ភ្នំពេញៈ បុរស​ ២ ​នាក់​បាន​ស្លាប់​ក្នុង​រថយន្ត​កាលពី​ព្រលប់​ថ្ងៃទី​ ៩ មីនា នៅ​ភូមិ​បុរីកម្មករ សង្កាត់​ជើងឯក ខណ្ឌ​ដង្កោ ខណៈ​ស្ត្រី​ម្នាក់​បាន​ស្លាប់​នៅ​ថ្ងៃទី​ ១០ មីនា និង​ស្ត្រី​ម្នាក់ទៀត​កំពុង​ត្រូវ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​កាលម៉ែត ដោយសារ​ការប្រើប្រាស់​ថ្នាំញៀន​ហួសកម្រិត​បណ្តាលឱ្យ​គាំង​បេះដូង​។ នេះ​បើតាម​ការអះអាង​របស់​សមត្ថកិច្ច​។

លោក ជឹម ស៊ីថា អធិការនគរបាល​ខណ្ឌ​ដង្កោ​ឱ្យដឹង​នៅ​ថ្ងៃទី​ ១០ មីនា​ថា បុរស​ដែល​​ស្លាប់​ឈ្មោះ ចំរើន ឆៃយ៉ា អាយុ​ ២៧ ​ឆ្នាំ រស់នៅ​ក្នុងភូមិ​​បុរីកម្មករ សង្កាត់​ជើងឯក ខណ្ឌ​​ដង្កោ​។ រីឯ​បុរស​ម្នាក់ទៀត​ឈ្មោះ ឡូវ ឆាយហុង អាយុ​ ២៧​ ឆ្នាំ​មាន​លំនៅ​ភូមិ​៤ សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន​។ ​ចំណែក​ស្ត្រី​ម្នាក់ទៀត ក្នុងចំណោម​ ២ ​នាក់​បាន​ស្លាប់​នៅ​ថ្ងៃទី​ ១០ មីនា​។

លោក​ថ្លែងថា​៖ «​យោងតាម​គ្រូពេទ្យ​ និង​នគរបាល​កោសល្យ​វិច័យ​ថា ជនរងគ្រោះ​ទាំង​ ៤ ​នាក់​អាច​ប្រើប្រាស់​គ្រឿងញៀន​​ហើយ​គាំងបេះដូង ព្រោះ​នៅ​​ក្នុង​រថយន្ត​មាន​កញ្ចប់​ថ្នាំញៀន​មេតំហ្វេតាមីន​ ១ ​កញ្ចប់​តូច​»​។

លោក​បាន​បន្ត តាម​សម្តី​សាច់ញាតិ​របស់​ជនរងគ្រោះ​ថា​​កាលពី​ព្រលប់​ថ្ងៃទី ​៩ មីនា គេ​បានឃើញ​ជនរងគ្រោះ​ទាំង​ ៤​ នាក់​នៅក្នុង​រថយន្ត​ម៉ាក​ហាយឡេនឌ័រ​ ១ ​គ្រឿង កំពុង​បញ្ឆេះ​ចោល​ចត​នៅក្នុង​បរិវេណ​មុខផ្ទះ​។ ដោយមាន​ការសង្ស័យ​ម្តាយ​របស់​ជនរងគ្រោះ​ម្នាក់ ឈ្មោះ ចំរើន ឆៃយ៉ា បាន​បើកទ្វារ​រថយន្ត​មើល​ទើប​ដឹងថា កូន​របស់​គាត់​ស្លាប់ ហើយក៏​មានការ​ឆោឡោ​ដឹង​ដល់​សមត្ថកិច្ច​តែម្តង​។

