
មន្ត្រីគម្រោងរេដបូកពេលជួបប្រជាសហគមន៍កាលពីខែមុន។ រូបថត គម្រោងរេដបូក
ភ្នំពេញៈ ក្រសួងបរិស្ថាន និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (wildlife alliance) រួមទាំង សហគមន៍សុវណ្ណាបៃតង ស្ថិតនៅស្រុកបទុមសាគរ ខេត្ដកោះកុងបង្ហាញភាពជោគជ័យលើគម្រោងរេដបូកតំបន់ជួភ្នំក្រវាញ និងគម្រោងសហគមន៍សុវណ្ណាបៃតងដែលបានផ្គត់ផ្គង់ដោយផ្ទាល់ដល់ជីវភាពរស់នៅចំនួន ២៩ សហគមន៍ ដែលមានពលរដ្ឋប្រហែល ៤ ០០០ គ្រួសារ។
បើតាមអង្គការសម្ព័ន្ធមិត្តសត្វព្រៃគម្រោងរេដបូកតំបន់ជួរភ្នំក្រវាញដឹកនាំដោយក្រសួងបរិស្ថាន និងមានការគាំទ្រពីអង្គការសម្ព័ន្ធសត្វព្រៃ។ គម្រោងនេះ ផ្គត់ផ្គង់ដោយផ្ទាល់ដល់ជីវភាពរស់នៅចំនួន ២៩ សហគមន៍ដែលមានប្រហែល ៤ ០០០ គ្រួសារ។ អង្គការ wildlife មានមោទនភាពក្នុងការអនុវត្តគម្រោងនេះថា ជាការច្នៃប្រឌិតដ៏មានប្រសិទ្ធភាពមួយ ដើម្បីគ្រប់គ្រងអាកាសធាតុពិភពលោក ក៏ដូចជាបង្កើតឱកាសជីវភាពរស់នៅតំបន់ជួរភ្នំក្រវាញផងដែរ។
កញ្ញា ស៊ូ វណ្ណាហ្គោនឡែត នាយិកាប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃបានថ្លែងក្នុងសិក្ខាសាលាស្ដីពីគម្រោងរេដបូកតំបន់ជួរភ្នំក្រវាញផ្ដល់ផលប្រយោជន៍ដល់សហគមន៍ភូមិសុវណ្ណាបៃតងពីថ្ងៃទី ៩ មីនា នៅសណ្ឋាគារបៃតង រាជធានីភ្នំពេញថា ការជួបជុំគ្នាថ្ងៃនេះគឺដើម្បីចែករំលែកនូវប្រវត្ដិសាស្ដ្រនៃភាពជោគជ័យក្នុងគម្រោងសុវណ្ណាបៃតងដែលនាំមកនូវការអភិវឌ្ឍប្រកបដោយនិរន្តរភាពដល់ប្រជាកសិករនៅសហគមន៍សុវណ្ណាបៃតង។ គម្រោងសុវណ្ណាបៃតង គឺស្ថិតនៅភូមិកំបោរ ស្រុកបទុមសាគរ ខេត្ដកោះកុងដែលជាសហគមន៍មួយទទួលបានប្រយោជន៍ពីគម្រោងរេដបូកនេះ។
កញ្ញាបន្តថា គម្រោងរេដបូកគឺជាការស្នើសុំប្រជាពលរដ្ឋកុំឱ្យកាប់ព្រៃ ដើម្បីធ្វើចម្ការដោយជំនួសមកវិញតាមរយៈការចែករំលែកនូវអត្ថប្រយោជន៍ដែលទទួលបានមកពីការលក់ឥណទានកាបោន។ ដោយទទួលបានការគាំទ្រពីទីភ្នាក់ងារផ្ដល់ជំនួយអន្តរជាតិសហរដ្ឋអាមេរិក (USAID) អង្គការសម្ព័ន្ធមិត្តសត្វព្រៃបានបង្កើតនូវគម្រោងសុវណ្ណាបៃតងនេះ ឡើងតាំងពីឆ្នាំ ២០០៣-២០០៤ និងបន្ទាប់មកពីឆ្នាំ ២០០៥ ដល់ឆ្នាំ ២០០៧។
កញ្ញាបានឱ្យដឹងថា មុនពេលប្រជាពលរដ្ឋមកចូលរួមពីឆ្នាំ ២០០៤ គឺមិនទាន់មានគម្រោងសុវណ្ណាបៃតងទេ ប៉ុន្ដែពេលនោះមានប្រជាពលរដ្ឋជាង ២២០ គ្រួសាររស់នៅរាយប៉ាយក្នុងព្រៃនៃស្រុកចំនួន ៦ ក្នុងខេត្ដកោះកុង ក្នុងនោះមាន ៣៥ គ្រួសារមកពីតំបន់ជីផាត និងតាតៃនៃខេត្ដកោះកុងដោយទទួលបានឱកាសរស់នៅថ្មី ហើយពួកគេបញ្ជាក់ថា ភូមិសុវណ្ណាបៃតង គឺជាផ្ទះរបស់ពួកគេ។
