ភ្នំពេញៈ ជប៉ុន​ចុះ​ហត្ថលេខា​ផ្តល់​ជំនួយ​ជាង ៨១ ម៉ឺន​ដុល្លារ​អាមេរិក​ដល់​អង្គការ Nature Center Risen និង​អង្គការ Save the Children Japan ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​អំពី​បញ្ហា​បរិស្ថាន និង​លុប​បំបាត់​អំពើ​ហិង្សា​លើ​កុមារ​នៅ​ក្នុង​សាលារៀន​នៅ​កម្ពុជា។

កិច្ចសន្យា​ផ្តល់​ជំនួយ​នេះ​ ត្រូវ​បាន​ចុះ​ហត្ថលេខា​នា​ថ្ងៃទី​១១ ខែ​មីនា ដោយ​លោក មិកាមិ ម៉ាសាហ៊ីរ៉ូ (Mikami Masahiro) ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា និង​តំណាង​អង្គការ​ទាំង​២ ក្រោម​គ្រោង​ការណ៍​ជំនួយ​ឥត​សំណង​សម្រាប់​គម្រោង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជប៉ុន។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា នា​ថ្ងៃ​ទី១១ ខែ​មីនា បាន​ឱ្យ​ដឹង​ថា ក្នុង​ថវិកា​ជំនួយ​ជាង ១២ ម៉ឺន​ដុល្លារអាមេរិក អង្គការ Nature Center Risen នឹង​លើក​កម្ពស់ និង​បង្កើន​ការ​យល់ដឹង​ជា​មូលដ្ឋាន​អំពី​បរិស្ថាន​នៅ​ទូទាំង​ប្រទេស​កម្ពុជា តាម​រយៈការ​ផ្តល់​សម្ភារ និង​ឧបករណ៍​អប់រំ ដើម្បី​កែ​លម្អ​ចំណេះដឹង​ផ្នែក​បរិស្ថាន​របស់​ប្រជាពលរដ្ឋ និង​ការ​អនុវត្ត​សកម្មភាព​លើក​កម្ពស់​ការ​យល់ដឹង។

អង្គការនេះ​នឹង​បើក​វគ្គ​បណ្តុះ​បណ្តាល​សម្រាប់​ការ​អប់រំ​អំពី​បរិស្ថាន ដោយ​សហការ​ជាមួយ​វត្ត​អារាម មណ្ឌល​សុខភាព ក្រសួង​បរិស្ថាន​នៃប្រទេស​កម្ពុជា និង​មន្ទីរ​បរិស្ថាន​ខេត្ត។

សេចក្តីប្រកាស​ព័ត៌មាន​បញ្ជាក់​ថា៖ «តាម​រយៈ​គម្រោង​នេះ ប្រជាពលរដ្ឋ​ប្រមាណ ១៣០​នាក់ នឹង​អាច​ដើរ​តួនាទី​ស្នូល​ក្នុង​ការ​លើក​កម្ពស់ និង​អប់រំ​ការ​យល់ដឹង​របស់​ប្រជាពលរដ្ឋ​ទៅ​លើ​បញ្ហា​បរិស្ថាន។ យើង​រំពឹង​ថា គម្រោងនេះ​នឹង​ជួយ​កែ​លម្អ​បរិស្ថាន​រស់នៅ​ទូទាំង​ប្រទេស​កម្ពុជា»។

សម្រាប់​ថវិកា​ចំនួន​ជាង ៦៩​ម៉ឺន​ដុល្លារ​អាមេរិក អង្គការ Save the Children Japan នឹង​អនុវត្ត​សកម្មភាព​លើក​កម្ពស់​ការ​យល់ដឹង​ដល់កុមារ ឪពុកម្តាយ និង​មន្ត្រី​សាលារៀន បង្កើត​ប្រព័ន្ធ​ការពារ​កុមារ​នៅ​តាម​សាលារៀន (SBCPM) និង​តស៊ូ​មតិ​សម្រាប់​ការ​ការពារ​កុមារ​នៅតាម​សាលារៀន ក្នុង​គោល​បំណង​លុប​បំបាត់​អំពើ​ហិង្សា​លើ​កុមារ​នៅ​ក្នុង​សាលារៀន។

ប្រភព​ដដែល​បញ្ជាក់​ថា តាម​រយៈ​គម្រោង​នេះ សិស្ស​ប្រហែល​ ១២ ០០០​នាក់ និង​គ្រូប​ង្រៀន​ចំនួន ៤៤០ នាក់​នៃ​សាលារៀន​គោលដៅ នឹង​អាច​ទទួល​បាន​អត្ថប្រយោជន៍​ពី​បរិស្ថាន​គ្មាន​អំពើ​ហិង្សា​ដែល​មាន​សុវត្ថិភាព និង​មាន​លក្ខណៈ​បរិយាបន្ន​ជាង​មុន ដែល​នឹង​នាំ​ឱ្យ​មាន​ភាពប្រសើរ​ឡើង​នូវ​ការ​លូតលាស់​ប្រកប​ដោយ​សុខភាព​ល្អ និង​សុខុមាលភាព​របស់​កុមារ។

កម្មវិធី​ជំនួយ​ឥត​សំណង​សម្រាប់​គម្រោង​អង្គការ​ក្រៅ​​រដ្ឋាភិបាល​ជប៉ុន បាន​ចាប់​ផ្តើម​នៅ​ប្រទេស​កម្ពុជា​តាំង​ពី​ឆ្នាំ ២០០២ ដើម្បី​គាំទ្រ​ដល់សកម្មភាព​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជប៉ុន ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង ដើម្បី​ជួយ​ដល់​ការ​អភិវឌ្ឍ និង​ស្ថាបនា​ប្រទេស​កម្ពុជា​ឡើង​វិញ​នៅ​តាមកម្រិត​មូលដ្ឋាន។

ចាប់​តាំង​ពី​ឆ្នាំ​ ២០០២​មក រដ្ឋាភិបាល​ជប៉ុន បាន​ផ្តល់​ថវិកា​ជាង ៤៩ លាន​ដុល្លារ​អាមេរិក ដល់​គម្រោង​ចំនួន ១៤៧ ដែល​ផ្ដោត​សំខាន់​ទៅលើ​វិស័យ​អប់រំ​នៅ​កម្រិត​បឋមសិក្សា វិស័យ​សុខាភិបាល វិស័យ​កសិកម្ម និង​សកម្មភាព​បោស​សម្អាត​មីន​ក្នុង​ប្រទេសកម្ពុជា៕