លោក​បន្តទៀតថា ភ្លាមៗ​នោះគេ​បានឃើញ​ស្ត្រី​ ២​ នាក់​ដែល​នៅក្នុង​រថយន្ត​ដែរ​នោះបាន​សន្លប់​ទន់​ខ្លួន​អស់​ទៅហើយ ហើយ​ត្រូវបាន​គេ​ដឹក​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​។ ​បន្ទាប់មក​សមត្ថកិច្ច​របស់​លោក​បាន​រាយការណ៍​ទៅ​ជំនាញ​កោសល្យវិច័យ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​គ្រូពេទ្យ​ដើម្បី​​មក​ធ្វើ​កោសល្យវិច័យ​។ បន្ទាប់ពី​សមត្ថកិច្ច​ និង​គ្រូពេទ្យ​ធ្វើ​កោសល្យ​វិច័យ​មក​បង្ហាញថា ជនរងគ្រោះ​ស្លាប់​ដោយសារ​គាំងបេះដូង​ដែល​អាច​បណ្តាលមកពី​ប្រើប្រាស់​គ្រឿងញៀន​ហួស​កម្រិត​។

លោក​វេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន ជា​គ្រូពេទ្យ​ឯកទេស​ផ្នែក​កោសល្យ​វិច័យ​សាកសព​ប្រាប់​នៅ​ថ្ងៃទី​ ១០ មីនា ថា បុរស​ ២ ​នាក់​ដែល​ស្លាប់​នោះ បណ្តាលមកពី​គាំងបេះដូង​ដែល​ប្រើប្រាស់​ថ្នាំញៀន​ហួស​កម្រិត តែ​ដោយឡែក​ស្ត្រី ​២ ​នាក់​ដែល​ម្នាក់​ស្លាប់​នៅ​ថ្ងៃទី​ ១០ មីនា នៅ​មន្ទីរពេទ្យ​ និង​ម្នាក់ទៀត​កំពុង​សង្គ្រោះ​បន្ទាន់​នោះ គឺ​លោក​មិនអាច​សន្និដ្ឋានថា ការស្លាប់​របស់​ស្ត្រី​ម្នាក់​នោះ​បណ្តាលមកពី​ប្រើប្រាស់​គ្រឿងញៀន​ទេ ព្រោះ​លោក​ធ្វើ​កោសល្យវិច័យ​តែ​លើ​បុរស​ ២ ​នាក់​ប៉ុណ្ណោះ​។

លោក​វេជ្ជបណ្ឌិត​ថា​៖ «​ខ្ញុំ​ធ្វើ​កោសល្យវិច័យ​លើ​សាកសព​បុរស​ ២ ​នាក់​នោះ​ឃើញថា គាត់​គាំងបេះដូង​ស្លាប់​មកពី​ពួកគាត់​​ប្រើប្រាស់​គ្រឿងញៀន​ហួសកម្រិត​។ ​កាលណា​គាត់​ប្រើ​សារធាតុញៀន​ខ្លាំង​គាត់​ត្រូវតែ គាំងបេះដូង​ហើយ​។ យើង​ពិនិត្យឃើញ​ជាក់ស្តែង​គឺ​អត់​មាន​ករណី​ឃាតកម្ម​អី​ទេ​»​។

លោក មាន វណ្ណថុន នាយនគរបាល​ប៉ុស្តិ៍​ជើងឯក​ឱ្យដឹង នៅ​ថ្ងៃទី​ ១០ មីនា​ថា ពួកគេ​ទាំង ​៤ ​នាក់​នោះ គឺជា​ប្ដី​ប្រពន្ធ​គ្នា [២​ គូ​] ហើយ​សព​បុរស ឈ្មោះ ចំរើន ឆៃយ៉ា ដែល​ស្លាប់​ត្រូវបាន​ក្រុមគ្រួសារ​ធ្វើបុណ្យ​នៅផ្ទះ​កើតហេតុ​។

រីឯ​ប្រពន្ធ ត្រូវបាន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​នៅ​ខេត្តកំពង់ធំ ខណៈ​សព​បុរស​ម្នាក់ទៀត​ត្រូវ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​នៅ​វត្ត​ឫស្សីស្រស់​ក្នុង​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​៕

វីដេអូ៖