កញ្ញាបន្តថា កាលពីដំបូងឡើយ គម្រោងបានទទួលដីចំនួន ១ ៨០០ ហិកតា សម្រាប់បង្កើតភូមិដែលជាដីសម្បទានដំបូងនៅកម្ពុជា តែពេលនោះមិនទាន់ហៅថាដីសម្បទានសង្គមកិច្ចនៅឡើយ។ នៅពេលនោះគឺគម្រោងបានបង្កើតជាដីឡូត៍ដែលក្នុង ១ ឡូត៍ៗមានចំនួន ១,៥ ហិកតា សម្រាប់ចែកជូនប្រជាពលរដ្ឋ ១ គ្រួសារ ហើយបានចែកជូននូវសត្វចិញ្ចឹម គ្រាប់ពូជ ប៉ុន្ដែបញ្ហាពេលនោះគឺដីខ្សោះជីជាតិជាប្រភេទដីខ្សាច់។
ស៊ូវណ្ណាហ្គោនឡែត បញ្ជាក់ថា៖ «យើងបានធ្វើកិច្ចការចំនួន ២ គឺទី ១ ការបង្កើនការស្ដារគុណភាពដីឡើងវិញ ការកែប្រែគុណភាពដីនេះ យើងបានចំណាយពេល ៥ ឆ្នាំ។ កសិករត្រូវមានវិធីលើកថ្នាល ឬលើករងខ្ពស់ ដើម្បីធ្វើយ៉ាងណានៅពេលមានភ្លៀងខ្លាំងធ្លាក់មកកុំឱ្យសឹករេចរឹល។ បន្ទាប់មកពលរដ្ឋបានរៀនធ្វើជីកំប៉ុសរៀងៗខ្លួន...សម្រាប់យកទៅដាំបន្លែ ឬដំណាំហូបផ្លែ»។
ចំណែកកិច្ចការទី ២ ទាក់ទងនឹងការស្រោចស្រពនៅឆ្នាំទី ១ ដែលភូមិនេះ ត្រូវបានបង្កើតឡើងចំពេលរដូវប្រាំងអូសបន្លាយរហូតដល់ទៅ ៩ ខែ ដែលក្នុងនោះ សូម្បីតែភ្លៀង ១ តំណក់ក៏គ្មានដែរ ប៉ុន្តែក្រោយពេលភ្នាក់ងារ USAID ព្រមទាំងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកចុះទៅពិនិត្យ ទើបចាប់ផ្ដើមកសាងនូវប្រព័ន្ធស្រោចស្រពទូទាំងភូមិសុវណ្ណាតែម្ដង។
កញ្ញាបញ្ជាក់ថា៖ «ឥឡូវនេះប្រជាពលរដ្ឋរស់នៅភូមិសុវណ្ណាបៃតងបានដឹកនាំគ្នាធ្វើការងារនៅលើដីរបស់ពួកគាត់ហើយបញ្ហានៃកង្វះប្រព័ន្ធស្រោចស្រពក៏ត្រូវបានដោះស្រាយ។ នៅសហគមន៍កសិកម្មសុវណ្ណាបៃតង ពលរដ្ឋបានដាំទុរេន សាវម៉ាវ ដែលដំណាំទាំងនេះមានអាយុ ៨ ឆ្នាំ ហើយ»។
កញ្ញាលើកឡើងថា នេះជាឧទាហរណ៍ដ៏ប្រសើរមួយដែលបញ្ជាក់ថា ការរក្សាព្រៃឈរឱ្យនៅរស់ក្នុងព្រៃធម្មជាតិគឺបានចូលរួមគ្រប់គ្រងអាកាសធាតុពិភពលោក និងបង្កើតឱកាសជីវភាពរស់នៅតំបន់ជួរភ្នំក្រវាញដល់ប្រជាពលរដ្ឋផងដែរ។
លោក ជួប បារីស៍ អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានអបអរសាទរចំពោះការអនុវត្ដជោគជ័យលើគម្រោងនេះ និងបានបង្ហាញពីជំហររបស់រាជរដ្ឋាភិបាល ក៏ដូចជា ភាគីពាក់ព័ន្ធលើកិច្ចខិតខំប្រឹងប្រែងថែរក្សាគម្រោងរេដបូកតំបន់ជួរភ្នំក្រវាញ និងគម្រោងភូមិសុវណ្ណាបៃតងនេះឱ្យរឹតតែល្អថែមទៀត។
លោកថ្លែងថា៖ «ផលប្រយោជន៍ទាំងនោះរួមមាន ទី ១ ធ្វើម៉េចដើម្បីបានថវិកាមក ដើម្បីស្ដារព្រៃឈើឡើងវិញ ការពារព្រៃឈើ ទី ២ យកថវិកាមកជួយដល់សហគមន៍ដើម្បីលើកទឹកចិត្ដដល់ប្រជាជននៅក្នុងសហគមន៍ឱ្យនាំគ្នាថែរក្សាព្រៃឈើ ទី ៣ ការកសាងសមត្ថភាពស្ថាប័នទាំង ៣ នេះ គឺជាគោលបំណងរបស់គម្រោងរេដបូក»។
