
មណ្ឌលគិរីៈ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកំពុងរៀបចំចុះបញ្ជីសារពើភណ្ឌ និងចងក្រងឯកសារមរតកវប្បធម៌អរូបីដោយមានការចូលរួមពីសហគមន៍ ដើម្បីបំផុសឱ្យប្រជាពលរដ្ឋនៅតាមតំបន់នានា ចូលរួមថែរក្សាមរតកវប្បធម៌អរូបីបន្តទៅទៀត ខណៈក្រសួងវប្បធម៌ធ្លាប់បានធ្វើបញ្ជីសារពើភណ្ឌជាបន្តបន្ទាប់រួចមកហើយ។
លោក ស៊ីយ៉ុន សុភារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈថ្លែងនៅថ្ងៃទី ១០ ខែមីនាថា ការរៀបចំចងក្រងឯកសារមរតកវប្បធម៌អរូបី ដោយមានការចូលរួមពីសហគមន៍នេះគោលបំណងសំខាន់គឺដើម្បីថែរក្សាបេតិកភណ្ឌវប្បធម៌អរូបី។
លោកថា កន្លងមកក្រសួងធ្លាប់ធ្វើបញ្ជីសារពើភណ្ឌជាបន្តបន្ទាប់រួចមកហើយ ដែលក្នុងឆ្នាំ ២០១៧ មានបោះពុម្ពជាសៀវភៅផងដែរ។ ប៉ុន្តែពេលនេះក្រសួងកំពុងតែរៀបចំយន្តការផ្ទៀងផ្ទាត់ឡើងវិញ ដើម្បីដឹងថា បេតិកភណ្ឌអរូបីណាខ្លះបានបាត់បង់ និងមានបេតិកភណ្ឌណាខ្លះនៅមិនទាន់បាត់បង់ហើយពិនិត្យមើលបេតិកភណ្ឌអរូបីណាដែលត្រូវមើលថែទាំ ឬត្រូវជួយបន្ទាន់ ឬមួយក៏ត្រូវលើកទឹកចិត្តដល់សហគមន៍ឱ្យបានដឹង និងខិតខំអភិរក្សការពារឱ្យនៅគង់វង្សតទៅទៀត។
លោកថ្លែងថា៖ «យើងចង់ឱ្យការរៀបចំចុះបញ្ជីហ្នឹង មានការចូលរួមពីអ្នកភូមិឱ្យអ្នកភូមិគាត់ដឹងព្រោះការចុះបញ្ជីសារពើភណ្ឌបេតិកភណ្ឌវប្បធម៌អរូបី ខុសពីបញ្ជីសារពើភណ្ឌរូបី ដូចជាប្រាសាទអី គឺតួនាទីរបស់រដ្ឋសំខាន់ក្នុងការអភិរក្ស ប៉ុន្តែបេតិកភណ្ឌអរូបី គឺនៅនឹងមនុស្សនៅនឹងសហគមន៍ហ្នឹង រដ្ឋយើងមិនអាចបង្ខំឱ្យអ្នកភូមិធ្វើនេះធ្វើនោះតាមចិត្តបានទេ អ៊ីចឹងមានការចូលរួមពីអ្នកភូមិបានរបស់របរទាំងអស់ហ្នឹងនៅគង់វង្ស» ។
លោក សី ទូច ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តមណ្ឌលគិរីបានឱ្យដឹងនៅថ្ងៃទី ១០ ខែមីនាថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកំពុងធ្វើការសង្គ្រោះបេតិកភណ្ឌវប្បធម៌អរូបី តាមរយៈការចងក្រងឯកសារ។ ជាក់ស្តែងនៅថ្ងៃទី ៩ ខែមីនា ក្រសួងវប្បធម៌សហការជាមួយអង្គការយូនីស្កូរៀបចំសិក្ខាសាលាស្តីពីការរៀបចំបញ្ជីសារពើភណ្ឌ និងចងក្រងឯកសារមរតកវប្បធម៌អរូបីដោយមានការចូលរួមពីសហគមន៍នៅសាលប្រជុំសណ្ឋាគារពេជ្រាដា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
លោកបន្តថា សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងដើម្បីរួមគ្នាការពារថែរក្សាមរតកវប្បធម៌អរូបី ដែលកំពុងតែប្រឈមខ្លាំងដោយកត្តាផ្សេងៗ ដូចជាសកលភាវូនីយកម្ម រំហូរនៃវប្បធម៌បរទេស ការរីកសាយនៃទីក្រុង ឬប្រជុំជន និងការធ្វើចំណាកស្រុកជាដើម។
លោកបន្តទៀតថា តាមរយៈសិក្ខាសាលានោះ គឺក្រសួង និងមន្ទីរចង់ឱ្យមានការចូលរួមពីបងប្អូនពូមីងដែលជាម្ចាស់មរតកវប្បធម៌ ក្នុងការរួមចំណែកការពារថែរក្សាមរតករបស់ខ្លួន ព្រោះមរតកវប្បធម៌អរូបី អាចបន្តនិរន្តភាពទៅបាន ដរាបណាអ្នកភូមិមានចិត្ត និងឆន្ទៈ មោះមុតក្នុងការអភិរក្ស។ ចំណែករដ្ឋ និងអាជ្ញាធរមានសមត្ថកិច្ចបានត្រឹមតែបង្កឱកាស គាំទ្រ និងជួយជ្រោមជ្រែងសហគមន៍ធ្វើយ៉ាងណាឱ្យមរតកវប្បធម៌អាចនៅគង់វង្សតទៅមុខទៀតប៉ុណ្ណោះ។
