បន្ទាយមានជ័យៈ នគរបាល​នៃ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ និង​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត​បន្ទាយមានជ័យ​សហការ​ជាមួយ​អង្គភាព​ការពារ​កុមារ​ CPU របស់​ប្រទេស​អូស្ត្រាលី​នៅ​ថ្ងៃទី​ ១០​ មីនា កំពុងបើក​ការស្រាវជ្រាវ​ជុំវិញ​អំពើ​ឃាតកម្ម​លើ​ក្មេងស្រី​ម្នាក់​អាយុ​ ៨ ​ឆ្នាំ​ដែល​ត្រូវ​សម្លាប់​ហើយ​ត្រូវគេ​ប្រទះឃើញ​កាលពី​ថ្ងៃទី​ ៩ មីនា​នៅក្នុង​ដីឡូត៍​មួយកន្លែង​ក្នុង​សង្កាត់​-​ក្រុង ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។

លោក នូ ជីវ័ន្ត ស្នងការរង​ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ ខេត្ត​បន្ទាយ​មានជ័យ​ឱ្យដឹង​នៅ​ថ្ងៃទី​ ១០ មីនា​ថា ក្មេងស្រី​រងគ្រោះ​ឈ្មោះ ល. ល. អាយុ​ ៨​ ឆ្នាំ​ជា​សិស្ស​រៀន​ថ្នាក់​ទី​ ២ នៃ​សាលាបឋមសិក្សា​ទំនប់​ក​ ៥​ ក្នុង​សង្កាត់​-​ក្រុង ប៉ោយប៉ែត​។ ក្មេងរងគ្រោះ​ត្រូវបាន​គេ​សម្លាប់​តែ​មិនមែន​ជា​អំពើ​រំលោភ​សេពសន្ថវៈ​ទេ​។

លោក​ថ្លែងថា​៖ «​ករណីនេះ​ជា​អំពើ​ឃាតកម្ម​មិនមែន​អំពើ​រំលោភ​សេពសន្ថវៈ​ទេ​។ សមត្ថកិច្ច​របស់​យើង​កំពុងតែ​បង្កើត​គណៈកម្មការ​ ដើម្បី​ធ្វើ​រឿងនេះ​។ យើង​មាន​ខាង​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ចុះមក និង​ខាង​អង្គភាព​ការពារ​កុមារ​ CPU ដែរ​»​។

លោក​ស្នងការរង នូ ជីវ័ន្ត មិនបាន​ប្រាប់​លម្អិត​ជុំវិញ​ហេតុការណ៍​នេះ​ទេ ប៉ុន្តែ​បើតាម​មន្ត្រី​នគរបាល​ក្រុង​ប៉ោយប៉ែត​ ១ ​រូប​ស្នើសុំ​មិនឱ្យ​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ​១០ មីនា​ថា តាម​សម្តី​របស់​ម្តាយ​ក្មេងស្រី​រងគ្រោះ​ថា ក្មេងស្រី​រងគ្រោះ​មាន​បងប្អូន​ ២ ​នាក់​ហើយ​នាង​ជា​កូនច្បង​រៀន​នៅ​ថ្នាក់​ទី​ ២ នៃ សាលាបឋមសិក្សា​ទំនប់​ក​ ៥ ក្នុង​សង្កាត់​-​ក្រុង ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។ កាលពី​ព្រឹក​ថ្ងៃទី ​៩ មីនា ឆ្នាំ ​២០២២ ក្មេងរងគ្រោះ​បាន​ចេញពីផ្ទះ​ទៅ​សាលារៀន​ដូច​សព្វមួយដង​ ប៉ុន្តែ​ពេល​ថ្ងៃត្រង់​ម្តាយ​មិនឃើញ​ក្មេងរងគ្រោះ​មក​ផ្ទះ​ក៏​សួរ​លោកគ្រូ​នៅ​ថ្នាក់រៀន​របស់​នាង​ហើយ​ត្រូវបាន​លោកគ្រូ​រូបនោះ​ប្រាប់​ម្តាយ​ក្មេងរងគ្រោះ​ថា នៅ​ថ្ងៃទី​ ៩ ​មីនា គាត់​មិន​បានឃើញ​ក្មេង​រងគ្រោះ​ចូល​ថ្នាក់រៀន​ទេ​។ ដោយមាន​ការបញ្ជាក់​ប្រាប់​ពី​ខាង​សាលារៀន​បែបនេះ ម្តាយ​ក្មេងស្រី​រងគ្រោះ និង​សាច់ញាតិ​នាំគ្នា​ដើរ​រកតែ​មិនឃើញ​។ លុះ​រហូត​ដល់​យប់​ថ្ងៃទី​ ៩ មីនា​ស្រាប់​តែមាន​បុរស​ម្នាក់​ប្រទះឃើញ​សព​ក្មេងរងគ្រោះ​ត្រូវបាន​គេ​កប់​ដី​ជម្រៅ​រាក់ៗ​ចេញ​ដងខ្លួន​មក​ក្រៅ​នៅក្នុង​ដីឡូត៍​ ១​ កន្លែង​ឆ្ងាយ​ពី​ផ្ទះ​ប្រមាណ​ជាង​ ១០០​ ម៉ែត្រ​ស្ថិត​ក្នុងភូមិ​ទំនប់​ក​ ៥​។ ដំណឹង​នេះ​បានដឹង​ដល់​ឪពុកម្តាយ​របស់​ក្មេង​រងគ្រោះ​ហើយ​បាន​រាយការណ៍​ទៅ​នគរបាល​មូលដ្ឋាន​។

មន្ត្រីនគរបាល​រូបនោះ​ថា​៖ «​ខាង​នគរបាល​ជំនាញ​បានធ្វើ​កោសល្យវិច័យ​លើ​សព​ក្មេង​រងគ្រោះ ​ប៉ុន្តែ​សមត្ថកិច្ច​មិនបាន​រកឃើញ​ថា ជា​អំពើ​រំលោភ​សេពសន្ថវៈ​ឡើយ​ព្រោះ​នៅ​ប្រដាប់​ភេទ​ក្មេង​គ្មានអ្វី​ប៉ះពាល់​ទេ​។ សមត្ថកិច្ច​បានដាក់​ការសន្និដ្ឋាន បឋម​ថា រឿងនេះ​ជា​អំពើ​ឃាតកម្ម​»៕

វីដេអូ៖