លោក អាត់ ណុច ប្រធានសហគមន៍អភិវឌ្ឍន៍កសិកម្មសុវណ្ណាបៃតងបានលើកឡើងថា គម្រោងរេដបូកតំបន់ជួរភ្នំក្រវាញផ្ដល់ផលប្រយោជន៍ដល់សហគមន៍ភូមិសុវណ្ណាបៃតង។ លោកថ្លែងថា លោកបានបម្រើការងារក្នុងសហគមន៍នេះ តាំងពីឆ្នាំ ២០០៤ មក ឃើញថា មានវឌ្ឍនភាព និងមានការរីកចម្រើនជាច្រើន ។
លោកបញ្ជាក់ថា៖ «ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះសហគមន៍ទទួលបានភាពជោគជ័យជាច្រើនដូចជាក្នុងឆ្នាំ ២០០៨ ចម្ការសហគមន៍ត្រូវបានបង្កើតឡើង ហើយដំណាំ ផ្លែឈើហូបផ្លែជាច្រើនប្រភេទ ត្រូវបានប្រជាពលរដ្ឋនៅសហគមន៍ដាំក្នុងនោះមានទុរេន សាវម៉ាវ និងផ្លែមៀន ជាដើម»។
នៅដើមឆ្នាំ ២០១៧ សមាគមកសិកកម្មសុវណ្ណាបៃតងត្រូវបានចាត់ឱ្យទទួលខុសត្រូវលើការគ្រប់គ្រងទីតាំងភូមិសុវណ្ណាបៃតងដោយអង្គការសម្ព័ន្ធមិត្តសត្វព្រៃបន្តផ្ដល់ជំនួយ និងបច្ចេកទេស។ បច្ចុប្បន្ន មានដើមឈើហូបផ្លែជាង ៣ ពាន់ដើម ដែលជាចម្ការសហគមន៍កំពុងគ្របដណ្ដប់លើផ្ទៃដី ២០ ហិកតា។ ក្រៅពីនេះ ដើមឈើហូបផ្លែ និងដំណាំផ្សេងទៀត ត្រូវបានពលរដ្ឋក្នុងសហគមន៍ដាំដុះក្នុងនោះមាន សណ្ដែកកួរ ឪឡឹក ម្ទេស ត្រសក់ ត្រឡាច ននោង និងល្ពៅ ជាដើម។
បើតាមលោក ណុច ប្រជាពលរដ្ឋក្នុងសហគមន៍ក្រៅពីការលក់ដំណាំដោយផ្ទាល់ នៅឆ្នាំ ២០០៤ ឃ្លាំងកសិកម្មសហគមន៍ត្រូវបានបង្កើតឡើង ដោយមានលក់ផលិតផលជាច្រើនមុខ រួមមាន ឧបករណ៍កសិកម្ម គ្រាប់ពូជដំណាំ និងស្ថានីយបណ្ដុះកូនបន្លែជាដើម។ ឃ្លាំងកសិកម្ម ក៏ដូចជា ចម្ការសហគមន៍ ត្រូវបានគ្រប់គ្រងដោយសមាជិកក្នុងសហគមន៍សុវណ្ណាបៃតង ហើយទទួលបានជោគជ័យយ៉ាងខ្លាំង។
លោកលើកឡើងថា ក្រោយមកនៅក្នុងឆ្នាំ ២០១៨ សហគមន៍នេះទទួលបានការយកចិត្ដទុកដាក់ពីគម្រោងរេដបូកតំបន់ជួរភ្នំក្រវាញដែលដឹកនាំដោយក្រសួងបរិស្ថាន ហើយបានជួយដល់ប្រជាពលរដ្ឋឱ្យយល់ដឹងកាន់តែច្បាស់អំពីចម្ការផ្លែឈើ និងឃ្លាំងកសិកម្មសហគមន៍ និងវិធីថែទាំដំណាំ និងផ្លែឈើ។
លោកបញ្ជាក់ថា៖ «ខ្ញុំអាចនិយាយបានថា សហគមន៍សុវណ្ណាបៃតងអាចរៀបចំគម្រោងសម្រាប់សហគមន៍ផ្សេងៗទៀត ក្នុងការផ្លាស់ប្ដូរជីវភាពរស់នៅឱ្យកាន់តែមាននិរន្តរភាព និងទទួលបានជោគជ័យក្នុងពេលតែមួយ»។
លោកបន្តថា លើសពីនេះ សហគមន៍បានយល់ដឹងជាច្រើនថែមទៀតអំពីរបៀបអភិរក្សធនធានធម្មជាតិ និងយល់ដឹងពីច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ និងច្បាប់ស្ដីពីព្រៃឈើ៕