លោក សី ទូច បានឱ្យដឹងទៀតថា នៅថ្ងៃទី ១០ ខែមិនានេះក្រុមការងារក្រសួងវប្បធម៌ និងមន្ទីរវប្បធម៌ទូទាំងប្រទេសបានកំពុងបន្តចុះទៅតាមភូមិនៅក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី ដើម្បីសាកល្បងទម្រង់នៃការចងក្រងបេតិកភណ្ឌវប្បធម៌អរូបីដោយធ្វើការសម្ភាសផ្ទាល់ ជាមួយប្រជាពលរដ្ឋជាអ្នកភូមិ។
លោកថ្លែងថា៖ «យើងសាកល្បងតើថាទម្រង់យើងផ្តល់ឱ្យសិក្ខាកាមទាំងអស់ហ្នឹងប្រើប្រាស់ទៅវាខ្វះត្រង់ណាអីត្រង់ណា អ៊ីចឹងថ្ងៃស្អែក [ថ្ងៃទី ១២ មីនា] គាត់នឹងត្រឡប់មកវិញ ធ្វើបទបង្ហាញដែលមានទាំងវីដេអូ។ ឧទាហរណ៍ មេដំបែស្រាពាង តើគាត់បេះស្លឹកឈើពីណាមក ហើយការបិតធ្វើហ្នឹងយ៉ាងម៉េច បើធ្វើសម្លព្រោងតើគ្រឿងផ្សំហ្នឹងឈ្មោះអីខ្លះ កាប់ឫស្សីយ៉ាងម៉េច»។ លោកថា ក្រសួងនឹងពិនិត្យមើលទម្រង់ដែលបានសាកល្បងប្រមូលព័ត៌មានអំពីបេតិកភណ្ឌអរូបីនៅក្នុងខេត្តមណ្ឌលគិរី ធ្វើការកែសម្រួលហើយនឹងដាក់ឱ្យប្រើប្រាស់សម្រាប់ ២៥ រាជធានីខេត្ត ដើម្បីចុះចងក្រងបេតិកភណ្ឌអរូបី។
បើតាមលោកប្រធានមន្ទីរ បេតិកភណ្ឌអរូបីមានការបាត់បង់ដោយសារតែ ទី ១ ក្មេងៗជំនាន់ក្រោយមិនសូវចាប់អារម្មណ៍ ទី ២ មិនសូវមានឯកសារ ប្រសិនបើអ្នកចេះស្លាប់បាត់ នោះវប្បធម៌នោះ ក៏នឹងទៅជាមួយផងដែរ។ ហេតុនេះទើបក្រសួងវប្បធម៌ត្រូវធ្វើសៀវភៅ និងបង្កើតជាវីដេអូទុក សម្រាប់អ្នកសិក្សា ឬអ្នកជំនាន់ក្រោយបានឃើញហើយអាចគាស់កកាយឡើងវិញបាននៅពេលអនាគត។
លោកថ្លែងថា៖ «យើងត្រូវធ្វើសៀវភៅ ធ្វើវីដេអូឃ្លីប សម្រាប់អ្នកសិក្សា អ្នកអីផ្សេងៗ បើសិនគាត់ឃើញអាហ្នឹងគាត់ចង់កសាងឡើងវិញ គាត់មានវីដេអូមើលមានឯកសារភ្ជាប់ ប្រហែលជាអាចត្រូវសង្គ្រោះបានខ្លះនូវប្រពៃណីវប្បធម៌សិល្បៈអីផ្សេងៗ ដែលនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើងហ្នឹង» ។
លោក គ្រើង តុលា អ្នកប្រឹក្សាយោបល់ ក្រុមការងារបណ្តាញសហគមន៍ជនជាតិដើមភាគតិចព្នង ខេត្តមណ្ឌលគិរី ថ្លែងនៅថ្ងៃទី ១០ មីនាថា ការចងក្រងឯកសារមរតកវប្បធម៌អរូបីជារឿងល្អ ព្រោះកាលណាមិនបានធ្វើការចងក្រងទុកទេ មរតកទាំងនោះនឹងបាត់បង់ទៅដែលអ្នកជំនាន់ក្រោយមិនអាចស្រាវជ្រាវដឹងថា ប្រទេសជាតិរបស់ខ្លួនធ្លាប់មាននោះដែរ។ មួយវិញទៀត អ្នកភូមិ គួរតែបន្តថែរក្សាវប្បធម៌ទាំងនោះ ដោយការធ្វើជាប្រចាំ ព្រមទាំងក្រើនរំឭកដល់ក្មេងជំនាន់ថ្មីឱ្យចូលរួមចងចាំ និងថែរក្សាចាត់ទុកជាអត្តសញ្ញាណសំខាន់មួយរបស់ខ្លួន កុំគិតតែទទួលយកការហូរចូលនៃវប្បធម៌ដទៃ។
លោកបញ្ជាក់ថា៖ «អ្វីដែលសំខាន់បើយើងមានឯកសារវាមិនអាចបាត់បានទេ ព្រោះកាលណាបាត់យើងនៅមានជាសៀវភៅ ហើយបើសិនជាអាចទេយើងស្នើសុំឱ្យមានការដាក់បញ្ជូលក្នុងកម្មវិធីអប់រំជាច្រើនទៅ វាកាន់តែល្អ»៕