក​លទ្ធភាព​ក្នុងការ​ពិភាក្សា​លើ​ដំណើរការ​ និង​វិធីសាស្ត្រ​នានា​ ដើម្បី​ជំរុញ​ឱ្យ​ការបញ្ជ្រាប​យេនឌ័រ​ទៅក្នុង​វដ្ដ​នៃ​ការគ្រប់គ្រង​គ្រោះមហន្តរាយ​ប្រកប​ដោយ​ប្រសិទ្ធភាព​។

លោក​បន្តទៀតថា វគ្គ​សិក្ខាសាលា​នេះ​ត្រូវបាន​រៀបចំ​ឡើង​ក្រោម​វត្តមាន​លោកស្រី ខូវ សាង អគ្គលេខាធិការរង​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ដែលមាន​សមាសភាព​ចូលរួម​ចំនួន​ ៤៥ ​រូប ​(​ស្រី​ ១០) ។

លោក​ សៀក វិចិត្រ បញ្ជាក់ថា ស្ត្រី​ជា​អ្នក​ងាយ​រងគ្រោះ​ជាង​អ្នករងគ្រោះ​ផ្សេងៗ​ទៀត ហេតុនេះ ទើប​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ព្យាយាម​បញ្ជ្រាប​យេនឌ័រ​ដល់​សហគមន៍ ក៏ដូចជា​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ដើម្បី​ឱ្យបាន​យល់​ជ្រាប ហើយ​នៅពេល​មាន​បញ្ហា​កើតឡើង ស្ត្រី​អាច​ដោះស្រាយ​បញ្ហា​បាន​ដោយ​ខ្លួនឯង​។ ការបញ្ជ្រាប​យេនឌ័រ​ក្នុងការ​គ្រប់គ្រង​គ្រោះមហន្តរាយ​នេះ​មានន័យថា ធ្វើយ៉ាងណា​ឱ្យ​ស្ត្រី​បាន​យល់ដឹង​ និង​ចេះ​ការពារ​ខ្លួន ព្រមទាំង​ចេះ​ការពារ​ក្រុម​គ្រួសារ​របស់​ពួកគេ​នៅពេល​មាន​គ្រោះមហន្តរាយ​កើតឡើង​ផងដែរ​។

លោក​ថា​៖ «​យើង​រក​វិធី​បែប​ម៉េច​​ដើម្បីឱ្យ​គាត់​ចេះ​ការពារ​ខ្លួន​គាត់​ផង ចេះ​ការពារ​ទៅដល់​ក្រុមគ្រួសារ​គាត់​ផង ក៏ដូចជា​សត្វពាហនៈ​ដែល​គាត់​មាន​​នៅក្នុង​ក្រុមគ្រួសារ​គាត់​ដូចគ្នា​។ ​ឧទាហរណ៍​ថា នៅ​រដូវ​គ្រោះមហន្តរាយ​គាត់​គួរតែមាន​អ្វីខ្លះ​ដើម្បី​គាត់​ត្រៀម ហើយ​ប្រសិនបើ​ក្នុងផ្ទះ​គាត់​កំពុង​ប្រឈម​លើ​គ្រោះមហន្តរាយ​ថា តើ​គាត់​ត្រូវធ្វើ​យ៉ាងម៉េច និង​គួរតែ​ត្រៀម​អ្វីខ្លះ​?» ។

អ្នកស្រី ចាន់ លីណា ប្រធាន​សមាគម​គាំពារ​ស្ត្រី​ងាយ​រងគ្រោះ​បាន​ថ្លែង​ពីថ្ងៃ​​ទី​ ៩ ខែមីនា ថា អ្នកស្រី​គាំទ្រ​ចំពោះ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ដែល​បានរៀបចំ​វគ្គ​សិក្ខាសាលា​នេះ ដោយបាន​ចាត់ទុកថា ជា​វិធី​ល្អ​មួយ​ដែល​អាចជួយ​ស្ត្រី​ឱ្យ​ចេះ​មាន​វិធីសាស្ត្រ​ដោះស្រាយ​ និង​ជួយ​គ្នា​បាន​ទៅវិញ​ទៅមក នៅពេល​មាន​បញ្ហា​កើតឡើង​។

អ្នកស្រី​ថ្លែងថា​៖ «​ពេល​ដែលមាន​បញ្ហា​កើតឡើង​មាន​គ្រោះមហន្តរាយ​យើង​ត្រូវ​ចេះ​ជួយ​នៅក្នុង​ក្រុមគ្រួសារ យើង​មើលថា តើ​នៅក្នុង​ក្រុមគ្រួសារ​របស់​យើង​ហ្នឹង​អ្នកណា​ដែល​អត់​ចេះ​ហែល​ទឹក​ដើរ​មិន​រួច​អ៊ីចឹងទៅ​បើ​មាន​គ្រោះទឹកជំនន់​យើង​ត្រូវ​សង្គ្រោះ​អ្នកហ្នឹង​មុន​សិន​ហើយ​បាន​យើង​ត្រឡប់​មកជួយ​ក្រុមគ្រួសារ​ផ្សេងទៀត​រួច​ចាំ​ជួយ​ដល់​អ្នកដទៃ​ផ្សេងទៀត​» ។

អ្នកស្រី​បន្តថា គ្រោះមហន្តរាយ​មិនមែន​មានតែ​ទឹកជំនន់​នោះទេ​គឺមាន​ទាំង​គ្រោះរាំងស្ងួត និង​គ្រោះ​អគ្គិភ័យ​ជាដើម ហេតុនេះ នៅពេល​ឃើញ​មាន​គ្រោះមហន្តរាយ​ទាំងនោះ​ស្ត្រី​ត្រូវ​ឆ្លាតវៃ​ក្នុង​ការចេះ​មាន​វិធី​ជួយសង្គ្រោះ​ទាំង​ខ្លួនឯង អ្នកពាក់ព័ន្ធ ជាពិសេស​ត្រូវ​ចេះ​ប្រយ័ត្ន​ចំពោះ​ការបាត់បង់​សៀវភៅ​​គ្រួសារ អត្តសញ្ញាណប័ណ្ណ​ផ្សេងៗ​ព្រោះ​​ជា​ឯកសារ​សំខាន់​ក្នុងការ​រស់នៅ​៕